“នភាល័យ” សៀវភៅ​​ប្រលោមលោកទើប​ចេញ​ថ្មី ស្នាដៃ​របស់​អ្នកនិពន្ធល្បី ម៉ៅ សំណាង

  • August 23rd, 2021

“នភាល័យ” គឺ​ជា​ចំណង​ជើង​សៀវភៅ​ថ្មីរបស់អ្នក​និពន្ធ​ជើង​ចាស់ល្បី​ឈ្មោះ ម៉ៅ សំណាង  ដែល​នរណា​ៗ​ក៏ដឹងច្បាស់​ពីទេពកោសល្យ និងកម្រិតទឹកដៃ​ក្នុង​ការ​និពន្ធ​ប្រលោមលោក​របស់អ្នក​ស្រី​ផងដែរ ដែល​រហូត​មក​ទល់​នឹង​ពេលនេះ អ្នកស្រី​បាន​ចេញ​ស្នាដៃ​និពន្ធ​ជា​សៀវភៅ​ប្រលោមលោក​មិន​តិច​ក្បាល​ឡើយ។

លោក​ស្រី ម៉ៅ សំណាង ហៅ “ទន្សាយ” អ្នកនិពន្ធ​ប្រលោមលោក​ដ៏​ល្បីល្បាញនៅកម្ពុជា

ដូច្នោះ ដើម្បី​បានដឹងច្បាស់ថា តើសៀវភៅ “នភាល័យ” ដែល​អ្នកស្រី​ទើប​នឹង​ចេញ​ផ្សាយនេះ​យ៉ាង​ណា​ខ្លះ​នោះ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” cambowroter.com យើង​ខ្ញុំ សូម​បង្ហាញ​ពីបទសម្ភាសន៍ត្រួសៗ​អំពីសៀវភៅនេះ ដែលបានធ្វើ​ឡើង​ជាមួយអ្នកស្រី​តាមរយៈ​សារអេឡិកត្រូនិក ឱ្យលោក​អ្នកបាន​ដឹង​ដូច​តទៅ ៖

សំណួរ ៖ តើសៀវភៅ “នភាល័យ” ជាស្នាដៃទីប៉ុន្មានរបស់អ្នកស្រី? ជាសៀវភៅប្រភេទអ្វី? ន័យសំខាន់នៃសៀវភៅនេះ​និយាយពីអ្វី?

ចម្លើយ ៖ “នភាល័យ” ជាស្នាដៃទី១២០ របស់ខ្ញុំ។ ជាសៀវភៅប្រភេទប្រលោមលោកមនោសញ្ចេតនា… សារអប់រំដែលខ្ញុំចង់ចែករំលែកតាមរយៈស្នាដៃមួយនេះ គឺចង់បង្ហាញដល់យុវវ័យពីតម្លៃនៃភាពស្មោះត្រង់ កុំយកបេះដូងស្រពេចស្រពិលមិនច្បាស់លាស់ មកជ្រើសរើសស្នេហា ព្រោះវាអាចបង្កើតការឈឺចាប់ដល់មនុស្សច្រើននាក់ រួមទាំងរូបយើងផ្ទាល់ផងដែរ។

សំណួរ ៖ បន្ទាប់ពីស្នាដៃ​នេះ តើអ្នកស្រីមានគម្រោងចេញផ្សាយស្នាដៃថ្មីទៀត​ឬទេ? ជាប្រភេទ​ប្រលោមលោក​ឬយ៉ាងណា?

ចម្លើយ ៖ បន្ទាប់ពីប្រលោមលោកមួយនេះ ខ្ញុំគ្រោងចេញ “នភាល័យ” ភាគ២ ជាបន្ត តាមសំណូមពររបស់មិត្តអ្នកអានជាច្រើន។

សៀវភៅ “នភាល័យ” ប្រលោមលោកនិពន្ធថ្មីរបស់ អ្នកស្រី ម៉ៅ សំណាង

សំណួរ ៖ ប្រសិនបើប្រិយមិត្តចង់ទិញសៀវភៅ​ស្នាដៃ​និពន្ធ​របស់​អ្នក​ស្រីយកទៅអាន តើពួកគាត់​អាចរកទិញនៅឯណាបាន? អាចរកបានដោយវិធីណាផ្សេងទៀតដែរឬ?

ចម្លើយ ៖ គឺ​អាច​រក​ទិញ​បាននៅតាម​ទីតាំង​មួយ​ចំនួន ដូចជា៖ – ស្រឡាញ់សៀវភៅ (ភ្នំពេញ) – Le story (ភ្នំពេញ) – Kinokuniya Bookstore (អ៉ីអន2 ជាន់ទី 1) – My bookshop cambodia (ភ្នំពេញ) – សួស្ដីកាហ្វេ (ភ្នំពេញ) – បណ្ណាគារបាក់ទូក (ភ្នំពេញ) – តូបកាសែតពន្លឺវិជ្ជា (ភ្នំពេញ) – Mind Book (វ៉ាន់ដា) – បណ្ណាគារឧត្តម (ចំការដូង) – សៀវភៅនិងកាហ្វេ (ព្រះសីហនុ) – បណ្ណាគារបញ្ញាសក្ដិសិទ្ធិ (តាកែវ) – បណ្ណាគារឥន្រ្ទទេវី (បាត់ដំបង) – បណ្ណាគារតាខ្មៅ II (តាខ្មៅ) ក៏ដូចជានៅតាម​បណ្ណាគារ និងតូបលក់សៀវភៅផ្សេងៗមួយចំនួនទៀត ដែលមិនបានរៀបរាប់អស់។

សំណួរ ៖ តើ​អ្វីជាមតិចុង​ក្រោយ​របស់​​​អ្នក​ស្រី មុននឹង​បិទបញ្ចប់បទសម្ភាសន៍នៅពេលនេះ? សូមគោរពអញ្ជើញ!!!

ចម្លើយ ៖ ខ្ញុំសង្ឃឹមថាការអាននិងនៅតែបន្តកើនឡើង ព្រោះវាជាគោលបំណងធំមួយរបស់ខ្ញុំ គឺចង់បំផុសការអានដល់យុវជនជំនាន់ក្រោយ ឱ្យនិយមការអានដើម្បីជាប្រយោជន៍និងជាបទពិសោធន៍ក្នុងដំណើរជីវិតរបស់ពួកគាត់។

​អ្នក​និពន្ធល្បី​ឈ្មោះ​ ម៉ៅ សំណាង និង​សៀវភៅ “នភាល័យ” ​របស់អ្នកស្រី ​ដែល​​ទើប​ចេញ​ផ្សាយផ្លូវការថ្មី​ៗ​

គេហទំព័រអ្នកនិពន្ធ​កម្ពុជា​” សូមបញ្ជាក់ថា លោក​ស្រី ម៉ៅ សំណាង មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា ទន្សាយ” ។ អ្នកស្រីគឺ​ជា​អ្នក​និពន្ធប្រលោមលោកដ៏ល្បីល្បាញ និង​ជោគជ័យ​បំផុតនៅ​កម្ពុជារហូត​មកទល់បច្ចុប្បន្ន  និង​ជានិម្មិតរូបរបស់​អ្នក​និពន្ធ​កម្ពុជាជំនាន់ថ្មីស្ទើរតែគ្រប់គ្នា ដោយនរណាៗក៏ស្ងើចសរសើរ​នឹងទេពកោសល្យសមត្ថភាព​ក្នុងការ​និពន្ធ​ប្រលោម​លោក​របស់អ្នកស្រីផងដែរ។ ចំណែកសៀវភៅ “នភាល័យ” ដែលរៀបរាប់​ខាងលើបានចេញ​ផ្សាយជា​ផ្លូវការ​ហើយ ដោយ​​ដាក់លក់ក្នុង ​តម្លៃ ៣០.០០០ រៀល ក្នុង​មួយ​ក្បាល។ អាស្រ័យ​ហេតុនេះ ប្រសិន​បើ​លោកអ្នក​​មានបំណង​ចង់ជួយ​លើក​កម្ពស់​ជីវភាព​របស់អ្នក​និពន្ធ ក៏ដូចជាចង់​ដឹងថា តើ​សៀវភៅ “នភាល័យ” ដែលជាស្នាដៃ​​​និពន្ធ​​​ថ្មី​ចុង​ក្រោយ​របស់​អ្នកស្រី មានសាច់រឿង​ទាក់ទាញ​ចិត្តខ្លាំង​​យ៉ាង​ណានោះ? លោកអ្នកអាចរក​​ទិញ​បាន នៅតាម​ទីតាំងមួយចំនួនដូច​ដែល​​អ្នកស្រីបាន​រៀបរាប់​បង្ហាញ​ខាង​លើ ឬទំនាក់ទំនងទិញតាម​រយៈ​ហ្វេស​ប៊ុគផេកផ្លូវការ​​របស់​ សៀវភៅ​ជីវិត https://www.facebook.com/seavphovjivet ក៏បាន​ រឹតតែងាយស្រួល។ សូម​អរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ម៉ៅ សំណាង / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!