ដំណឹងពិសេស ៖ លោក ឡាំ លីម ដាក់សៀវភៅស្នាដៃទី៣ឱ្យប្រិយមិត្តទាញយកមកអានដោយសេរី និងមិនគិតថ្លៃ

  • September 15th, 2019

ដូចលោកអ្នកបានដឹងស្រាប់ហើយ លោក ឡាំ លីម គឺជាម្ចាស់ស្នាដៃសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ” និង “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” ជាសៀវភៅប្រកបដោយអត្ថន័យខ្លឹមសារ ដែលទទួលបានការសាទរ និងកោតសរសើរពីសំណាក់ប្រិយមិត្តអ្នកអានយ៉ាងខ្លាំង ហើយអ្វីដែលជាដំណឹងគួរឱ្យរីករាយបំផុតសម្រាប់អ្នកនិយមអានស្នាដៃរបស់លោកនោះ កាលពីរសៀល ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ថ្មីៗនេះ លោកបានប្រកាសដាក់ចេញនូវស្នាដៃសៀវភៅថ្មីទី៣របស់ខ្លួន ដែលជាប្រភេទសៀវភៅ ebook មានចំណងជើងថា “អំណានជាអំណាច” ដែលអាចឱ្យមហាជនអាចទាញយកទៅអានបានដោយសេរី និងមិនគិតថ្លៃឡើយ។

លោក ឡាំ លីម បានបញ្ជាក់ប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ទាក់ទងនឹងស្នាដៃខាងលើថា “សៀវភៅ “អំណានជាអំណាច” មិនត្រូវបានខ្ញុំចាត់ចូលក្នុងស្នាដៃផ្លូវការរបស់ខ្ញុំទេ ពីព្រោះគោលបំណងនៃការដាក់សៀវភៅនេះឱ្យទាញយកអានដោយឥតគិតថ្លៃ គឺគ្រាន់តែជាចេតនាចង់ចែករំលែកនូវបទពិសោធនៃការអានរបស់ខ្ញុំកន្លងមកដល់អ្នកអានទូទៅប៉ុណ្ណោះ។ រីឯម្យ៉ាងវិញទៀត សៀវភៅ “អំណានជាអំណាច” គឺបានដកស្រង់អត្ថបទប្រហែលជា៤៩% ទាក់ទងសំខាន់ៗទៅនឹងប្រធានបទនៃការអាន ចេញពីសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ” និងសៀវភៅ “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” ហើយអត្ថបទប្រហែលជា៥១%ទៀត គឺជាអត្ថបទថ្មីសុទ្ធសាធ។”
លោកបានបន្ថែមថា “ប្រធានបទទាក់ទងនឹងការអាន គឺមិនងាយស្រួលក្នុងការសរសេរប៉ុន្មានទេ ពីព្រោះអ្នកដែលអាចសរសេរប្រធានបទនេះបាន លុះត្រាណាតែធ្លាប់មានបទពិសោធអានច្រើន។ ចំពោះរយៈពេលនៃការរៀបចំសៀវភៅនេះឡើង គឺអត្ថបទមួយចំនួនត្រូវសន្សំតាំងពីពីរបីឆ្នាំមុនម៉្លេះ ហើយអត្ថបទមួយចំនួនផ្សេងទៀត គឺប្រើរយៈពេលសរសេរប្រហែលជា៧ខែជាង។ សរុបមក ទម្រាំនឹងសៀវភៅនេះចេញជារូបរាង គឺចំណាយពេលសន្សំ និងរង់ចាំប្រហែលជាពីរបីឆ្នាំដែរ។”

សៀវភៅឌីជិថលនេះ មានទំព័រសរុប ២៨៥ទំព័រ ដែលលោកកំណត់ទំហំអក្សរ១២ ដើម្បីងាយស្រួលអាននៅលើឧបករណឌីជិថល (digital devices) ដូចជាទូរសព្ទដៃ អាយផេត កុំព្យូទ័រ។ល។ លក្ខណៈពិសេសនៃសៀវភៅនេះ គឺបានប្រមូលផ្តុំនូវទស្សនៈល្អៗអំពីការអានតាមរយៈការឆ្លុះបញ្ចាំងគំនិតរបស់អ្នកប្រាជ្ញជាច្រើនរូប។ លើសពីនេះ អ្នកដែលមានបំណងចង់ស្វែងយល់ពីរបៀបសរសេរសៀវភៅបែបគំនិតឬទស្សនៈ ក៏អាចសាកល្បងអានសៀវភៅនេះបានដែរ ពីព្រោះលោកបានរៀបរាប់ខ្លះៗអំពីចរន្តនៃសំណេរក្នុងសង្គមបច្ចុប្បន្នផងដែរ។ និយាយដោយខ្លី សៀវភៅនេះគឺនិយាយអំពីបទពិសោធនៃការអានរបស់លោកផង បទពិសោធនៃការដឹកនាំវេទិកាអំណានរបស់លោកផង និងបទពិសោធនៃការសរសេររបស់លោកផងដែរ។ ហើយខាងក្រោមនេះជាតំណភ្ជាប់ (Link) ដែលលោកបានដាក់ឱ្យទាញយកមកអានដោយសេរី ៖
https://drive.google.com/file/d/1vx2kURy7jvV7GSSbUQHshboGj8BDbkR6/view?usp=sharing ឬប្រសិនជាក្នុងលក្ខខណ្ឌទាញយកមិនបានទេ គឺអាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ៖
Email Address: lamlem01@gmail.com
Facebook Account: https://www.facebook.com/lamlem01
Facebook Page: https://www.facebook.com/philocalendar/
ដូច្នេះ ប្រសិនបើលោកអ្នកចង់ដឹងថា តើស្នាដៃសៀវភៅថ្មីទី៣របស់ លោក ឡាំ លីម មានអត្ថន័យខ្លឹមសារល្អយ៉ាងណាខ្លះនោះ លោកអ្នកអាចទាញយកមកអានបានតាមវិធីណែនាំខាងលើ។

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ឡាំ លីម ដែលទើបចេញផ្សាយសៀវភៅ ebook ដែលមានចំណងជើងថា “អំណានជាអំណាច” ខាងលើ លោកគឺម្ចាស់ស្នាដៃសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ” និង “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” ដែលស្នាដៃទាំងពីរនេះទទួលបានការគាំទ្រយ៉ាងខ្លាំង។ លោកកើតនៅខេត្តសៀមរាប។ ឪពុករបស់លោកបានទទួលមរណភាពនៅឆ្នាំ២០០៩ ហើយលោករស់នៅជាមួយម្តាយដែលប្រកបរបរជាអ្នកដាំដំណាំ និងធ្វើស្រែចម្ការ។ លោកមានបងស្រីពីរនាក់ និងប្អូនប្រុសពីរនាក់ ដោយលោកជាកូនប្រុសកណ្តាលក្នុងគ្រួសារ។ លោកជាអ្នកនិពន្ធប្រកបដោយទឹកដៃមួយរូប ដែលនិយមសរសេរជាសំណេរខ្លីៗ ជាពិសេសអត្ថបទទាក់ទងនឹងទស្សនវិជ្ជា, ភាពជាអ្នកដឹកនាំ និងស្មារតីសង្គម ដែលសុទ្ធសឹងតែជាប្រភេទអត្ថបទចំណេះដឹងដ៏មានអត្ថប្រយោជន៍ចំពោះអ្នកអាន។ បច្ចុប្បន្ន ក្រៅពីមានអាជីពអ្នកជានិពន្ធកម្ពុជាមួយរូប លោកគឺជាអ្នកធ្វើស្រែចម្ការ ដែលនិយមចូលចិត្តអានសៀវភៅ, សរសេរអត្ថបទនិងសៀវភៅ និងផ្ដល់តម្លៃលើការសិក្សារៀនសូត្រយ៉ាងខ្លាំង។ សូមអរគុណ៕
និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ឡាំ លីម / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!