“សម្បក” សៀវភៅកម្រងរឿងខ្លី ស្នាដៃថ្មីទី២ របស់អ្នកនិពន្ធ ឌឹម ណៃយ៉េ

  • January 26th, 2021

សម្បក ជាចំណង​ជើងនៃ​សៀវភៅ​​ថ្មី​ស្នាដៃ​​ទី២ របស់ស្នាដៃ ឌឹម ណៃយ៉េ ​ដោយ​សៀវភៅ​នេះ​បណ្ដុំ​ទៅ​ដោយប្រលោមលោកខ្នាតខ្លីមានសរុបចំនួន១១រឿង។” លោក​បាន​បញ្ជាក់​បន្ថែម​ប្រាប់​ “គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍​ទៀតថា “រឿងទាំងនោះសុទ្ធសឹងជាប្រភេទរឿងអប់រំ និងមានលាយឡំមនោសញ្ចេតនាស្នេហា បញ្ហាគ្រួសារ និងសង្គម ជាពិសេសគឺមានការបញ្ចូលនូវបញ្ហាផ្លូវចិត្ត ដែលយុវជនយើងកំពុងតែជួបប្រទះផងដែរ។ សម្បកដែលជាចំណងជើងរឿងខ្លីមួយក្នុងចំណោមរឿងទាំង១១ និងជាចំណងជើងសៀវភៅទី២របស់ខ្ញុំផងដែរនោះ នឹងបើកបង្ហាញពីសម្បកមួយចំនួនដែលមានក្នុងសង្គមមនុស្ស ឱ្យបានឃើញ បានយល់ថា តើនៅពីក្រោយភាពហ៊ឺហារ តោកយ៉ាក សប្បាយរីករាយ រីកចម្រើន ទុក្ខលំបាកទាំងនោះ គឺជាអ្វី?”

សៀវភៅ “សម្បក” ដែល​លោក​ទើបតែ​​បោះ​ពុម្ព​ចេញ​ផ្សាយ​ក្ដៅៗ​នេះ មានកម្រាស់១៧០ទំព័រ និងដាក់លក់ក្នុងតម្លៃ ២៤.០០០រៀល ក្នុង​១ក្បាល។ សម្រាប់សៀវភៅនេះ លោកអ្នកអាចរកជាវដុំនិងរាយតាមរយៈទំព័រហ្វេសប៊ុក TOPS BOOK https://www.facebook.com/topsbookcambodia ឬតាមរយៈលេខទូរស័ព្ទ ០៩៦ ៣១១៣ ៩៥៧ ក៏បាន លើស​ពីនេះ លោក​អ្នក​ក៏អាចរកជាវបានតាមរយៈអ្នកលក់សៀវភៅ Online នានាផ្សេង​ទៀតផងដែរ។

បន្ទាប់ពីស្នាដៃទីមានចំណងជើង​ “សម្បក” ដែល​ជាកម្រង​រឿង​ខ្លី​នេះទៅ លោក ឌឹម ណៃយ៉េ ក៏នឹង​មានគម្រោងចេញផ្សាយស្នាដៃប្រលោមលោក ដែលជាស្នាដៃទី៣បន្ត​ទៀត​ផងដែរ ប៉ុន្តែសម្រាប់ចំណងជើង និងពេលវេលាចេញផ្សាយ លោក​បានប្រាប់​គេហទំព័រយើង​ខ្ញុំថា លោកសុំលាក់ទុកសិន ដើម្បី​ទុក​ពញ្ញាក់អារម្មណ៍ប្រិយមិត្ត​របស់​លោក​នៅពេលក្រោយ​ទៀត។

“សម្បក” សៀវភៅកម្រងរឿងខ្លី​ស្នាដៃ​ទី២របស់ អ្នក​និពន្ធ ឌឹម ណៃយ៉េ

មុន​នឹង​បិទ​បញ្ចប់​បទសម្ភាសន៍ លោក ឌឹម ណៃយ៉េ ក៏បាន​ថ្លែងថា “ជាចុងក្រោយ ខ្ញុំបាទសូមគោរពអរគុណចំពោះមិត្តអ្នកអាន ដែលតែងតែគាំទ្រខ្ញុំបាទរហូតមក ជាពិសេសគឺក្រុម «ខ្យល់ព្យុះ» ដែលតែងតែផ្តល់ក្តីស្រឡាញ់ បើសិនជាគ្មានអ្នកទាំងអស់គ្នាទេ ក៏គ្មានខ្ញុំក្នុងនាមជាអ្នកនិពន្ធនៅពេលនេះដែរ។ និង​ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំសូមគោរពជូនពរប្រជាជនខ្មែរទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមមានកម្លាំងកាយចិត្តរឹងមាំ ប្រកបតែនឹងសេចក្តីសុខចម្រើន ជៀសផុតពីរោគាព្យាធិទាំងពួង ជាពិសេសក្នុងរយៈកាលនេះ ដែលពិភពលោកកំពុងតែជួបនឹងវិបត្តិជំងឺ COVID 19 ដ៏កាច​សាហាវ​នេះ ដោយសូមមានការប្រុងប្រយ័ត្ន និងបានជៀសផុត​ឱ្យ​បាន​គ្រប់ៗគ្នា។ លើស​ពីនេះ ខ្ញុំបាទក៏មិនភ្លេចផងដែរ នោះគឺ គេហទំព័រអ្នកនិពន្ធកម្ពុជា cambowriter.com  សូមគោរពអរគុណយ៉ាងក្រៃលែង ដែលតែងតែធ្វើការសម្ភាស ក៏ដូចជាផ្សព្វផ្សាយព័ត៌មានសម្រាប់ខ្ញុំបាទ ក៏ដូចជាអ្នកនិពន្ធកម្ពុជាជាច្រើនរូបផ្សេងទៀត ក្នុងន័យជួយជំរុញវិស័យតែងនិពន្ធ និងការអាននៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ សូមឱ្យគេហទំព័រមួយនេះកាន់តែរីកចម្រើនជាលំដាប់តទៅ។”

លោក ឌឹម ណៃយ៉េ ហៅ “ថ្មកាបូន”  និង សៀវភៅ “សម្បក” ស្នាដៃ​ទី២​របស់​លោក​

គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា លោក ឌឹម ណៃយ៉េ មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា ថ្មកាបូន” ។ លោក​កើតឆ្នាំ១៩៩៦ នៅភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បច្ចុប្បន្ន ក្រៅ​ពីមាន​អាជីព​ជាអ្នកនិពន្ធ​កម្ពុជាមួយរូប​ លោក​គឺ​ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈ នៃមហាវិទ្យាល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ។ មុនចេញផ្សាយ​សៀវភៅ “សម្បក” ខាង​លើ​នេះ លោក​ធ្លាប់​ចេញ​ផ្សាយ​ស្នាដៃ​ទោល​ជាសៀវភៅទី១ ​រួច​មកហើយ ដែលមានចំណងជើងថា បើពិតជាស្រលាញ់” ដែល​ទទួល​បានការគាំទ្រ​​យ៉ាងច្រើន​ពីសំណាក់​ប្រិយមិត្ត​​អ្នក​អានរបស់​លោក។ ដូច្នេះ ប្រសិន​លោក​អ្នក​ចង់​ជាវសៀវភៅតើ​សៀវភៅ “សម្បក” ដែលជាសៀវភៅកម្រងរឿងខ្លី​ស្នាដៃ​ទី២របស់លោក​នេះ​ មាន​លក្ខណៈ​ល្អ​យ៉ាង​ណានោះ លោក​អ្នក​​អាច​ទំនាក់​ទំនងទិញតាមវិធីដែលបាន​បង្ហាញ​ខាង​លើ​បាន។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ឌឹម ណៃយ៉េ / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!