អ្នកស្រី ប៉ុល ពិសី នឹងបោះពុម្ពចេញផ្សាយស្នាដៃប្រលោមលោកពាក្យកាព្យ រឿង “ល្ខោនជីវិត” និង “អប្សរា” ជាលើកទី២

  • January 20th, 2021

“ល្ខោនជីវិត” និង “អប្សរា” គឺជាចំណងជើង​នៃរឿងប្រលោមលោកពាក្យកាព្យដ៏ល្បី ដែលជា​ស្នាដៃ​និពន្ធរបស់ អ្នក​ស្រី​ ប៉ុល ពិសី អ្នក​និពន្ធជើងចាស់ល្បីឈ្មោះ​បោះសំឡេង​មួយរូប​នៅកម្ពុជា ដែលស្នាដៃ​ទាំងពីរនេះ​ ធ្លាប់​បោះពុម្ពម្ដង​រួច​មកហើយ ក្នុងនោះ រឿង “ល្ខោនជីវិត” បោះពុម្ពឆ្នាំ១៩៩៦ និងរឿង “អប្សរា” បោះពុម្ពឆ្នាំ២០១៧ និង​កំពុងតែ​ត្រៀមបោះពុម្ព​ចេញផ្សាយ​លើក​ទី២ នាពេលប៉ុន្មានថ្ងៃ​ខាង​មុខនេះ។ ទាក់ទង​នឹង​ការ​បោះ​ពុម្ព​​លើក​ទី២​នេះ អ្នកស្រី ប៉ុល ពិសី ដែលជាម្ចាស់​ស្នាដៃ បានបង្ហាញ​ពីហេតុផល​ក្នុងបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” តាម​សារអេឡិចត្រូនិកថា  ​“នេះ​ក៏ព្រោះ​ហេតុផលសំខាន់ៗមួយចំនួនដូចជា ទី១ ដោយសារតែសៀវភៅអស់ពីស្តុក, ទី២​ព្រោះមានតម្រូវការទីផ្សារ​ចាំបាច់​ដែលត្រូវ​តែបោះ ដោយសារមានប្រិយមិត្ត​ជាច្រើន​បាន​សំណូម​ពរឱ្យ​ខ្ញុំបោះពុម្ពឡើងវិញ និងទី៣  ព្រោះ​ស្នាដៃ​ប្រលោមលោកពាក្យ​កាព្យទាំង​ពីរនេះ ធ្លាប់ទទួលបានពានរង្វាន់ ដោយរឿងល្ខោនជីវិត បានជាប់​ក្នុងពានរង្វាន់ព្រះសីហនុរាជ លេខ១ស្ទួន ឆ្នាំ១៩៩៥ រៀបចំដោយសមាគមអ្នកនិពន្ធខ្មែរ ហើយ​ក៏បោះពុម្ព​លោកទី១​ ដោយសមាគម​អ្នកនិពន្ធខ្មែរផងដែរ ចំណែក​រឿងអប្សរា ជាប់ក្នុងពានរង្វាន់ព្រះសុរាម្រិត​ ចំណាត់ថ្នាក់លេខ២ ឆ្នាំ២០០១ ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយកាលណោះ ​រៀបចំបោះពុម្ពលើកទី១ឡើងដោយសមាគមទ្រទ្រង់ការបោះពុម្ពនិងអប់រំ។”

អ្នកស្រីបានបន្ថែមទៀតទាក់ទងនឹងការបោះពុម្ពលើកទី២នេះថា “ដើម្បីអនុវត្តគម្រោង​បោះពុម្ពផ្សាយរបស់ខ្លួន សមាគមអ្នកនិពន្ធខ្មែរ ក៏​បាន​ស្នើ​យក​ស្នាដៃ ដែលធ្លាប់ជាប់ពានរង្វាន់ជាតិ អន្តរជាតិ និងស្នាដៃ​ដែល​ធ្លាប់​បោះពុម្ពកន្លង​ មក​បោះពុម្ពឡើងវិញ រាប់​ចាប់​ពី​ឆ្នាំ២០២១​ នេះតទៅ។ ដូច្នេះហើយ ទើបស្នាដៃទាំងពីររបស់ខ្ញុំនេះ ត្រូវបានគណៈកម្មការបោះ​ពុម្ពផ្សាយ ​ជ្រើសរើសយក​ទៅបោះពុម្ពឡើងវិញ​នៅពេលនេះ ដែលជាការបោះពុម្ពលើកទី២។” អ្នកស្រីបន្ត “ហើយខ្ញុំសូមបញ្ជាក់ថា សៀវភៅទាំង​ពីរនេះនឹងត្រូវផ្សាយចេញនៅអំឡុងខែមករា ២០២១ ប៉ុន្មានថ្ងៃ​ខាងមុខ​នេះហើយ និងដាក់​លក់ក្នុងតម្លៃ ១៨.០០០​រៀល (មួយម៉ឺនប្រាំបីពាន់រៀល) ក្នុងមួយក្បាល ដោយ​ដាក់លក់នៅក្នុងហ្វេកប៊ុគផេកផ្លូវការរបស់ គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ  https://www.facebook.com/khmerbooks.net  និងហ្វេសប៊ុគផេកលក់សៀវភៅមួយចំនួនទៀតក្នុងស្រុក ឬអាចទាក់ទងទិញផ្ទាល់ពីនាងខ្ញុំបាន តាមរយៈហ្វេសប៊ុកផ្លូវការបស់នាងខ្ញុំ ឈ្មោះ Pol Pisey https://www.facebook.com/pol.pisey.3 ឬផេកសមាគមអ្នកនិពន្ធខ្មែរ https://www.facebook.com/KhmerWritersAssociation ឬក៏អាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៩២ ៧៨៨ ៩៩០ និង ០៨៩ ៨៥៦ ៧៦៤ ក៏បាន។”

ប្រលោមលោកពាក្យកាព្យរឿង “ល្ខោនជីវិត”  ស្នាដៃ​និពន្ធរបស់ អ្នក​ស្រី​ ប៉ុល ពិសី 

 ប្រលោមលោកពាក្យកាព្យរឿង “អប្សរា” ស្នាដៃ​និពន្ធរបស់ អ្នក​ស្រី​ ប៉ុល ពិសី

មុននឹងបញ្ចប់​បទសម្ភាសន៍ អ្នកស្រី ប៉ុល ពិសី ក៏បាន​ថ្លែងថា “ជាចុងក្រោយ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិខ្មែរ និងប្រិយមិត្តអ្នកអានទាំងអស់ ដែលតែងតែលើកទឹកចិត្ត និងជួយគាំទ្រនូវរាល់ស្នាដៃតែងនិពន្ធ​របស់នាងខ្ញុំរហូតមក ដែល​ជាឱសថទិព្វដ៏សក្តិសិទ្ធជំរុញឱ្យនាងខ្ញុំកាន់តែមានកម្លាំងចិត្តខិតខំប្រមែប្រមូលសន្សំរឿងមកច្នៃប្រតិដ្ឋរចនារំលេចចេញជាសាច់រឿងប្លែកៗដើម្បីបម្រើអារម្មណ៍មិត្តអ្នកអានជាបន្តទៀត​ និងសូមថ្លែងអំណរគុណជាអនេកចំពោះ សមាគមអ្នកនិពន្ធខ្មែរ ដែលបានជ្រើសរើសស្នាដៃនាងខ្ញុំទាំងពីរនេះមកបោះពុម្ពជាលើកទី២ទៀត ក៏ដូចជាសូមថ្លែងអំណរគុណចំពោះ គេហទំព័រអ្នកនិពន្ធកម្ពុជា ​ដែលបានជួយផ្សព្វផ្សាយនូវប្រវត្តិស្នាដៃនិពន្ធរបស់នាងខ្ញុំកន្លងមក និងនៅតែបន្តជួយផ្សព្វផ្សាយជាបន្តទៀត។ ដូច្នេះ ឆ្លៀតក្នុង​ឱកាសនេះ នាងខ្ញុំសូមជូនពរដល់ជនរួមជាតិ និងប្រិយមិត្តអ្នកអានទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន និងសម្រេចបានគ្រប់បំណងប្រាថ្នា និងសូមជូនពរដល់សមាគមអ្នកនិពន្ធខ្មែរ សូមបានចម្រើនរុងរឿងទៅមុខជាបន្តឥតឈប់ឈរ ដើម្បីរួមចំណែកការពារវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ដូនតា ពិសេសបានជួយថែរក្សាទ្រទ្រង់នូវរាល់ស្នាដៃរបស់បុព្វកវីនិពន្ធជំនាន់មុន និងបន្តបណ្តុះបណ្តាលនូវពន្លកអ្នកនិពន្ធថ្មីជំនាន់ក្រោយឱ្យបានរីកដុះដាលបន្តទៀត។ ជាពិសេសសូមជូនពរឱ្យ គេហទំព័រអ្នកនិពន្ធកម្ពុជា www.combowriter.com កាន់តែទទួលបាននូវប្រជាប្រិយភាព និងមានការគាំទ្រដ៏ច្រើនលើសលប់ពីមិត្តអ្នកអានគ្រប់ស្រទាប់។ ដោយក្ដីគោរពស្រឡាញ់ពីនាងខ្ញុំ ប៉ុល ពិសី ។”

អ្នកស្រី ប៉ុល ពិសី ថ្លែងក្នុងកម្មវិធីអក្សរសិល្ប៍មួយ

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា​” សូមបញ្ជាក់ថា​ អ្នកស្រី ប៉ុល ពិសី គឺ​ជាអ្នក​និពន្ធ​ជើងចាស់ល្បី​ឈ្មោះ​មួយរូបនៅកម្ពុជា​ ដែលរហូតមកទល់នឹង​ពេលនេះ អ្នកស្រីធ្លាប់សាង​ស្នាដៃជាច្រើន​ក្នុង​វិស័យតែងនិពន្ធ ដោយ​លោក​អ្នកអាច​ស្វែង​យល់បន្ថែមពីអ្នកស្រីបានដោយគ្រាន់តែចុចចូល​អាន​តាម Link ប៉ុណ្ណោះ https://cambowriter.com/ ។ បច្ចុប្បន្ន ក្រៅ​ពីមានអាជីព​ជាអ្នកនិពន្ធកម្ពុជាមួយរូប អ្នកស្រី​គឺ​ជាអនុប្រធាន “សមាគមអ្នកនិពន្ធខ្មែរ” និងជាប្រធានផ្នែកផ្សព្វផ្សាយនៃ “សមាគមទ្រទ្រង់ការបោះពុម្ពនិងអប់រំនៅកម្ពុជា”។ ដូច្នេះ បើ​លោក​អ្នក​ចង់​ដឹងថា តើ​​រឿង “ល្ខោនជីវិត” និង “អប្សរា” ដែលជាស្នាដៃ​និពន្ធផ្នែក​ប្រលោមលោកពាក្យកាព្យរបស់អ្នក​ស្រី មាន​អត្ថន័យខ្លឹមសារ​ល្អ​យ៉ាង​ណានោះ? លោក​អ្នក​អាច​រង់ចាំជាវយកទៅអាន​ពេលចេញពីរោង​ពុម្ពឆាប់ៗនេះបាន ដោយព័ត៌មានបន្ថែម គេហទំព័រយើងខ្ញុំនឹងផ្សាយជូនជាបន្តទៀត នៅពេលស្នាដៃ​ទាំង​ពីររបស់អ្នកស្រីចេញផ្សាយជាផ្លូវការរួច។ សូមអរគុណ៕ ​

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ អ្នកស្រី ប៉ុល ពិសី / រក្សាសិទ្ធិ ៖ cambowriter.com  


error: អត្ថបទរក្សាសិទ្ធ !!