កវីនិពន្ធខ្មែរជំនាន់ថ្មីល្បីឈ្មោះ លោក ស៊ូ ខេមរិន្ទ នឹងចែករំលែកចំណេះដឹងផ្នែករឿងខ្លី នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខាងមុខនេះ!

  • February 20th, 2021

លោក ស៊ូ ខេមរិន្ទ គឺជាកវីនិពន្ធខ្មែរជំនាន់​ថ្មីដ៏​ល្បាញ​ល្បី​មួយរូបនៅកម្ពុជានា​ពេលបច្ចុប្បន្ន ដែល​កម្រនឹងមានអ្នក​និពន្ធ​រូបណា​អាច​និពន្ធ​បាន​ល្អ​ដូចជារូប​លោក​ណាស់ ព្រោះ​លោក​មិនត្រឹមតែ​អាច​និពន្ធ​កំណាព្យ​បាន​យ៉ាង​ល្អ​ប៉ុណ្ណោះ​ទេ លើស​ពីនេះ​លោក​ក៏អាចរឿង​ប្រលោមលោក​​, រឿង​ខ្លី​ និងទំនុកច្រៀងបាន​យ៉ាង​ល្អ​ផងដែរ​ ដែល​រហូត​មកទល់​នឹង​ពេលនេះ លោកធ្លាប់​​បាន​ចេញ​ផ្សាយ​ស្នាដៃ​ជាច្រើន​រួច​មកហើយ​ ដូចជា​​ ទី១​ រឿង​ “ស្នេហ៍​ក្រោម​តំណក់​ទឹក​ភ្នែក” ឆ្នាំ២០០៨, ទី​២​ រឿង​ “រង់ចាំ​ផ្កា​រីក”​ ​ ឆ្នាំ២០០៨, ​ទី៣​ រឿង “Kizuna​ សង្សារ​ខ្ញុំ”​ ឆ្នាំ២០០៨, ទី​៤​ រឿង “ព្រាត់​ស្នេហ៍​ក្បែរ​ស្ទឹងសែន​” ឆ្នាំ២០០៨, ​ ទី៥​ “អាថ៌កំបាំង​ប្រពន្ធខ្ញុំ​” ឆ្នាំម២០០៨, ​ទី៦​ “ខ្មាសឆ្កែ​”  ឆ្នាំ២០១៥ និង​ ទី៧​ “យប់​អនាមិក”​ ឆ្នាំ២០១៧ ដែល​ស្នាដៃ​ទាំង៧របស់លោកនេះ សុទ្ធតែទទួល​បាន​នូវ​ការ​គាំទ្រ​ពីសំណាក់​ប្រិយមិត្ត​អ្នក​អានគ្រប់​ស្រទាប់។

អ្វី​ដែល​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ដែលមានបំណង​ចង់ចេះ​និពន្ធ​រឿង​ខ្លី​នោះ  នៅ​ថ្ងៃព្រហស្បតិ៍ ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ប៉ុន្មាន​ថ្ងៃ​ខាង​មុននេះ កវី​និពន្ធ​ខ្មែរជំនាន់​ថ្មី​ល្បីឈ្មោះ លោក ស៊ូ ខេមរិន្ទ នឹង​ធ្វើ​ជា​វាគ្មិនចែក​រំលែក​ចំណេះដឹងផ្នែក​រឿង​ខ្លី ដល់​អ្នក​ដែលមានបំណងចង់​យល់​ច្បាស់​ពីរឿង​ខ្លី និង​ចង់​​ចេះ​និពន្ធ​រឿង​ខ្លី​ទាំងអស់​ ​នៅ​ “ពុទ្ធ​សាសនបណ្ឌិត្យ​” ចាប់​ពី​ម៉ោង​៩​ ដល់ម៉ោង ១១​ព្រឹក ដែល​នេះ​ពិតជា​ឱកាស​ដ៏ល្អ​កម្រ​រក​បាន​ខ្លាំង ដែលមិន​គួរ​រំលង​ឡើយ​សម្រាប់​អ្នក​ដែល​ចង់​ចេះ​និពន្ធ​រឿង​ខ្លី​ទាំង​ឡាយ។

សៀវភៅ “ខ្មាសឆ្កែ” និង សៀវភៅ​កម្រងរឿងខ្លី “យប់អនាមិក” ស្នាដៃមួយ​ចំនួនរបស់ ​កវីនិពន្ធខ្មែរ ស៊ូ ខេមរិន្ទ

មុន​នឹង​ឈាន​ដល់​ថ្ងៃ​ចែក​រំលែក​ចំណេះដឹង​ផ្នែក​រឿង​ខ្លី​ជាផ្លូវការ​ដូច​បង្ហាញ​ខាង​លើ លោក ស៊ូ ខេមរិន្ទ ក៏បាន​បង្ហាញ​មុន​ត្រួសៗ​អំពី​វិធីសាស្ត្រ​ក្នុង​ការ​និពន្ធរឿង​ខ្លី​ឱ្យបាន​ល្អ​យ៉ាង​ដូច្នេះថា “មែនទែន​ទៅ​ ខ្ញុំពុំ​ធ្លាប់​បានឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ណា​មួយ​ស្ដីពី​ការ​និពន្ធ​រឿង​ខ្លី​នេះ​ទេ​! តែបើ​តាម​បទ​ពិសោធ​បន្តិច​បន្តួច​ដែល​ខ្ញុំ​មាន​តាម​រយៈ​ការ​ស្វែង​យល់​ពី​ស្នាដៃ​រឿងខ្លី​របស់​អ្នកនិពន្ធ​រៀម​ច្បង​ និង​ អ្នក​និពន្ធ​បរទេសកន្លង​មក​ ដើម្បី​សរសេរ​រឿងខ្លី​មួយ​បាន​ល្អនោះ​​មាន​ ទី១ / ការ​ជ្រើសរើស​ប្រធាន​បទ ៖ តើ​​យើង​​ចង់​សរសេរ​ពីអ្វី​? ប្រធាន​បទ​ដែល​ល្អ​បំផុត​រឿង​ខ្លី​ គឺ​ទស្សន​វិជ្ជា​នៃ​ការ​រស់នៅ​ មនោសញ្ចេតនា​របើករបា​ញ​ ជីវិត​ និង​ សង្គម​…។ ទី២ / ជ្រើសរើស​ទី​កន្លែង​ ពេល​វេលា​ (កាល​អាកាស​ ) ៖ យើង​​ត្រូវ​កំណត់​ថា តើ​រឿង​ដែល​យើង​ចង់សរសេរ​ចាប់​ផ្ដើម​នៅកន្លែង​ណា​ ពេលណា​ ហើយ​បញ្ចប់​នៅ​កន្លែង​ណា​ ពេលណា​។ ទី៣ / ការ​ជ្រើសរើស​តួអង្គ​ ៖ តើ​​តួអង្គ​ក្នុង​រឿង​នោះ​មាន​លក្ខណៈ​ដូចម្តេច​ រូបរាង​ មុខ​មាត់​ អាកប្បកិរិយា​ សកម្មភាព​ …។ ទី៤ / ការ​និទាន​ ៖ តើ​សាច់​រឿង​យើង​សរសេរនោះ​ យើង​គួរនិទាន​បែប​បុរស​ទីមួយ​ ឬ​និទាន​បែប​បុរស​ទី​បី​។ ទី៥ / ទំនាស់​ក្នុង​សាច់​រឿង​ ៖ តើ​​ជា​ទំនាស់​រវាង​តួអង្គ​និងតួអង្គ​ តួអង្គ​និង​តួអង្គ​ខ្លួន​ឯង​ ឬ​តួអង្គ​ជាមួយ​សង្គមារម្មណ៍។ ទី៦ / កំណត់​ព្រំដែន​នៃ​រឿង​ ៖ តើ​រឿង​យើង​សរសេរនោះ​ សរសេរ​ក្នុង​បរិបទណា​។ កុំ​ព្យាយាម​ហែក​សាច់​រឿង​បន្ថែម​។ ទី៧ / ការ​បញ្ចប់​ ៖ ក្នុង​ការ​សរសេរ​រឿង​ខ្លី​ យើង​​មិន​ត្រូវ​បញ្ចប់​ដោយ​ប្រាប់​អ្នកអាន​ត្រង់​ៗ​ ពី​អ្វី​ដែល​យើង​ចង់ឱ្យអ្នក​បាន​ដឹង​នោះ​ឡើយ​ តែយើង​ត្រូវ​ធ្វើ​យ៉ាងណា​ ដើម្បី​​ឱ្យ​​អ្នក​អាន​អាច​យល់បាន​ពី​អ្វី​ដែលជា​សារ ​(Message) សំខាន់ដែល​យើង​ចង់​ផ្ដល់ឱ្យពួកគាត់​។” នេះ​គ្រាន់តែ​ជាការ​បង្ហាញ​ត្រួសៗមុន​របស់ កវីនិពន្ធខ្មែរល្បីឈ្មោះ​ លោក ស៊ូ ខេមរិន្ទ មុនប៉ុណ្ណោះ! ដោយ​បើ​លោក​អ្នក​ចង់​ដឹង​ច្បាស់​លម្អិត គឺអាច​ចុះឈ្មោះ​ចូលរួមនៅថ្ងៃ​នោះបាន គឺថ្ងៃ​ព្រហស្បតិ៍ ទី២៥ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ឯង។

មុននឹង​បិទ​បញ្ចប់​បទសម្ភាសន៍ លោក​ក៏បាន​ថ្លែង​ថា “ជាចុងក្រោយ​ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ គេហទំព័រអ្នក​និពន្ធកម្ពុជា www.cambowriter.com  ដែល​តែងតែ​ចុះផ្សាយ​ពី​អ្នក​និពន្ធ​កម្ពុជា​ ក៏​ដូច​រូបខ្ញុំ​ផ្ទាល់​។ ខ្ញុំ​សង្ឃឹម​ថា​អ្នកនិពន្ធ​ខ្មែរ​យើង​ នឹងបន្ត​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ ដើម្បី​បើកទ្វារ​អក្សរ​សិល្ប៍​ខ្មែរ​ ទៅកាន់​សេរីភាព​នៃ​គំនិត​។

កវី​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី​ល្បីឈ្មោះ លោក​ ស៊ូ​ ខេមរិន្ទ

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា ​កវី​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី​ល្បីឈ្មោះ លោក​ ស៊ូ​ ខេមរិន្ទ​ មានដើម​កំណើតនៅ​ទឹក​ដី​ខេត្ត​កំពង់​ធំ​។ ​មាន​ឪពុក​ឈ្មោះ​ ស៊ូ​ ឈុន​អេង​  និង​ម្ដាយ​ឈ្មោះ​ ផាវ​ ចន្ធូ​ ដោយ​លោក​ជាកូនទីបួនក្នុង​គ្រួសារ​ក្នុង​ចំណោម​បងប្អូនបង្កើត​ចំនួន​៤នាក់។ សព្វថ្ងៃ ក្រៅ​ពី​មាន​ងារ​ជាកវីនិពន្ធខ្មែរដ៏ល្បីល្បាញនៅកម្ពុជាមួយរូប លោក​ជា​គ្រូ​បង្រៀន​កម្រិត​ឧត្ដម​នៃ​សាលា​គរុកោសល្យ​និង​វិក្រឹតការ​​ ខេត្ត​កំពង់​ធំ។ ហេតុនេះ បើលោក​អ្នកចង់​ជ្រាប​ច្បាស់ថា តើ​លោក​នឹង​ចែករំលែក​អ្វី​ខ្លះ​អំពីរឿងខ្លី? និងចង់​ដឹង​ច្បាស់​ពីវិធីសាស្ត្រ​ក្នុង​ការ​និពន្ធ​រឿងខ្លី​ឱ្យបាន​ល្អ​នោះ? លោកអ្នក​​អាច​ចូលរួម​នៅថ្ងៃ​នោះ​បាន នោះ​លោក​អ្នក​មុខជា​បាន​ដឹង​ច្បាស់​ជាក់​ជាមិនខាន។ សូមអរគុណ៕​

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ កវីនិពន្ធខ្មែរ ស៊ូ ខេមរិន្ទ / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!