CREATOR គ្រឹះស្ថានអាជីវកម្មថ្មីមួយ ដែលធ្វើការងារលើសពីការផលិតបោះពុម្ពចែកផ្សាយសៀវភៅ

  • March 9th, 2020

បច្ចុប្បន្នវិស័យតែងនិពន្ធ​នៅកម្ពុជាហាក់​មាន​សន្ទុះ​រីក​ចម្រើនគួរឱ្យ​កត់​សម្គាល់​យ៉ាង​ខ្លាំង ដោយ​មាន​សៀវភៅល្អៗ​​និពន្ធ​ថ្មីៗ និង​អ្នកនិពន្ធ​ឆ្នើមៗក្មេងៗលេច​មុខ​ឡើង​ជាច្រើន ជាពិសេស​បំផុត​នោះ គ្រឹះស្ថាន​ថ្មីៗមួយចំនួន ដែល​ធ្វើ​ការ​លើ​ផ្នែក​ផលិត​បោះពុម្ពផ្សាយ​សៀវភៅ ក៏មានចំនួន​កើន​ឡើង​គួរឱ្យចាប់​អារម្មណ៍ផងដែរ ដែលជាការ​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពីភាព​រីកចម្រើន​នៃការ​តែងនិពន្ធ និងការផលិត​បោះពុម្ពផ្សាយ​ មិនអាច​ប្រកែក​បាន។ ក្នុង​នោះ CREATOR គឺជា​គ្រឹះស្ថាន​ថ្មីមួយ ក្នុង​ចំណោម​គ្រឹះស្ថានមួយចំនួន​ដែល​ទើបនឹងបង្កើតឡើង ដែល​មាន​​លក្ខណៈ​​សកម្មភាព​ការងារ​ប្លែកថ្មី គួរឱ្យ​​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។

លោក ឃុត សុខឿន និងសហស្ថាបនិក CREATOR ពីររូបទៀតគឺ កញ្ញា គឹម ឌីណា និង កញ្ញា រ៉េត ច័ន្ទបុប្ផា

ដូច្នេះ ដើម្បីបាន​ដឹង​ច្បាស់​ពីគ្រឹះស្ថាន​ CREATOR ថា​​យ៉ាង​ណា​ខ្លះ​នោះ នៅខណៈ​នេះ “គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” ក៏សូម​លើក​យកនូវបទសម្ភាសន៍ទាំង​ស្រុង​ដែល​បាន​​ធ្វើ​ឡើង​ជាមួយ លោក ឃុត សុខឿន សហស្ថាបនិក​មួយរូប និង​កំពុងកាន់តួនាទីជា​នាយកគ្រប់គ្រងនៃគ្រឹះស្ថានអាជីវកម្មនេះ បង្ហាញ​ជូន​ឱ្យ​លោក​អ្នក​បាន​ដឹង​លម្អិត​ដូច​តទៅ ៖​ ​

-ជម្រាប​សួរ​លោក​ ឃុត សុខឿន … តើ​លោក​អាច​ជម្រាប​បាន​ទេថា តើ Creator ជាអ្វី? បង្កើត​ឡើង​ក្នុង​ថ្ងៃ​ខែឆ្នាំណា? ដោយនរណាខ្លះ? និង​ធ្វើ​ការ​លើ​ផ្នែកអ្វីខ្លះ?

ចម្លើយ ៖ បាទជម្រាប​សួរ!  CREATOR គឺជាគ្រឹះស្ថានអាជីវកម្ម​ថ្មីមួយ ដែលត្រូវបាន​បង្កើតឡើងនៅចុងឆ្នាំ២០១៨ ដើម្បីផ្តល់សេវាធំៗចំនួនបីគឺ រួមមាន​ដូចជា Creator Digital ផ្តល់សេវាឌីជីថលម៉ាឃីធីង Digital Marketing), Creator Event ផ្តល់សេវារៀបចំកម្មវិធី និងការបណ្តុះបណ្តាល  (Event Management and Training) និង Creator Book ផ្តល់សេវាការបោះពុម្ពផ្សាយ និងលក់សៀវភៅ (Publishing and Book sale) ។

CREATOR ត្រូវបានបង្កើតឡើងដោយបុគ្គលចំនួន៥រូប ប៉ុន្តែបច្ចុប្បន្ននៅសល់តែ៣រូបប៉ុណ្ណោះ គឺខ្ញុំបាទ ឃុត សុខឿន, កញ្ញា គឹម ឌីណា និង កញ្ញា រ៉េត ច័ន្ទបុប្ផា។ ក្រៅពីនេះ យើងក៏នៅ​មានទីប្រឹក្សាផ្នែកឌីជីថល ដែលនៅគាំទ្រពីខាងក្រោយផងដែរ។

នៅក្រោមឆ័ត្ររបស់ CREATOR, Creator Book បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអាន និងការសរសេរនៅកម្ពុជា។ យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកនិពន្ធខ្មែរ និង​ស្ថាប័នពាក់ព័ន្ធមួយចំនួន។ ជាមួយគ្នានេះ យើងបានជួយអ្នកនិពន្ធខ្មែរក្នុងការលក់សៀវភៅតាមវេទិកាឌីជីថលផងដែរ។ Creator Book មានសេវាកម្មមួយចំនួនដូចជា ប្រឹក្សាផ្នែកតែងនិពន្ធ ប្រឹក្សាផ្នែកបោះពុម្ពផ្សាយ ធ្វើកិច្ចការបណ្ណាធិការ បោះពុម្ពស្នាដៃ និងលក់សៀវភៅជូនអ្នកនិពន្ធ។

-តើអ្វីជាបុព្វ​ហេតុដែលជំរុញឱ្យបង្កើត Creator នេះ​ឡើង?

ចម្លើយ៖ ដំបូងឡើយនៅចុងឆ្នាំ២០១៨ កញ្ញា រ៉េត ច័ន្ទបុប្ផា ដែលជាសហស្ថាបនិកមួយរូបរបស់ CREATOR បានមកជួបខ្ញុំ និងស្នើឱ្យរួបរួមគ្នាធ្វើជាក្រុមការងារមួយ។ កាលណោះ កញ្ញា​គ្រោងនឹងបង្កើតសេវាកម្មមួយ ដើម្បីផ្តល់សេវាកម្ម​ការអាន ការសរសេរ និងទិញសៀវភៅ ដោយការបង្កើតវេបសាយ និងអ៊ែប (App) ដែលមានឈ្មោះថា​ “និពន្ធ”។ គំនិតរបស់កញ្ញា​ដូចគ្នានឹងគំនិតរបស់ខ្ញុំ ដែលបានគិតទុកពីមុនមកដែរ តែខ្ញុំមិនចង់ធ្វើការត្រឹមតែជាមួយអ្នកនិពន្ធប៉ុណ្ណោះទេ។ ខ្ញុំចង់ធ្វើការជាមួយបណ្ដា​ជនទាំងឡាយ ដែលជួយលើកស្ទួយវប្បធម៌ខ្មែរដូចជា​ អ្នកនិពន្ធ, អ្នកដឹកនាំរឿង, តារាភាពយន្ត, សិល្បករសិល្បការិនី, តារាចម្រៀង, អ្នករបាំ, ជាងចម្លាក់, ជាងគំនូរ, អ្នកច្នៃប្រតិដ្ឋ, អ្នកស្រាវជ្រាវ, កវី, បណ្ឌិត, ព្រះសង្ឃ, គ្រូបង្រៀន … និងអ្នកដែលធ្វើការពាក់ព័ន្ធនឹងវប្បធម៌ខ្មែរជាច្រើនផ្នែកទៀត ដែល​បុគ្គល​ទាំងអស់​នេះ​ហើយ ​ គឺជាអ្នកពួតដៃគ្នាបង្កើតវប្បធម៌ខ្មែរដ៏ផូរផង់ឡើង។ បន្ទាប់​មក យើងក៏យល់ព្រមនឹងគ្នាចំពោះគំនិតនេះ។ ដូច្នេះហើយ ដើម្បីរំលឹកនឹកគុណដល់អ្នកទាំងអស់នោះ យើងក៏សម្រេចដាក់ឈ្មោះគ្រឹះស្ថានអាជីវកម្មរបស់យើងថា CREATOR ដែលមានន័យជាភាសាខ្មែរថា អ្នកបង្កើត ឬ អ្នកច្នៃប្រតិដ្ឋ ។ យើងយល់ថា ខ្មែរយើងម្នាក់ៗ គឺជាអ្នកបង្កើត ឬជាអ្នកច្នៃ (Creator) ប្រតិដ្ឋវប្បធម៌របស់យើង។

សកម្មភាពជួបជុំបុគ្គល​ក្នុង​វិស័យតែងនិពន្ធដ៏ធំមួយ ក្នុងកម្មវិធី “ប៉ាកកានារី” ដែលរៀបចំដោយ CREATOR

-តើរហូត​មកទល់​នឹង​ពេលនេះ Creator មានអ្នកនិពន្ធប្រចាំក្រុមប៉ុន្មាននាក់ហើយ? ​សម្រេច​សមិទ្ធផល​ការងារអ្វីខ្លះហើយ?

ចម្លើយ៖ CREATOR មិនមានអ្នកនិពន្ធប្រចាំក្រុមនោះទេ។ តាមរយៈ Creator Book យើងធ្វើការជាមួយអ្នកនិពន្ធផ្សេងៗ ដោយមិនប្រកាន់ក្មេងចាស់ ប្រុសស្រី  ល្បី ឬមិនល្បីនោះទេ។ យើងក៏ធ្វើការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយ បណ្ណាគារផ្សេងៗ អ្នកអាន និងអ្នកស្រាវជ្រាវផងដែរ។

មកទល់ពេលនេះ CREATOR  យើង​បានបោះពុម្ពផ្សាយនូវស្នាដៃជារឿងប្រលោមលោក ដែលជាការវិនិយោគរួមគ្នារវាងអ្នកនិពន្ធនិងគ្រឹះស្ថានរបស់យើង មានដូចជា រឿង “បេះដូងមួយនេះ”  សៀវភៅ “មនុស្សបាក់ទឹកចិត្ត” (បោះពុម្ពលើកទី៣) និងទទួលសិទ្ធិលក់ផ្តាច់មុខនូវរឿងមួយចំនួនដូចជា “ស្នេហ៍អស់ពីហប្ញទ័យ” “បុប្ផាណាផ្កាមិនរុះរោយ” “កម្រងរឿងស្នេហានិងការពិត” (រឿងប្រែ) រឿង “បាត់ស្រមោល”, រឿង “ជីវិតកូនថ្លៃកូនត្រូវតែរស់” (បោះពុម្ពលើកទី៣) និងលក់សៀវភៅរឿងពីសម័យមុន និងរឿងសម័យបច្ចុប្បន្នផ្សេងៗទៀតជាច្រើន។ ការបង្កើតមាតិកាផ្សេងៗសម្រាប់ធ្វើការឃោសនាផ្សព្វផ្សាយផលិតផល និងសម្រាប់ជំរុញការលក់តាមរបៀបឌីជីថល ត្រូវបានគាំទ្រដោយផ្នែក Creator Digital

ស្នាដៃសៀវភៅទាំងឡាយ ដែលមានលក់នៅ CREATOR

ក្រៅពីនេះ CREATOR  តាមរយៈ Creator Event កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី “ជំនួបអ្នកនិពន្ធស្ត្រី” ក្រោមប្រធានបទ “ប៉ាកកានារី៖ សំណេរនាង សំនៀងសង្គម” ដែលមានអ្នកចូលរួមជាង២០០នាក់ផងដែរ។ ហើយកន្លងមក យើងក៏​បានរៀបចំកម្មវិធីសម្ពោធ សៀវភៅ “ព្រៃរំដួល” របស់ “សមូហកម្មមន្តទឹកខ្មៅ” និង ផ្តល់សេវារៀបចំសិក្ខាសាលា និងកម្មវិធីផ្សេងៗទៀតឱ្យ “សមាគមអ្នកនិពន្ធខ្មែរ” ផងដែរ។

កម្មវិធី “ប៉ាកកានារី” ដែលរៀបចំដោយ CREATOR កន្លងមក

-តើ Creator បង្កើតឡើងក្នុងគោលបំណងសំខាន់ៗ​អ្វីខ្លះ?

ចម្លើយ៖ ដូចការ​រៀបរាប់​របស់​ខ្ញុំ​ក្នុង​សំណួរទី១ដែរ គឺមានគោលបំណងសំខាន់ៗចំនួន៣គឺ ៖ Creator Digital ផ្តល់សេវាឌីជីថលម៉ាឃីធីង (Digital Marketing), Creator Event ផ្តល់សេវារៀបចំកម្មវិធី និងការបណ្តុះបណ្តាល  (Event Management and Training) និង Creator Book ផ្តល់សេវាការបោះពុម្ពផ្សាយ និងលក់សៀវភៅ (Publishing and Book sale) ។

-តើ Creator បង្កើតឡើងនឹង​ផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗអ្វីខ្លះ?

ចម្លើយ៖ ជាដំណាក់កាលដំបូង តាមរយៈវេទិកាឌីជីល CREATOR សង្ឃឹមថានឹងអាចជួយពង្រីកទីផ្សារសៀវភៅរបស់អ្នកនិពន្ធឱ្យទៅដល់គ្រប់ជ្រុងជ្រោយនៃប្រទេសយើង។ ជាមួយគ្នានេះ យើងនឹងបង្កើតឱ្យមានព្រឹត្តិការណ៍តូចធំជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់អ្នកនិពន្ធ ពង្រឹងចំណងសាមគ្គីភាពរវាងអ្នកនិពន្ធនិងអ្នកនិពន្ធ អ្នកនិពន្ធនិងអ្នកអាន បង្កើតវគ្គបណ្តុះបណ្តាល ឬជំនួបផ្សេងៗ ដើម្បីចែករំលែកចំណេះដឹងផ្នែកតែងនិពន្ធដល់អ្នកដែលស្រឡាញ់ការសរសេរ។ អត្ថប្រយោជន៍សំខាន់ដែល CREATOR ចង់ផ្តល់ឱ្យអ្នកនិពន្ធគឺ យើងចង់រួមចំណែកលើកកម្ពស់ជីវភាពរបស់អ្នកនិពន្ធ តាមរយៈស្នាដៃរបស់ពួកគាត់។

-តើ​អ្វី​ជាបេសកកម្មដ៏ចម្បង​បំផុត​របស់ Creator ដែលត្រូវតែ​ធ្វើ​ជាចាំបាច់?

ចម្លើយ៖ សកម្មភាពចម្បងៗរបស់ CREATOR ដែលត្រូវតែ​ធ្វើ​ជាចាំបាច់ រួមមាន ការកសាងទំនាក់ទំនងល្អជាមួយអ្នកនិពន្ធ អ្នកស្រឡាញ់ការនិពន្ធ អ្នកអាន និងអ្នកគាំទ្រ។ CREATOR ក៏មានបង្កើតវេទិកាឌីជីល និងព្រឹត្តិការណ៍សង្គម ដើម្បីលើកកម្ពស់អ្នកនិពន្ធ និងចូលរួម​ផ្សព្វផ្សាយស្នាដៃរបស់អ្នកនិពន្ធផងដែរ។

-តើអ្វីជាចក្ខុវិស័យ​របស់ Creator នៅថ្ងៃអនាគត?

ចម្លើយ៖ ចក្ខុវិស័យរបស់យើង គឺពិភពលោកនឹងស្គាល់វប្បធម៌ខ្មែរកាន់តែច្បាស់។ ប៉ុន្តែបេសកកម្មរបស់យើងត្រូវបែងចែក និងផ្លាស់ប្តូរជាដំណាក់កាលៗ ដើម្បីឱ្យសម្រេចនូវបំណងប្រាថ្នារួមមួយនេះ។

ស្ថាបនិកទាំង៥រូបដំបូងរបស់ CREATOR 

ខាង​លើ​ជា​គឺ​ការ​រៀបរាប់​ទាំង​ស្រុង​របស់​ លោក ឃុត សុខឿន អំពីគ្រឹះស្ថាន CREATOR ។ ហើយមុននឹងបញ្ចប់ លោកក៏បាន​បង្ហាញនូវចំណាប់អារម្មណ៍ថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកស្រលាញ់សៀវភៅ និងអ្នកចូលចិត្តអានបានកើនឡើងគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ អ្នកនិពន្ធ និងគ្រឹះស្ថានបោះពុម្ពផ្សាយ ក៏ចាប់ផ្តើមកើនឡើងផងដែរ។ នៅក្នុងបរិបទនេះ គេមិនគួរមើលឃើញតែប្រាក់ចំណេញតែមួយមុខនោះទេ។ អ្នកនិពន្ធត្រូវពង្រឹងគុណភាពស្នាដៃរបស់ខ្លួន ជាជាងការសរសេរដើម្បីឱ្យមានតែបរិមាណ ឬរត់តាមចំនួនអ្នកអាន ពីព្រោះមុននឹងក្រោយវានឹងធ្វើឱ្យអ្នកអានលែងមានទំនុកចិត្ត (ជាឯកជន ឬជារួម) ប្រសិនបើបទនិពន្ធរបស់យើងមិនល្អ។ គ្រឹះស្ថានបោះពុម្ពក៏ដូចគ្នា ក៏ត្រូវម៉ឺងមាត់ម៉ត់ចត់ក្នុងការជ្រើសរើសស្នាដៃយកទៅបោះពុម្ព និងត្រូវធ្វើកិច្ចការរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត  តាមនិយាមផ្សេងៗនៃការបោះពុម្ពផ្សាយ គោរពវេយ្យាករណ៍ អក្សរសាស្ត្រខ្មែរ ពិសេសគឺគោរពអ្នកអាន។ ឆ្លងកាត់ដំណាក់កាលរីកស្គុះស្គាយនៃអ្នកនិពន្ធ និងការបោះពុម្ពផ្សាយនេះបាន ហើយបើបទនិពន្ធ និងការបោះពុម្ពផ្សាយប្រកបដោយគុណភាព នោះវិស័យអំណាន និងតែងនិពន្ធរបស់យើងនឹងបន្តដំណើរទៅមុខដោយជោគជ័យ។ ប៉ុន្តែ បើបទនិពន្ធ និងការបោះពុម្ពគ្មានគុណភាព ឬមិនបានឆ្លើយតបទៅនឹងតម្រូវការ ឬការរំពឹងទុករបស់អ្នកអាននោះទេ វានឹងអាចឈានទៅដល់ការបាត់បង់ទំនុកចិត្ត បាក់ស្រុតវិស័យអំណាន និងតែងនិពន្ធ ដែលពិបាកបន្តដំណើរទៅមុខទៀតដែរ។ ដូច្នេះ អ្នកនិពន្ធ និង អ្នកបោះពុម្ព ត្រូវបោះជំហានទៅមុខដោយការប្រយ័ត្នប្រយែងបំផុត។”

លោក ឃុត សុខឿន សហស្ថាបនិក​មួយរូប និងជា​នាយកគ្រប់គ្រង CREATOR

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថាលោក ឃុត សុខឿន គឺជាសហស្ថាបនិក​គ្រឹះស្ថាន CREATOR មួយរូប និង​កំពុងកាន់តួនាទីជា​នាយកគ្រប់គ្រងនៃគ្រឹះស្ថានអាជីវកម្មប្លែកថ្មីមួយនេះ។ CREATOR គឺជាគ្រឹះស្ថានអាជីវកម្មថ្មីមួយ ដែលត្រូវបាន​បង្កើតឡើងនៅចុងឆ្នាំ២០១៨ ដើម្បីផ្តល់សេវាធំៗចំនួនបីគឺ រួមមាន​ដូចជា Creator Digital ផ្តល់សេវាឌីជីថលម៉ាឃីធីង Digital Marketing), Creator Event ផ្តល់សេវារៀបចំកម្មវិធី និងការបណ្តុះបណ្តាល  (Event Management and Training) និង Creator Book ផ្តល់សេវាការបោះពុម្ពផ្សាយ និងលក់សៀវភៅ (Publishing and Book sale) ។ ហេតុនេះ បើ​លោក​អ្នក​ចង់​ដឹងថា តើ​ CREATOR មាន​សកម្មភាពនិង​សមិទ្ធផលការងារ​អ្វីខ្លះនោះ? លោក​អ្នក​អាច​ចូលទៅមើលហ្វេសប៊ុកផេកផ្លូវការរបស់ CREATOR  https://www.facebook.com/creatorbooksale/ បាន! នោះ​លោក​អ្នកមុខជាបាន​ដឹង​ច្បាស់​មិនខាន។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ CREATOR / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!