ដំណឹងក្ដៅៗ ៖ នៅបំផុត សៀវភៅ “បេះដូងមួយនេះ” ចេញពីរោងពុម្ពជាផ្លូវការហើយ!

  • October 6th, 2019

សៀវភៅ “បេះដូងមួយនេះ” ជាកម្រងរឿងប្រលោមលោកខ្នាតខ្លីចំនួន៤រឿង មានចំណងជើងដូចជា “សង្សារចាស់” “ស្រឡាញ់បងនិស្សិតច្បាប់” “ទស្សនកិច្ចបេះដូង” និង “មីងតូចកំពូលស្នេហ៍”។ សៀវភៅនេះនិយាយអំពីស្នេហារបស់គូស្នេហ៍បីគូ ដែលត្រូវការធ្វើការសម្រេចចិត្តជ្រើសរើសគូអនាគត ដើម្បីបង្កើតគ្រួសារមួយដោយខ្លួនឯង និងឈានជើងចូលទំព័រជីវិតថ្មីមួយទៀតដែលត្រូវការទំនួលខុសត្រូវច្រើនជាមុន។ មុននឹងអាចកសាងគ្រួសារតូចមួយដោយខ្លួនឯង ពួកគេទាំង៦ មានរឿងជាច្រើនដែលត្រូវជម្នះដូចជាគ្រួសារ ទំនួលខុសត្រូវរបស់ខ្លួនឯង និងអតីតកាលដែលបានកន្លងហួស ប៉ុន្តែនៅតែលងបន្លាចបច្ចុប្បន្នកាលបាន។ សៀវភៅនេះ បាន​ចេញពីរោង​ពុម្ពជាផ្លូវការហើយ កាល​ពីថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០១៩ មុននេះឯង ដោយ​ដាក់​លក់ក្នុងតម្លៃ២៨,០០០ រៀល និងចែកចាយផ្ដាច់មុខដោយ ក្រុមហ៊ុន Creator

កញ្ញា គង់ ច័ន្ទវ៉ាន់ណេង ដែលអ្នកជាអ្នកនិពន្ធវ័យក្មេងដ៏ឆ្នើមម្ចាស់ស្នាដៃនេះ បានបង្ហាញ​ប្រាប់គេហទំព័រ​អ្នក​និពន្ធកម្ពុជា” ថា “បើនិយាយដល់ការបោះពុម្ពជាសៀវភៅទោល «បេះដូងមួយនេះ» ជាស្នាដៃបោះពុម្ពលើកទី២របស់នាងខ្ញុំ។ បន្ទាប់ពីចេញសៀវភៅនេះរួច នាងខ្ញុំនឹងសម្រាកមួយរយៈធំអាចដល់២ឆ្នាំ ឬ៣ឆ្នាំ ដើម្បីសរសេរសៀវភៅមួយទៀតជាភាសាអង់គ្លេសមានចំណងជើងថា «A Dream About Dad» ដែលនិយាយពីជីវិតរបស់កុមារីម្នាក់ឆ្លងកាត់របបប៉ុលពត ហើយត្រូវព្រាត់ប្រាស់ពីឪពុកម្ដាយរបស់ខ្លួន ហើយមិនចាំសូម្បីមុខមាត់់ពួកគាត់ ព្រោះកាលនោះខ្លួននៅតូចពេក ហើយក៏គ្មានរូបថតជុំគ្រួសារសេសសល់នោះដែរ រហូតដល់ក្មេងស្រីនោះត្រូវបន់ស្រន់សូមត្រឹមយល់សប្ដិឃើញឪពុកម្ដាយខ្លួនឯងក៏អស់ចិត្ត។ ដោយសារតែរឿងនេះ នាងខ្ញុំត្រូវសរសេរជាភាសាអង់គ្លេស ទើបនាងខ្ញុំត្រូវចំណាយពេលច្រើនក្នុងការសិក្សាស្រាវជ្រាវបន្ថែម និងត្រូវការជំនួយពីរៀមច្បងច្រើន។ ខ្ញុំមិនរំពឹងថា សៀវភៅថ្មីនោះនឹងចេញជារូបរាងឬយ៉ាងណានោះទេ ប៉ុន្តែមិនថាត្រូវចំណាយពេលយូរឆ្នាំប៉ុនណា នាងខ្ញុំនឹងត្រូវធ្វើវាឱ្យបាន។ ចំណែកឯហេតុផលដែលនាងខ្ញុំសម្រេចចិត្តសរសេររឿងនេះជាភាសាអង់គ្លេស មិនមែនជាភាសាជាតិ នាងខ្ញុំនឹងបង្ហើបឱ្យដឹងក្រោយពេលក្រោយ​ទៀត បន្ទាប់​ពី​នាងខ្ញុំសរសេរសៀវភៅនេះបញ្ចប់​រួចរាល់​ចេញជារូបរាងពិតប្រាកដ។”

ដូច្នេះ ប្រសិនបើប្រិយមិត្តអ្នកអានទាំងឡាយចង់ជាវសៀវភៅ ” «បេះដូងមួយនេះ» យកទៅអាន ដើម្បីចូលរួម​លើក​កម្ពស់វិស័យអំណាន និងវិស័យតែងនិពន្ធនៅកម្ពុជាឱ្យកាន់តែរីកចម្រើន លោកអាចទាក់ទងទិញបានតាមរយៈហ្វេសប៊ុកផេកផ្ទាល់របស់ Creator Book បាន នោះលោកអ្នកមុខជាមិនខក​បំណងចំពោះស្នាដៃនិពន្ធដ៏ល្អមួយនេះឡើយ។

ជាចុងក្រោយ គេហទំព័រអ្នកនិពន្ធ​កម្ពុជា​” សូមបញ្ជាក់ថា សៀវភៅ បេះដូងមួយនេះ” ដែលជាកម្រងរឿងប្រលោមលោកខ្នាតខ្លីចំនួន៤រឿងនេះ ជាស្នាដៃនិពន្ធរបស់​ គង់ ច័ន្ទវ៉ាន់ណេង ​ដែលប្រើនាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា ​ សេន គឹមណេង កញ្ញា​គឺ​ជា​អ្នក​និពន្ធ​វ័យ​ក្មេង​ប្រកបដោយ​សមត្ថភាព​ទេពកោសល្យ​មួយរូបនាបច្ចុប្បន្ន ដែល​ទើបតែ​បង្ហាញមុខតាមរយៈគេហទំព័រអ្នកនិពន្ធកម្ពុជាឱ្យប្រិយមិត្តបានស្គាល់ពីឈ្មោះនិងរូបពិតថ្មីៗមុននេះឯង។ កញ្ញា​​ជាអ្នកនិពន្ធកម្ពុជាមួយរូបដែលមាន​ប្រភពចេញ​ពីស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បច្ចុប្បន្នក្រៅពីមាន​អាជីពតែងនិពន្ធ កញ្ញា​គឺ​ជាអ្នកសរសេរអត្ថបទពាណិជ្ជកម្ម (Copywriter) នៅក្រុមហ៊ុនឯកជនមួយកន្លែង។​ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ គង់ ច័ន្ទវ៉ាន់ណេង  / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!