សៀវភៅ “មនុស្សបាក់ទឹកចិត្ត” របស់អ្នកនិពន្ធ គឹម ឌីណា នៅតែទទួលបានការគាំទ្រខ្លាំង បើទោះជាបោះពុម្ព៣លើក រួចទៅហើយក្តី

  • February 20th, 2020

សៀវភៅ មនុស្សបាក់ទឹកចិត្ត ជាសៀវរភៅប្រជុំទៅដោយរឿងខ្លីៗ ដែលនិយាយពីបញ្ហារបស់ស្ត្រី និងបទពិសោធបាក់ទឹកចិត្តបស់អ្នកនិពន្ធក្នុងរឿងការងារ ស្នេហា និងសុខភាព។ រឿងដែលទទួលបានការគាំទ្រខ្លាំងជាងគេគឺ កូនអ្នកជិតខាង។ សៀវភៅនេះ ត្រូវបានលក់ដាច់ស្ទើរអស់ បើគិតចាប់ពីខែវិច្ឆិកាឆ្នាំ ២០១៩ មកទល់នឹងចុងខែកុម្ភៈនេះ។ បច្ចុប្បន្ន សៀវភៅនេះនៅសល់ និងមានដាក់លក់នៅលើផេក Creator Book ប្រមាណជាង ១០ ក្បាល និងហាង DJ Nana Shop ប្រហែល ៣០ក្បាលតែប៉ុណ្ណោះ។ នេះតើបើតាមការឱ្យដឹងរបស់ លោក ឃុត សុខឿន នាយកគ្រប់គ្រងគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ CREATOR ដែលទទួលបានសិទ្ធិលក់ និង ចែកចាយផ្តាច់មុខសៀវភៅ “មនុស្សបាក់ទឹកចិត្ត”

សៀវភៅ “មនុស្សបាក់ទឹកចិត្ត” ស្នាដៃនិពន្ធ កញ្ញា គឹម ឌីណា

នៅក្នុងកិច្ចសម្ភាសមួយជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា / cambowriter.com “  កញ្ញា គឹម ឌីណា ដែលជា​ម្ចាស់ស្នាដៃសៀវភៅ  មនុស្សបាក់ទឹកចិត្ត នេះ​បានឱ្យដឹងថា “សៀវភៅនេះទទួលបានការគាំទ្រច្រើនជាងគេ ក្នុងចំណោមស្នាដៃទាំងអស់របស់នាងខ្ញុំ ហើយ​នាងខ្ញុំសង្កេតឃើញថា តាំងតែពីការបោះពុម្ពលើកទី១មក រយៈពេលនៃការលក់សៀវភៅនេះម្តងៗ គឺប្រើពេលប្រមាណតែជាង៣ខែតែប៉ុណ្ណោះ គឺតែងតែដាច់​ស្តុក​រហូត។” អ្នកនិពន្ធល្បី​ឈ្មោះ​ខាងលើរំលឹកថា “សៀវភៅរបស់នាងខ្ញុំបានបោះពុម្ពលើកទី១ នៅខែកញ្ញា ឆ្នាំ ២០១៨, បោះពុម្ពលើកទី២ នៅខែវិច្ឆិកា ឆ្នាំ ២០១៨ និងលក់អស់ក្នុងអំឡុងខែមករា ឆ្នាំ២០១៩។ ក្រោយការបោះពុម្ពលើកទី២ ទោះជាសៀវភៅអស់ពីទីផ្សារក៏ដោយ ក៏នាងខ្ញុំមិនបានបោះពុម្ពលើកទី៣ភ្លាមៗដែរ។ ការណ៍នេះ ក៏ព្រោះតែនាងខ្ញុំ​មានបញ្ហាផ្ទាល់ខ្លួនមួយចំនួន ជាពិសេសទាក់ទងនឹងសុខភាព។” នេះ​ជា​ការរៀបរាប់របស់​កញ្ញា គឹម ឌីណា ក្នុងការបោះពុម្ពសៀវភៅលើកទី៣របស់​កញ្ញា។ កញ្ញា​បាន​បន្តថា “ប៉ុន្តែក្រោយមក ពេលដែលកញ្ញា​ធូរស្រាលបន្តិច និងបន្ទាប់ពីបានចាប់ផ្តើមការងារជាមួយគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ CREATOR កញ្ញា​ក៏បានសម្រេចចិត្តបោះពុម្ពសៀវភៅនេះជាលើកទី៣ នៅចុងឆ្នាំ ២០១៩ នេះឯង។”

ប្រិយមិត្តកំពុងអានសៀវភៅ “មនុស្សបាក់ទឹកចិត្ត” ក្នុងពិធីពិណ័រណ៌សៀវភៅធំមួយ

ជាការគួរឱ្យកត់សម្គាល់ សៀវភៅ មនុស្សបាក់ទឹកចិត្ត នៅតែពេញនិយមខ្លាំងពីសំណាក់​ប្រិយមិត្ត​អ្នក​អានដដែល បើទោះជាសៀវភៅនេះធ្លាប់​បោះពុម្ពចេញផ្សាយ​ដល់ទៅដងទៅហើយ​កន្លងមកក៏ដោយ ហើយ​ដោយមើល​ឃើញពីតម្រូវការនៃ​​សៀវភៅមួយ​ក្បាល​នេះ គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ CREATOR ដែលទើបនឹងទទួលបានសិទ្ធិបោះពុម្ពចែកផ្សាយសៀវភៅនេះ ក៏ចម្រេចចិត្តថា​នឹងធ្វើការបោះពុម្ពសៀវភៅនេះ​ជាលើកទី៤ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ដើម្បីបំពេញតម្រូវការមិត្តអ្នកអានផង ក៏ដូចជាដើម្បី​ក្នុងន័យចូលរួមចំណែកលើកទឹកអ្នកអាន ជាពិសេសស្ត្រីឱ្យមានភាពក្លាហាន តស៊ូ និងប្រឹងប្រែងក្នុងការសម្រេចក្តីក្ដីសុបិនរបស់ខ្លួន។

កញ្ញា គឹម ឌីណា និងស្នាដៃសៀវភៅ “មនុស្សបាក់ទឹកចិត្ត” ដ៏ល្បីរបស់កញ្ញា

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា សៀវភៅ មនុស្សបាក់ទឹកចិត្ត ជាស្នាដៃ​និពន្ធ​របស់​ កញ្ញា គឹម ឌីណា អ្នកនិពន្ធកម្ពុជាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងមួយ​រូប ដែលមាន​ដើមកំណើតនៅក្រុងភ្នំពេញ។ បច្ចុប្បន្ន ក្រៅ​ពីមានអាជីព​ជា​អ្នកនិពន្ធ កញ្ញា​គឺជា​​​ពិធីការិនីឯករាជ្យដ៏ស្រស់​ស្អាត​មួយរូប ពោរពេញដោយ​សំនួនវោហារស័ព្ទផងដែរ។ ដូច្នេ ប្រសិនបើ​លោក​អ្នកដែលមិនទាន់បានអានសៀវភៅរបស់​កញ្ញា ចង់ដឹងថា តើ​សៀវភៅនេះ​មានអត្ថន័យខ្លឹមសារសម្បូរបែបយ៉ាងណានោះ? លោក​អ្នក​អាច​រកជាវពីតាមរយៈ​ហ្វេស​ប៊ុកផេក Creator Book https://www.facebook.com/creatorbooksale/ និងនៅតាមបណ្ណាគារមួយចំនួនបានផងដែរ។ សូមអរគុណ៕

សម្រួលអត្ថបទ និងរក្សាសិទ្ធិ ដោយ ៖ cambowriter.com  / រូបភាពផ្ដល់ដោយ ៖ Creator Book


error: អត្ថបទរក្សាសិទ្ធ !!