ទេព សុផានេត អ្នកនិពន្ធកម្ពុជាជំនាន់ថ្មី សម្រេចបញ្ចេញស្នាដៃសៀវភៅបែបទស្សនៈគំនិតពិចារណា ដំបូងបំផុតរបស់ខ្លួន ជាសាធារណៈ

  • May 27th, 2020

លោក​ ទេព សុផានេត កើតនៅថ្ងៃសុក្រ ទី០៣​ ខែឧសភា​ ឆ្នាំ១៩៩៧ ភូមិបឹងឈូក ឃុំស្វាយប៉ោ ក្រុងសង្កែ ខេត្តបាត់ដំបង។ គ្រួសារលោក​ទាំងមូលបានផ្លាស់ប្ដូរទៅរស់នៅខេត្តបន្ទាយមានជ័យ តាំងតែលោក​អាយុមិនដល់មួយឆ្នាំផង។ មុនមករស់នៅភ្នំពេញ លោក​បានប្រើពេល៣ឆ្នាំ រស់នៅរៀនសូត្រ និងធ្វើការងារនៅខេត្តសៀមរាបផងដែរ។ លោក​មានឪពុកឈ្មោះ វ៉ាន់ សារិទ្ធ ដែលគាត់បានឃ្លាតឆ្ងាយតាំងពីលោកតាំង​ពី​លោក​ចាប់កំណើតមកម៉្លេះ និងម្ដាយឈ្មោះ ទេព ធី ។ មានបងប្អូនបង្កើតចំនួន៧នាក់ ប្រុស៣នាក់ និងស្រី៤នាក់ ដោយ​លោកជាកូនពៅនៃគ្រួសារ។​ លោក​បានបញ្ចប់ថា្នក់បរិញ្ញាត្រផ្នែកនីតិសាស្រ្ត នៅសាកលវិទ្យាល័យឯកជនមួយ នៅខេត្តសៀមរាប និង​កំពុងមានគម្រោងបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងភ្នំពេញបន្ត​ទៀត​។ បច្ចុប្បន្ន ក្រៅ​ពីមាន​អាជីព​ជាអ្នក​និពន្ធដែល​ទើបតែ​ចេញ​ផ្សាយ​សៀវភៅ​ដ៏​ល្អ​មួយ​មានចំណង​ជើងថា “គំនិតជាកំណើត”​ លោក​ជាបុគ្គល​បម្រើ​ការ​នៅក្រុមហ៊ុនឯកជនមួយកន្លែងក្នុង​ទីក្រុងភ្នំពេញ ទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស។

លោក​ ទេព សុផានេត និងសៀវភៅ “គំនិតជាកំណើត” ស្នាដៃសៀវភៅដំបូងរបស់លោក

ខាង​លើ​គឺ​ជាព័ត៌មានពីប្រវត្តិ​រូប​ត្រួសៗ​របស់​ លោក ទេព សុផានេត ដែល​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ទទួល​បាន​​តាម​រយៈ​បទសម្ភាសន៍​ជាមួយលោកតាមសារអេឡិចត្រូនិច។ បន្ថែម​លើស​ពីនេះ លោកដែលមាន​ប្រភព​ចេញ​ពីក្រុងសង្កែ ខេត្តបាត់ដំបងខាង​លើ ក៏បាន​បង្ហាញ​ពីបុព្វហេតុ​ក្នុង​ការ​ចាប់​ផ្ដើម​ជីវិត​ជា​អ្នក​និពន្ធ​របស់​លោក​យ៉ាង​ដូច្នេះថា “នៅដើមឆ្នាំ២០១៧ ខ្ញុំបាន​ចាប់ផ្ដើមសរសេរនូវអត្ថបទខ្លះៗ ដើម្បីចែករំលែកនូវតាមបណ្ដាញសង្គម។ កាលនោះ ខ្ញុំគ្មានគោលដៅក្នុងការ​ក្លាយជាអ្នកនិពន្ធអ្វីទេ។ គោលបំណង គឺគ្រាន់តែដើម្បីចែករំលែកគំនិត ទស្សនៈ និងការយល់ឃើញរបស់ខ្ញុំ តាមបណ្ដាញសង្គមតែប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈអ្វីដែលខ្ញុំធ្វើនៅពេលនោះ វាគឺជាពេលដែលខ្ញុំបានរៀនសូត្រ និងហ្វឹកហាត់ការគិតច្រើនបំផុត តាមរយៈការសរសេរ។ ខ្ញុំរៀនសូត្រតាមរយៈការសរសេរខ្លួនឯងផង និងតាមរយៈស្នាដៃរបស់រៀមច្បងមុនៗផង។ ខ្ញុំយល់ថា “ចុងប៊ិករបស់យុវជន គឺពិតជាមានតម្លៃ។ ចំណេះដឹងដែលយើងបានរៀនសូត្រ ហើយមានប្រយោជន៍ គឺយើងអាចធ្វើវាឱ្យកាន់តែមានប្រយោជន៍ថែមទៀត តាមរយៈការចែករំលែកទៅកាន់យុវជនដទៃ ដោយការប្រើចុងប៊ិកនេះ។ នេះគឺជាបុព្វហេតុដែលធ្វើឱ្យខ្ញុំបន្តកិច្ចការនេះរហូតដល់មានការជួយជ្រោមជ្រែងពីរៀមច្បងជាច្រើននាក់ បង្កើតឱ្យមានស្នាដៃនេះឡើង”។

សៀវភៅ “គំនិតជាកំណើត” ស្នាដៃដំបូងរបស់ លោក ទេព សុផានេត

លោក​បញ្ជាក់​ពីសៀវភៅ​ស្នាដៃ​ដំបូងរបស់​លោក ដែលទើប​បោះពុម្ពផ្សាយដាក់​​លក់កាល​ពី​​​ពេល​ថ្មីៗ​នេះថា ​“សៀវភៅ គំនិតជាកំណើត ដែលខ្ញុំ​ទើប​បានបោះពុម្ពផ្យាយនេះ វាជាប្រភេទសៀវភៅបែបទស្សនៈគំនិតពិចារណា ដែលផ្ដោតសំខាន់លើយុវជន។ បើនិយាយឱ្យខ្លីពីគោលគំនិតធំបំផុតនៅក្នុងសៀវភៅមួយក្បាលនេះ គឺគ្មានអ្វីក្រៅតែពីការជួយជំរុញយុវជនឱ្យខិតខំរៀនសូត្រ ឱ្យតម្លៃលើចំណេះដឹង និងចេះគិតគូរពិចារណាបានវែងឆ្ងាយនោះឡើយ។  តាមរយៈការងារសង្គម ជាពិសេសការចូលរួមផ្តួចផ្តើមបង្កើតក្រុម “អំណានយុវជន”, ក្នុងនាមខ្ញុំជាសហស្ថាបនិកម្នាក់ ខ្ញុំបានស្វែងយល់ពីផ្នត់គំនិត ក៏ដូចជាមើលឃើញជាក់ស្ដែងលើឥរិយាបទរបស់យុវជនដែលបានចូលខ្លួនក្នុងកម្មវិធីនេះ។ ជាលទ្ធផលជាក់ស្ដែង ការផ្លាស់ប្ដូរតិចឬច្រើន យឺតឬរហ័សពីម្នាក់ទៅម្នាក់ គឺពុំដូចគ្នាទេ តែអ្វីដែលដូចគ្នាគឺការរីចម្រើនទាំងនោះមានលំនាំតែមួយ ពោលគឺយុវជនត្រូវតែប្រឡូកខ្លួនជាមួយនឹងការអាន។ សម្រាប់ការងារដែលខ្ញុំបានធ្វើកន្លងមកក៏ពុំសូវខុសគ្នាដែរ (ផ្នែកធនធានមនុស្ស) ភាគច្រើនគឺធ្វើការងារជាមួយយុវជន ដោយយោងលើភាពជាក់ស្ដែងនេះហើយ ទើបខ្ញុំអាចមើលឃើញយ៉ាងច្បាស់ពីអ្វីដែលយុវជនត្រូវការ។ នេះជាមូលហេតុជំរុញឱ្យខ្ញុំបង្កើតស្នាដៃនេះ។” នេះ​ជាការ​បញ្ជាក់​របស់​លោក ទេព សុផានេត ពីសៀវភៅ “គំនិតជាកំណើត” ។ ដូច្នេះ ប្រសិនបើ​លោក​អ្នក​ចង់ជាវ​ស្នាដៃនេះយកទៅអាន​ លោក​អ្នក​​អាចរកទិញបាន​ដោយ​ទាក់ទងផ្ទាល់ទៅ​កាន់ហ្វេស​ប៊ុក​ផេកផ្លូវការ​របស់​លោកដោយ​ផ្ទាល់​ក៏បានតាមរយៈ​ឈ្មោះ Tep Sophanet (ទេព សុផានេត) https://www.facebook.com/so.phanet.94 ឬហ្វេស​ប៊ុក​ផេកផ្លូវការ​របស់ គ្រឹះស្ថានសៀវភៅ​ជីវិត https://www.facebook.com/seavphovjivet/ និង​អាចស្វែងរកទិញ​បាននៅតាមគ្រប់បណ្ណាគារធំៗទូទាំង​ខេត្ត​ក្រុង​​នានា​ក្នុង​ប្រទេសកម្ពុជាផងដែរ ក្នុងតម្លៃ ៣.២០០០រៀល។

សៀវភៅ “គំនិតជាកំណើត” ស្នាដៃ​របស់លោក ទេព សុផានេត និងប្រិយមិត្តអ្នកគាំទ្រ

ទន្ទឹមនឹងនេះ លោក​ក៏បាន​បង្ហាញ​ពី​ឧបសគ្គនិង​ការលំបាក​ក្នុង​ការ​សរសេរសៀវភៅ​របស់​លោក​ថា “ស្នាដៃនេះ គឺជាការចងក្រងនូវអត្ថបទដែលខ្ញុំបានសរសេរតាំងពីឆ្នាំ ២០១៧ ព្រមទាំងបានសរសេរបន្ថែមរហូតដល់ពាក់កណ្ដាលឆ្នាំ២០១៩។ មែនទែនទៅ ដោយសារតែខ្ញុំត្រូវធ្វើការងារ និងរៀនសូត្រផង, ពេលវេលាដែលខ្ញុំសរសេរ គឺជាពេលដែលខ្ញុំអាចឆ្លៀតបានតែប៉ុណ្ណោះ។ គ្មានជម្រើសផ្សេងទេ ព្រោះវាពុំមែនជាមុខរបរសម្រាប់ខ្ញុំឡើយ តែវាជាការងារដែលខ្ញុំស្រឡាញ់ (ពុំទាន់អាចធ្វើវា ឱ្យពេញដៃបានទេ ដោយសារតែខ្ញុំត្រូវរ៉ាប់រងលើការរស់នៅ និងការរៀនសូត្ររបស់ខ្លួនឯង)។ សម្រាប់ខ្ញុំ ផលលំបាកបំផុតនៃការសរសេរ គឺការគិត ដ្បិតកម្រិតនៃចំណេះដឹង វាគឺបញ្ហានៃការគិតរបស់ខ្ញុំ។ ដូចនេះ ខ្ញុំត្រូវចំណាយពេលវេលាអានបន្ថែម ស្រាវជ្រាវបន្ថែម និងជាពិសេសគឺការប្រើប្រាស់ការគិតពិចារណាស៊ីជម្រៅ ដើម្បីវិភាគឱ្យជាក់ស្តែងទៅតាមស្ថានភាពសង្គម។ និយាយជារួម ខ្ញុំត្រូវរៀនសូត្រឱ្យបានច្រើន និងបន្តប្រឹងជានិច្ច ទើបអាចមានគំនិត ដែលអាចសរសេរអត្ថបទបាន។​ បញ្ហាបន្ទាប់បន្សំ គឺមានកត្តាពេលវេលា និងបញ្ហាសុខភាពខ្លះៗផង។”

ក្នុងនាម​ជាអ្នកនិពន្ធ ការ​អានសំខាន់​ខ្លាំង​ណាស់។ ត្រង់ចំណុចនេះ លោកបាន​បញ្ជាក់​យ៉ាង​ច្បាស់ថា “ជាការពិត ការអាន និងការសរសេរ គឺជារឿងដែលពុំអាចកាត់ផ្ដាច់ពីគ្នាបានឡើយ ប្រៀបដូចជាទឹក និងរលកអ៊ីចឹង។ ការអាន វាពិតជាជួយយើងបានច្រើន ហើយវានឹងជួយយើងបានរឹតតែច្រើនថែមទៀត បើយើងជ្រើសរើសសៀវភៅអានឱ្យត្រូវ។ ជាបទពិសោធខ្ញុំផ្ទាល់ ខ្ញុំរីកចម្រើនការគិត គិតបានល្អ មានគំនិតច្រើន ព្រោះដោយសារតែសៀវភៅបែបទស្សនៈអភិវឌ្ឍខ្លួន, សៀវភៅប្រវត្តិសាស្រ្ត, សៀវភៅចិត្តវិញ្ញាណ, និងសៀវភៅសាសនា…។ តើមូលហេតុអ្វី? មូលហេតុ គឺព្រោះវាមិនត្រឹមតែជាសៀវភៅដែលផ្តល់ចំណេះដឹងគោលសំខាន់ៗសម្រាប់តែការសរសេរប៉ុណ្ណោះទេ តែថែមទាំងជួយដល់ការប្រើប្រាស់សម្រាប់ជីវិតជាក់ស្តែងផងដែរ។ ក្រៅពីនេះ ការស្ដាប់ ការទស្សនាវីឌីអូ និងភាពយន្ត ក៏ជារបៀបរៀនផ្សេងទៀត ដែលខ្ញុំបានធ្វើផងដែរ។”

មុននឹង​បញ្ចប់​បទសម្ភាសន៍​ លោកបាន​ថ្លែង​ជាគំនិតដល់ប្អូនៗដែល​ចង់​ក្លាយជាអ្នក​និពន្ធថា “តាមយោបល់ខ្ញុំ ប្អូនៗដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធ គឺគ្មានអ្វីក្រៅពីពាក្យថា “ប្រឹងរៀន” នោះទេ។ ប្រឹងប្រែងរៀនសូត្រឱ្យចំណេះដឹងជ្រាបក្នុងខ្លួន ធ្វើខ្លួនជាមនុស្សមានគំរូល្អ ធ្វើនៅកិច្ចការត្រឹមត្រូវ និងបន្តរៀនសូត្រជានិច្ច។ ចង់ធ្វើអ្នកនិពន្ធ ត្រូវរៀនសូត្រច្រើន។ រៀនច្រើនត្រូវប្រឹងច្រើន។ ប្រឹងច្រើនត្រូវបន្តប្រឹងជានិច្ច និងលះបង់ច្រើន។ ការរៀនសូត្រ កាន់តែល្វីង ផ្លែផ្ការបស់វាក៏កាន់តែផ្អែម។ សូមកុំចង់ក្លាយទៅជាអ្នកនិពន្ធដែលល្អតែក្នុងសៀវភៅ (ទ្រឹស្តីដែលយើងបានសរសេរចូលសៀវភៅ ចែករំលែកគំនិតអប់រំអ្នកដទៃ) តែត្រូវធ្វើជាអ្នកនិពន្ធដែលល្អសុចរិតជាក់ស្តែងក្នុងជីវិតខ្លួនឯងផងដែរ។” ជាចុងបញ្ចប់ លោក​ក៏បាន​ថ្លែង​អំណរគុណផងដែរថា “ហើយ​ជាចុងក្រោយ ​ខ្ញុំ​សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ គេហទំព័រអ្នកនិពន្ធកម្ពុជា ដែលបានផ្ដល់កិត្តិយសដល់រូបខ្ញុំលើការសម្ភាសន៍នេះ ព្រមទាំងជូនពរឱ្យគេហទំព័រកាន់តែរលូនទៅមុខជានិច្ច។”

លោក ទេព សុផានេត និង លោក ពៅ វិសាល ក្រុមការងារមួយរូបរបស់ “អំណានយុវជន”

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក​ ទេព សុផានេត កើតនៅថ្ងៃសុក្រ ទី០៣​ ខែឧសភា​ ឆ្នាំ១៩៩៧ ភូមិបឹងឈូក ឃុំស្វាយប៉ោ ក្រុងសង្កែ ខេត្តបាត់ដំបង។ បច្ចុប្បន្ន ក្រៅ​ពីមាន​អាជីព​ជាអ្នក​និពន្ធកម្ពុជា​មួយរូប ដែល​ទើបតែ​ចេញ​ផ្សាយ​សៀវភៅបែបគំនិត​ទស្សនៈពិចារណា​​ដ៏​ល្អ​មួយក្បាល​ ​មានចំណង​ជើងថា “គំនិតជាកំណើត”​ លោក​ជាបុគ្គល​បម្រើ​ការ​នៅក្រុមហ៊ុនឯកជនមួយកន្លែងក្នុង​ទីក្រុងភ្នំពេញ ទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស។ ហេតុនេះ បើលោកអ្នក​ចង់​ដឹងថា តើ​សៀវភៅដែលជាស្នាដៃ​ដំបូងរបស់លោកនេះ មានលក្ខណៈ​ និង​ប្រកបដោយ​គុណ​តម្លៃ​យ៉ាង​ណាខ្លះ​នោះ លោក​អ្នកអាច​រកទិញ​យកទៅអាន​ តាមរយៈការ​រៀបរាប់​បង្ហាញ​ខាងលើ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ទេព សុផានេត / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!