លោក គង់ រង្សី ប្រកាសវិលត្រឡប់មកប្រឡូកក្នុងវិស័យតែងនិពន្ធវិញ

  • August 4th, 2023

បើ​ជាអ្នក​ស្ថិត​ក្នុងវិស័យតែងនិពន្ធនៅកម្ពុជា​ក្រោយឆ្នាំ២០១៧ មុខជាមិន​សូវស្គាល់​ថា​ លោក គង់ រង្សី ជានរ​ណានោះទេ! តែបើ​ជាអ្នក​​ប្រឡូក​ក្នុង​វិស័យតែងនិពន្ធមុនឆ្នាំ២០១៧ ភាគច្រើនមុខជា​បាន​ស្គាល់​ច្បាស់ហើយថា លោក គង់ រង្សី គឺជានរណា និងមាន​សកម្មភាពការងារ​​ក្នុងវិស័យតែង​និពន្ធ​នេះ​យ៉ាងណាខ្លះ។ ពិតណាស់! លោក គង់ រង្សី គឺជា​អ្នក​និពន្ធ​កម្ពុជាមួយរូប ដែលមានប្រិយ​មិត្ត​អ្នក​គាំទ្រ​ស្នាដៃ​របស់​លោក​ជា​ច្រើន និងមានសកម្មភាពជាច្រើន​ក្នុងវិស័យតែងនិពន្ធ​នៅកម្ពុជាកន្លងមក ដូចជា ការតាក់តែងនិពន្ធ​ទាំង​សៀវភៅចំណេះដឹង, រឿង​ខ្លីនិងប្រលោមលោកផ្សាយ​តាម​គេហទំព័រសប្បាយ និង​ការបង្កើតកម្មវិធី​សំខាន់ៗមួយចំនួនសម្រាប់អ្នក​និពន្ធ ដូចជា កម្មវិធី​វិទ្យុ និង​កម្មវិធី​ក្នុងពិព័រណ៌អំណានផ្សេងៗជាដើម​ក្នុងនោះ សៀវភៅចំណេះដឹងដែលជាស្នាដៃនិពន្ធរបស់លោក ដូចជា “ចិត្តសាស្ត្រស្នេហា” និង “អ្នក​ផលិត រៀបចំដឹកនាំ គ្រប់គ្រងកម្មវិធីវិទ្យុទូរទស្សន៍” ជា​សៀវភៅ​ដែល​ទទួលបាន​ការគ្រាំទ្រយ៉ាងខ្លាំង ចំណែក​កម្មវិធីវិទ្យុឈ្មោះ “នាទីជំនួបកវីអ្នកនិពន្ធខ្មែរ” វិញ ក៏រឹតតែមានប្រជាប្រិយខ្លាំងណាស់ទៅទៀតក្នុងវិស័យតែងនិពន្ធនៅកម្ពុជានាពេលនោះ ដោយ​កម្មវិធីនេះទទួល​បាន​ការគាំទ្រ​ពីសំណាក់​បុគ្គល​ក្នុង​វិស័យ​តែង​និពន្ធ​យ៉ាង​លើស​លប់ ព្រោះ​ជាកម្មវិធីដែលជួយ​លើក​តម្លៃ​អ្នក​និពន្ធ ក៏ដូចជាផ្សព្វ​ផ្សាយ​ពី​ស្នាដៃនិពន្ធថ្មីចាស់​គ្រប់​ផ្នែក​របស់អ្នក​និពន្ធកម្ពុជា ទាំង​ដែល​សម័យនោះ​ ការ​ផ្សព្វផ្សាយ​តាមបណ្ដាញហ្វេសប៊ុក​ហាក់នៅមិនទាន់ពេញ​និយមនោះទេ​នៅកម្ពុជា ដោយគេ​ពេញ​និយម​ស្ដាប់​តាមវិទ្យុ​នៅ​ឡើយ។

កីឡាការិនីស្នូគឃ័រខ្មែរលំដាប់ពិភពលោក ស្រួង ភាវី និង​សៀវភៅ “ចិត្តសាស្ត្រស្នេហា” របស់លោក គង់ រង្សី

​ស្រាប់តែ​ពេលថ្មីៗនេះ លោកក៏បានប្រកាសពីដំណឹងដ៏ភ្ញាក់ផ្អើលមួយ គឺលោក​នឹងប្រឡូកចូល​ក្នុងវិស័យ​តាក់តែងនិពន្ធវិញ ដោយផ្ដើម​ពីការ​ចេញ​ផ្សាយ​ស្នាដៃនិពន្ធ​ជាសៀវភៅចំណេះដឹងមួយក្បាលមានចំណងជើងថា “ពលករខ្មែរនៅកូរ៉េខាងត្បូង” ដែលលោក​ខិតខំនិពន្ធ​ឡើងជាពិសេស​សម្រាប់​បងប្អូន​ពលករខ្មែរ​ទាំង​ឡាយដែល​កំពុងបំពេញការងារ​គ្រប់ផ្នែកនៅក្នុងប្រទេស​កូរ៉េខាងត្បូង និងសម្រាប់​អ្ន​ក​ដែលទើបមានបំណង​ចង់​ឡើងទៅបំពេញ​ការងារ​នៅកូរ៉េខាងត្បូង ក៏ដូចជាអ្នក​ដែល​បានប្រឡងជាប់​ឈ្មោះ​ហើយកំពុងត្រៀមឡើងទៅបំពេញការងារ​នៅកូរ៉េខាងត្បូង​ផងដែរ ដើម្បី​ឱ្យពួកគាត់​គ្រប់រូប​អាចសម្រេចបានជោគជ័យ​លើ​វិថីការងារដែល​ខ្លួន​ធ្វើ​សមតាមក្ដីប្រាថ្នា ជាពិសេស​មានសេចក្ដីសុខសុវត្ថិភាព​ល្អ​ពេល​បំពេញ​ការងារ​នៅទីនោះ។ ហើយមូលហេតុដែលលោកប្រកាសវិលត្រឡប់មកប្រឡូកក្នុងវិស័យតែងនិពន្ធវិញនៅពេលនេះ ដោយសារតែកូនស្រីជាស្រឡាញ់របស់លោកធំល្មមនឹងអាចឱ្យលោកអាចចាប់ផ្ដើមធ្វើការងាររបស់លោកឡើងវិញបានងាយស្រួលមិនសូវលំបាកដូចពេលមុន ព្រោះកូនស្រីមានការយល់ដឹងច្រើន។

លោក ខាត់ វ៉ៃហាំង តារាសម្ដែង​ប្រុស​ដ៏ល្បីរបស់កម្ពុជា និង​សៀវភៅ “អ្នក​ផលិត រៀបចំដឹកនាំ គ្រប់គ្រងកម្មវិធីវិទ្យុទូរទស្សន៍” របស់​លោក គង់ រង្សី

គិតរហូតមកទល់នឹងពេលនេះ បើ​តាមការបញ្ជាក់​របស់លោក​ដែល​លោក​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកប៉ុន្មាន​ថ្ងៃមុន លោកបាន​បញ្ជាក់ថា លោកបានផ្អាក​សកម្មភាព​តាក់​តែង​និពន្ធស្នាដៃ​ថ្មី (មានន័យថា ខានចេញផ្សាយស្នាដៃថ្មីៗ​​) អស់​រយៈពេល​ជាង​៧ឆ្នាំមកហើយ មូលហេតុ​ដោយសារតែលោក​ត្រូវចាំបាច់​ត្រូវ​​ផ្អាក​សកម្មភាព​ការងារ​ទាំងអស់​នៅកម្ពុជា ឡើងមកមើលថែកូនស្រីរបស់លោក​នៅប្រទេសកូរ៉េខាងត្បូង ដោយ​សារ​តែ​គ្មាន​សាច់ញាតិឬ​អ្នក​ជួយ​មើល​ថែ​នៅទីនោះ ដែល​លោក​ជា​ឪពុក​ចាំបាច់​ត្រូវតែ​ទទួល​រ៉ាប់​រង​នូវភារកិច្ច​នេះ។ ដំណឹងនៃការ​វិល​ត្រឡប់​របស់លោក​មកកាន់វិស័យតែងនិពន្ធ​ វិញនេះ គឺពិតជាប្រសើរខ្លាំងណាស់ ព្រោះបើពិតជាបែបនេះមែន ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​លោក​កន្លងមកនឹងបាន​អាន​ស្នាដៃថ្មីៗរបស់លោក​បន្ត​ទៀត ជាពិសេសកម្មវិធីថ្មីៗប្លែកៗ​ក្នុងវិស័យតែងនិពន្ធ​នៅកម្ពុជាអាច​នឹងលេចចេញ​ជារូបរាងឡើងបន្ថែមទៀត តាម​រយៈ​សកម្មភាព​នៃ​ការ​បង្កើត​ដោយ​គំនិត​របស់លោក​ទាក់​ទង​នឹង​វិស័យ​នេះ ដោយសារ​កន្លងមក​លោក​តែងតែ​បង្កើត​កម្មវិធី​ល្អសម្រាប់​អ្នក​និពន្ធ​។

សៀវភៅ​ “ចិត្តសាស្ត្រស្នេហា” និង “អ្នក​ផលិត រៀបចំដឹកនាំ គ្រប់គ្រងកម្មវិធីវិទ្យុទូរទស្សន៍” ស្នាដៃនិពន្ធរបស់ លោក គង់ រង្សី ដែល​ចេញផ្សាយកាលពីជិត១០ឆ្នាំមុន​

តែទោះជា​យ៉ាងនេះក្ដី លោកក៏បាន​បញ្ជាក់ផងដែរថា ក្នុងរយៈពេល​ជាង៧ឆ្នាំកន្លងមកនេះ ថ្វីបើ​លោក​មិនបាន​ចេញផ្សាយ​ស្នាដៃនិពន្ធថ្មីៗសម្រាប់​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​លោក​ក៏ពិតមែន តែក្នុងរយៈពេលនោះ លោកក៏បាន​បង្កើតវេបសាយដ៏សំខាន់មួយសម្រាប់ផ្សព្វផ្សាយពីអ្នកនិពន្ធ, ​ស្នាដៃ​ថ្មីៗ​របស់អ្នកនិពន្ធ និង​សកម្មភាព​សំខាន់ៗ​ក្នុងវិស័យតែងនិពន្ធផងដែរ ដែលវេបសាយនេះមានឈ្មោះថា “ គេហទំព័រអ្នក​និពន្ធកម្ពុជា / www.cambowriter.com ជាវេបសាយដែលលោក​​បង្កើត​ឡើងក្នុង​ន័យ​ដើម្បី​អ្នក​និពន្ធ​ និង​វិស័យតែងនិពន្ធ​នៅកម្ពុជា។ លោក​ក៏បានបន្ថែម​ទាក់​ទងនឹង​វេបសាយដ៏មានសារៈសំខាន់​នេះថា វេបសាយ​នេះលោកបានផ្អាកសំណើរការផ្សាយ​ជាច្រើនលើក​ច្រើន​សារ ដោយសារតែមានបញ្ហាផ្នែក​បច្ចេកទេស តម្រូវ​ឱ្យចាំបាច់​ត្រូវជួសជុលកែលម្អជាបន្តបន្ត និងត្រូវ​ចំណាយថវិកាផ្ទាល់ខ្លួនជាច្រើន​ក្នុង​ការ​ជួសជុលនិង​អភិវឌ្ឍន៍​ឱ្យកាន់តែមាន​លក្ខណៈ​ល្អប្រសើរ តែលោក​បាន​តាំងចិត្តថា លោកនឹងធ្វើ​គ្រប់បែបយ៉ាងអភិវឌ្ឍវេបសាយដ៏សំខាន់មួយនេះ មិន​ឱ្យ​បាត់​បង់ទៅណាឡើយ ដើម្បី​បន្ត​ជាប្រយោជន៍សម្រាប់អ្នក​និពន្ធ​កម្ពុជា ក៏ដូចជា​វិស័យតែងនិពន្ធ​កៅកម្ពុជា​បន្ត​ទៀត ទោះជា​ត្រូវ​លះបង់ច្រើន​យ៉ាងណាក៏ដោយ ដែល​នេះ​ពិតជា​ទឹក​ចិត្តមួយ​ដែល​ល្អ​ថ្លៃ​ថ្លាខ្លាំង​ណាស់ ដែល​លោកមាន​ចំពោះ​អ្នក​និពន្ធ និង​វិស័យ​តែង​និពន្ធ​នៅកម្ពុជា។

លោក គង់ រង្សី និងសៀវភៅ “ពលករខ្មែរនៅកូរ៉េខាងត្បូង” ដែល​លោក​ត្រៀមនឹងចេញផ្សាយនាពេលខាងមុខ​

ដូច្នេះ ប្រសិន​បើ​អ្នកដែលកំ​ពុងតែបំពេញការងារ​នៅកូរ៉េខាងត្បូង ឬអ្នក​ចង់ឡើងទៅធ្វើការងារនៅកូរ៉េខាងត្បូង ឬកំពុងតែត្រៀមខ្លួនឡើងទៅបំពេញការងារនៅកូរ៉េខាងត្បូងចង់ដឹងថា តើ​សៀវភៅ “ពលករខ្មែរនៅកូរ៉េខាងត្បូង” ដែល​លោក​ត្រៀមនឹងចេញផ្សាយ​នេះ​មានអត្ថប្រយោជន៍កម្រិតណា? និងថាតើលោកនឹង​មានសកម្មភាពសំខាន់ៗអ្វីខ្លះ​ក្នុងវិស័យតែងនិពន្ធ​នៅកម្ពុជា នាពេលខាងមុខ​បន្ទាប់ពីលោកប្រកាសប្រឡូកចូលវិស័យតែងនិពន្ធនេះវិញនោះ? លោកអ្នកអាចរង់ចាំតាមដានពីសកម្មភាពរបស់លោកជាបន្ត​បន្ទាប់ទៀតបាន ដោយ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” នឹងបន្តផ្សព្វផ្សាយពីសកម្មភាព​ថ្មីៗ​របស់ លោក គង់ រង្សី ជាបន្ត​បន្ទាប់​មិន​ឱ្យដាច់ឡើយ ចាប់ពីពេល​លោក​ប្រកាស​វិលត្រឡប់​ចូល​វិស័យ​នេះវិញតទៅ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ លោក ង៉ែត រ៉ា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!