“សំនៀងដួងចិត្ត” ស្នាដៃ​ថ្មី​​របស់​អ្នក​និពន្ធល្បី ឆិម ប៊ុនឆា

  • October 31st, 2021

ការនិពន្ធបោះពុម្ពស្នាដៃ​ជាសៀវភៅផ្នែកអ្វីមួយ ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តអ្នកអាន មិនមែនជារឿងងាយស្រួលឡើយ ព្រោះស្នាដៃនោះចាំបាច់​ត្រូវតែល្អ ប្រកបដោយខ្លឹមសារអប់រំ ឬអាច​ផ្ដល់ជាប្រយោជន៍ដល់ការរស់នៅអ្វីមួយ​ចំពោះអ្នកអាន នោះទើបអាច​ទៅរួច ផ្ទុយទៅវិញ បើអ្នកនិពន្ធសរសេរឱ្យតែបាន ឱ្យតែចប់ៗដោយមិនគិតពីគុណភាព ឬផលប៉ះពាល់នោះ ពិតណាស់ថា ស្នាដៃនោះមុខជាទទួលរងនូវការវាយប្រហារពីអ្នកអាន ឬរកការទិទៀនពីសំណាក់មហាជនគ្រប់ទិសទីយ៉ាងប្រាកដ។

អ្នកនិពន្ធ ឆិម ប៊ុនឆា និងស្នាដៃនិពន្ធ​ថ្មី​ទី៣ “សំនៀង​ដួងចិត្ត”​

បើនិយាយពីអ្នកនិពន្ធកម្ពុជាបច្ចុប្បន្ន អ្នកនិពន្ធ ឆិម ប៊ុនឆា អាចចាត់ថាជាអ្នកនិពន្ធដែលមានទឹកដៃ​ល្អកម្ររកមួយរូប ព្រោះស្នាដៃ​ដែលលោកនិពន្ធ​ទាំងប៉ុន្មាន មិនថាជា​ផ្នែក​កំណាព្យ ឬអត្ថបទអប់រំខ្លីៗនោះទេ គឺសុទ្ធតែ​ទទួលបាន​នូវការគាំទ្រ​​ខ្លាំង​ពី​អ្នកនិពន្ធការអាន​ទាំងអស់ ជាពិសេស​ស្នាដៃ “វាចាមាសរបស់ម៉ែ” ដែលលោកចេញផ្សាយកាលពីឆ្នាំមុន ពេលដែលលោកនៅជាព្រះសង្ឃ​តែម្ដង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ បន្ទាប់ពីលោក​សឹកមករស់នៅក្នុងជីវភាពជាមនុស្ស​សាមញ្ញមិនបានប៉ុន្មាន លោកក៏បានចេញផ្សាយស្នាដៃ​ថ្មីមួយក្បាលទៀត កាលពីប៉ុន្មានថ្ងៃមុននេះ មានចំណងជើងថា “សំនៀង​ដួងចិត្ត”​ ស្ដាប់ទៅឃើញថា គួរឱ្យឆាប់អារម្មណ៍ចង់អាន​យ៉ាងខ្លាំង។ ទាក់ទងនឹងសៀវភៅថ្មីនេះ លោកបានបង្ហាញ​ប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ថា “សៀវភៅ​សំនៀង​ដួងចិត្ត​ ជា​ស្នាដៃ​ទី​៣របស់​ខ្ញុំ​ ដោយសៀវភៅមុនៗ​ មាន​ចំណង​ជើង​ថា​ វាចាមាសរបស់ម៉ែ​ និង​ តំណក់​ទឹក​ភ្នែក​ម៉ែ ​ ហើយ​ក្នុង​នោះសៀវភៅ​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ គឺ​សៀវភៅ​ វាចាមាសរបស់ម៉ែ​ “។

​”វាចាមាសរបស់ម៉ែ​” សៀវភៅដ៏ល្បីរបស់អ្នកនិពន្ធ ឆិម ប៊ុនឆា ស្នាដៃ​ទី១

លោក​​បាន​បន្ត​ប្រាប់គេហទំព័រទៀតថា លោក​នឹង​​នៅ​តែ​បន្ត​​ចេញ​ផ្សាយស្នាដៃ​ថ្មីៗ​បន្ថែមទៀត ប្រសិនបើ​ប្រិយមិត្ត​​នៅ​តែ​មាន​អ្នក​គាំទ្រស្នាដៃរបស់លោកបន្ត​ទៀត ហើយចំពោះស្នាដៃ​បន្ទាប់​ពីសៀវភៅ “សំនៀង​ដួងចិត្ត”​ ដែលលោក​ទើបតែចេញផ្សាយនេះ លោក​សុំលាក់​ចំណងជើង និងកាលបរិច្ឆេទ​សិន ដើម្បី​ពញ្ញាក់អារម្មណ៍ប្រិយមិត្ត​របស់​លោក​ពេលក្រោយ។ ចេញ​ផ្សាយ​ក៏មិន​ទាន់​មិន​ទាន់ច្បាស់ទេ។ លោកបាន​បង្ហាញ​ពីរយៈពេល​ក្នុង​ការ​និពន្ធសៀវភៅថ្មីនេះ​យ៉ាង​ដូច្នោះថា “សៀវភៅនេះ ខ្ញុំបានប្រើរយៈ​ពេលជិត​មួយ​ឆ្នាំ​ ទម្រាំ​សរសេរ​សៀវភៅ​ចប់ ដោយ​សារមាន​ផល​លំបាក​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​យឺតយ៉ាវ​ក្នុង​ការ​ចេញ​បញ្ចប់និង​ចេញ​ផ្សាយស្នាដៃ​នេះ ក្នុង​នោះ ​បញ្ហា​សុខភាព​ និងជំងឺ​កូវីត គឺ​​ជា​ដើម​ចម​ដ៏ចម្បង​បំផុត។” លោក​បន្ថែម “ហើយ​ចំពោះ​ចំណុច​ពិសេស​នៃ​សៀវភៅ ​សំនៀង​ដួងចិត្ត​ នេះ​គឺ​មាន​គ្រប់​រសជាតិ​តែម្ដង​ ទាំងអប់រំ​ លើក​ទឹកចិត្ត​ គ្រួសារ​ និង​ស្នេហា​… ។”

“តំណក់ទឹកភ្នែកម៉ែ” សៀវភៅដ៏ល្បីរបស់អ្នកនិពន្ធ ឆិម ប៊ុនឆា ស្នាដៃ​ទី២

បើស្ដាប់​តាមការ​រៀបរាប់​របស់លោក ពិតណាស់ថា ស្នាដៃ​ថ្មី​របស់​លោក​នេះ មុខជាផ្ដល់​នូវចំណេះដឹង និង​បទពិសោធន៍​ជីវិត​ដ៏​ថ្មី​មួយ​ផ្សេងទៀតដល់​ប្រិយមិត្ត​អ្នកអានមិនខាន។ សៀវភៅ​ “សំនៀង​ដួងចិត្ត​” នេះ ទើបតែបានចេញ​ផ្សាយ​ជា​ផ្លូវការកាលពី​ថ្ងៃសៅរិ៍​ ទី៣០​ ខែតុលា​ ឆ្នាំ២០២១ ថ្មីៗនេះឯង! ដូច្នេះ បើ​លោក​អ្នកចាប់​អារម្មណ៍ចង់​ជាវ​យកទៅអាន លោកអ្នក​អាច​រកទិញបាន ​តាម​រយ:​ ផេក​  https://www.facebook.com/vmrmbook  ឬ​អាច​ទំនាក់​ទំនងទិញបាន​តាម​រយៈ​អាខោន​ហ្វេសប៊ុគផ្ទាល់​របស់​អ្នក​និពន្ធ​ក៏បាន​ ដែល​មាន​ឈ្មោះ​ថា​ ឆិម​ ប៊ុន​ឆាhttps://www.facebook.com/profile ក៏ដូចជា​នៅតាម​បណ្ណាគារ​ក្នុង​ទីក្រុង​ភ្នំពេញផងដែរ ក្នុង ​តម្លៃ​ ៣២.០០០៛​ (ឬ ៨ដុល្លារ)​។

ជាចុងក្រោយមុននឹងបញ្ចប់ អ្នក​និពន្ធ ឆិម ប៊ុនឆា ក៏បាន​ថ្លែងថា “ជា​ចុងក្រោយ​ខ្ញុំមិនមានអ្វីច្រើន​នោះទេ! ​គ្រាន់តែមុន​នឹង​បញ្ចប់ ខ្ញុំសូម​អរគុណ​ដល់​មិត្ត​អ្នក​អាន​ទាំងអស់​ ដែល​តែងតែ​និយម​គាំទ្រ​ចំពោះ​ស្នាដៃ​របស់​អ្នក​និពន្ធ​ខ្មែរ​គ្រប់​រូប​ និង​សូម​អរគុណ​ដល់ ​គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា cambowriter.com  ​ ដែលតែង​តែចុះ​ផ្សាយ​រាល់​ស្នាដៃ​ថ្មី​ៗ​របស់​អ្នក​កម្ពុជា​ទាំង​អស់ដោយមិន​ប្រកាន់​វ័យ ឬស្នាដៃថ្មីចាស់​។ ខ្ញុំសូមជូនពរ​ឱ្យមិត្តអ្នកអាន​ទាំង​ឡាយ​មាន​សុខភាព​ល្អ​ ​សំណាង​ល្អ​ និង​ជោគជ័យគ្រប់ៗគ្នា។”

អ្នកនិពន្ធ ឆិម ប៊ុនឆា ក្នុងសកម្មភាពកំពុងពិនិត្យស្នាដៃមួយ

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា អ្នក​និពន្ធ ឆិម ប៊ុនឆា ដែល​ទើប​​តែចេញផ្សាយ​ស្នាដៃ “សំនៀង​ដួងចិត្ត” នេះ លោក​បួស​ក្នុងឆ្នាំ២០០៥​ នៅ​​ពេលមាន​​អាយុ​១៧ឆ្នាំ នៅវត្តស្វាយស ស្ថិត​ក្នុងស្រុក​ភ្នំស្រុក, ខេត្ត​បន្ទាយមានន័យ និងសឹកមកវិញ​នៅ​ខែតុលា​ ឆ្នាំ២០២០​ សរុបមានរយៈ​ពេល​១៥ឆ្នាំឯណោះ។ លោក​គឺជាម្ចាស់ស្នាដៃ​​ស្នាដៃសៀវភៅ​ “វាចាមាសរបស់ម៉ែ” ដ៏ល្បី និង​លក់ដាច់​យ៉ាង​ខ្លាំងកន្លងមក។ លោកកើត​នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៨៩, នៅ​ភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ, មានឪពុកនាម អ៊ុច ឆឺន និងម្តាយនាម សៀន ថង ។​ តើ​លោកអ្នក​ចង់​ដឹងថា “សំនៀង​ដួងចិត្ត” ស្នាដៃ​ថ្មី​របស់លោក​មាន​គុណតម្លៃ​យ៉ាងណាខ្លះទេ? បើ​ចង់​ដឹង​សូមកុំភ្លេចណា៎ សូមជាវយកទៅអានទាំងអស់គ្នា ដើម្បីបង្កើនគុណភាពជីវិតឱ្យបានកាន់តែប្រសើរ តាមរយៈវិធីដែល​លោកបាន​បង្ហាញខាងលើ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ឆិម ប៊ុនឆា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!