“គ្រាប់ពូជក្លឹបអាន” ក្លឹបមួយដែលបង្កើតឡើង ដើម្បីចូលរួមបណ្ដុះការអាននៅកម្ពុជា

  • February 27th, 2020

“គ្រាប់ពូជក្លឹបអាន” គឺជា​ក្លឹប​មួយដែលបង្កើតឡើង ក្នុងន័យដើម្បីចូលរួម​ចំណែក​បណ្ដុះការ​អាន​នៅកម្ពុជាឱ្យកាន់តែ​រីកចម្រើន។ ហើយការណ៍ដែល​ត្រូវបានដាក់ឈ្មោះបែបនេះ ក៏ព្រោះក្លឹបនេះបង្កើតដោយយុវជនក្មេងៗមួយក្រុម ដែលយកចិត្តទុកដាក់លើការអាន និងស្រឡាញ់​ការពារបរិស្ថាន។ ​ពួកគេ​ប្រកាន់​នូវទស្សនៈថា “ដើម្បី​ទទួលបានផលមួយល្អ វាទាមទារនូវគ្រាប់ពូជមួយល្អ” ទើបអាចទៅរួច។ សព្វថ្ងៃ ទោះបីជាក្លឹបអាននេះនៅតូចនៅឡើយ តែពួកគេ​នឹងបន្តធ្វើការប្រកបដោយសមូហភាព និងខិតខំប្រឹងប្រែងដើម្បីបណ្ដុះគ្រាប់ពូជចំណេះដឹងថ្មីៗដល់យុវជនឱ្យបានច្រើន​បំផុត។ មូលហេតុចម្បងដែលយុវជនក្រុមនេះបង្កើតក្លឹបនេះឡើង ដើម្បីចង់ឱ្យ​ជនជាតិខ្មែរ ពិសេសយុវជន មានទម្លាប់​អាន  ប្រយោជន៍តិចក្ដី ច្រើនក្តី ប្រភេទសៀវភៅយ៉ាងម៉េចក្ដី បើ​មាន​ទម្លាប់​អាននឹងធ្វើឱ្យ​បុគ្គល​ម្នាក់ៗមានការអភិវឌ្ឈទៅមុខ និងរកទិសដៅក្នុងជីវិត​ឃើញជានិច្ច។ ជាងនេះទៅទៀត ក្លឹប​នេះ​យកចិត្តទុកដាក់លើអ្នកនិព្ធខ្មែរ តាម​រយៈ​ការ​បង្កើតកម្មវិធីជំនួបអ្នកនិពន្ធ ដោយអាចឱ្យ​ពួកគាត់ចែករំលែកនូវបទពិសោធន៍ចំណេះដឹងនានា និងជួយណែនាំសៀវភៅល្អៗផ្សេងៗទៅអ្នកអាន ដែលចូលរួមក្នុង​កម្មវិធីនោះ។ កម្មវិធី​ដំបូងបំផុតដែល​រៀបចំឡើងដោយក្លឹបនេះ ជាកម្មវិធីអំណាន ក្រោម​ការ​ចូលរួមរបស់សមាជិកសកម្ម​ទាំងអស់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។ ហើយនេះ គឺជាឈ្មោះ​បុគ្គល​ដែល​បាន​ចូលរួម​បង្កើតក្លឹបនេះឡើង មានដូចជា ៖ កញ្ញា ចាប មួយជួង / ថេង អមរ៉ាវត្តី / ស្រ៊ុន សុវណ្ណារ៉ា / ភាព សុភា / អ៊ុំ ឆេងរី អភិមង្គល និង តុល ឈួគឹមហួយ ដែលទាំងអស់គ្នា​សុទ្ធតែ​យុវជនយុវតីក្មេងៗ ដែលស្រឡាញ់ការអាន និងយកចិត្ត​ទុកដាក់ចំពោះបរិស្ថានទាំង​អស់។

“គ្រាប់ពូជក្លឹបអាន” និងកម្រងរូបភាពសកម្មភាពក្លឹប

កញ្ញា​ ចាប មួយជួង ដែលជាសហស្ថាបនិកក្លឹបនេះមួយរូប បាន​បង្ហាញ​ពីលក្ខណៈ​ពិសេស​របស់​ “គ្រាប់ពូជក្លឹបអាន” ដល់ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ក្នុងបទសម្ភាសន៍ថា “ក្លឹបនេះ មានលក្ខណៈពិសេស គឺសមាជិកគ្រាន់តែកាន់សៀវភៅអានរួច៣ក្បាលមកបរិច្ចាគ រឺថវិកា៥ដុល្លា តែប៉ុណ្ណោះ។ សៀវភៅដែលយើងប្រមូលមកដើម្បីរៀបចំផ្លាស់ប្ដូរដល់អ្នកចូលរួមនិងសមាជិកដទៃ ដោយគ្មានបំណងយកទៅធ្វើប្រយោជន៍បុគ្គលក្នុងរូបភាពណាមួយនោះទេ ហើយថវិកានេះយើងយកទៅទិញសៀវភៅបន្ថែម។ ចំណែក​សៀវភៅដែលនៅសល់ នឹងយកទៅបរិច្ចាគដល់បណ្ណាល័យនៅតាមខេត្ត ដើម្បីជួយកុមារដែលខ្វះខាតសៀវភៅអាន។” កញ្ញា​បន្តទាក់ទងនឹងការងារ​ក្លឹបថា “ក្លឹបនេះធ្វើការទៅលើវិស័យអំណាន ដោយចង់លើកកម្ពស់វិស័យតែងនិពន្ធ ក៏ដូចជាអ្នកនិពន្ធខ្មែរ និងសៀវភៅខ្មែរ, រៀបចំកន្លែងអ្នកនិពន្ធ និងអ្នកអាន, បង្កើតការចែករំលែកចំណេះដឹង តាមរយះការប្តូរសៀវភៅគ្នាអាន និងកាត់បន្ថយចំណាយលើការទិញសៀវភៅរបស់សមាជិក។ ហើយ​នៅពេលចូលជាសមាជិក អ្នកចូលរួមនឹងទទួលបាននូវអត្ថប្រយោជន៍ពីក្លឹបដូចជា ចូលរួមកម្មវិធីជំនួបអ្នកនិពន្ធ, ស្គាល់មិត្តអ្នកអានថ្មីៗ, មានឱកាសឈ្នះនៅសៀវភៅដោយឆ្លើយសំណួរក្នុងកម្មវិធី ព្រមទាំងអាចយល់ដឹងពីបទពិសោធន៍ការតែងនិពន្ធនានាជាដើម។”

កញ្ញា​ ចាប មួយជួង សហស្ថាបនិកក្លឹបមួយរូប

កញ្ញា​ ចាប មួយជួង បាន​បន្ត​បង្ហាញ​ពីបេសកកម្មដ៏ចម្បង​បំផុត​ ដែលត្រូវតែ​ធ្វើ​ជាចាំបាច់ថា  “បេសកកម្មដ៏ចម្បងបំផុតរបស់គ្រាប់ពូជក្លឹបអាន ដែលត្រូវតែធ្វើជាចាំបាច់ គឺរកកន្លែងមួយដែលសមស្របសម្រាប់​ធ្វើកម្មវិធី ដោយឥឡូវនេះយើងទទួលបានការគាំទ្រជាខ្លាំងពី មជ្ឈមណ្ឌល Bophana ដែលអនុញ្ញាត​ឱ្យ​យើង​អាចធ្វើកម្មវិធីនៅល្ងាចថ្ងៃសៅរ៍។ ជាងនេះទៅទៀត គ្រាប់ពូជចង់ប្រមូលសៀវភៅឱ្យ​បានកាន់តែច្រើន ដើម្បីឱ្យ​ការផ្លាស់ប្តូរសៀវភៅគ្នាអានកាន់តែប្រសើរ ហើយសៀវភៅដែលនៅសេសសល់ អាចយកទៅបរិច្ចាគឱ្យ​បណ្ណាល័យតាមខេត្តច្រើនកន្លែង។ បន្ថែមពីនេះទៅទៀត គ្រាប់ពូជចង់ឱ្យ​អ្នកអានខ្មែរជាច្រើនអ្នក ស្គាល់ពីសៀវភៅដែលនិពន្ធដោយអ្នកនិពន្ធខ្មែរ និង​លើកទឹកចិត្តពួកគាត់ឱ្យ​កាន់តែចង់តែងនិពន្ធបន្ថែមទៀត។” កញ្ញា​បាន​បន្ថែមពីសមិទ្ធផលការងាររបស់​ក្លឹបកន្លងមកថា “រហូតមកដល់ថ្ងៃនេះ គ្រាប់ពូជបានសម្រេចជោគជ័យនៅវគ្គទី១ ដោយសមាជិកបានចូលរួមពិភាក្សា ជួយគ្នារាល់បញ្ហានានាដែលទាក់ទងនឹងការអាន​សៀវភៅ, សមាជិកបានជ្រើសរើសយកសៀវភៅដែលខ្លួនឯងពេញចិត្ត មកបកស្រាយដល់សមាជិកផ្សេងទៀត ហើយធ្វើការចោទសួរ ឆ្លើយទាក់ទងសៀវភៅនោះ។ លើសពីនេះរៀងរាល់១ខែម្ដង គ្រាប់ពូជបានអញ្ជើញអ្នកនិពន្ធមកចូលរួមចែករំលែកបទពិសោធន៍នានាដល់សមាជិកអ្នកអាន។ បន្ថែមពីនេះទៅទៀត គ្រាប់ពូជបានចូលរួមជួយបរិស្ថានសាលាបឋមមួយកន្លែង ដោយបានដាំដើមឈើនានានៅក្នុងបរិវេននោះ។ ផែនការជារួមរបស់គ្រាប់ពូជគឺ «ចំណេះដឹង និងបរិស្ថាន» នៅក្នុងវគ្គទី២នេះ យើងផ្ដោតតែទៅលើចំណេះដឹងតែប៉ុណ្ណោះ ដោយធ្វើកម្មវិធីជំនួបអ្នកនិពន្ធចំនួន៥ដងហើយ ដោយធ្វើ២សប្តាហ៍ម្តង។”

រូបភាពសកម្មភាពកម្មវិធីមួយរបស់របស់ក្លឹបកន្លងមក

កញ្ញា ចាប មួយជួង ក៏បាន​បង្ហាញ​ពីចក្ខុវិស័យ​របស់ក្លឹបនៅថ្ងៃអនាគតថា “ចក្ខុវិស័យរបស់ក្លឹបយើងខ្ញុំនាពេលអនាគតគឺ បង្កើតបរិស្ថានមួយដែលពោរពេញទៅដោយការអាន, លើកទឹកចិត្តឱ្យ​សមាជិកយើងគ្រប់វ័យស្រឡាញ់ការអាន, សមាជិកមានភាពសកម្មក្នុងការចែករំលែក, សមាជិកមានភាពក្លាហានក្នុងការបញ្ចេញយោបល់, ស្វែងរកគំនិតថ្មីៗដើម្បីឱ្យ​ក្លឹបមាននិរន្តរភាព, បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងអ្នកនិពន្ធនិងអ្នកអាន និងពង្រឹកវិសាលភាពនៃការថែទាំបរិស្ថានឱ្យបាន​កាន់តែប្រសើរបំផុត។”

មុននឹងបញ្ចប់ កញ្ញា ចាប មួយជួង ក៏បាន​សម្ដែង​មតិជាចុងក្រោយថា “ជាចុងក្រោយ នាងខ្ញុំចង់លើកទឹកចិត្តដល់យុវជនជាពិសេស ដែលជាទំពាំស្នងរបស់ប្រទេសជាតិ ចង់ឱ្យ​មានទម្លាប់​អានឱ្យ​ច្រើន ព្រោះថាការអានវាពិតជាមានសារៈសំខាន់សម្រាប់ខ្លួនឯង និងសង្គមទៀតផង ហើយកុំស្តាយក្នុងការចំណាយលុយទិញសៀវភៅ វាពិតជាការវិនិយោគត្រឹមត្រូវបំផុត។ កាលណាសង្គមសម្បូរដោយធនធានមនុស្ស ប្រទេសប្រាកដជាមានការរីកចំរើនលឿន។ សារចុងក្រោយពីគ្រាប់ពូជក្លឹបអានគឺ ពួកយើងស្វាគមន៍ជានិច្ចរាល់ការចង់ចូលរួមជាមួយក្លឹបនេះ ហើយពួកយើងធ្វើការជាមួយគ្នា អភិវឌ្ឈការគិតជាមួយគ្នា ដើម្បីយើងទាំងអស់គ្នា និងប្រទេសជាតិយើងទាំងអស់គ្នា។ សរុបមកគឺ “ចូលរួមបណ្ដុះគ្រាប់ពូជចំណេះដឹងទាំងអស់គ្នា ជាមួយគ្រាប់ពូជ!!”។”

កញ្ញា ចាប​ មួយជួង ក្នុងសកម្មភាពមួយ

គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា កញ្ញា ចាប​ មួយជួង ជាសហ​ស្ថាបនិក​ គ្រាប់​ពូជក្លឹបអាន” មួយរូប ដោយមានតួនាទីជាអ្នកដឹកនាំក្លឹប បែកចែកការងារទៅអ្នករៀបចំស្នូលរបស់ក្លឹប និងអ្នកស្ម័គ្រចិត្តនានា ព្រមទាំងដឹកនាំកម្មវិធីនានាឱ្យ​រលូន។ កញ្ញាកើតឆ្នាំ២០០៣ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ មានឪពុកឈ្មោះ ចាប និត និងម្តាយឈ្មោះ ទ្រី គឹមអ៊ាង។ មានបងប្អូនបង្កើតចំនួន៣នាក់ ប្រុស២នាក់ ដោយកញ្ញាជាកូនស្រីច្បងក្នុងគ្រួសារ។ ដូច្នេះ បើលោកអ្នកចង់ដឹងថា តើ “គ្រាប់ពូជក្លឹបអាន” ដែលសហស្ថាបនិកដោយកញ្ញា​ មានសកម្មភាពយ៉ាងណាកន្លងមកខ្លះនោះ? លោកអ្នកអាចចូលទៅមើលហ្វេសប៊ុកផេកផ្លូវការរបស់ក្លឹបបាន https://www.facebook.com/krubpuch/។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ចាប មួយជួង / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!