ក្ដៅៗ ៖ ទីបំផុតសៀវភៅប្រលោមលោករឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” របស់អ្នកនិពន្ធ ធឿន វុទ្ធី ចេញផ្សាយលក់ជាផ្លូវការហើយ!
- May 19th, 2020
ក្ដៅៗ ៖ ទីបំផុតសៀវភៅប្រលោមលោករឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” របស់អ្នកនិពន្ធ ធឿន វុទ្ធី ចេញផ្សាយលក់ជាផ្លូវការហើយ!
ទីបំផុតប្រលោមលោក រឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” ដែលជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធឆ្នើម មុខស្រស់វ័យក្មេង ធឿន វុទ្ធី បានចេញផ្សាយជាផ្លូវការហើយ គឺចេញពីរោងពុម្ពក្ដៅៗកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះឯង ដែលនេះពិតជាដំណឹងមួយដ៏រីករាយខ្លាំងណាស់សម្រាប់ប្រិយមិត្តអ្នកដែលនិយមអានស្នាដៃនិពន្ធរបស់លោក ជាពិសេសអ្នកទាំងឡាយដែលបានកក់សៀវភៅនេះមុនតែម្ដង។
អ្នកនិពន្ធ ធឿន វុទ្ធី និងសៀវភៅប្រលោមលោករឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” របស់លោក
លោក ធឿន វុទ្ធី បានបង្ហាញប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ក្នុងបទសម្ភាសន៍តាមសារអេឡិចត្រូនិចថា “រឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” ជាប្រភេទប្រលោមលោកបែបមនោសញ្ចេតនាភេទដូចគ្នា ជារសជាតិថ្មីមួយបែបទៀតសម្រាប់យុវវ័យមិត្តអ្នកអាន និងជាលើកទីពីរ សម្រាប់ស្នាដៃតែងនិពន្ធរឿងមនុស្សស្រឡាញ់ភេទដូចគ្នារបស់ខ្ញុំ បន្ទាប់ពីប្រិយមិត្តអ្នកគាំទ្រ រឿង “ទេពច្យុតក្លែងក្លាយ” បានធ្វើការសំណូមពរមកកាន់ខ្ញុំ អស់ជិតរយៈពេលមួយឆ្នាំទៅហើយនោះ។”
លោកបន្តទៀតថា “រឿងនេះ ឆ្លុះបញ្ចាំងពីជីវិតក្មេងប្រុសពីរនាក់ ដែលពួកគេមានសេចក្ដីស្រឡាញ់ចំពោះគ្នា ប៉ុន្តែស្នេហារបស់ពួកគេ ហាក់មិនមានលទ្ធផលល្អទាល់តែសោះ ព្រោះវាជាស្នេហាបែបបុរសនិងបុរស ជារឿងរ៉ាវដែលសង្គមរមែងច្រានចោលជារឿយៗ។ យើងនឹងបានឃើញពីឧបសគ្គដ៏សែនលំបាកមួយ ដែលតួអង្គត្រូវធ្វើការសម្រេចចិត្ត ដើម្បីស្នេហារបស់ពួកគេ។”
សៀវភៅប្រលោមលោករឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” របស់អ្នកនិពន្ធ ធឿន វុទ្ធី
ប្រលោមលោករឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” របស់អ្នកនិពន្ធឆ្នើមមុខស្រស់វ័យក្មេងនេះ ប្រសិនបើលោកអ្នកមានការចាប់អារម្មណ៍ចង់អាន លោកអ្នកអាចរកជាវបាននៅតាមតូបលក់សៀវភៅ, បណ្ណាគារ ឬក៏អាចទំនាក់ទំនងទិញដោយផ្ទាល់ពីរូបលោកក៏បាន តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់លោកឈ្មោះ Thoeun VuThy – ធឿន វុទ្ធី https://www.facebook.com/thoeunvuthy260296/ ក៏ដូចជាតាមរយៈទូរស័ព្ទលេខ 096 277 4271 និង 096 201 6220 ក៏បាន ក្នុងតម្លៃ ៣០,០០០ រៀល ។
មុននឹងបញ្ចប់បទសម្ភាសន៍នេះ លោកក៏បានថ្លែងអំណរគុណដល់ប្រិយមិត្តរបស់លោកផងដែរ ដែលតែងតែគាំទ្រស្នាដៃនិពន្ធរបស់លោកកន្លងមក ហើយលោកបានបង្កើបពីការចេញស្នាដៃនិពន្ធថ្មីទៀតថា “សម្រាប់ពេលឆាប់ៗខាងមុខនេះ ខ្ញុំមានគម្រោងចេញផ្សាយនូវប្រលោមលោកខ្សែរឿងរន្ធត់ “អារក្សខ្មៅ” ជាបន្តទៀត ដែលប្រិយមិត្តអ្នកគាំទ្រសែស្រឡាយនេះកំពុងទន្ទឹងរង់ចាំ គឺប្រលោមលោករឿង “អារក្សខ្មៅ វគ្គបំណុលឈាម” ។
អ្នកនិពន្ធ ធឿន វុទ្ធី និងសៀវភៅល្បីៗមួយចំនួនរបស់លោកកន្លងមក
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ធឿន វុទ្ធី កើតឆ្នាំ១៩៩៦ នៅភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ មានឪពុកឈ្មោះ ថន ប៊ុនធឿន និងម្ដាយឈ្មោះ អឿល រដ្ឋា (ជាកសិករ) និងមានបងប្អូនបង្កើតចំនួន៣នាក់ ស្រី២នាក់ ដោយរូបលោកជាកូនប្រុសច្បងក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធឆ្នើមវ័យក្មេងមួយរូបនៅកម្ពុជា លោកគឺជាគ្រូបង្រៀននៅ អនុវិទ្យាល័យពោធិ៍ទ្រាយ ភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប, បង្រៀនមុខវិជ្ជា ជីវវិទ្យា ផែនដីវិទ្យា។ លោកជាអ្នកនិពន្ធ ដែលនិយមចូលចិត្តនិពន្ធប្រលោមលោកបែបភ័យរន្ធត់ខ្លាំងបំផុត ទន្ទឹមនឹងនេះក៏អាចនិពន្ធប្រលោមលោកមនោសញ្ចេតនាបានយ៉ាងល្អផងដែរ ជាពិសេសរឿងស្នេហាភេទដូចគ្នានេះតែម្ដង។ ដូច្នេះ ប្រសិនបើលោកអ្នកចង់ជាវស្នាដៃរបស់លោកយកទៅអាន លោកអ្នកអាចរកទិញបានតាមការណែនាំខាងលើ នោះលោកអ្នកមុខជាដឹងច្បាស់ពីកម្រិតនៃទេពកោសល្យក្នុងការនិពន្ធរបស់លោកជាក់ជាមិនខាន។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ធឿន វុទ្ធី / រក្សាសិទ្ធិ ៖ cambowriter.com