“តំណក់ទឹកភ្នែក” ទឹកដៃថ្មីលើស្នាដៃចាស់ របស់យុវសមណៈ ឆិម ប៊ុនឆា

  • January 14th, 2020

តំណក់​ទឹកភ្នែក គឺជាស្នាដៃ​និពន្ធ​មួយរបស់ យុវសមណៈ ឆិម ប៊ុនឆា ដែល​ធ្លាប់​បោះពុម្ពផ្សាយ​ម្ដង​រួច​មក​ហើយ​កាល​ពីឆ្នាំ២០១០ តែដោយ​លោក​មើល​ឃើញថា សៀវភៅនេះ​មាន​គុណតម្លៃ​ល្អ​ចំពោះ​អ្នក​អាន លោក​ក៏បាន​សម្រេច​បោះ​ពុម្ព​ស្នាដៃ​និពន្ធ​ដ៏ល្អ​នេះ​ជាថ្មីម្ដងទៀត ដោយ​​​ការ​បោះពុម្ព​ច្បាប់​ថ្មី​នេះ​ គឺ​ខុស​គ្នាស្ទើរ​តែទាំង​ស្រុង​ពី​សំណៅចាស់ ​ដោយ​បាន​បញ្ចូល​អត្ថបទ​ថ្មីៗ​ និង​រឿង​ខ្លីៗ​ជា​ច្រើនបន្ថែមទៀត​ ដែល​ធ្វើ​ឱ្យ​សៀវភៅ​ថ្មីនេះ មាន​កម្រាស់​ក្រាស់​ជាង​មុនរហូត​ដល់ទៅ​ជាង២៥០ទំព័រឯណោះ​។

សៀវភៅ “តំណក់ទឹកភ្នែក” ស្នាដៃនិពន្ធរបស់ យុវសមណៈ ឆិម ប៊ុនឆា

យុវសមណៈ ឆិម ប៊ុនឆា ម្ចាស់​ស្នាដៃ​ខាង​លើ បាន​បញ្ជាក់បង្ហាញប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ថា “តំណក់​ទឹកភ្នែក គឺជា​ស្នាដៃ​មួយ​ដែល​និយាយ​ផ្តោត​សំខាន់ទៅ​លើ​​រឿងពិតរបស់ស្ត្រីដែល​ជា​ម្តាយ​ និង​ស្ត្រី​ដែល​ជា​ភរិយា​ជា​ច្រើន​រូប​ ដែល​ពួក​គាត់​ធ្លាប់​និយាយ​ប្រាប់​អាត្មា។ សៀវភៅ​នេះ​ធ្លាប់​បោះពុម្ព​រួច​ម្តងហើយ​កាល​ពី​ឆ្នាំ​២០១០។ សម្រាប់​ក្របសៀវភៅនេះ ​គូរ​ដោយ​វិចិត្រករ​ដ៏ល្បីឈ្មោះ​ លោក ថៃ​ សាន​  ហើយ​ចំពោះ​តម្លៃ ខាង​ក្រុម​ការងារដាក់លក់​ក្នុង​តម្លៃត្រឹមតែ​​ ២៨.០០០រៀល​(៧ដុល្លារ)​ ដោយ​អាច​រក​ទិញ​បាន​តាម​រយៈ​ហ្វេសប៊ុកផេក​វាចាមាស​របស់ម៉ែ​ https://www.facebook.com/vmrmbook/ និង​តាម​ហាង​លក់​សៀវភៅ​ផ្សេង​ៗមួយចំនួន​ទៀតក្នុង​រាជធានី​​ភ្នំពេញ​ និង​តាម​បណ្តាខេត្ត​មួយ​ចំនួនផ្សេងទៀត ដែលជាបណ្ដាញលក់​របស់សៀវភៅ​នេះ​។”

សៀវភៅ “វាចាមាសរបស់ម៉ែ” សៀវភៅដ៏ល្បីរបស់ យុវសមណៈ ឆិម ប៊ុនឆា

យុវសមណៈ ឆិម ប៊ុនឆា ​បាន​បន្ថែមទាក់​ទង​នឹង​គម្រោង​​បង្ហាញ​ស្នាដៃ​ផ្សេងៗ​ទៀតថា “អាត្មា​​មាន​គម្រោង​បោះ​ពុម្ព​សៀវភៅ​ជា​ច្រើន​​មុខទៀត​នៅ​ក្នុង​ឆ្នាំ​២០២០នេះ​ ​ដូចជា​សៀវភៅ​ សំនៀង​ដួង​ចិត្ត​,​ សាលារៀន​ជីវិត​,​ វិបត្តិ​បេះដូង និង​ រឿង​និទាន​ទូន្មាន​ជីវិត ជាដើម…​ តែចំពោះ​​ថ្ងៃ​ចេញ​ផ្សាយ ​គឺអាត្មា​នៅ​​មិន​ទាន់​​បាន​កំណត់​ច្បាស់​នៅ​ឡើយ​ទេ ដោយ​នឹង​បង្ហាញ​ឱ្យបាន​ដឹង​នៅពេល​ខាង​មុខទៀត​។”

យុវសមណៈ ឆិម ប៊ុនឆា និងសៀវភៅ “តំណក់ទឹកភ្នែក” 

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា យុវសមណៈ ឆិម ប៊ុនឆា ម្ចាស់​ស្នាដៃសៀវភៅ “វាចាមាសរបស់ម៉ែ” ​ដែល​ជា​ស្នាដៃ​​មួយ​​ដ៏​ល្បី លក់ដាច់ខ្លាំង ដោយត្រឹមតែរយៈពេលបីខែប៉ុណ្ណោះ មានការបោះពុម្ពផ្សាយ​ឡើង​វិញ​រហូត​ដល់ទៅបីដង ដោយ​នឹង​បោះពុម្ព​លើកទី៣នៅចុងខែមករានេះ ឯសៀវភៅ “តំណក់ទឹកភ្នែក” ដែលនិយាយ​រៀបរាប់​ខាង​លើ​នេះវិញ លោកនឹងបោះពុម្ពផ្សាយជាផ្លូវការ​នៅ​ក្នុង​ខែកុម្ភៈ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គ្រាន់តែបើកឱ្យមានការទទួលកក់ភ្លាម គឺមានប្រិយមិត្តជាច្រើនបានកក់សៀវភៅដ៏ល្អនេះទុកមុនរហូតដល់ទៅជាង៦០០ក្បាលឯណោះ គឺពិតជាច្រើនមិនធម្មតាឡើយ។ ​ក្រៅពីមាន​អាជីពជាអ្នកនិពន្ធកម្ពុជាមួយរូប បច្ចុប្បន្ន​លោក​គឺជានិស្សិតកំពុងរៀនត្រៀមចូល “មហាវិទ្យាល័យ CCP College” នៅទីក្រុង​ Philadelphia រដ្ឋ Pennsylvania, សហរដ្ឋ​អាម៉េរិក។ ដូច្នេះ​ ដើម្បី​ចង់​ដឹងថា តើ​សៀវភៅ “តំណក់​ទឹក​ភ្នែក” ដែលជា​ទឹក​ដៃ​ថ្មី​លើ​ស្នាដៃ​ចាស់​របស់​លោក​ មាន​អត្ថន័យ​ខ្លឹម​សារ​ល្អ​យ៉ាង​ណា​ខ្លះ​នោះ លោក​អ្នក​អាច​ជាវ​យក​ទៅ​អាន​​នៅពេល​ចេញ​ផ្សាយ​បាន ដោយ​យើង​ខ្ញុំ​ជឿ​ជាក់​ថា លោក​អ្នក​មុខជាមិនខកបំណងឡើយ។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ឆិម ប៊ុនឆា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!