ហេតុអ្វីបានជាចាំបាច់ត្រូវបង្កើត “គេហទំព័រអ្នកនិពន្ធកម្ពុជា” នេះឡើងក្នុងសង្គមកម្ពុជា?

  • May 16th, 2020

“គេហទំព័រអ្នកនិពន្ធកម្ពុជា” cambowriter.com គឺ​ជាគេហទំព័រមួយដែល​បង្កើតឡើង​ដើម្បី​អ្នក​និពន្ធ​ និងវិស័យ​តែង​និពន្ធ​នៅកម្ពុជា តាម​រយៈ​ការ​ជួយ​ផ្សព្វ​ផ្សាយស្នាដៃ​អ្នក​និពន្ធ, អ្នក​និពន្ធ, ព័ត៌មាន​​ក្នុង​វិស័យតែង​និពន្ធ ក៏ដូចជា​ដើម្បី​បាន​បង្កើត​​សកម្មភាពការងារ​ថ្មីៗ​ក្នុង​វិស័យ​តែង​និពន្ធ ដែល​អាច​ជួយ​លើក​កម្ពស់​អ្នក​និពន្ធ​កម្ពុជា​ឱ្យកាន់តែ​មានភាព​ល្អ​ប្រសើរ​ទាំង​គុណតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ និងជីវភាព​រស់នៅ ជាពិសេស​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យតែង​និពន្ធនៅ​កម្ពុជា​ឱ្យកាន់តែ​រីកចម្រើន។

ជាការពិត អ្វីៗ​ដែល​កើត​មាន​ឡើង​គ្រប់​យ៉ាងសុទ្ធតែមានហេតុផលរបស់វា ជាក់​ស្ដែង​ប្រៀបដូចជា “គេហទំព័រអ្នកនិពន្ធកម្ពុជា” ​នេះ​យ៉ាង​ដូច្នោះ​ដែរ មិនមែន​សុខៗ​ស្រាប់នឹក​ឃើញ​ចង់​បង្កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ គឺ​មានហេតុផលច្បាស់​លាស់​​​យ៉ាង​ពិតប្រាកដទើប​បង្កើត​ឡើង​បែបនេះ។ ដូច្នេះ តើ​ហេតុអ្វីបាន​ជាចាំបាច់​ត្រូវ​បង្កើត “គេហទំព័រអ្នកនិពន្ធកម្ពុជា” នេះឡើងក្នុង​សង្គម​កម្ពុជា? នេះ​ក៏ព្រោះ​តែ​មូលហេតុសំខាន់ៗ​ចំនួន​៨​ចំណុចដូច​ខាង​ក្រោម​នេះ​ឯង ហើយ​មូលហេតុ​សំខាន់ៗ​ទាំង​៨ចំណុចនេះ ក៏ជា​គោលបំណងដ៏សំខាន់បំផុត​របស់គេហទំព័រមួយ​នេះ​ផងដែរ រួមមានដូចជា ៖

១ / ដើម្បីឱ្យអ្នកនិពន្ធកម្ពុជាមានគេហទំព័រផ្លូវការមួយសម្រាប់​ខ្លួនក្នុងវិស័យការងារ​របស់​ខ្លួន

២ / ដើម្បីជួយផ្សព្វផ្សាយព័ត៌មានសំខាន់ៗជុំវិញស្នាដៃ​និង​សកម្មភាពការងាររបស់អ្នកនិពន្ធកម្ពុជា

៣ / ដើម្បីជួយពាំនាំស្នាដៃតែងនិពន្ធថ្មីៗគ្រប់ផ្នែករបស់អ្នកនិពន្ធកម្ពុជាទៅកាន់ប្រិយមិត្តអ្នកគាំទ្រ

៤ / ដើម្បីជួយលើកកម្ពស់គុណតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ និងជីវភាពរស់នៅរបស់អ្នកនិពន្ធកម្ពុជា

៥  / ដើម្បីជួយជំរុញការអានសៀវភៅនៅកម្ពុជាឱ្យកាន់តែរីកដុះដាលដូចបណ្ដាជាតិអភិវឌ្ឍន៍ដទៃ

៦ / ដើម្បីជួយផ្សព្វផ្សាយព័ត៌មាននិងព្រឹត្តការណ៍សំខាន់ៗក្នុងវិស័យតែងនិពន្ធនៅកម្ពុជា

៧ / ដើម្បីជួយពង្រឹងស្នាដៃ​តែង​និពន្ធ និង​បណ្ដុះ​បណ្ដាល​ធនធានមនុស្ស​ក្នុងវិស័យតែងនិពន្ធនៅកម្ពុជាឱ្យកាន់តែមានលក្ខណៈ​ល្អ ប្រកបដោយគុណតម្លៃ និង​សម្បូរបែប

៨ / ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍសង្គមជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនជឿនលឿន តាមរយៈការ​បង្កើនគុណ​ភាព​ការងារ​ក្នុង​វិស័យតែងនិពន្ធនៅ​កម្ពុជា។

៨ចំណុច​សំខាន់ៗ​ខាង​លើ​ដែលបានរៀបរាប់​នេះ ហើយ គឺជាមូលហេតុដែល​ជំរុញ​ឱ្យ​បង្កើត “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” នេះ​ឡើង ដោយ​គ្មាន​អ្វី​ក្រៅ​ពី​ដើម្បី​អ្នក​និពន្ធ និងវិស័យ​តែង​និពន្ធ​នៅកម្ពុជានោះ​ឡើយ ហើយ​ក៏សង្ឃឹមថា គេហទំព័រមួយនេះ​នឹង​ក្លាយផ្នែកមួយ​ដែលអាច​ជួយ​អ្នក​និពន្ធ​កម្ពុជា​បាន​ខ្លះៗ​ទៅ​តាម​លទ្ធភាព​ដែល​គេហទំព័រ​មួយ​នេះ​អាច​ធ្វើ​បាន និង​ឈរ​លើគោលជំហរ​មួយ ដើម្បី​ប្រយោជន៍រួមចំពោះ​​ពលរដ្ឋ អ្នក​និពន្ធ និង​សង្គម​កម្ពុជា​ ជារៀងរហូត​ទៅ។

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា នេះ​គ្រាន់តែ​ជាដំណាក់​កាល​​​សាក​ល្បងដំបូង​​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ ដោយ​ដំណាក់​កាល​នេះ គេហទំព័រមិនទាន់​មាន​សកម្មភាព​​​អ្វី​ឱ្យ​​ច្រើន​នៅ​ឡើយ​ទេ គឺបាន​​ត្រឹមតែ​ជួយ​ផ្សព្វ​ផ្សាយ​ពីស្នាដៃ​របស់អ្នក​និពន្ធ,  អ្នក​និពន្ធ, ព័ត៌មានជុំវិញ​វិស័យតែងនិពន្ធ, កម្មវិធី​និងព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​វិស័យតែង​និពន្ធ និង​វិស័យ​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​តែង​និពន្ធ​​ប៉ុណ្ណោះ ព្រោះ​គេហទំព័រនៅ​មាន​ការ​អភិវឌ្ឍ​ជាបន្ត​បន្ទាប់​ទៀតដើម្បី​ឱ្យកាន់តែ​មានភាព​ល្អ​ប្រសើរ​ឡើង និងស្រប​តាម​ស្ដង់ដារមួយ ទើបយើងខ្ញុំ​អាច​បន្ថែម​​នូវមាតិកាថ្មីៗ សំខាន់ៗ ក៏ដូចជា​សកម្ម​ភាព​ការងារ​​ថ្មីៗពាក់​ព័ន្ធនឹង​វិស័យ​តែងនិពន្ធ​​ជាបន្តបន្ទាប់​​ទៀត រហូត​ដល់​ដំណាក់​កាលដែលយើង​ខ្ញុំ​អាច​ដាក់​ឱ្យ​ដំណើរការស្របច្បាប់ជាផ្លូវការក្នុង​ប្រទេស​កម្ពុជា​​តែម្ដង។ ដូច្នេះ សូមលោកកវី, ​អ្នកនិពន្ធ, បុគ្គលក្នុង​វិស័យតែងនិពន្ធ និង​សាធារណជនទាំងអស់​ទទួលជ្រាប​ជាព័ត៌មាន។ សូមអរគុណ៕

អត្ថបទ/ រូបភាព និង រក្សាសិទ្ធិ ៖ គេហទំព័រអ្នកនិពន្ធកម្ពុជា / cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!