សៀវភៅជីវិត ៖ គ្រឹះស្ថានដែលគិតពីគុណភាពក្នុងការផលិតបោះពុម្ព និងប្រមូលផ្ដុំទៅដោយស្នាដៃរបស់​អ្នកនិពន្ធល្បីៗ

  • March 23rd, 2020

សៀវភៅជីវិត គឺជាគ្រឹះស្ថានបោះពុម្ពផ្សាយថ្មីមួយ ដែល​ត្រូវបានបង្កើតឡើងនៅដើមខែតុលា ឆ្នាំ២០១៨។ គោលបំណងដ៏សំខាន់របស់យើងក្នុងការបង្កើតគ្រឹះស្ថានបោះពុម្ពផ្សាយមួយនេះឡើង គឺដើម្បីរួមចំណែកអភិរក្សអក្សរសាស្ត្រខ្មែរ ចូលរួមក្នុងការផ្សព្វផ្សាយវប្បធម៌អំណានក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ ពង្រឹងគុណភាពសៀវភៅអានសម្រាប់អ្នកអានទូទៅ និងជាពិសេស គឺលើកស្ទួយឱ្យមានការធានាលើការការពារកម្មសិទ្ធិបញ្ញា និងសិទ្ធិអ្នកនិពន្ធទៅលើស្នាដៃរបស់ខ្លួន។ យើងជឿថាអ្នកនិពន្ធ អ្នកស្រាវជ្រាវ និងអ្នកអាន ឬអ្នកដែលស្រេកឃ្លានក្នុងការក្រេបជញ្ជក់យកនូវចំណេះដឹងប្រកបដោយមនសិការ គឺជាអ្នកដែលបានចូលរួមចំណែកយ៉ាងពិតប្រាកដក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងពិភពលោកយើងទាំងមូលផងដែរ។”

ខាង​លើ​គឺជា​ឆ្លើយ​តប​ចំពោះ​សំណួរដំបូងរបស់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” / cambowriter.com  ដែលសួរថា តើ​ “សៀវភៅជីវិត” ជាអ្វី? និងបង្កើតឡើង​ក្នុង​គោលបំណងសំខាន់អ្វីខ្លះ? ​បង្ហាញ​ឡើង​ដោយ កញ្ញា សែត ហត្ថា ដែលប្រិយមិត្ត​អ្នក​អាន​គ្រប់​ស្រទាប់​ស្គាល់ជាទូទៅតាម​រយៈនាមប៉ាកកាក្នុងវិស័យតែងនិពន្ធ​ថា “កូនចាបមាស” ទាក់ទងនឹង “សៀវភៅជីវិត” ដូចដែលកញ្ញា​បាន​រៀបរាប់​ខាងលើ។ បន្ទាប់​មកទៀត​ កញ្ញា​ក៏បាន​បង្ហាញ​ពីសមាសភាព​ក្រុមការងារ​ស្នូលសំខាន់ៗ​របស់​ គ្រឹះស្ថាន​បោះ​ពុម្ពផ្សាយសៀវភៅជីវិត និង​តួនាទីរបស់​ម្នាក់ៗ​ដូច​តទៅទៀតថា “ក្រុមការងារស្នូលរបស់​គ្រឹះស្ថាន​យើងខ្ញុំចំនួន៤រូប រួមមាន កញ្ញា ថុន ថាវរី, កញ្ញា វ៉ែន រស្មី, លោក Tom Hanak និង​នាងខ្ញុំ សែត ហត្ថា (កូនចាបមាស)។ ក្នុងនោះ កញ្ញា ថុន ថាវរី ជាអ្នកដែលទទួលខុសត្រូវការងារផ្នែកខាងផលិតកម្មក្នុងក្រុមហ៊ុន (គ្រប់គ្រងនិងទទួលខុសត្រូវលើការផលិត ដែលការងារនេះ គឺតម្រូវឱ្យធ្វើការជិតស្និទ្ធជាមួយអ្នកនិពន្ធ និងខាងទំនាក់ទំនងជាមួយរោងពុម្ព ទាក់ទងនឹងតម្លៃនៃការបោះពុម្ពសៀវភៅនីមួយៗ)។ ឯ កញ្ញា វ៉ែន រស្មី ជាអ្នកគ្រប់គ្រងស្ដុកសៀវភៅ និងធ្វើការជិតស្និទ្ធជាមួយអ្នកចែកចាយបន្តគ្រប់ប្រភេទ ហើយលើសពីនេះ គាត់ត្រូវធ្វើខាងជំនួយការហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនផងដែរ។ រីឯ លោក Tom Hanak  ការងាររបស់គាត់គឺគ្រប់គ្រងហិរញ្ញវត្ថុក្នុងក្រុមហ៊ុនទាំងមូល។ ចំណែកឯ​រូបនាងខ្ញុំវិញ ការងារសំខាន់របស់ខ្ញុំនៅក្នុងក្រុមហ៊ុន គឺជាអ្នកគ្រប់គ្រងទីផ្សារ និងការផ្សព្វផ្សាយ ដែលការងាររបស់ខ្ញុំត្រូវធ្វើយ៉ាងណានាំព័ត៌មានទៅកាន់អ្នកអាន និងយុទ្ធសាស្ត្រជំរុញការអានដល់អ្នកអាននិងមហាជនទូទៅ។” កញ្ញា​បាន​បន្ថែមថា “ហើយ​បច្ចុប្បន្ននេះ យើងមានក្រុមការងារសរុបចំនួន៦នាក់ គឺមានន័យថា ក្រៅពីក្រុមការងារគោលដែលបានរៀបរាប់មុននេះ  យើងនៅ​មានពីរនាក់បន្ថែមទៀត ដែលពួកគាត់ទើបតែចូលបម្រើការងារផ្នែកបម្រើសេវាអតិថិជន និងអ្នកពិនិត្យកំហុសអក្ខរាវិរុទ្ធមុនបោះពុម្ពផ្សាយ។”

កញ្ញា សែត ហត្ថា ហៅ “កូនចាបមាស”

បើគិតមកដល់ពេលនេះ សៀវភៅជីវិត មានសៀវភៅ២២ចំណងហើយដែលបានបោះពុម្ព​ចេញផ្សាយរួច ដែលស្នាដៃទាំងអស់នេះ គឺជាស្នាដៃពីអ្នកនិពន្ធផ្សេងៗគ្នាចំនួន១០រូប រួមមាន​ដូចជា ៖

  1. សៀវភៅលើកទឹកចិត្ត
  2. វិញ្ញាសាជីវិត
  3. កាដូជីវិត
  4. ខ្យល់ដង្ហើម
  5. ដំណើរ
  6. សំឡេងខ្សឹប
  7. សៀវភៅស្វ័យជីវប្រវត្តិ
  8. នារីប្រពៃ
  9. A Proper Woman
  10. ស្ដេចនំដូណាត់
  11. ទន្សាយជានរណា
  • សៀវភៅគំនិត និងទស្សនៈ
  1. ប្រតិទិនទស្សនៈ ២២២ថ្ងៃ
  2. ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ
  3. ទស្សនៈផ្ដាច់ផ្លូវក្រោយ
  4. តម្រាទស្សនៈយុវជនភាពជាអ្នកដឹកនាំ
  5. ការពិតប្រៀបដូចបិសាច
  6. សៀវភៅពាក់កណ្ដាលស្វ័យជីវប្រវត្តិ
  7. កាពីទែនជីវិតភាគ១
  8. កាពីទែនជីវិតភាគ២
  9. សៀវភៅរឿងប្រលោមលោក
  10. កុលាបខ្មៅ
  11. ប្រលោមចិត្ត ភាគ១
  12. សែងសុរិយា
  13. សង្សារ១៤ថ្ងៃ
  14. ស្នេហាសុភាពបុរស
  15. តាមប្រមាញ់ឧក្រិដ្ឋជន

“សៀវភៅជីវិត” ទាំង២២ចំណងជើង និងតម្លៃលក់

លើសពីនេះ គ្រឹះស្ថាន​សៀវភៅជីវិត ក៏មានគម្រោងដែលត្រូវបោះ​ពុម្ព​សៀវភៅថ្មីៗបន្តទៀត​នៅឆ្នាំ ២០២០នេះផងដែរ ហើយ​ប្រសិនបើគ្មានការប្រែប្រួលទេ គ្រឹះស្ថាននឹងចេញផ្សាយស្នាដៃថ្មីចំនួន ១០ចំណងជើងបន្ថែមទៀត តែ​យើងខ្ញុំគ្រឹះស្ថានសូមរក្សាទុក​ព័ត៌មានលម្អិតពីសៀវភៅទាំងអស់​នោះសិន ដោយ​នឹង​បង្ហាញ​ក្នុង​បទសម្ភាសន៍ក្រោយៗទៀត​​។ ដូច្នេះ ទាក់ទងនឹងសៀវភៅ២២ចំណងជើងខាងលើ ប្រសិនបើប្រិយមិត្តអ្នកអានមាន​បំណង​ចង់​ជាវយកទៅអាន ប្រិយមិត្ត​អាចទាក់ទងផ្ទាល់មកកាន់ហ្វេស​ប៊ុក​ផេកផ្លូវការ​របស់​ សៀវភៅជីវិត  https://www.facebook.com/seavphovjivet/  ឬហ្វេស​ប៊ុក​ផេកផ្លូវការ​របស់​ កញ្ញា សែត ហត្ថា ដែលមានឈ្មោះថា កូនចាបមាស https://www.facebook.com/jabmeasauthor/ ដោយផ្ទាល់បាន ឬក៏អាចស្វែងរកបាននៅតាមគ្រប់បណ្ណាគារធំៗទាំងអស់ លើកលែងតែបណ្ណាគារ អាយ ប៊ី ស៊ី (IBC) ដែលមានលក់តែមួយចំណងជើងគត់ គឺរឿងប្រលោមលោក “កុលាបខ្មៅ” ស្នាដៃរបស់អ្នក​និពន្ធល្បី អ្នកស្រី ម៉ៅ សំណាង (ទន្សាយ) ប៉ុណ្ណោះ! ហើយលោក​អ្នកអាចរកទិញបាននៅតាមបណ្ដាខេត្តនានាទូទាំង​ប្រទេសកម្ពុជា តាមទីតាំងសំខាន់ៗមួយចំនួនផងដែរ។

សៀវភៅមួយចំនួនរបស់គ្រឹះស្ថាន “សៀវភៅជីវិត”

អ្វី​ក៏ដោយមិនមែនចេះតែកើតឡើងដោយគ្មានបុព្វហេតុនោះទេ! ជាក់​ស្ដែងគ្រឹះស្ថាន​បោះពុម្ពផ្សាយ “សៀវភៅជីវិត” នេះ​តែម្ដង ដោយកញ្ញា សែត ហត្ថា បាន​បង្ហាញ​ថា “ការពិតពីពួកយើង គឺយើងមិនចង់ក្លាយជាដៃគូប្រកួតប្រជែងណាមួយឡើយ តែជាការចូលរួមចំណែកក្នុងវិស័យអំណាន ហើយនេះវាក៏ជាក្ដីសុបិនមួយរបស់យើងដែរ។ ក្ដីស្រមៃពួកយើង គឺបានធ្វើការជាមួយអ្នកពាក់ព័ន្ធគ្រប់គ្នា មិនថាជាមួយអ្នកនិពន្ធក្ដី អ្នកអានក្ដី បណ្ណាគារក្ដី ឬអ្នកចែកចាយទូទៅក្ដី។ យើងចង់ធ្វើជាអ្នកសហការ ដែលផ្ដោតទៅលើគុណភាព គុណតម្លៃ និងការចែករំលែកពិតប្រាកដមួយដល់សង្គមជាតិកម្ពុជា។ ទាំងនេះ វាជាបុព្វហេតុដំបូង មុនពេលពួកយើងអាចដើរមកដល់ថ្ងៃនេះ។”

សៀវភៅមួយចំនួនទៀតរបស់គ្រឹះស្ថាន “សៀវភៅជីវិត”

ចំណែកបេសកកម្មដ៏ចម្បង​បំផុត​របស់គ្រឹះស្ថានបោះពុម្ពផ្សាយ “សៀវភៅជីវិត” វិញ កញ្ញា​បានបន្ត​ប​ង្ហាញ​ដល់​គេទំព័រយើងខ្ញុំថា ៖

  1. រួមចំណែកនៅក្នុងសកម្មភាពជំរុញការអាន ជាក់ស្ដែងបច្ចុប្បន្ននេះ យើងបានរួមចំណែកនៅក្នុងការងារនៃក្រុម “អំណានយុវជន” សម្រាប់ផ្ដល់ការគាំទ្រផ្សេងៗ មិនថាជាកម្លាំងចិត្ត កម្លាំងកាយ និងថវិកា ឬអ្វីផ្សេងៗដែលពួកយើងអាចមានលទ្ធភាព ដើម្បីធ្វើយ៉ាងណាគាំទ្រឱ្យសកម្មភាពនេះកាន់តែផុសផុលឡើងនៅក្នុងសង្គម។
  2. ផ្ដោតលើគុណភាពនៃការផលិតតាំងពីជំហានដំបូងនៃការដំណើរការបោះពុម្ពផ្សាយ និងសេវាកម្មដែលយើងផ្ដល់ជូនដល់មិត្តអ្នកអានរបស់យើង។
  3. ជំរុញ និងបង្កើនការទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអ្នកចែកចាយ រោងពុម្ព និងអ្នកអានដោយផ្ទាល់។
  4. ទទួលយកមតិរិះគន់ក្នុងន័យស្ថាបនា កែលម្អពីមហាជនទូទៅ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យការងាររបស់ពួកយើងកាន់តែមានប្រសិទ្ធភាពប្រសើរឡើង។
  5. យកចិត្តទុកដាក់ចំពោះអ្នកនិពន្ធដោយផ្ដល់ភាគលាភសមរម្យ ធ្វើយ៉ាងណាអាចជួយ​ឱ្យពួកគាត់មានជីវភាពប្រសើរចំពោះអាជីពការងាររបស់ខ្លួន ហើយអាចមានពេលវេលាគ្រប់គ្រាន់នៅក្នុងការស្រាវជ្រាវរកអ្វីថ្មីៗបន្ថែមទៀតសម្រាប់អ្នកអាន។

ក្រុមការងារមួយចំនួន និងប្រិយមិត្តអ្នកគាំទ្រ “សៀវភៅជីវិត”

មុននឹងបញ្ចប់​នូវបទសម្ភាសន៍នេះ កញ្ញា សែត ហត្ថា​ ក៏បានថ្លែងថា “សារចុងក្រោយរបស់នាង​ខ្ញុំគឺសេចក្ដីប្រាថ្នាចង់ឱ្យមានការផ្លាស់ប្ដូរដោយប្រសើរណាមួយកើតឡើងនៅក្នុងគ្រួសារយើងក្ដី នៅក្នុងសហគមន៍ដែលយើងរស់នៅក្ដី នៅក្នុងមាតុប្រទេសរបស់យើងក្ដី ឬនៅក្នុងពិភពលោកទាំងមូលនេះក្ដី វានឹងសម្រេចបាន នៅពេលដែលយើងបានធ្វើការផ្លាស់ប្ដូរខ្លួនឯងទៅរកភាពប្រសើរ។ ថ្ងៃនេះរបស់យើងប្រសើរជាងថ្ងៃម្សិលមិញ។ ឆ្នាំនេះរបស់យើងប្រសើរជាងឆ្នាំមុន ហើយ ១០ឆ្នាំក្រោយរបស់យើង ប្រសើរជាងយើងនៅថ្ងៃនេះ!” កញ្ញា​បន្តថា “ហើយចំពោះគ្រឹះស្ថាន​យើងខ្ញុំវិញ យើងខ្ញុំរីករាយជានិច្ចក្នុងការទទួលស្វាគមន៍រាល់មតិរិះគន់ក្នុងន័យស្ថាបនា និងកែលម្អផ្សេងៗពីមិត្តអ្នកអាននៅគ្រប់មជ្ឈដ្ឋាននានា ហើយយើងសូមលើកទឹកចិត្តចំពោះការចូលរួមកែលម្អដើម្បីពង្រឹងនូវគុណភាពសៀវភៅគ្រប់ប្រភេទ ដែលយើងបានបោះពុម្ពផ្សាយឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។”

កញ្ញា សែត ហត្ថា ហៅ “កូនចាបមាស” ក្នុង “ទិវាជាតិអំណាន​ លើកទី៥ ឆ្នាំ២០២០”

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា សៀវភៅជីវិត គឺជា​គ្រឹះស្ថានបោះពុម្ពផ្សាយថ្មីមួយ ដែលធ្វើការផ្ដោតសំខាន់​លើការផលិតបោះពុម្ពផ្សាយសៀវភៅអាន រហូត​មកទល់នឹងពេលនេះ​ផលិតបាន​សៀវភៅចំនួន២២ចំណងជើងហើយ និងសុទ្ធតែ​ជាសៀវភៅល្អៗ ប្រកបដោយគុណតម្លៃ ដែលជាស្នាដៃ​របស់អ្នកនិពន្ធល្បីៗមួយចំនួននៅកម្ពុជា។ ចំណែក កញ្ញា​ សែត ហត្ថា ហៅ “កូនចាបមាស” កញ្ញា​គឺជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្នុង​គ្រឹះស្ថានដ៏ល្អមួយនេះ និងជាអ្នកនិពន្ធស្ត្រី​កំពុង​លេចធ្លោរមួយរូប​នៅកម្ពុជា ជាម្ចាស់​ស្នាដៃសៀវភៅ “វិញ្ញាសាជីវិត, កាដូជីវិត, ខ្យល់ដង្ហើម និងសៀវភៅ “ដំណើរ” ដែលជាស្នាដៃនិពន្ធរួមគ្នាជាមួយអ្នកនិពន្ធពីររូបផ្សេងទៀតគឺ លោក ឡាំ លីម និងកញ្ញា​ ថុន ថាវរី ដែលស្នាដៃ​ទាំងអស់​របស់​កញ្ញា​សុទ្ធតែ​ទទួលបាននូវការ​គាំទ្រយ៉ាងខ្លាំង​ពីសំណាក់ប្រិយមិត្ត​អ្នក​អានគ្រប់ស្រទាប់វណ្ណៈ​។ កញ្ញា​កើត​ឆ្នាំ១៩៩២ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ ​មាន​ឪពុកឈ្មោះ ភួង ណុល និងម្ដាយឈ្មោះ ម៉ិល ហៀង ដោយ​លោកទាំងពីរជាកសិករធ្វើស្រែចម្ការ ដាំបន្លែបង្ការ ចិញ្ចឹមសត្វ និងធ្វើស្ករត្នោតលក់នៅរដូវប្រាំង។ កញ្ញា​មានបងប្អូនបង្កើត​ចំនួន៥នាក់ ប្រុស៣នាក់ និងស្រី២នាក់ ដោយកញ្ញា​គឺជាកូនស្រីច្បងក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីមានតួនាទីដូចរៀបរាប់ខាងលើ កញ្ញាគឺ​ជាអ្នកសរសេរអត្ថបទ និងចែករំលែកតាមបណ្ដាញសង្គម ដែលមានអ្នកចូលអាន និងចែករំលែក​បន្ត​​យ៉ាង​ច្រើន។ លើសពីនេះ កញ្ញា​ក៏​ជាវាគ្មិន​ដ៏ឆ្នើមមួយរូប​ តាមរយៈ​ការ​អញ្ជើញនិងផ្ដល់ឱកាសដោយក្រុមហ៊ុនស្ថាប័នអង្គការមួយចំនួន ឱ្យចូលរួមចែករំលែកជាចំណេះដឹងដល់សិស្ស និស្សិត នៅតាមសាលា សាកលវិទ្យាល័យ និងតាមទីកន្លែងផ្សេងៗផងដែរ។ ដូច្នេះ បើលោកអ្នកចង់ដឹងថា តើសៀវភៅស្នាដៃនិពន្ធរបស់កញ្ញា និងរបស់​អ្នក​និពន្ធប្រចាំគ្រឹះស្ថានសៀវភៅជីវិតទាំងអស់ មានលក្ខណៈល្អយ៉ាងណាខ្លះនោះ? លោក​អ្នកអាចរកទិញតាមការណែនាំដូចខាងលើបាន។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ សៀវភៅជីវិត / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!