ទីបំផុតគម្រោងរៃអង្គាសថវិកាសម្រាប់បោះពុម្ពសៀវភៅ “អំណានជាអំណាច” លើកទី២ របស់លោក ឡាំ លីម បានបិទបញ្ចប់មុនផែនការយ៉ាងជោគជ័យបំផុត

  • February 6th, 2020

ដូចលោក​អ្នក​បាន​ដឹងស្រាប់ហើយពីព័ត៌មាន​លើកមុនស្ដីពីការអំពាវនាវរបស់ លោក ឡាំ លីម ក្នុង​ការ​ស្វែង​រកថវិកា​បោះពុម្ពសៀវភៅ “អំណានជាអំណាច” លើកទី២ ក្នុង​ចំនួន៣០០០ក្បាល(បីពាន់ក្បាល) ដោយ​លោកបាន​កំណត់​ក្នុងការ​ស្វែងរកថវិកាពី​សប្បុរសជន​ត្រឹមតែ​៣.៥០០ដុល្លារ(បីពាន់ប្រាំរយដុល្លារ) ​និង​មាន​រយៈពេលបើកទទួលវិភាគទាននេះតែរយៈពេល១ខែ​ ដោយ​​គិត​ចាប់ពី​ ថ្ងៃទី១១​ ​ខែមករា​ ​ឆ្នាំ២០២០​ ​រហូតដល់​ថ្ងៃទី១១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០២០ប៉ុណ្ណោះ តែ​អ្វី​ដែល​គួរ​ឱ្យភ្ញាក់​ផ្អើលនោះ គម្រោងនេះ មិនត្រឹមតែទទួលបានថវិកាគ្រប់​ចំនួន​មុន​ថ្ងៃ​កំណត់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លើសចំនួន​កំណត់​ទៀតផង ដែល​ជា​ការ​ស្ដែង​ឱ្យឃើញ​ថា មាន​បុគ្គល​សប្បុរស​ខ្មែរ​មិនតិចទេ ដែល​ផ្ដល់​តម្លៃ​ដល់គម្រោងមួយនេះ ម្យ៉ាងដោយសារតែគម្រោងបោះពុម្ពលើក​ទី២នេះ ក៏ដូចជាកាលលើកទី១ផងដែរ គឺធ្វើឡើងដើម្បី​ចែកជូន​ជា​វិភាគ​ទាន​តាមបណ្ណាល័យ សាលារៀន ទីវត្តអារាម សាកលវិទ្យាល័យ អង្គការ និងសហគមន៍នានាក្នុងប្រទេសកម្ពុជា ដែលជាសកម្មភាពដ៏ប្រពៃបំផុតក្នុងវិស័យអំណាន។ ​

 

លោក ឡាំ លីម និងសៀវភៅ “អំណានជាអំណាច”

ទាក់ទងនឹងភាព​ជោគជ័យ​លើ​គម្រោង​បោះពុម្ពលើកទី២​នេះ លោក ឡាំ លីម ដែលជា​ម្ចាស់​ស្នាដៃសៀវភៅ និងគម្រោងដែលរៀបរាប់ខាងលើ លោកបាន​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ទាំង​សេចក្ដី​រំភើបថា ថវិកាសម្រាប់បោះពុម្ពសៀវភៅ “អំណានជាអំណាច” លើកទី២ បានកើនពីចំនួន៣៥០០ដុល្លារ មកដល់ចំនួន៤៧៥៥.២៦ដុល្លារ។ តើហេតុអ្វីថវិកាកើនលើសយ៉ាងដូច្នេះ? ថវិកាដែលលើសនេះ គឺទទួលបានពីបងប្រុសម្នាក់ដែលរស់នៅសហរដ្ឋអាម៉េរិក រ៉ៃអង្គាសពីលោកយាយ លោកតា អ៊ំ ពូមីង បងប្អូនទាំងអស់ដែលរស់នៅឯនាយសមុទ្រ។ គម្រោងជួយរៃអង្គាសថវិកានេះ គឺបានរៀបចំចាប់តាំងពីថ្ងៃដែលខ្ញុំប្រកាសអំពាវនាវស្វែងរកថវិកានាថ្ងៃដំបូងមកម្ល៉េះ។ លោកបានបន្តថា ដោយសារថវិកាដែលទទួលបានមានចំនួនលើសពីការគ្រោងទុកពីមុន, ខ្ញុំសម្រេចចិត្តថានឹងរៀបចំបោះពុម្ពសៀវភៅ “អំណានជាអំណាច” លើកទី២ ក្នុងចំនួន ៤៥០០ក្បាល សម្រាប់ចែកជូនដល់យុវជន ដាក់តាមបណ្ណាល័យ វត្តអារាម សហគមន៍…។ សៀវភៅនេះធ្លាប់បានបោះពុម្ពលើកទី១ ក្នុងចំនួន២០០០ក្បាលរួចម្តងហើយ ហើយបើបូកនឹងចំនួននៃការបោះពុម្ពលើកទី២នេះ ក្នុងចំនួន៤៥០០ក្បាលថែមទៀត គឺសរុបចំនួន ៦៥០០ក្បាល។

គម្រោងដែលបានបិទបញ្ចប់យ៉ាងជោគជ័យលើសផែនការ

លោក ឡាំ លីម បានបន្ថែមទៀតថា បើគិតមកទល់នឹងពេលនេះ សៀវភៅ “អំណានជាអំណាច” ជាលក្ខណៈសៀវភៅឌីជិថល ឬជាសៀវភៅអេឡិចត្រនិច (eBook) ដែលខ្ញុំបានដាក់ឱ្យទាញយកកាលពីកំឡុងខែកញ្ញា ឆ្នាំ២០១៩ ក៏មានកំណើនអ្នកទាញយកអានរហូតដល់ ៣ម៉ឺននាក់ជាងមកហើយដែរ។ ជាថ្មីម្តងទៀត ជំនួសមុខឱ្យបងប្អូនយុវជនដែលបានទទួលសៀវភៅនេះ និងបងប្អូនយុវជនដែលនឹងទទួលបានសៀវភៅនេះសម្រាប់អាន, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានលះបង់ធនធានផ្ទាល់ខ្លួន ជាពិសេសដោយសេចក្តីគោរពនូវទឹកចិត្តនៃការលះបង់ចូលរួមចំណែកលើកិច្ចការងារនេះ។ ចំពោះព័ត៌មានបន្ថែមនានាអំពីដំណើរការនៃបោះពុម្ពសៀវភៅនេះ គឺខ្ញុំនឹងជម្រាបជូននាឱកាសក្រោយ។

មុននឹងបញ្ចប់បទសម្ភាសន៍លោកបានថ្លែងថា “ជាចុងក្រោយ ខ្ញុំសង្ឃឹមថាអ្នកដែលបានអានសៀវភៅនេះចប់ (មិនថាអ្នកដែលបានទទួលសៀវភៅនេះដោយផ្ទាល់ ឬអ្នកដែលបានទាញយកជាសៀវភៅឌីជិថល (eBook) ក្ដី គឺមិនគ្រាន់តែអានចប់ហើយទុកសៀវភៅចោលឡើយ។ ព្រោះដោយហេតុថា បើបានអានចប់ហើយ ត្រូវតែចំណេញ គឺចំណេញចំណេះដឹងត្រឹមត្រូវ ចំណេញសកម្មភាពល្អ ចំណេញលទ្ធផលល្អជាក់ស្ដែងក្នុងជីវិតរស់នៅផង ទើបជាការប្រសើរ។ សៀវភៅនេះ បើបងប្អូនបានអានចប់ហើយ ក៏គួរគប្បីចែករំលែកទៅកាន់អ្នកផ្សេងទៀត មិនថាជាមិត្តភក្ដិក្ដី ជាបងប្អូនក្ដី ឬជាអ្នកអានដទៃក្តី ដើម្បីឱ្យពួកគាត់បានអានផង ជាជាងគ្រាន់តែអាន ហើយទុកចោល។” ទាំងនេះ​ជាសម្ដីទាំង​ស្រុង​របស់ លោក ឡាំ លីម ទាក់ទង​នឹងសៀវភៅ “អំណានជាអំណាច” ខាងលើ ដែលស្ដាប់ទៅ ពិតជាគួរឱ្យស្ញើចសរសើរចំពោះសកម្មភាព និងគម្រោងដ៏ជោគជ័យរបស់លោកណាស់។”

លោក ឡាំ លីម និងប្រយមិត្តអ្នកគាំទ្រសៀវភៅ “អំណានជាអំណាច” របស់លោក

គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ឡាំ លីម ក្រៅ​ពី​ជា​ម្ចាស់​ស្នាដៃ​សៀវភៅ អំណានជាអំណាច” លោកក៏ជាម្ចាស់ស្នាដៃសៀវភៅ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”, ប្រតិទិនទស្សនៈ ២២២ថ្ងៃ” និងសៀវភៅ ដំណើរ” ដែលស្នាដៃ​សហនិពន្ធ​ជាមួយ​អ្នក​និពន្ធ​ល្បីចំនួនពីររូបទៀតផងដែរ។ លោកមានដើម​កំណើតនៅខេត្តសៀមរាប។ បច្ចុប្បន្ន លោកជាអ្នកធ្វើស្រែចម្ការជាមួយម្តាយ។ លោកមានបងស្រីពីរនាក់ និងប្អូនប្រុសពីរនាក់ ដោយលោកជាកូនប្រុសកណ្តាលក្នុងគ្រួសារ។ ក្រៅ​ពី​ចូល​ចិត្ត​អាន លោក​ជាបុគ្គលមួយរូបដែល​និយម​​​សរសេរជាសំណេរខ្លីៗ ជាពិសេសអត្ថបទដែល​ទាក់ទងនឹងទស្សនវិជ្ជាអប់រំ សង្គម នយោបាយ ភាពជាអ្នកដឹកនាំ និងផ្នែក​ប្រាជ្ញា​ស្មារតី​ក្នុង​ការ​គិត​ថ្លឹង​ថ្លែង​ពិចារណា​ជាដើម។ ដូច្នេះ ដូច្នេះបើលោកអ្នកចង់ដឹងពីទឹកដៃក្នុងការសរសេររបស់លោកនោះ លោកអ្នកអាចស្វែងរកស្នាដៃទាំង​អស់​របស់​លោក​យកមកអានបាន។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ឡាំ លីម / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!