សេចក្ដីជូនដំណឹង ៖ ស្ដីពីការជ្រើសរើសស្នាដៃនិពន្ធប្រលោមលោក សម្រាប់បោះពុម្ពផ្សាយនៅគ្រឹះស្ថាន CREATOR
- April 30th, 2020
សេចក្ដីជូនដំណឹង ៖ ស្ដីពីការជ្រើសរើសស្នាដៃនិពន្ធប្រលោមលោក សម្រាប់បោះពុម្ពផ្សាយនៅគ្រឹះស្ថាន CREATOR
ដូចលោកអ្នកបានជ្រាបពីបទសម្ភាសន៍មុនរួចមកហើយថា CREATOR គឺជាគ្រឹះស្ថានអាជីវកម្មថ្មីមួយ ដែលត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១៨ ដើម្បីផ្តល់សេវាធំៗចំនួនបីដូចជា Creator Digital ផ្ដល់សេវាឌីជីថលម៉ាឃីធីង Digital Marketing), Creator Event ផ្តល់សេវារៀបចំកម្មវិធី និងការបណ្តុះបណ្តាល (Event Management and Training) និង Creator Book ផ្តល់សេវាការបោះពុម្ពផ្សាយ និងលក់សៀវភៅ (Publishing and Book sale) ។ គ្រឹះស្ថាននេះ ធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកនិពន្ធ បុគ្គលក្នុងវិស័យតែងនិពន្ធ និងស្ថាប័នដែលពាក់ព័ន្ធនឹងវិស័យតែងនិពន្ធនិងការអានទាំងឡាយយ៉ាងជិតស្និទ្ធបំផុត។ លើសពីនេះ គ្រឹះស្ថានក៏មានបម្រើសេវាកម្មមួយចំនួនទៀតដូចជា ប្រឹក្សាផ្នែកតែងនិពន្ធ ប្រឹក្សាផ្នែកបោះពុម្ពផ្សាយ ធ្វើកិច្ចការបណ្ណាធិការ បោះពុម្ពស្នាដៃ និងលក់សៀវភៅជូនអ្នកនិពន្ធផងដែរ។
គ្រឹះស្ថាន CREATOR និង “ស្ថាបនិក” ទាំង៣រូបបច្ចុប្បន្ន
តែអ្វីដែល “គេហទំព័រអ្នកនិពន្ធកម្ពុជា” ចង់បង្ហាញជូននូវពេលនេះ គឺជាសេចក្ដីជូនដំណឹងដោយគ្រឹះស្ថានខាងលើ ស្ដីអំពីការជ្រើសរើសស្នាដៃតែងនិពន្ធ ដែលជាឱកាសមួយពិសេសយ៉ាងខ្លាំងសម្រាប់អ្នកនិពន្ធដែលមានស្នាដៃល្អៗទាំងឡាយ ហើយចង់ឱ្យស្នាដៃរបស់ខ្លួននោះ មានឱកាសបានបោះពុម្ពចេញផ្សាយ និងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀត។ ដូច្នេះហើយ ដើម្បីកុំឱ្យខាតពេលយូរ គេហទំព័រយើងខ្ញុំ ក៏សូមបង្ហាញជូននូវបទសម្ភាសន៍ជាមួយលោក ឃុត សុខឿន ដែលជានាយកគ្រប់គ្រងគ្រឹះស្ថាន CREATOR ស្ដីពីលក្ខខណ្ឌនៃការជ្រើសរើសស្នាដៃ ដោយយើងខ្ញុំសូមលើកយកតែសំណួរសំខាន់ៗមកបង្ហាញជូនប៉ុណ្ណោះ រួមមានដូចជា ៖
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ លោកអាចជម្រាបបានទេថា តើអ្នកណាខ្លះដែលអាចចូលរួមដាក់ស្នាដៃបាន?
លោក ឃុត សុខឿន ៖ អ្នកណាក៏អាចចូលរួមដាក់ស្នាដៃបានដែរ មិនថាអ្នកនិពន្ធជើងចាស់ ជើងថ្មី ឬ អ្នកស្រឡាញ់ការតែងនិពន្ធទេ ពិសេសអ្នកដែលចង់សាកល្បងបោះពុម្ពស្នាដៃរបស់ខ្លួនតែម្ដង។
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើប្រលោមលោកប្រភេទណាខ្លះទៅ ដែល CREATOR ជ្រើសរើស?
លោក ឃុត សុខឿន ៖ យើងជ្រើសរើសស្នាដៃប្រលោមលោកដែលនិពន្ធថ្មី ។ តែយើងមិនទទួលស្នាដៃប្រលោមលោកដែលធ្លាប់ដាក់ប្រឡង ហើយជាប់ចំណាត់ក្នុងកម្មវិធីផ្សេងៗរួចហើយនោះទេ… ដោយយើងសូមបញ្ជាក់ថា យើងជ្រើសរើសតែរឿងប្រលោមលោកប៉ុណ្ណោះ មិនយករឿងខ្លី ឬកំណាព្យទេ។
សេចក្ដីប្រកាស់របស់ គ្រឹះស្ថាន CREATOR ស្ដីពីការជ្រើសរើសស្នាដៃនិពន្ធប្រលោមលោក
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើលោកអាចបញ្ជាក់ពីស្នាដៃប្រលោមលោកថ្មីដែល CREATOR ចង់ជ្រើសរើសនោះឱ្យបានលម្អិតជាងនេះបន្តិចបានទេ?
លោក ឃុត សុខឿន ៖ បាទបាន! ប្រសិនបើអាច យើងចង់ជ្រើសរើសប្រលោមលោកដែលមានការច្នៃប្រដិត្ឋថ្មី ដែលអាចចាកឆ្ងាយពីប្រភេទមនោសញ្ចេតនាបន្តិច។ វាអាចជា ការផ្សងព្រេង ការស៊ើបអង្កេត បែបរន្ធត់ ឬ បែបវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាជាដើម។ ប៉ុន្តែខ្ញុំគិតថាប្រហែលជាលំបាករកអ្នកសរសេររឿងប្រភេទអស់នេះបាន …តែសូមបញ្ជាក់បន្តិច ថាប្រលោមលោកមនោសញ្ចេតនាក៏យើងត្រូវការដែរឱ្យតែល្អ និងអាចទាក់យកអារម្មណ៍អ្នកអានបាន។ ជាក់ស្តែង កន្លងមកយើងក៏មានទទួលស្នាដៃមកបោះពុម្ពដែរ ដូចជាប្រលោមលោករឿង “បេះដូងមួយនេះ” ដែលទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកអានជាយុវវ័យ។
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ លោកគិតថាជាការលំបាក តើ CREATOR អាចជួយអ្នកស្រឡាញ់ការតែងនិពន្ធ ពិសេសអ្នកដែលចង់សាកល្បងបោះពុម្ពស្នាដៃរបស់ខ្លួនបានទេ?
លោក ឃុត សុខឿន ៖ ប្រហែលជាបានខ្លះ អាស្រ័យលើពេលវេលា និងលទ្ធភាព។ យើងប្រហែលជាអាចជួយត្រឹមគំនិតរឿង ឬ ឆ្អឹងរឿងខ្លះ … តែបទនិពន្ធទាំងស្រុងគឺអាស្រ័យលើអ្នកសរសេរខ្លួនឯង។
សៀវភៅល្បីៗមួយចំនួនដែលមានលក់នៅ គ្រឹះស្ថាន CREATOR
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើរបៀបនៃការជ្រើសរើសធ្វើឡើងយ៉ាងដូចម្តេច?
លោក ឃុត សុខឿន ៖ CREATOR មានគណៈកម្មការរបស់ខ្លួន ដែលជ្រើសរើសចេញពីបុគ្គលិករបស់យើង និងអ្នកដែលធ្វើការពាក់ព័ន្ធនឹងវិស័យតែងនិពន្ធ និងទីផ្សារ។ ដូចលោកអ្នកបានជ្រាបស្រាប់ហើយថា CREATOR ជាគ្រឹះស្ថានអាជីវកម្មឯកជន ដែលត្រូវការប្រាក់ចំណេញ ដូច្នេះការជ្រើសរើសស្នាដៃ ក្រៅតែពីគោរពលក្ខខណ្ឌអក្សរសិល្ប៍ល្អហើយ យើងក៏គិតដល់ស្នាដៃដែលអាចលក់ដាច់នៅលើទីផ្សារដែរ។ ហើយអ្នកនិពន្ធក៏ត្រូវយល់ដឹង ចំណុចសំខាន់នេះដែរ។ ប៉ុន្តែ សូមកុំបារម្ភ ពីព្រោះប្រសិនបើស្នាដៃណាមួយត្រូវបានជ្រើសរើសនោះ CREATOR និងគណៈកម្មការ នឹងធ្វើការជាមួយអ្នកនិពន្ធ រហូតទាល់តែស្នាដៃនោះត្រូវបានបោះពុម្ព និងដាក់លក់លើទីផ្សារ។ ប៉ុន្តែករណីអ្នកនិពន្ធមានត្រឹមតែគោលគំនិតសាច់រឿង អាចផ្ញើមកកាន់យើងបាន ហើយបើសិនជាក្រុមការងារយើងឃើញថាគំនិតសាច់រឿងនេះល្អ ក៏យើងអាចធ្វើការជាមួយគ្នាបានដែរ ទម្រាំដល់ថ្ងៃផុតកំណត់ទទួលស្នាដៃ។
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើអ្នកដែលត្រូវបានជ្រើសរើសទទួលបានផលប្រយោជន៍យ៉ាងដូចម្តេចខ្លះ?
លោក ឃុត សុខឿន ៖ វាជាការវិនិយោគរួមគ្នា ក្នុងដំណាក់កាលជាក់លាក់ណាមួយ។ វាមិនមែនជាការលក់ និងទិញស្នាដៃនោះទេ។ អ្នកនិពន្ធទទួលបានចំណេះដឹងបន្ថែមទៀតទាក់ទងនឹងការតែងនិពន្ធ និងតម្រូវការទីផ្សារ ទទួលបានភាគលាភពីស្នាដៃរបស់ខ្លួន ហើយស្នាដៃនៅតែជារបស់ខ្លួន មិនមែនជារបស់ CREATOR ទេ ក្រៅពីនេះគាត់នៅទទួលបានការផ្សព្វផ្សាយ មានអ្នកគាំទ្រជាដើម។ ហើយចំពោះភាគលាភប៉ុន្មាននោះ គឺទាល់តែអ្នកជាប់ស្នាដៃហើយ ទើបយើងនិយាយប្រាប់លម្អិតបាន។
លោក ឃុត សុខឿន សហស្ថាបនិកគ្រឹះស្ថាន CREATOR មួយរូប និងជានាយកគ្រប់គ្រងគ្រឹះស្ថានបច្ចុប្បន្ន
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ឃុត សុខឿន គឺជាសហស្ថាបនិកគ្រឹះស្ថាន CREATOR មួយរូប និងកំពុងកាន់តួនាទីជានាយកគ្រប់គ្រងនៃគ្រឹះស្ថានអាជីវកម្មប្លែកថ្មីមួយនេះតែម្ដង។ ទាក់ទងនឹង គ្រឹស្ថានបោះពុម្ព និង ចែកផ្សាយ CREATOR មួយនេះ កាលពីដើម ខែមេសា ឆ្នាំ២០២០ កន្លងទៅ គ្រឹះស្ថានក៏បានប្រកាសជ្រើសរើសស្នាដៃប្រលោមលោក ដើម្បីបោះពុម្ព និង ផ្សព្វផ្សាយលក់ទូទាំងប្រទេសផងដែរ។ អាស្រ័យហេតុនេះហើយ បើលោកអ្នកមានចំណាប់អារម្មណ៍ សូមផ្ញើស្នាដៃរបស់លោកអ្នកជា File Words តាមរយៈអ៊ីមែលតែមួយគត់គឺ info@creatorkh.net ហើយសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ទូរសព្ទលេខ ៖ 012 610 550 / 098 694 119 ឬក៏ផ្ញើសារទៅកាន់ហ្វេសប៊ុកផេក https://www.facebook.com/creatorbooksale/ ក៏បាន ដោយគ្រឹះស្ថាន CREATOR ចាប់ផ្ដើមទទួលស្នាដៃពី ខែមេសា នេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯណោះ។ សូមអរគុណ៕
រូបភាពផ្ដល់ដោយ ៖ CREATOR / សម្រួលអត្ថបទ និងរក្សាសិទ្ធិដោយ ៖ cambowriter.com