អ្នក​និពន្ធវ័យក្មេងឆ្នើម ធឿន វុទ្ធី បើកហាង “ ធីសៀវភៅ Bookstore & Café ” ដើម្បី​លើកកម្ពស់ការអាន និង​ស្នាដៃអ្នកនិពន្ធកម្ពុជា

  • November 1st, 2021

អ្នក​និពន្ធ ធឿន វុទ្ធី ថត​ពីមុខហាង “ ធីសៀវភៅ Bookstore & Café ” ភ្ញៀវ និងសៀវភៅរបស់អ្នកនិពន្ធកម្ពុជាមួយចំនួន

អ្នក​និពន្ធ​គ្រប់រូប តែងមានក្ដីស្រមៃ​របស់ខ្លួន​ក្នុងវិស័យតែងនិពន្ធ ដូចជា និពន្ធស្នាដៃល្អៗដែលមានប្រយោជន៍​ចំពោះអ្នកអាន, បើក​ក្រុមហ៊ុន​បម្រើសេវាកម្មផ្នែក​និពន្ធ, បណ្ណាគារលក់សៀវភៅ, បណ្ណាល័យសម្រាប់អ្នក​ចូលចិត្តអានសៀវភៅ ឬហាងកាហ្វេដែលមាន​ភ្ជាប់​ជាមួយសៀវភៅជាដើម។ ជាក់ស្ដែង ប្រៀបដូចជា​ លោក ធឿន វុទ្ធី ដែលជាអ្នកនិពន្ធកម្ពុជាឆ្នើមមួយរូបនៅពេលនេះតែម្ដង គឺលោកបានសម្រេចចិត្តបើកហាងមួយ ដែលមានលក់​ទាំងសៀវភៅនិងភេសជ្ជៈ ដែលការ​បើកហាងនេះ ហាក់ទទួលបានការសាទរ និងភ្ញាក់ផ្អើលពីសំណាក់អ្នកនិពន្ធ ក៏ដូចជាប្រិយមិត្ត​របស់លោក​យ៉ាង​ខ្លាំង។ ដូច្នេះ ដើម្បីឱ្យលោកអ្នក​បាន​ដឹង​ច្បាស់​ពីហាងដែលលោកបើកនេះ និងព័ត៌មានសំខាន់ៗផ្សេងៗទៀតពាក់ព័ន្ធជាមួយហាងនេះថាយ៉ាងណាខ្លះនោះ! “គេហទំព័រអ្នកនិពន្ធកម្ពុជា​” សូមធ្វើ​ការ​បង្ហាញ​ជូន​នូវបទសម្ភាសន៍ដែលបានធ្វើ​ឡើង​ជាមួយ​លោក​ដូច​តទៅ ៖

គេហទំព័រអ្នកនិពន្ធកម្ពុជាតើហាងកាហ្វេដែលលោកទើបបើកនេះ មានឈ្មោះផ្លូវការដូចម្ដេច? មានទីតាំងនៅទីណា? និងមានបម្រើសេវាកម្មអ្វីខ្លះ?

អ្នកនិពន្ធ ធឿន វុទ្ធី ៖ ហាង “ ធីសៀវភៅ Bookstore & Café ” មានទីតាំងស្ថិតនៅភូមិវត្តដំណាក់, សង្កាត់សាលាកំរើក, ក្រុងសៀមរាប ខេត្តសៀមរាប, តាមបណ្ដោយផ្លូវខាងកើតស្ទឹង ហួសស្ពានអាងក្រពើ១០០ម៉ែត្រ។ នៅទីនេះមានលក់សៀវភៅរបស់អ្នកនិពន្ធខ្មែររាប់រយចំណងជើង និងបម្រើសេវាកម្មកាហ្វេ ក៏ដូចជាភេសជ្ជៈជាច្រើនមុខទៀតផងដែរ។

គេហទំព័រអ្នកនិពន្ធកម្ពុជាតើហាងនេះបង្កើតឡើងដោយលោកតែម្នាក់ ឬមានការចូលរួមពីនរណាផ្សេងទៀត?

អ្នកនិពន្ធ ធឿន វុទ្ធី ៖ ហាងនេះ ត្រូវបានបង្កើតឡើងដោយមានការសហការពីមិត្តភក្ដិរបស់ខ្ញុំចំនួន២រូបគឺ កញ្ញា ភុយ រតនា ដែលចូលរួមក្នុងចំណែកដាក់លក់សៀវភៅ និងកញ្ញា វ៉ាន សុវណ្ណនី ដែលចូលរួមផ្នែកកាហ្វេ និងភេសជ្ជៈ។

អ្នក​និពន្ធ ធឿន វុទ្ធី និងដៃគូរួមចំណែក​ក្នុងការបើកហាង “ ធីសៀវភៅ Bookstore & Café ” ខាងឆ្វេង កញ្ញា វ៉ាន សុវណ្ណនី និង​ខាង​ស្ដាំ កញ្ញា ភុយ រតនា

គេហទំព័រអ្នកនិពន្ធកម្ពុជាតើអ្វីជាបុព្វហេតុ​ដែលជំរុញឱ្យលោកបង្កើតហាងនេះឡើង? និងបង្កើតឡើងក្នុងគោលបំណងសំខាន់ៗអ្វីខ្លះ?

អ្នកនិពន្ធ ធឿន វុទ្ធី ៖ ការសម្រេចចិត្តបើកហាង “ ធីសៀវភៅ Bookstore & Café ” នេះឡើង មានគោលដៅធំបំផុត គឺចូលរួមលើកកម្ពស់ទីផ្សារសៀវភៅរបស់អ្នកនិពន្ធកម្ពុជាគ្រប់រូប ក៏ដូចជាងាយស្រួលដល់ប្រិយមិត្តដែលនិយមចូលចិត្តអំណាន និងការអាន ក្នុងការស្វែងរកទីតាំងទិញសៀវភៅ។

សៀវភៅស្នាដៃចម្រុះរបស់​អ្នកនិពន្ធកម្ពុជាមួយចំនួន​ក្នុងហាង “ ធីសៀវភៅ Bookstore & Café ”

គេហទំព័រអ្នកនិពន្ធកម្ពុជាតើហាងនេះនឹងបើកដំណើរការជាផ្លូវការនៅពេលណា? ហើយលោករំពឹងថា ហាងនេះនឹងមានដំណើរការបែបណាដែរ បន្ទាប់ពីបើកផ្លូវការរួច?

អ្នកនិពន្ធ ធឿន វុទ្ធី ៖ ហាងនេះ នឹងបើកដំណើរការសាកល្បង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយបើកលក់ជាផ្លូវការនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលខ្ញុំរំពឹងថា ប្រិយមិត្តដែលនិយមចូលចិត្តការអាន ការគាំទ្រស្នាដៃអ្នកនិពន្ធកម្ពុជា ក៏ដូចជាចូលចិត្តភ្លក្សរសជាតិកាហ្វេថ្មីៗ នឹងចាប់អារម្មណ៍ជាក់ជាពុំខាន។

គេហទំព័រអ្នកនិពន្ធកម្ពុជាតើរហូតមកទល់នឹងពេលនេះ លោកនិពន្ធសៀវភៅបានប៉ុន្មានក្បាលហើយ? ភាគច្រើនជាសៀវភៅផ្នែកអ្វី? និងចុងក្រោយមានចំណងជើងអ្វី?

ភេសជ្ជៈមួយប្រភេទក្នុង​ហាង “ ធីសៀវភៅ Bookstore & Café ”

អ្នកនិពន្ធ ធឿន វុទ្ធី ៖ រហូតមកដល់ពេលនេះ ខ្ញុំនិពន្ធសៀវភៅ និងបោះពុម្ពបានចំនួន១០ចំណងជើងហើយ ដែលភាគច្រើនជាប្រភេទប្រលោមលោកបែបរន្ធត់។ សៀវភៅបោះពុម្ពចុងក្រោយ មានចំណងជើងថា “ស្នាមវិញ្ញាណ” ជាប្រភេទរឿងរន្ធត់នៃសែស្រឡាយអារក្សខ្មៅ។

គេហទំព័រអ្នកនិពន្ធកម្ពុជាតើហាងដែលលោកបើកនេះ មានដាក់តាំងលក់តែសៀវភៅស្នាដៃនិពន្ធរបស់លោក ឬក៏មានស្នាដៃអ្នកនិពន្ធដទៃៗទៀតផងដែរ? ហើយអ្វីជាចំណុចពិសេសនៃហាងដែលលោកបើកនេះ?

អ្នកនិពន្ធ ធឿន វុទ្ធី ៖ ហាងដែលខ្ញុំបើកនេះ គឺប្រមូលផ្ដុំដោយសៀវភៅសម្បូរបែប ជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធ កវីរៀមច្បង និងអ្នកនិពន្ធចាស់ថ្មី ក្នុងប្រទេសកម្ពុជាយើង។ ចំណុចពិសេសនៃហាងនេះ គឺប្រិយមិត្តមិនត្រឹមតែអាចរកជាវសៀវភៅចាស់ថ្មី សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងបានភ្លក្សនូវរសជាតិកាហ្វេប្រចាំហាងដែលមានតម្លៃសមរម្យ មានកន្លែងអង្គុយអានសៀវភៅ ធ្វើការ និងជជែកពិភាក្សាប្រកបដោយផាសុកភាពទៀតផង។

សៀវភៅល្បីៗ​មួយ​ចំនួនរបស់អ្នកនិពន្ធ​ឆ្នើម ធឿន វុទ្ធី

គេហទំព័រអ្នកនិពន្ធកម្ពុជាអ្វីជាមតិចុងក្រោយរបស់លោកមុននឹងបិទបញ្ចប់បទសម្ភាសន៍ជាមួយ “គេហំទព័រអ្នកនិពន្ធកម្ពុជា” ? ជាពិសេសពាក់ព័ន្ធនឹងហាងដែលលោកបើកនេះ តើលោកមានសំណូមពរអ្វីដល់សាធារណជនអ្នកស្នេហាការអាន ក្នុងបំណងឱ្យជួយគាំទ្រហាងរបស់លោកនេះ? សូមគោរពអញ្ជើញ!

អ្នកនិពន្ធ ធឿន វុទ្ធី ៖ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់គេហទំព័រអ្នកនិពន្ធកម្ពុជា ដែលជួយផ្សព្វផ្សាយពីការបើកដំណើរការរបស់ “ ធីសៀវភៅ Bookstore & Café ” ក៏ដូចជាថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកគាំទ្រ ដែលរមែងគាំទ្រស្នាដៃតែងនិពន្ធរបស់ខ្ញុំតាំងពីដើម រហូតដល់ខ្ញុំមានឱកាសបើកហាងសៀវភៅផ្ទាល់ខ្លួន។ ខ្ញុំសង្ឃឹមថា ប្រិយមិត្តនឹងបន្តជួយគាំទ្រ និងលើកកម្ពស់វិស័យអំណាន និងការអាន ក៏ដូចជាវិស័យតែងនិពន្ធនៅកម្ពុជាយើង ឱ្យកាន់តែមានសម្ទុះខ្លាំងឡើងតទៅមុខទៀត។

អ្នក​និពន្ធឆ្នើម ធឿន វុទ្ធី   និងស្នាដៃល្បីមួយរបស់លោក

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា អ្នក​និពន្ធ ធឿន វុទ្ធី   កើតឆ្នាំ១៩៩៦ នៅភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។​ មានឪពុកឈ្មោះ ថន ប៊ុនធឿន និងម្ដាយឈ្មោះ អឿល រដ្ឋា (ជាកសិករ) និងមានបងប្អូនបង្កើត​ចំនួន៣នាក់ ស្រី២នាក់ ដោយរូបលោកជាកូនប្រុសច្បងក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅ​ពីមានអាជីព​ជាអ្នកនិពន្ធឆ្នើម​វ័យ​ក្មេង​មួយរូបនៅ​កម្ពុជា លោកគឺ​​ជាគ្រូបង្រៀននៅ អនុវិទ្យាល័យពោធិ៍ទ្រាយ ភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប, បង្រៀនមុខវិជ្ជា ជីវវិទ្យា ផែនដីវិទ្យា។ លោក​ជាអ្នក​និពន្ធកម្ពុជា​មួយរូប ដែល​និយមចូល​ចិត្ត​​និពន្ធ​ប្រលោមលោក​បែប​ភ័យ​រន្ធត់ខ្លាំងបំផុត ទន្ទឹម​នឹង​នេះ​ក៏អាច​និពន្ធ​ប្រលោមលោក​មនោសញ្ចេតនា​បាន​យ៉ាង​ល្អ​ផងដែរ ជាពិសេស​រឿង​ស្នេហា​ភេទ​ដូចគ្នា​។ ដូច្នេះ ប្រសិន​បើ​​លោក​អ្នក​ចង់មានភាព​ងាយស្រួល​ក្នុង​ការជាវស្នាដៃរបស់លោក​យកទៅអាន ឬចង់ភ្លក្សរសជាតិភេសជ្ជៈ​ហាងរបស់​លោកដែលទើបតែនឹងបើកនៅខេត្តសៀមរាបនេះ លោក​អ្នក​អាចទៅ​ជួយ​គាំទ្រ​នៅទីតាំង​ដូច​ដែលលោក​បានបង្ហាញ​ខាង​លើ​បាន។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ធឿន វុទ្ធី / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!