អ្នកនាង កែម លីហៀង អ្នកនិពន្ធស្ត្រីមួយរូបនៅកម្ពុជា ដែលផ្ដោតសំខាន់លើស្នាដៃនិពន្ធសៀវភៅកុមារ
- September 5th, 2020
អ្នកនាង កែម លីហៀង អ្នកនិពន្ធស្ត្រីមួយរូបនៅកម្ពុជា ដែលផ្ដោតសំខាន់លើស្នាដៃនិពន្ធសៀវភៅកុមារ
អ្នកនាង កែម លីហៀង កើតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៩ នៅភូមិប្រក់ក្តារ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ក្រៅពីមានអាជីពជាអ្នកនិពន្ធ ដែលធ្លាប់បង្កើតបាននូវស្នាដៃជាច្រើនតាំងពីឆ្នាំ១៩៩៨រហូតមកដល់បច្ចប្បន្ន អ្នកនាងក៏ជាផលិតករកម្មវិធីទូរទស្សន៍ ជាទីប្រឹក្សាគម្រោងកម្មវិធីអប់រំកុមារតាមបណ្តាអង្គការនានាដូចជាអង្គការ Asian Foundation និង អង្គការ Aide Et Actions ក្នុងប្រទេសកម្ពុជា។ ហើយក៏ជាម្ចាស់ “គ្រឹះស្ថានបោះពុម្ពផ្សាយក្រោមដំបូលតែមួយ” ផងដែរ ដែលគ្រឹះសា្ថននេះ ផ្ដោតសំខាន់លើការនិពន្ធ និងបោះពុម្ពផ្សាយសៀវភៅសម្រាប់កុមារ។ ចំពោះស្នាដៃដែលបានចេញផ្សាយប្រមាណជា៣០ចំណងជើងកន្លងមក ឃើញថាទទួលបាននូវការចាប់អារម្មណ៍ ពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ឪពុកម្ដាយ និងកុមារកម្ពុជាជាច្រើនរូប។
អ្នកនាង កែម លីហៀង អ្នកនិពន្ធស្ត្រីមួយរូបនៅកម្ពុជា
ក្នុងបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” តាមសារអេឡិចត្រូនិច អ្នកនាង កែម លីហៀង បានបង្ហាញពីគ្រឹះស្ថានខាងលើដូចតទៅថា “គ្រឹះស្ថានបោះពុម្ពផ្សាយក្រោមដំបូលតែមួយ បង្កើតឡើងនៅកំឡុងខែតុលា ឆ្នាំ២០១៦ ដោយនាងខ្ញុំផ្ទាល់។ រហូតមកដល់បច្ចុប្បន្ននេះ គ្រឹះស្ថានផលិតបានសៀវភៅចំនួន៣០ស្នាដៃ រួមទាំងស្នាដៃសម្រាប់កុមារតូច និងកុមារធំ ក្នុងនោះក៏មានការចូលរួមពីអ្នកនិពន្ធវ័យក្មេងចំនួន២រូបទៀតដែរ គឺ លោក គង់ សុខកេង និង លោក សាត ឌិច។
អ្នកនាង កែម លីហៀង បានបន្តទៀតថា “សម្រាប់គ្រឹះស្ថានបោះពុម្ពផ្សាយក្រោមដំបូលតែមួយ បច្ចុប្បន្នគឺមានតែស្នាដៃសម្រាប់កុមារតែប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ថ្ងៃអនាគត អាចនឹងបោះពុម្ពនូវស្នាដៃប្រលោមលោក ឬសៀវភៅទស្សនៈវិជ្ជា ដែលជាស្នាដៃនិពន្ធផ្ទាល់របស់នាងខ្ញុំ។ លើសពីនេះ នៅថ្ងៃអនាគត យើងនឹងមានការទទួលយកស្នាដៃរបស់អ្នកនិពន្ធដទៃៗទៀត ដើម្បីបោះពុម្ព និងចែកផ្សាយផងដែរ ក្រោមលក្ខខណ្ឌដែលអ្នកនិពន្ធព្រមអនុញ្ញាតឱ្យនាងខ្ញុំពិនិត្យ និងមានសិទ្ធិកែសម្រួលស្នាដៃនោះ។”
អ្នកនាង កែម លីហៀង រួមនិងលោកគ្រូអ្នកគ្រូថតនៅមុខបណ្ណាល័យក្នុងសាលាមួយ
ខាងលើ គឺជាការបង្ហាញរបស់ អ្នកនាង កែម លីហៀង ទាក់ទងទៅនឹង “គ្រឹះស្ថានបោះពុម្ពផ្សាយក្រោមដំបូលតែមួយ” តែបើនិយាយពីអាជីពជាអ្នកនិពន្ធរបស់អ្នកនាងវិញ អាចនិយាយបានថា អ្នកនាងគឺជាអ្នកនិពន្ធពហុជំនាញមួយរូប ព្រោះជាង២០ឆ្នាំកន្លងមកនេះ អ្នកនាងធ្លាប់បាននិពន្ធប្រលោមលោក, អត្ថបទភាពយន្ត (ប្រតិដ្ឋនិងស្រាវជ្រាវ) ផលិតកម្មវិធីទូរទស្សន៍ កំណាព្យ, ចម្រៀង, អត្ថបទសារព័ត៌មាន និងរឿងនិទានកុមារជាច្រើនស្នាដៃ។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញពីស្នាដៃសំខាន់ៗមួយចំនួនរបស់ អ្នកនាង កែម លីហៀង ឱ្យលោកអ្នកបានដឹងដូចតទៅ ៖
ស្នាដៃផ្នែកប្រលោមលោក
ស្នាដៃផ្នែកអត្ថបទភាពយន្ត
រឿង “សៀវភៅកំណត់ហេតុ” និង រឿង “អាថ៌កំបាំងជីវិត” ស្នាដៃនិពន្ធរបស់ អ្នកនាង កែម លីហៀង
ស្នាដៃផ្នែកកំណាព្យ
ស្នាដៃផ្នែកចម្រៀង
ស្នាដៃផ្នែករឿងនិទានសម្រាប់កុមារ
ដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងកសាងនូវស្នាដៃជាច្រើនទាំងនេះ អ្នក
និពន្ធកែមលីហៀង ក៏ទទួលបានការលើកទឹកចិត្តពីព្រះមហាក្សត្រនូវគ្រឿង ឥស្សរិយយស មុនីសាភ័ណ្ឌ ថ្នាក់មហាសេនា និងទទួនបាននូវពានរង្វាន់ទន្លេមេគង្គថែមទៀតផង។
អ្នកនាង កែម លីហៀង ក្នុងពិធីទទួលពានរង្វាន់ទន្លេមេគង្គ និងបណ្ណប្រកាសនីយបត្រ គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ
បន្ទាប់មក អ្នកនាង កែម លីហៀង ក៏បានបង្ហាញប្រាប់ពីគោលបំណងសំខាន់ៗដែលជំរុញឱ្យអ្នកនាង បង្កើតគ្រឹះស្ថានបោះពុម្ពផ្សាយនេះឡើងថា “គោលបំណងសំខាន់នៃការបង្កើតគ្រឹះស្ថានបោះពុម្ពផ្សាយក្រោមដំបូលតែមួយនេះឡើង រួមមាន៖ កត្តាទី១ ចង់លើកកម្ពស់ការអាននៅកម្ពុជា ដូចនេះកំឡុងពេលដែលនាងខ្ញុំធ្វើការនៅ SEATV នាងខ្ញុំបានបោះពុម្ពស្នាដៃថ្មីមួយ គឺរឿងក្រោមដំបូលតែមួយ។ បំណង គឺចែកដល់កុមារក្នុងកម្មវិធី ទេពកោសល្យកុមារ ដែលខ្ញុំផលិតប៉ុណ្ណោះ។ ហើយស្នាដៃនោះក៏បានផ្ញើថ្វាយ សម្តេចតា (សម្តេចនរោត្តមសីហនុ) និងព្រះមហាក្សត្រ នរោត្តម សីហ មុនី ( នៅកំឡុងឆ្នាំ២០១២)។ ក្រោយមក មានអាណាព្យាបាលសិស្សបានខលសួរថា សៀវភៅរឿង ក្រោមដំបូលតែមួយ ហ្នឹងទៅរកទិញឯណាបាន? ចំពោះសំណួររបស់អាណាព្យាបាលសិស្សធ្វើឲ្យខ្ញុំចងចាំ ហើយក៏ចាប់ផ្តើមចែកផ្សាយទៅលើទីផ្សារ ដោយមិត្តភក្តិដែលធ្លាប់ធ្វើការជាមួយគ្នានៅតាំតាំជាអ្នកចែកផ្សាយឱ្យ។ កត្តាទី២៖ ពេលនាងខ្ញុំទៅធ្វើកម្មវិធី ទេពកោសល្យកុមារ ឱ្យSEATV នាងខ្ញុំឃើញតាមសាលានីមួយៗមិនសូវជាមានសៀវភៅរឿងនិទានសម្រាប់កុមារ ដែលជាស្នាដៃនិពន្ធថ្មីនោះទេ មានតែរឿងចាស់ៗ និងរឿងបកប្រែពីបរទេស។ ហើយបើទៅមើលនៅសាលាតាមសហគមន៍វិញ គឺកាន់តែខ្សត់សៀវភៅទៅទៀត។ កត្តាទី៣៖ កំឡុងពេលធ្វើការនៅSEATV នាងខ្ញុំធ្វើការជាមួយកុមារច្រើនណាស់ នៅតាមគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន នាងខ្ញុំឃើញមានករណីជាច្រើនដែលកុមារត្រូវរៀនសូត្របន្ថែមពីអ្វីដែលបានរៀនពីសាលា ឆ្លៀតពេលតានតឹងក្នុងចិត្តនោះ នាងខ្ញុំក៏និពន្ធបានរឿងថ្មីៗប្រមាណជា៣០រឿង ដែលជាប្រធានបទអប់រំក្នុងបរិបទសង្គមថ្មី ដោយសង្ឈឹមថា ថ្ងៃណាមួយកុមារនឹងមានស្នាដៃថ្មីអាន ហើយផ្នត់គំនិតរបស់នាងខ្ញុំនឹងបានចូលដល់ផ្នត់គំនិតរបស់ក្មេងៗ។ ចំណែកកត្តាទី៤៖ ដែលជាកត្តាចុងក្រោយ គឺនៅកំឡុងឆ្នាំ២០១៦ សា្ថនីយ៍ទូរទស្សន៍ចាប់ផ្តើមកាត់បន្ថយកម្មវិធី ហើយនាងខ្ញុំក៏នឹងជិតផុតកង់ត្រាជាមួយទូរទស្សន៍ដែរ។ ដោយធ្លាប់មានបទពិសេធន៍ការងារធ្វើសៀវភៅកុមារនេះ អស់ពេលជាង៧ឆ្នាំនៅទស្សនាវដ្តីតាំតាំផង និងដោយសារការលើកទឹកចិត្តពីលោកគ្រូ ជ័យ ចាប នាយកសាលាអន្តរជាតិ ហ្គោហ្គោ និងពិសេសបំផុត នាយកក្រុមហ៊ុន ពីរ៉ាមីតបកប្រែ គាត់មិនត្រឹមតែបានលើកទឹកចិត្តប៉ុណ្ណោះទេ គឺថែមទាំងជួយឧបត្ថម្ភលើការបោះពុម្ពទៀតផង។ ដោយមានការគាំទ្រ និងលើកទឹកចិត្តពីពួកគាត់ ខ្ញុំក៏សម្រេចចិត្តបង្កើតគ្រឹះស្ថានបោះពុម្ពផ្សាយនេះឡើង ដោយយកចំណងជើងរឿង ក្រោមដំបូលតែមួយ ធ្វើជាឈ្មោះគ្រឹះស្ថានតែម្តង។”
រឿង “ក្រោមដំបូលតែមួយ” សៀវភៅកុមារល្បី ស្នាដៃនិពន្ធរបស់ អ្នកនាង កែម លីហៀង មុនវិវត្តឈ្មោះទៅជាគ្រឹះស្ថានបោះពុម្ពផ្សាយ
បន្ថែមលើសពីនេះ អ្នកនាង កែម លីហៀង ក៏បានបង្ហាញពីសារៈសំខាន់នៃសៀវភៅកុមារឡើងថា “ក្នុងនាមនាងខ្ញុំជាអ្នកនិពន្ធរឿងនិទានសម្រាប់កុមារ នាងខ្ញុំគិតថាស្នាដៃថ្មីដែលបាននិពន្ធ និងបោះពុម្ពផ្សាយនេះ មានសារៈសំខាន់ណាស់សម្រាប់កុមារ ដូចជា ទី១ ៖ គឺកុមារមានសៀវភៅថ្មី ដែលមានរូបភាពស្អាតៗមើល និងអាន។ ម៉្យាងទៀត ខ្លឹមសារនៅក្នុងស្នាដៃ ខ្ញុំព្យាយាមបញ្ចូលនូវសារអប់រំខ្លីៗសម្រាប់កុមារ ដែលមានទាំងចំណោទបញ្ហា និងដំណោះស្រាយ។ អ៊ីចឹងកុមារនៅពេលដែលគាត់ជួបហេតុការណ៍នោះ គាត់នឹងមានមធ្យោបាយដោះស្រាយ ដោយបានដឹងខ្លះៗអំពីស្នាដៃយើង។ និងទី២ ៖ ក្នុងស្នាដៃ នាងខ្ញុំបានបញ្ចូលនូវសារអប់រំផ្លូវចិត្ត ការរស់នៅប្រចាំថ្ងៃរបស់មនុស្សដែលត្រូវតែអនុវត្តនិងជួបប្រទះ ដើម្បីឱ្យពួកគេបានត្រៀមខ្លួនដើម្បីទទួលយក និងទទួលខុសត្រូវលើជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។ ការណ៍ដែលកុមារចូលចិត្តអាន ហើយទទួលបាននូវចំណេះដឹងបន្ថែមកាន់តែច្រើន ធ្វើឱ្យកុមារមានថាមពលផ្លូវចិត្តកាន់តែរឹងមាំ នៅពេលដែលយើងទទួលបានធនធានកុមារដែលល្អ នោះថ្ងៃអនាគតយើងនឹងមានពលរដ្ឋល្អសម្រាប់សង្គម។ កុមារប្រៀបដូចជាក្រដាសសអ៊ីចឹង បើយើងប្រាប់គាត់ពីអ្វីហើយគាត់នឹងចាំជាប់នូវអំពើ នូវទ្រឹស្តី និងសកម្មភាពនោះបានយ៉ាងច្បាស់ ដូចនេះការផលិតសៀវភៅសម្រាប់កុមារ គឺនាងខ្ញុំមានការប្រយ័ត្នប្រយែងជាងសរសេរសៀវភៅមនុស្សធំ។ រាល់ពេលដែលនាងខ្ញុំចាប់ផ្តើមនិពន្ធរឿងសម្រាប់កុមារ នាងខ្ញុំតែងតែសួរនូវ៥សំណួរសម្រាប់ខ្លួនឯងជានិច្ច, ទី១ ៖ ខ្ញុំជាអ្នកណា? ចម្លើយ ខ្ញុំជាអ្នកនិពន្ធ។ ទី២ ៖ ខ្ញុំមកពីណា? ចម្លើយ ខ្ញុំមកពីស្ថាប័នអប់រំ។ ទី៣ ៖ ខ្ញុំកំពុងធ្វើអ្វី? ចម្លើយ ខ្ញុំកំពុងរៀបចំនិពន្ធរឿង។ ទី៤ ៖ ខ្ញុំនិពន្ធដើម្បីអ្វី? ចម្លើយ គឺខ្ញុំនិពន្ធដើម្បីអប់រំកុមារអំពី អនាម័យ (ចំពោះប្រធានបទនេះ ឬនោះ គឺទៅតាមភាពជាក់ស្តែង)។ និងសំណួរទី៥ ៖ ចុងក្រោយ គឺខ្ញុំសរសេរសម្រាប់អ្នកណា? ចម្លើយ សម្រាប់កុមារ (កុមារតូច ឬកុមារធំទៅតាមភាពជាក់ស្តែង)។” អ្នកនាងបន្ត “ក្រោយពេលឆ្លើយសំណួរទាំងនេះហើយ ទើបនាងខ្ញុំចាប់ផ្តើមសរសេរ។ ការអប់រំកុមារមិនថាអ្នកនិពន្ធ គ្រូបង្រៀន ឬអាណាព្យាបាលនោះទេ ត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានមែនទែន ព្រោះកុមារគាត់អត់ទាន់ចេះគិត និងពិចារណាអំពីអ្វីល្អឬអាក្រក់នោះទេ បើគាត់ចាប់បានអ្វីពីយើងដែលជាមនុស្សធំ មិនថាដោយផ្ទាល់ឬប្រយោលនោះទេ គាត់ប្រាកដជាចងចាំ និងអនុវត្តតាម។ បើយើងចង់បានធនធានមនុស្សដែលខ្លឹម យើងត្រូវចាប់ផ្តើមពីការអប់រំកុមារឱ្យមានខ្លឹមជាមុនសិន។”
អ្នកនិពន្ធ កែម លីហៀង ថតនៅតូបលក់សៀវភៅគ្រឹះស្ថានរបស់ខ្លួនក្នុងពិធីតាំងពិព័រណ៌សៀវភៅធំមួយ ជាមួយកុមារៗសិស្សានុសិស្ស
ចំពោះសំណួរខាងក្រោយ ស្តីអំពីបេសកកម្មរបស់គ្រឹះសា្ថន អ្នកនាង កែម លីហៀង បានបញ្ជាក់ថា “បេសកកម្មចម្បងរបស់គ្រឹះស្ថានពុម្ពផ្សាយក្រោមដំបូលតែមួយ គឺផលិតស្នាដៃនិពន្ធថ្មីៗឱ្យបានច្រើន ដោយគុណភាពខ្ពស់ និងក្នុងតម្លៃសមរម្យដែលកុមារស្ថិតក្នុងគ្រួសារកម្រិតណាក៏អាចមានលទ្ធភាពទិញ។ ម៉្យាងទៀត យើងក៏មានផែនការណ៍សម្រាប់ថ្ងៃអនាគត គឺលើកកម្ពស់ម្ចាស់ស្នាដៃ ទាំងអ្នកនិពន្ធ និងអ្នកគូររូប ដោយផ្តល់ជាភាគរយនៃស្នាដៃដែលលក់បានបន្ថែមលើកញ្ចប់ថវិកាដែលយើងបានទិញគាត់ពីមុន។ ផែនការណ៍នេះ នឹងអនុវត្តនៅពេលដែលគ្រឹះស្ថានមានស្ថានភាពនឹងនផ្នែកសេដ្ឋកិច្ច ដែលអាចមានលទ្ធភាពប្រើបុគ្គលិក។ ចំពោះបច្ចុប្បន្ននេះ គឺនាងខ្ញុំទទួលខុសត្រូវម្នាក់ឯងគ្រប់ផ្នែកទាំងអស់ សូម្បីតែការដឹកជញ្ជូន ព្រោះលទ្ធភាពនៅមានកម្រិត។”
ជាចុងក្រោយ អ្នកនាង កែម លីហៀង ក៏បានថ្លែងថា “ជាចុងក្រោយ នាងខ្ញុំសូមអរគុណចំពោះគេហទំព័រអ្នកនិពន្ធកម្ពុជា ដែលបានមកសម្ភាសន៍នាងខ្ញុំ។ ហើយក៏អរគុណដល់បណ្ណាគារ បណ្តាគ្រឹះស្ថានអប់រំ អង្គការនានា និងអាណាព្យាបាលទាំងឡាយ ដែលតែងតែគាំទ្រនូវស្នាដៃរបស់គ្រឹះស្ថានបោះពុម្ពផ្សាយក្រោមដំបូលតែមួយរបស់នាងខ្ញុំផងដែរ។”
សៀវភៅកុមារស្នាដៃមួយចំនួនធំរបស់អ្នកនិពន្ធ កែម លីហៀង ក្នុង “គ្រឹះស្ថានបោះពុម្ពផ្សាយក្រោមដំបូលតែមួយ” និងលេខទូរសព្ទដែលអាចឱ្យលោកអ្នកទំនាក់ទំនងជាវបាន
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា អ្នកនាង កែម លីហៀង កើតឆ្នាំ១៩៧៩ នៅស្រុកពញាឮ ខេត្តកណ្តាល។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជាមួយរូប អ្នកនាងគឺជាផលិតករកម្មវិធីទូរទស្សន៍ និងមានតួនាទីជាទីប្រឹក្សាគម្រោងកម្មវិធីអប់រំកុមារ តាមបណ្តាអង្គការនានាក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកទទួលបន្ទុកផ្នែកបោះពុម្ព និងចែកផ្សាយរាល់ស្នាដៃរបស់ “គ្រឹះស្ថានបោះពុម្ពផ្សាយក្រោមដំបូលតែមួយ” ផងដែរ ដែលជាគ្រឹះសា្ថនស្ថាបនិកឡើងដោយអ្នកនាងផ្ទាល់ ធ្វើការផ្ដោតសំខាន់លើការនិពន្ធបោះពុម្ពផ្សាយសៀវភៅសម្រាប់កុមារនៅកម្ពុជា។ ដូច្នេះ បើលោកអ្នក ជាពិសេសឪពុកម្ដាយគ្រប់រូបមានបំណងទិញសៀវភៅកុមារដែលជាស្នាដៃនិពន្ធថ្មីៗរបស់គ្រឹះស្ថានបោះពុម្ពផ្សាយក្រោមដំបូលតែមួយ យកទៅអានឱ្យកូនៗរបស់លោកអ្នកអាន ឬក៏ចង់ដឹងថា តើស្នាដៃនិពន្ធសៀវភៅកុមាររបស់អ្នកនាងមានអត្ថន័យខ្លឹមសារល្អយ៉ាងណានោះ លោកអ្នកអាចទាក់ទងទិញបានតាមរយ: ហ្វេសប៊ុកផ្លូវការរបស់អ្នកនាងផ្ទាល់ ឈ្មោះ Lyheang Author https://www.facebook.com/kem.lyheang ឬហ្វេសប៊ុកផេកផ្លូវការរបស់គ្រឹះស្ថាន Under The Roof Publishing https://www.facebook.com/LyheangKemtheAuthor ក៏បាន នោះលោកអ្នកមុខជាបានដឹងច្បាស់មិនខាន។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព៖ អ្នកនាង កែម លីហៀង / រក្សាសិទ្ធិ ៖ cambowriter.com