កូនចាបមាស នឹងហោះឆ្លងសមុទ្រទៅកូរ៉េខាងត្បូងជាលើកដំបូង

  • September 9th, 2019

កូនចាបមាស គឺជានាមប៉ាកការបស់​កញ្ញា សែត ហត្ថា អ្នកនិពន្ធស្ត្រី​វ័យ​ក្មេង​កំពុង​លេចធ្លោរមួយរូប​ក្នុង​វិស័យ​តែ​ងនិពន្ធ​នៅកម្ពុជាបច្ចុប្បន្ន ដែល​ទឹក​ដៃ​ក្នុង​​សរសេរ​របស់​កញ្ញា​ទទួលបាន​ការ​កោត​សរសើរ​ពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​យ៉ាង​ខ្លាំង ជាពិសេស​ស្នាដៃ​​សំណេរ​ក្នុង​សៀវភៅ​ទាំង​ឡាយ​ដែល​កញ្ញា​បាន​និពន្ធ​បោះ​ពុម្ព​ផ្សាយ​ដាក់​លក់​លើ​ទី​ផ្សារកន្លងមក។ កញ្ញា​កើត​ឆ្នាំ១៩៩២ នៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា, ភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ កញ្ញា​មាន​ឪពុកឈ្មោះ ភួង ណុល និងម្ដាយឈ្មោះ ម៉ិល ហៀង ដោយ​លោកទាំងពីរជាអ្នកស្រែចម្ការ ដាំដំណាំបន្លែបង្ការ ចិញ្ចឹមសត្វ និងធ្វើស្ករត្នោតលក់នារដូវប្រាំងចាប់ពីខែធ្នូរហូតដល់ខែមេសាជារៀងរាល់ឆ្នាំ។ កញ្ញា​មានបងប្អូនប្រុស៣នាក់ និងស្រី២នាក់ ដោយ​គឺជាកូនស្រីច្បងក្នុងគ្រួសារ។

កញ្ញាគឺ​ជាអ្នក​និពន្ធ​មួយរូបដែល​ឱ្យ​តម្លៃ​លើ​ការ​សរសេរ​ខ្លាំងបំផុត រហូត​ដល់​ចាត់​ទុកការ​សរសរ​ជាផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​ទៀតផង ដោយ​កញ្ញា​​បាន​បញ្ជាក់​ពី​ចំណុច​នេះ​​ប្រាប់ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ថា ការសសេរជាចំណែកមួយដ៏សំខាន់បំផុតនៅក្នុងជីវិតខ្ញុំ។ ខ្ញុំនិយាយថាវាជាចំណែកនៅក្នុងជីវិតខ្ញុំ ព្រោះដោយសារថាខ្ញុំតែងហៅខ្លួនឯងថាក្មេងគ្មានសំឡេង។ សំឡេងរបស់ខ្ញុំហាក់ដូចជាគ្មានថាមពលដើម្បីស្រែកហៅពិភពលោកខាងក្រៅឱ្យមកស្ដាប់ពីរឿងរ៉ាវដែលខ្ញុំបានជួបប្រទះយ៉ាងស្ងៀមស្ងាត់ក្នុងពេលវេលាលំបាកដ៏វែងអន្លាយក្នុងគ្រាកុមារភាព។ គ្រានោះឯងដែលខ្ញុំយកសៀវភៅជាមិត្តកំដរ និងយកប៊ិកធ្វើជាអាវុធការពារខ្លួន។ ខ្ញុំតែងសរសេរពីអ្វីដែលខ្លួនបានរៀនសូត្រ ហើយខ្ញុំចាប់ផ្ដើមដំបូងដោយការសរសេរកំណាព្យ បទចម្រៀងដែលយកលំនាំតាមបទពីដើមៗ ក្រោយមកទៀតខ្ញុំក៏សរសេរនូវអត្ថបទខ្លីៗខ្លះដើម្បីចែករំលែក គឺវាចាប់ពីពេលដែលខ្ញុំបានប្រើប្រាស់បណ្ដាញសង្គមក្នុងចុងឆ្នាំ២០១៥។ ខ្ញុំមិនដែលបានចូលរៀនវគ្គតែងនិពន្ធផ្សេងៗ ហើយក៏មិនធ្លាប់ទទួលបានការបង្រៀនណាមួយទាក់ទងនឹងរបៀបនៃការសរសេរដែរ ប៉ុន្តែខ្ញុំចាំបានថាខ្ញុំជាអតីតក្មេងដែលចូលចិត្តអាន ស្រឡាញ់សៀវភៅ និងតែងដាក់សៀវភៅទៅតាមខ្លួនមិនថាពេលដែលខ្ញុំទៅឃ្វាលគោ ឬទៅចាំស្រែចាំចម្ការឡើយ។ ចេតនាមួយរបស់ខ្ញុំក្នុងការសរសេរគឺការចែករំលែកសេចក្ដីស្រឡា​ញ់ទៅមនុស្សទាំងអស់ដែលអាចទទួលយកបាន ហើយខ្ញុំអាចសរសេរព្រោះខ្ញុំមានអ្វីជាច្រើនដែលចង់និយាយ ប៉ុន្តែមិនអាចនិយាយបាន។”

កញ្ញា​បាន​បញ្ជាក់​បន្ថែម​ទាក់​ទងនឹង​ការ​សរសេរ​របស់​កញ្ញា​ថា “ខ្ញុំបានចាប់ផ្ដើមការសរសេរនៅក្នុងដើមឆ្នាំ២០១៦ ហើយកាលនោះគឺខ្ញុំនៅធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយ ប៉ុន្តែពេលទំនេរពីការងារ ខ្ញុំតែងចំណាយពេលដើម្បីសរសេរអត្ថបទផ្សេងៗ ហើយចែករំលែកនៅក្នុងផេក “សៀវភៅជីវិត”។ បើគិតមកដល់ពេលនេះស្នាដៃដែលខ្ញុំបានសរសេរគឺមាន៣ចំណងជើង។ សៀវភៅដំបូងរបស់ខ្ញុំបានបោះពុម្ពផ្សាយនៅចុងឆ្នាំ២០១៧ វាមានចំណងជើងថា “វិញ្ញាសាជីវិត” សៀវភៅទី២គឺ “កាដូជីវិត” និងសៀវភៅទី៣ ដែលខ្ញុំទើបចេញផ្សាយនៅក្នុងដើមឆ្នាំ២០១៩កន្លងទៅនេះគឺ “ខ្យល់ដង្ហើម” ដោយ​ក្នុងចំណោមសៀវភៅទាំងបីចំណងជើងនេះ “វិញ្ញាសាជីវិត” គឺជាសៀវភៅដែលទទួលបានការគាំទ្រច្រើនជាងគេ។” ដូច្នេះ ប្រសិនបើ​ប្រិយមិត្ត​មានបំណងចង់ស្វែងជាវស្នាដៃសៀវភៅ​ទាំងបីក្បាល​របស់កញ្ញាយកទៅអាន ប្រិយ​មិត្ត​អាច​ស្វែងរកបាននៅតាមបណ្ណាគារផ្សេងៗក្នុងក្រុងភ្នំពេញ (លើកលែងតែបណ្ណាគារ IBC ប៉ុណ្ណោះដែលមិនមានលក់) ឬអាចទាក់ទងដោយគ្រាន់តែ​ផ្ញើសារទៅ​កាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ គ្រឹះស្ថានបោះពុម្ពផ្សាយ “សៀវភៅជីវិត” ជាការស្រេច នោះ​លោក​អ្នក​មុខជា​បាន​ដឹងច្បាស់ថា តើ​ការ​សរសេរ​របស់ អ្នក​និពន្ធ សែត ហត្ថា មាន​ទឹក​ដៃល្អ ប្រកបដោយ​អត្ថន័យខ្លឹម​សារ​កម្រិត​ណា​ជាក់​ជា​មិន​ខាន​។

ដោយសារតែ​កញ្ញា​ជា​អ្នក​និពន្ធ​ស្ត្រី​មួយរូប​ដែល​មាន​ការ​តស៊ូ​ខ្លាំង​ក្នុង​ជីវិត និង​ប្រកបដោយ​ទឹក​ដៃខ្ពស់​​ក្នុង​ការសរសេរ​នេះ​ហើយ ទើបបាន​ជា​កញ្ញា​តែងតែ​ទទួលបាន​នូវ​ការ​អញ្ជើញ​ឱ្យ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ចែក​រំលែក​បទពិសោធ​និង​ចំណេះដឹង​​ជាញឹកញាប់ ហើយ​អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ កញ្ញា​នឹង​ហោះ​ឆ្លង​សមុទ្រ​ទៅ​កូរ៉េខាងត្បូង ដើម្បីចូលរួម​ជាវាគ្មិនក្នុងសិក្ខាសិលាមួយទៀតផង ដែល​ដំណឹងនេះត្រូវបាន​កញ្ញាបញ្ជាក់បន្ថែមថា “ចា៎ស! ពិតណាស! នៅថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ នាងខ្ញុំនឹងធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមជាវាគ្មិនក្នុងសិក្ខាសិលាមួយស្តីអំពី “មាគ៌ាផ្លាស់ប្តូរខ្លួនដ៏រឹងមាំពីពលករទៅសហគ្រិន” ដែលនឹងប្រព្រឹត្ដិធ្វើនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅហាងភូមិម្ហូបខ្មែរស៊ូវ៉ុន ហើយសិក្ខាសិលានេះត្រូវបានរៀបចំដោយ “ហាងឆេង២៤” ។” កញ្ញា​បាន​បន្តថា “សម្រាប់សិក្ខាសាលានេះ នាងខ្ញុំបានត្រៀមនូវប្រធានបទមួយដើម្បីចែករំលែកជាមួយបងប្អូនខ្មែរដែលរស់នៅនិងបំពេញការងារក្នុងប្រទេសកូរ៉េ ក្រោម​ប្រធាន​បទ “ផ្លូវទៅកាន់ក្តីស្រមៃ”  ដោយ​នៅក្នុងប្រធានបទនេះ ខ្ញុំនឹងរៀបរាប់លម្អិតអំពីចំណុចសំខាន់ៗរួមមាន ការកំណត់គោលដៅ, ការរៀបចំផែនការតូចៗ, ការបែងចែកពេលវេលា និងការកសាងជំនឿចិត្ត។ ហើយ​នាង​ខ្ញុំសង្ឃឹមថា នៅទីនោះខ្ញុំនឹងបានជួបជាមួយបងប្អូនខ្មែរប្រុសស្រីជាច្រើនរូប​ដែលមក​ចូលរួមក្នុងកម្មវិធីនេះ។”

នេះពិតជារឿងមួយ​ល្អ​ខ្លាំង​ណាស់​សម្រាប់​​ អ្នក​និពន្ធ សែត ហត្ថា ហើយ​វា​ក៏ជា​ឱកាស​ដ៏​កម្រ​​មួយ​សម្រាប់​បងប្អូនពលករខ្មែរ​ដែលកំពុងបម្រើ​ការងារ​នៅកូរ៉េខាងត្បូងផងដែរ ដែល​មាន​ឱកាស​បាន​ជួប​សំណេះ​សំណាល​ជាមួយកញ្ញា​ដោយ​ផ្ទាល់ ជាពិសេស​បំផុតនោះ បាន​ទទួល​នូវ​​ចំណេះដឹងបទពិសោធ​ផ្នែក​ជីវិត និង​វិធីសាស្ត្រ​ក្នុង​ការសម្រេច​ក្ដី​ស្រមៃដែល​ខ្លួន​តែង​តែ​ប៉ងប្រាថ្នា ដោយ​សូម​ឆ្លៀត​ពេល​ចូលរួម​ឱ្យបាន​ច្រើន​កុះករនៅ​ថ្ងៃ​នោះ​កុំ​បីខាន។ ​

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ​សូម​បញ្ជាក់ថា អ្នក​និពន្ធ​ សែត ហត្ថា ហៅ​ កូន​ចាបមាស ​គឺ​ជា​អ្នក​និពន្ធ​​ស្ត្រី ដែល​មាន​ដើម​កំណើត​ចេញ​ពី​ទឹក​ដី​ខេត្ត​ពោធិ៍សាត់។ បច្ចុប្បន្នក្រៅពីមាន​អាជីព​ជាអ្នក​និពន្ធ​កម្ពុជា​មួយរូប កញ្ញា​​គឺ​ជា​អ្នក​គ្រប់គ្រងទីផ្សារ និងផ្នែកផលិតនៅគ្រឹះស្ថានបោះពុម្ពផ្សាយ “សៀវភៅជីវិត” ។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបថត ៖ កូនចាបមាស / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!