ស្រួង ភាវី បង្ហាញពីប្រភេទសៀវភៅដែលខ្លួនចូលចិត្តអានបំផុត

  • November 9th, 2019

អ្នកនាង ស្រួង ភាវី កើតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩០ កើតនៅភូមិថ្មពេជ្រ៣ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ អ្នកនាង​មានឪពុកឈ្មោះ ឆាន់ ស្រង់ និងម្តាយឈ្មោះ សុក្រ ចាន់ថុល ដោយលោក​ទាំង​ពីរជាកសិករដូចគ្នា។ អ្នកនាង​មានបងប្អូន​បង្កើត​ចំនួន៣នាក់ ស្រីទាំងអស់ ហើយអ្នកនាងជាកូនច្បង​ក្នុង​គ្រួសារ។ អ្នកនាងបានរៀបការជាមួយនឹងស្វាមីជនជាតិកូរ៉េ នៅឆ្នាំ២០១០។ ពេលដែលអ្នកនាង​ឡើង​ទៅរស់​នៅទឹក​ដីកូរ៉េខាងត្បូងបានរយៈ​ពេល​មួយ​ឆ្នាំ អ្នកនាងក៏បាន​ចាប់ផ្តើមលេងស្នូកឃ័រ និង​ប្រឡូកក្នុងវិស័យកីឡា​នេះចាប់ពីពេលនោះមក ក្រោមការបង្ហាត់បង្រៀនពីស្វាមីរបស់​អ្នកនាងផ្ទាល់ និងគ្រូៗបង្វឹកជំនាញ​ជាច្រើនរូបទៀត។

អ្នកនាង ស្រួង ភាវី ក្នុងកម្មវិធីប្រកួតមួយ

អ្វី​ដ៏គួរឱ្យស្ងើចសរសើរ​បំផុតនោះ ត្រឹមតែ​រយៈពេល១ឆ្នាំប៉ុណ្ណោះ អ្នកនាង ស្រួង ភាវី ហាត់ចេះ​យ៉ាង​ស្ទាត់ជំនាញ និងចាប់ផ្តើមប្រកួតថ្នាក់តំបន់ ហើយក៏ទទួល​បាន​ជ័យ​ជម្នះជាបន្តបន្ទាប់រហូតដល់​ឈ្នះ​ជាប់​ជា​ជើងឯកប្រចាំខេត្តឈានចូលដល់ក្រុង រហូត​ដល់​ប្រកួត​ឈ្នះជើងឯកទូទាំងប្រទេសទៀតផង។ កេរ្តិ៍ឈ្មោះរបស់​អ្នកនាងកាន់តែល្បីល្បាញ​ក្នុងទឹកដីកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ដែលធ្វើឱ្យជនជាតិកូរ៉េមានការភ្ញាក់ផ្អើលជាខ្លាំង ដែលមាន​ជនជាតិ​ខ្មែរឆ្នើម​បែបនេះ។ ចំណែក​ការប្រកួតជាលក្ខណៈអន្តរជាតិ ថ្នាក់តំបន់អាស៊ី អ្នកនាងក៏នៅតែធ្វើបានយ៉ាងល្អប្រសើរបំផុត។ នៅឆ្នាំ២០១៥ អ្នកនាងស្រួង ភាវី ក្លាយជាជើងឯករងពិភពលោកលេខ២ ដែលប្រារព្ធឡើងនៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក។ ការប្រកួតឈ្នះរយៈពេលកន្លងមក អ្នកនាងស្រួង ភាវី ក្លាយជាកីឡាការិនីឆ្នើមតំណាងកម្ពុជា លើឆាកអន្តរជាតិ ជាជើងឯក និងជាជើងឯករង ទទួលបានមេដាយកំពូលៗជាង៤០គ្រឿងនៅប្រទេសកូរ៉េ។

 

 

អ្នកនាង ស្រួង ភាវី និងមេដាយជ័យលាភីលេខ១ កាលពីពេលថ្មីៗ

ហើយអ្វីដែលកាន់តែ​គួរឱ្យ​មានមោទកភាព​បំផុតនោះ កាលពីពេលថ្មីៗនេះ អ្នកនាង ស្រួង ភាវី ថែមទាំងអាចសម្រេចនូវជោគជ័យដ៏ធំធេងក្នុងអាជីពស្នូកឃ័ររបស់អ្នកនាង​តំណាងឱ្យជាតិកម្ពុជាទៀតផង ដូចជា កាលពីចុងខែកញ្ញា ឆ្នាំ២០១៩  អ្នកនាងបានប្រកួត​ជាប់ចំណាត់ថ្នាក់លេខ២ លំដាប់ពិភពលោក នៅប្រទេសអេស្ប៉ាញ និង​ប្រកួត​ទទួលបាន​ចំណាត់ថ្នាក់លេខ១ នាំមុខគេក្នុងព្រឹត្តិការណ៍ ជើងឯកអាសុីស្នូកឃ័រនារី (The 2nd Asian Championship 3cushion Ladies 2019) នៅប្រទេសកូរ៉េខាងត្បូង ទីក្រុងសេអ៊ូល តំបន់គូរីយ៉ក ក្នុងសាលប្រកួតគូរីសុីឆេយុគក្វាន់ ដោយការប្រកួត​ដ៏សំខាន់នេះ កីឡាការិនី ស្រួង ភាវី ស្ថិតក្នុងពូលA ជួបសុទ្ធតែជើងខ្លាំងលំដាប់ពិភពលោកមាន ជប៉ុន និងកូរ៉េខាងត្បូងម្ចាស់ផ្ទះតែម្តង។ សមត្ថភាពរបស់អ្នកនាង ពិតជាមិនធម្មតាឡើយ ដោយអាចប្រកួត​ឈ្នះជាបន្តបន្ទាប់ ដល់​ឆ្លងឡើងដល់លេខ១ក្នុងពូលA រួចឈានទៅប្រកួតនឹងអ្នកលេខ១ក្នុងពូលនានា រហូត​ដល់​ឈ្នះ​ទទួលបានចំណាត់​ថ្នាក់លេខ១ ជាប់​ជាជើងឯកតែម្ដង ដែល​នេះ​មិនមែនជារឿងចៃដន្យ គឺជា​ការ​បញ្ជាក់ពីសមត្ថភាពពិតៗរបស់​អ្នកនាងតែម្ដង ព្រោះ​អ្នកនាង​អាច​ប្រកួត​ឈ្នះ៦ប្រកួតជាប់ៗគ្នា ដោយ​ផ្ទួលជើងខ្លាំង ជប៉ុន និងម្ចាស់ផ្ទះកូរ៉េ តែម្ដង។ នៅទីបំផុត កីឡាការិនីដ៏ឆ្នើម ស្រួង ភាវី កម្ពុជាយើង ក៏បាន​ឈ្នះមេដាយមាសលំដាប់កំពូលពីមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នៅអាសុីទាំងមូល។ រាល់លើកដែលអ្នកនាងប្រកួត​ឈ្នះ​គ្រងដំណែងជើងឯកម្តងៗ អ្នកនាង​មិនដែលភ្លេចអ្នកមានគុណទាំង២, មិនដែលភ្លេចអ្នកគាំទ្រ ដែលតែងតែ​ស្រឡាញ់ចូលចិត្ត និងផ្តល់កម្លាំងចិត្តឱ្យ​ខ្លួនឡើយ និងតែងតែថ្លែង​អំណរគុណដល់សហព័ន្ធកីឡាស្នូកឃ័រកម្ពុជា និងសហព័ន្ធកីឡាស្នូកឃ័រកូរ៉េខាងត្បូងជានិច្ច។ រយៈពេលប្រហែល១០ឆ្នាំមកហើយ ដែលអ្នកនាង​ចាប់​យកអាជីពមួយនេះ តែ​ថ្វីបើសព្វថ្ងៃអ្នកនាងមានកេរ្តិ៍ឈ្មោះល្បីល្បាញរន្ទឺនៅកូរ៉េខាងត្បូងក៏ពិតមែន ក៏អ្នកនាងនៅតែប្រកួត​តំណាងប្រទេសកម្ពុជា​របស់ខ្លួន ក្នុងន័យលើកតម្កើងកិត្តិយសមុខ​មាត់​សង្គម​កម្ពុជាលើឆាក​អន្តរជាតិ ដោយ​គ្រប់​ពេល​ដែល​អ្នកនាងប្រកួត គឺតែងតែមានវត្តមាន ទង់ជាតិខ្មែរជានិច្ច​។

 

អ្នកនាង ស្រួង ភាវី និងសៀវភៅ “នារីប្រពៃ”

ខាង​លើគ្រាន់តែ​ជាការៀបរាប់​ត្រួសៗខ្លះៗ​​​ពីប្រវត្តិជីវិតនិងវិថី​​កីឡា​ស្នូកឃ័រ​របស់​អ្នកនាង ស្រួង ភាវី ប៉ុណ្ណោះ!  តែ​អ្វីដែល “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” យើង​ខ្ញុំ​ចង់​បង្ហាញដល់​លោក​អ្នកនៅពេលនេះខ្លាំង​បំផុត មិនមែនជារឿង​នេះនោះ​ទេ គឺប្រភេទ​សៀវភៅ​ដែលអ្នកនាង​ចូល​ចិត្ត​អាន​ទៅវិញទេ ដែល​យើង​ខ្ញុំ​ចង់​លើក​យកមក​បង្ហាញ​ឱ្យ​លោក​អ្នក​បាន​ដឹង។ ដូច្នេះ តើ​​សៀវភៅប្រភេទ​ណាទៅដែលកីឡាការិនីស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ចូលចិត្ត​អាន​បំផុត? ហើយ​ហេតុអ្វីបានជា​អ្នកនាងចូលចិត្ត​អានសៀវភៅប្រភេទនេះ​ម្ល៉េះ? ទាក់ទងនឹងសំណួរ​នេះ អ្នកនាង ស្រួង ភាវី ក៏បាន​បង្ហាញ​ប្រាប់​គេហទំព័រយើង​ខ្ញុំថា “ក្នុង​ចំណោម​ប្រភេទ​សៀវភៅទាំងអស់ នាងខ្ញុំ​ចូលចិត្តអានសៀវភៅបែបទស្សនៈវិជ្ជាអប់រំ សង្គម នយោបាយ, សៀវភៅ​បែបតម្រែតម្រង់ចិត្តគំនិត និងសៀវភៅ​​ភាពជាអ្នកដឹកនាំខ្លាំង​ជាងគេ ព្រោះ​ដោយសារតែ​នាងខ្ញុំ​គិតថា សៀវភៅ​ទាំងអស់​នេះនឹង​អាចជួយ​អភិវឌ្ឍ​ចំណេះដឹង​និង​ការ​គិត​ពិចារណា​​របស់​នាង​ខ្ញុំ​ឱ្យបាន​កាន់តែ​ភ្លឺថ្លា ជាពិសេស​ ចិត្ត​គំនិត​វិជ្ជមាន​ផ្នែក​សង្គម​ និងវិធីសាស្ត្រ​ក្នុង​ការ​អនុវត្ត​ការងារឱ្យកាន់តែ​ជោគជ័យ។”

អ្នកនាង ស្រួង ភាវី និងសៀវភៅរបស់អ្នកនិពន្ធល្បីៗមួយចំនួន

អ្នកនាង ស្រួង ភាវី បាន​បន្ថែមទាក់​ទង​នឹងអត្ថប្រយោជន៍នៃការ​សៀវភៅទៀតថា “ការ​អានសៀវភៅ​ពិតជាមាន​សារៈ​សំខាន់ខ្លាំង​ណាស់​សម្រាប់​ជីវិត​របស់​មនុស្ស​​ម្នាក់ៗ ព្រោះ​បើ​យើង​អាន​កាន់តែ​ច្រើន យើង​នឹង​មាន​ការ​យល់​ដឹង​​ទូលំទូលាយ​ទៅតាមនោះផងដែរដែលអាច​ឱ្យ​យើងយកចំណេះដឹងនោះទៅ​អនុវត្ត​លើ​កិច្ចការងារ​ផ្សេងៗឱ្យទទួលជោគជ័យបាន” អ្នកនាង​បាន​ធ្វើការសំណូមពរឡើងថា “ហេតុ​នេះ​នាងខ្ញុំសូមសំណូមពរដល់ប្អូនៗយុវជន យុវតី កម្ពុជាយើងទាំងអស់​ សូម​ជៀសវាងឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង និងគ្រឿង​ស្រវឹងផ្សេងៗ និង​សូមយកពេល​ទំនេរអាន​សៀវភៅ​ឱ្យបាន​ច្រើន ពិសេសសៀវភៅ​ដែលអាចជួយ​ឱ្យ​ការ​សិក្សានិងចំណេះដឹង​របស់ខ្លួនមានការរីកចម្រើន… និង​សូម​ចូលរួមលេងកីឡាឱ្យបាន​គ្រប់ៗគ្នាទៅតាមចំណងចំណូលចិត្ត ​ដើម្បី​មាន​សុខភាពល្អ ព្រោះយុវជនយុវតីទាំងឡាយ ជាទំពាំងស្នងឫស្សី ហេតុនេះ​ចំណេះដឹង​និងសុខភាព​ពិតជាសំខាន់ខ្លាំង​ណាស់ សម្រាប់​យកទៅ​ចូលរួមជួយ​អភិវឌ្ឍជាតិ​កម្ពុជាយើង​នៅ​ថ្ងៃ​អនាគត ដោយមិន​ត្រូវ​ធ្វើ​ទង្វើ​ទាំងឡាយណាដែលធ្វើឱ្យ​ឪពុកម្ដាយ​ទឹក​ភ្នែក ​និង​សង្គម​ស្អប់​ខ្ពើម​នោះឡើយ។ ហើយ​ជាចុង​បញ្ចប់ នាងខ្ញុំ ស្រួង ភាវី ក៏​សូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់គ្នា យ៉ាង​ជ្រាល​ជ្រៅ​ផងដែរ ដែលតែងតែស្រឡាញ់ ចូលចិត្ត និងគាំទ្ររូបនាងខ្ញុំរហូតមក ដោយ​នាង​ខ្ញុំ​សូមជូនពរឱ្យ​ពុកម៉ែបងប្អូនខ្មែរ​ទាំងអស់ សូម​ជួបប្រទះ​តែសេចក្ដីសុខ សំណាងល្អ សុខភាពល្អ និង​រកស៊ីមានបាន​គ្រប់ក្រុម​គ្រួសារ ជាពិសេស​សូមមាន​សុភមង្គល​ក្នុង​ជីវិត​គ្រប់ៗគ្នា​​ជារៀង​រហូតតទៅ។”

អ្នកនាង ស្រួង ភាវី និងសៀវភៅ “វាចាមាសរបស់ម៉ែ” 

អ្នកនាង ស្រួង ភាវី និងសៀវភៅ “វិញ្ញាសាជីវិត”

អ្នកនាង ស្រួង ភាវី និងសៀវភៅ “មនោសញ្ចេតនា”

អ្នកនាង ស្រួង ភាវី និងសៀវភៅ “ប្រតិទិនទស្សនៈ ២២២ថ្ងៃ”

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា អ្នកនាង ស្រួង ភាវី ​ កើតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩០ កើតនៅភូមិថ្មពេជ្រ៣ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នអ្នកនាង​ជាកីឡាករស្នូកឃ័រ​ជម្រើស​ជាតិ​ផ្នែក​នារីដ៏ឆ្នើមប្រចាំ​ប្រទេស​កម្ពុជា ដែលកំពុង​តែ​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំងក្នុង​និង​ក្រៅប្រទេស ជាពិសេសប្រទេស​កូរ៉េខាងត្បូង ដែលជាទឹក​ដី​អ្នកនាង​កំពុងតែ​រស់​នៅ​សព្វថ្ងៃ​តែម្ដង។ ក្រៅពីមាន​ឧបនិស្ស័យ​ចូលចិត្ត​លេងកីឡាស្នូកឃ័របាន​យ៉ាងល្អអស្ចារ្យនេះ អ្នកនាងក៏ជាបុគ្គល​មួយរូបដែល​ចូលចិត្តអានសៀវភៅខ្លាំងបំផុត​ផងដែរ។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ស្រួង ភាវី ៖ រក្សាសិទ្ធិ ៖ cambowriter.com

 

 

 


error: អត្ថបទរក្សាសិទ្ធ !!