លោកស្រី ម៉ៅ សំណាង អ្នកនិពន្ធ​ប្រលោមលោកដ៏ល្បី សម្រេច​បញ្ចេញ​ស្នាដៃ “ប្រលោមចិត្ត ភាគ២” ដើម្បីតម្រូវចិត្ត​ប្រិយមិត្ត​អ្នកអាន ដែលបានសំណូមពរ!

  • June 4th, 2020

ដូចប្រិយមិត្ត​បាន​ជ្រាប​ស្រាប់​ហើយ​ថា លោក​ស្រី ម៉ៅ សំណាង ហៅ “ទន្សាយ” គឺ​ជា​អ្នក​និពន្ធ​ប្រលោមលោក​ដ៏ឆ្នើមបំផុត​នៅកម្ពុជា និង​នៅ​តែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញយ៉ាង​ខ្លាំង​រហូត​មកទល់​នឹង​សព្វថ្ងៃ បើទោះជា​លោកស្រីបាន​ផ្អាក​ចេញ​ស្នាដៃនិពន្ធថ្មីៗ​​​អស់​រយៈពេល​យ៉ាង​យូររាប់ឆ្នាំមកហើយ​ក៏ដោយ។ ដែលការវិលត្រឡប់​សាជាថ្មី​របស់​លោកស្រី ប្រៀបដូចជា​កាដូដ៏មានតម្លៃ​សម្រាប់​ប្រិយមិត្ត​អ្នកស្នេហាប្រលោមលោក​ទាំងឡាយយ៉ាង​ដូច្នោះដែរ ដោយសារតែ​ការ​វិល​ត្រឡប់​នេះ នឹង​ធ្វើ​ឱ្យ​អ្នកអាន​ទាំងឡាយ​បាន​អានកំដរអារម្មណ៍​នូវ​​ស្នាដៃ​ថ្មីៗ​ល្អៗ​របស់​អ្នកស្រីបន្តទៀត។ ​ហើយ​អ្វីដែលជារឿងដ៏រំភើបមួយសម្រាប់​ប្រិយមិត្ត​អ្នកអាន​នោះ គឺដំណឹងនៃការ​ចេញផ្សាយ​សៀវភៅ “ប្រលោមចិត្ត ភាគ២”  របស់អ្នកស្រី ​ផ្ដល់ជាដំណឹងដោយ គ្រឹះស្ថានសៀវភៅជីវិត ដែលជាគ្រឹះស្ថាន​ទទួលបានសិទ្ធិក្នុងការរៀបចំបោះពុម្ពចែកផ្សាយស្នាដៃនេះ។

លោកស្រី ម៉ៅ សំណាង និងសៀវភៅ “ប្រលោមចិត្ត ភាគ២”

ដំបូងឡើយ លោកស្រី ម៉ៅ សំណាង (ទន្សាយ) មិនបានគិតថា សៀវភៅប្រលោមលោក “ប្រលោមចិត្ត” នេះនឹងត្រូវមានភាគបន្តដូច្នេះទេ ប៉ុន្តែក្រោយពីមានប្រិយមិត្តអ្នកអានជាច្រើនបន្ទាប់ពីបានអានប្រលោមលោកនេះចប់ ពួកគាត់ក៏បានផ្ញើសារមកជាបន្តបន្ទាប់ដោយសំណូមពរឱ្យអ្នកនិពន្ធទន្សាយចេញស្នាដៃនេះបន្ត(ភាគ២) ដោយសារតែអ្នកខ្លះហាក់មិនទាន់អស់ចិត្តនឹងការបញ្ចប់រឿងរបស់អ្នកនិពន្ធ ឯខ្លះទៀតក៏ចេះតែចង់ដឹងថា តើជីវិតរបស់តួអង្គទាំងពីរក្នុងសាច់រឿង (តួអង្គវិសុទ្ធសិលា និងតួអង្គផ្កាកែវ) នឹងទៅជាយ៉ាងណានៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរនាក់។ សំណូមពរនេះក៏មិនត្រូវបានឆ្លើយតបភ្លាមៗទេបន្ទាប់ពីការសំណូមពរ តែដោយចំណាយពេលត្រិះរិះពិចារណាបន្ថែមយ៉ាងយូរ ទើបលោកស្រីសម្រេចថានឹងចេញភាគ២ ដើម្បីឱ្យប្រិយមិត្តអ្នកអានបានអស់ចិត្ត ឬអស់ការសង្ស័យ។

សៀវភៅ “ប្រលោមចិត្ត ភាគ១” និងប្រលោមលោករបស់ លោកស្រី ម៉ៅ សំណាង (ទន្សាយ) មួយចំនួនទៀត

ស្នាដៃប្រលោមលោកដែលមានចំណងជើងថា “ប្រលោមចិត្ត ភាគ២”​ នេះ ត្រូវបានចាប់ផ្ដើមសរសេរនៅដើមឆ្នាំ២០២០ ហើយចំណាយពេលរហូតដល់ជិត៤ខែ ទើបអាចសរសេរចប់ ព្រោះដោយសារតែសុខភាពរបស់លោក​ស្រី​ពុំសូវអំណោយផលល្អ អង្គុយមិនសូវបានយូរដូចមុន។ ចំពោះស្នាដៃភាគ២នេះ គឺនឹងបោះពុម្ពផ្សាយដោយ គ្រឹះស្ថានបោះពុម្ពផ្សាយ សៀវភៅជីវិត ហើយនឹងសម្រេចចេញផ្សាយជាផ្លូវការនៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ។

សៀវភៅនេះចាប់ផ្ដើមទទួលការបើកកក់ចាប់ពី ថ្ងៃទី៣១ ខែឧសភា រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ (ជាថ្ងៃសៀវភៅចេញតែម្ដង) ទើបបិទការកក់ទុក។ សៀវភៅនេះមានកម្រាស់២៧៦ទំព័រ មានទំហំ ១១.៥ * ១៧.៥ (ស.ម)។ តម្លៃសម្រាប់អ្នកកក់គឺ ២៦០០០រៀល៦.៥ដុល្លារ និងតម្លៃទូទៅលើទីផ្សារក្រោយពេលចេញផ្សាយគឺ ៣០០០០រៀល៧.៥ដុល្លារ

ដូច្នេះ សម្រាប់ប្រិយមិត្តដែលចង់ធ្វើការកក់ទុកសៀវភៅនេះ គឺអាចធ្វើការកក់ទុកបានតាមរយៈហ្វេសប៊ុកផេក សៀវភៅជីវិត https://www.facebook.com/seavphovjivet  , ហ្វេសប៊ុកផេក កូនចាបមាស https://www.facebook.com/jabmeasauthor/ , និងហ្វេសប៊ុកផេករបស់អ្នកនិពន្ធផ្ទាល់ Mao Samnang https://www.facebook.com/maosamnangauthor/ ក៏បាន។

ហើយ​អ្វី​ដែល​ពិសេសនោះ សម្រាប់ការកក់ទុកនេះ គឺមិនតម្រូវឱ្យប្រិយមិត្តផ្ញើប្រាក់មកមុននោះឡើយ ដោយគ្រាន់តែ​បញ្ជាក់នូវចំនួនសៀវភៅដែលចង់កក់ទុក លេខទូរសព្ទរបស់​អ្នកកក់ និងទីតាំងលម្អិតរបស់អ្នកទទួលសៀវភៅប៉ុណ្ណោះ។ ចាប់ពី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសៀវភៅជីវិតនឹងចាប់ផ្ដើមធ្វើការខលទាក់ទងទៅតាមលេខរៀងឈ្មោះ ដែលមាននៅក្នុងបញ្ជីកក់ទុកទាំងអស់​នោះ។

លោកស្រី ម៉ៅ សំណាង (ទន្សាយ) និងសៀវភៅ “ប្រលោមចិត្ត​ ភាគ១” របស់​លោកស្រី

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា​” សូមបញ្ជាក់ថា លោក​ស្រី ម៉ៅ សំណាង ហៅ “ទន្សាយ” គឺ​ជា​អ្នក​និពន្ធ​​ដ៏ឆ្នើម និង​ជោគជ័យ​បំផុតនៅ​កម្ពុជារហូត​មកទល់បច្ចុប្បន្ន  ហើយ​ក៏​ជានិម្មិតរូបរបស់​អ្នក​និពន្ធ​ប្រលោមលោក​ជំនាន់ថ្មីទាំង​ឡាយផងដែរ។ ឯសៀវភៅ​ “ប្រលោមចិត្ត ភាគ២”​ នេះ គឺ​ជាភាគបន្តពី​សៀវភៅប្រលោមលោក “ប្រលោមចិត្ត” ដែលប្រិយមិត្ត​បាន​សំណូមពរឱ្យអ្នកស្រីនិពន្ធ​ចេញ​ភាគ​បន្ត ដោយសារ​មិនទាន់អស់ចិត្តនឹងការបញ្ចប់រឿងរបស់អ្នកនិពន្ធ និង​ចង់ដឹងថា តើជីវិតរបស់តួអង្គទាំងពីរក្នុងសាច់រឿងនេះ​ (តួអង្គវិសុទ្ធសិលា និងតួអង្គផ្កាកែវ) នឹងទៅជាយ៉ាងណានៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរនាក់។ ដូច្នេះ ប្រសិនបើ​លោក​អ្នក​ចង់​គាំទ្រ​ស្នាដៃ​និពន្ធ​របស់​អ្នកស្រី និងចង់ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា​ឱ្យកាន់តែ​រីកចម្រើន​នោះ លោក​អ្នក​អាច​ចូលរួមបាន ដោយអាចកក់សៀវភៅនេះ​តាម​​ការ​បញ្ជាក់​ខាង​លើបាន។ សូមអរគុណ៕

អត្ថបទផ្ដល់​ដោយ ៖ សៀវភៅជីវិត / រូបភាព ៖ ម៉ៅ សំណាង / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!