សេចក្ដីជូនដំណឹង ៖ ស្ដីពីរការប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធរឿងខ្លី “ពានរង្វាន់អក្សរសិល្ប៍ស្លឹករឹតលើកទី១ឆ្នាំ២០២០”

  • September 27th, 2019

សមាគមអ្នកនិពន្ធខ្មែរ សូមប្រគេន ជម្រាបជូនដំណឹងដល់សមាជិក សមាជិកានៃសមាគមអ្នកនិពន្ធខ្មែរ និងសាធារណជនទូទៅមេត្តាជ្រាបថា ក្នុងគោលបំណងរួមចំណែកថែរក្សាឯកសារប្រវត្តិសាស្ត្រនៃជីវិតរស់នៅរបស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត តាមរយៈស្នាដៃតែងនិពន្ធ និងដើម្បីលើកស្ទួយតម្លៃអក្សរសាស្ត្រជាតិខ្មែរ។ #សមាគមអ្នកនិពន្ធខ្មែរសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធរឿងខ្លី “#ពានរង្វាន់អក្សរសិល្ប៍ស្លឹករឹត” លើកទី១ ឆ្នាំ២០២០ ប្រធានបទ “#ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពត”។

#លក្ខខណ្ឌនៃការជ្រើសរើសវាយតម្លៃ
១. ខ្លឹមសាររឿងខ្លី ជាស្នាដៃនិពន្ធថ្មី ត្រូវតែនិយាយអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាក្នុងរបបកម្ពុជា
ប្រជាធិបតេយ្យ ប៉ុល ពត ប៉ុន្តែមិនសង្កត់ទៅលើតែប្រធានបទឧក្រិដ្ឋកម្មយង់ឃ្នងកាប់សម្លាប់។
២. ចំនួនពី៥ ដល់ ១៥ទំព័រ (អត្ថបទវាយដោយកុំព្យូទ័រ ឬសំណេរដៃពី១០ ដល់២០ទំព័រ)។
៣. ក្រដាស អេ៤ ពុម្ពអក្សរ ខ្មែរ អូ.អេស សៀមរាប(Khmer OS Siemreap) ទំហំ១២ មិនដាក់ក្បាលឬជើងទំព័រ។
#បេក្ខជនដែលអាចចូលរួមប្រកួតបានគឺ
១. អ្នកនិពន្ធ និងសាធារណជនទូទៅ ជាជនជាតិខ្មែរ ឬ បរទេស (មានសមត្ថភាពអក្សរសិល្ប៍)។
២. អ្នករស់រានមានជីវិតពីសម័យ ប៉ុល ពត និងធ្លាប់មានរឿងរ៉ាវនៅក្នុងសម័យនោះ។
៣. អ្នកឮរឿងរ៉ាវពិតដែលរៀបរាប់ឡើងវិញដោយអ្នករស់រានមានជីវិតពីសម័យ ប៉ុល ពត។


ស្នាដៃរឿងខ្លីចំនួន១០រឿង នឹងត្រូវជ្រើសរើសផ្ដល់ពានរង្វាន់រួមមាន ពានកិត្តិយស វិញ្ញាបនបត្រ និងថវិកា។ ស្នាដៃដែលបានជ្រើសរើសនឹងត្រូវបោះពុម្ព និងពិចារណាផលិតជាភាពយន្តខ្លី ឬចម្រៀង។
សមាជិកសមាជិកានៃ ស.អ.ខ និងសាធារណជនទូទៅ ដែលមានបំណងចូលរួមប្រកួត សូមផ្ញើស្នាដៃមកកាន់សមាគមអ្នកនិពន្ធខ្មែរចាប់ពីថ្ងៃ១ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង ១៧.០០នាទី ជាកំណត់។
ទីកន្លែងទទួលស្នាដៃ ទីស្នាក់ការសមាគមអ្នកនិពន្ធខ្មែរ ក្នុងបរិវេណវត្តបទុមវតី រាជធានីភ្នំពេញ ឬផ្ញើតាមសារ អេឡិចត្រូនិច៖ Khmerwriterkwa@gmail.com ឬទាក់ទងទូរសព្ទលេខ ០៨៩ ៨៥៦ ៧៦៤, ០១២ ៧៩២៩៥៩, ០៩២ ៧៨៨ ៩៩០។ សូមអរគុណ៕

អត្ថបទនិងរូបភាព ៖ សមាគមអ្នកនិពន្ធខ្មែរ / សុំសិទ្ធិផ្សាយបន្តដោយ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!