ទីបំផុតសៀវភៅ “បើពិតជាស្រលាញ់” របស់អ្នកនិពន្ធ ឌឹម ណៃយ៉េ បានបោះពុម្ពចេញផ្សាយជាផ្លូវការហើយ!

  • June 23rd, 2020

លោក ឌឹម ណៃយ៉េ មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “ថ្មកាបូន” លោក​កើតឆ្នាំ១៩៩៦ នៅភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម, មានឪពុកឈ្មោះ ឌឹម ជ្រាន(ស្លាប់) និង​ម្តាយឈ្មោះ ទួន យ៉ាង និង​មានបងប្អូន​បង្កើត​ចំនួន៨នាក់ ក្នុងនោះស្រី៤នាក់ និងប្រុស៤នាក់ ដោយ​​លោក​ជាកូនពៅក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅ​ពីមាន​អាជីព​ជាអ្នកនិពន្ធ​កម្ពុជា​មួយរូប លោក​គឺ​ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈ នៃមហាវិទ្យាល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ។ លោកចាប់ផ្តើមប្រឡូកក្នុងការតែងនិពន្ធនៅ​ដើមឆ្នាំ២០១៩ ហើយ​កត្តាដែលជំរុញឱ្យលោក​ប្រឡូកក្នុងការតែងនិពន្ធនេះ គឺដោយសារតែទេពកោសល្យពីកំណើត ចិត្តដែលស្រលាញ់ ពេញចិត្តការតែងនិពន្ធ ចង់ចែករំលែកបទពិសោធន៍ ចំណេះដឹង ការកម្សាន្តនានាទៅកាន់អ្នកអាន ក៏ដូចជា​អ្នកស្តាប់​ទាំង​ឡាយ ដោយ​លោក​អាចនិពន្ធបានទាំង អត្ថបទ រឿងខ្លី ប្រលោមលោក និងទំនុកច្រៀង (អត្ថបទចម្រៀង) ជាដើម។ ហើយអ្វីដែល​គួរឱ្យរំភើបនោះ លោកទើបតែបានចេញផ្សាយស្នាដៃនិពន្ធជាសៀវភៅទី១​របស់ខ្លួន​ជាផ្លូវការ មានចំណងជើងថា “បើពិតជាស្រលាញ់” ដែល​សៀវភៅនេះ​ទទួលបានការ​ចាប់​អារម្មណ៍ពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​យ៉ាង​ខ្លាំង។

លោក ឌឹម ណៃយ៉េ  និងសៀវភៅ “បើពិតជាស្រលាញ់” ស្នាដៃទោលដំបូងរបស់លោក

ទាក់​ទងនឹងសៀវភៅទី១របស់ខ្លួននេះ លោក ឌឹម ណៃយ៉េ ម្ចាស់ស្នាដៃ​បាន​បង្ហាញប្រាប់​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ក្នុង​បទសម្ភាសន៍ជាមួយ​លោកថា “មែន​ទែនទៅ! សៀវភៅ បើ​ពិតជាស្រលាញ់ មិនមែន​ជាស្នាដៃបោះពុម្ពដំបូងរបស់ខ្ញុំទេ តែវាជាស្នាដៃទោលដំបូងរបស់ខ្ញុំដែលត្រូវបានបោះពុម្ពផ្សាយ។ សៀវភៅនេះជាប្រភេទសៀវភៅកម្រងអត្ថបទនិងរឿងខ្លី ដែលមានខ្លឹមសារលើកទឹកចិត្ត និងបង្កើនភាពវិជ្ជមានតាមរយៈការគាស់កកាយនូវរឿងរ៉ាវតូចៗមួយចំនួន ដែលយើងធ្លាប់យល់ច្រឡំ ឬមើលរំលង។ សៀវភៅនេះត្រូវបាននិពន្ធចប់សព្វគ្រប់ដោយប្រើពេលប្រមាណជា៦ខែ ចាប់ពីពាក់កណ្តាលឆ្នាំ២០១៨ រហូតដល់ដើមឆ្នាំ២០១៩។” លោក​បាន​បន្ត​ទៀត​ដោយ​បង្ហាញ​ពីក្ដី​រំភើប​ក្រោយពេលចេញផ្សាយសៀវភៅ​របស់ខ្លួន​​នេះថា “នៅពេលដែលបានចេញផ្សាយស្នាដៃនិពន្ធសៀវភៅជាផ្លូវការបែបនេះ ខ្ញុំពិតជា​មានអារម្មណ៍រំភើបសប្បាយរីករាយខ្លាំងមែនទែន ព្រោះអាចសម្រេចក្តីស្រមៃក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងការកម្សាន្តទៅកាន់អ្នកអាន តាមរយៈស្នាដៃមួយនេះ។ ម្យ៉ាងទៀតនៅពេលដែលឃើញមានការគាំទ្របែបនេះផង រឹតតែ​ធ្វើឱ្យខ្ញុំកាន់តែមានកម្លាំងចិត្តនៅ​ក្នុងការបន្ត និងរិះរកអ្វីដែលប្លែក​ថ្មីបន្ថែមទៀតសម្រាប់អ្នកអាន ដោយមិនគិតថានឹងបោះបង់ការងារមួយនេះនោះឡើយ។”

លោក​បាន​បង្ហើប​ពីស្នាដៃ​និពន្ធ​សៀវភៅ​ដែល​លោក​នឹង​ចេញ​ផ្សាយ​​បន្ទាប់​​ពីសៀវភៅ “បើ​ពិតជាស្រលាញ់” នេះ​ថា “បន្ទាប់ពីសៀវភៅ បើ​ពិតជាស្រលាញ់ នេះទៅ​ ខ្ញុំក៏មានគម្រោងចេញផ្សាយនូវ​សៀវភៅថ្មីមួយទៀតផងដែរ ដែល​ជាប្រភេទកម្រងរឿងខ្លី ដែលមានខ្លឹមសារទាក់ទងនឹងជីវិតរស់នៅក្នុងសង្គមជាក់ស្តែង តែខ្ញុំ​សុំ​លាក់​​ចំណង​ជើងសិន ដោយ​សន្យាថានឹងបង្ហាញ​​ប្រាប់​ឱ្យ​ប្រិយមិត្ត​បាន​ដឹង​​នៅក្នុង​បទសម្ភាសន៍ក្រោយទៀត បន្ទាប់ពីខ្ញុំ​និពន្ធ និងរៀបចំ​រួចរាល់។”

សៀវភៅ “បើពិតជាស្រលាញ់” និងសៀវភៅ “ខ្មាសខ្លួនឯង” របស់កវីនិពន្ធខ្មែរល្បីឈ្មោះ ស៊ូ ខេមរិន្ទ

ជាការណ៍ពិតណាស់ អ្នក​និពន្ធ​គ្រប់​រូប ទម្រាំតែអាច​ចេញផ្សាយ​ស្នាដៃ​មួយៗបាន មិនមែន​ជារឿងងាយ​ស្រួល​ឡើយ គឺចាំបាច់​ត្រូវ​ឆ្លង​កាត់​នូវ​ឧបសគ្គការលំបាក​ជាច្រើន។ ទាក់​ទងនឹង​ចំណុចនេះ លោក ឌឹម ណៃយ៉េ អ្នកនិពន្ធ​ដែល​មាន​ដើម​កំណើត​ចេញ​ពី​ទឹកដី​ខេត្ត​កំពង់​ចាម​រូបនេះ ​បាន​ឯកភាព និង​បង្ហាញថា “ពិតណាស់! ទម្រាំតែអាចចេញផ្សាយសៀវភៅ “បើ​ពិតជាស្រលាញ់” ដែលជា​ស្នាដៃ​និពន្ធ​​ទោលដំបូងរបស់ខ្ញុំ​នេះបាន គឺត្រូវជួបនឹងឧបសគ្គការ​លំបាក​ជាច្រើន ព្រោះខ្ញុំជាអ្នកនិពន្ធថ្មីមិនទាន់ស្គាល់នរណាសោះនៅក្នុងវិស័យនេះ ខ្ញុំត្រូវប្រើពេលវេលាជាច្រើនដើម្បីបានស្គាល់ និងសុំការណែនាំពីរៀមច្បងអ្នកនិពន្ធ អំពីការរៀបចំស្នាដៃឱ្យលេចរូបរាងជាសៀវភៅ និងអាចបោះពុម្ពផ្សាយបាន។” លោក​បន្ត “មួយវិញទៀត ដោយសារតែខ្ញុំជាអ្នកនិពន្ធថ្មី មិនទាន់មានប្រិយមិត្តអ្នកអានស្គាល់ ដូចនេះវាជាផលលំបាកមួយនៅក្នុងការរុញស្នាដៃឱ្យបានទៅដល់ជនគោលដៅ។ ខ្ញុំត្រូវការពេលវេលាដើម្បីចូលទៅកៀកនឹងអ្នកអាន ដើម្បីឱ្យពួកគាត់ទទួលយកខ្ញុំ តាមរយៈការផ្សព្វផ្សាយស្នាដៃជាលក្ខណៈអេឡិចត្រូនិក ទាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក និង App ស្រមៃ ដែលអនុញ្ញាតឱ្យអ្នកនិពន្ធដាក់ស្នាដៃបង្ហាញ។” លោក​បន្ថែម “ចិត្តស្ទាក់ស្ទើរនៅក្នុងការបោះពុម្ពក៏ជារឿងមួយដែរ ដោយសារតែមានការខ្លាចក្រែងចំពោះគុណភាពនៃស្នាដៃ មិនដឹងថាតើវាពិតជាមានគុណភាព និងមានតម្លៃសម្រាប់បោះពុម្ពផ្សាយឬទេ? ដោយ​មុននឹងបោះពុម្ពផ្សាយសៀវភៅនេះ ខ្ញុំបានជ្រើសរើសអ្នកអានសាកល្បងមុនបោះពុម្ព ជាលទ្ធផលពួកគាត់បាន​ផ្ដល់​​នូវមតិយោបល់ត្រឡប់ទៅលើស្នាដៃស្នាដៃមួយនេះ ដែលជួយឱ្យខ្ញុំជឿជាក់ថាស្នាដៃមួយនេះពិតជាមានតម្លៃអាចបោះពុម្ពផ្សាយបានប្រាកដមែន។”

សៀវភៅ “បើពិតជាស្រលាញ់” ស្នាដៃនិពន្ធថ្មីរបស់ អ្នកនិពន្ធ ឌឹម ណៃយ៉េ និងស្នៀតសៀវភៅ

មុននឹង​បិទបញ្ចប់​បទសម្ភាសន៍ជាមួយ​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” លោក ឌឹម ណៃយ៉េ បាន​ថ្លែងថា “នៅចុងបញ្ចប់នេះ ខ្ញុំបាទសូមអរគុណទៅដល់អ្នកអានមុនបោះពុម្ព ឬអាចហៅថាមនុស្សពិសេសរបស់ខ្ញុំទាំង១០នាក់ ដែលបានជួយធ្វើការពិនិត្យវាយតម្លៃកែតម្រូវទៅលើស្នាដៃមួយនេះ និងធ្វើឱ្យខ្ញុំកាន់តែជឿថា វាពិតជាមានតម្លៃតាមរយៈការហ៊ានចំណាយប្រាក់ទិញសៀវភៅនេះម្តងទៀត បើទោះជាបានអានរួចមកហើយក៏ដោយ… និងសូម​អរគុណដល់​រៀមច្បង​និងអ្នកនិពន្ធទាំងអស់ដែលបានជួយបង្ហាត់បង្ហាញណែនាំរហូតមក ក៏ដូចជា​សូម​អរគុណដល់ប្រិយមិត្តអ្នកអានទាំង​ឡាយ ដែលបានពេញចិត្ត និងគាំទ្រស្នាដៃនេះ រួមទាំងស្នាដៃរបស់​ខ្ញុំ​ផ្សេង​ទៀត​កន្លងមក សូមជូនពរដល់បងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខចម្រើនគ្រប់ភារកិច្ចការងារ។ ជាពិសេស​បំផុតនោះ ខ្ញុំបាទក៏មិនភ្លេចអរគុណផងដែរដល់​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ដែលបានធ្វើការសម្ភាសន៍ខ្ញុំបាទនាពេលនេះ និងពិតជា​អរគុណខ្លាំងណាស់ដែលតែងតែនៅក្បែរ និងគាំទ្រអ្នកនិពន្ធកម្ពុជា។ ខ្ញុំ​សូមឱ្យ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” កាន់តែរីកចម្រើន និង​ជោគជ័យថែមទៀត ដើម្បីជំរុញវិស័យនិពន្ធ និងការអាននៅកម្ពុជាឱ្យ​កាន់តែមាន​សន្ទុះទៅមុខ​ជាបន្ត​បន្ទាប់។”

លោក ឌឹម ណៃយ៉េ នាមប៉ាកកា “ថ្មកាបូន” អ្នក​និពន្ធ​កម្ពុជាមួយរូបនាពេលបច្ចុប្បន្ន

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា លោក ឌឹម ណៃយ៉េ មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “ថ្មកាបូន” លោក​កើតឆ្នាំ១៩៩៦ នៅភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បច្ចុប្បន្ន ក្រៅ​ពីមាន​អាជីព​ជាអ្នកនិពន្ធ​កម្ពុជា​មួយរូប ដែល​ទើប​ចេញ​ផ្សាយ​ស្នាដៃ​ទោល​ជាសៀវភៅមានចំណងជើងថា “បើពិតជាស្រលាញ់” លោក​គឺ​ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈ នៃមហាវិទ្យាល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ។ ដូច្នេះ ប្រសិន​លោក​អ្នក​ចង់​ជាវសៀវភៅ​នេះទាំងដុំ និងរាយ និង​ចង់​ដឹង​ថា តើ​សៀវភៅនេះ​មានខ្លឹមសារ​ល្អ​យ៉ាងណា​នោះ លោក​អ្នក​អាច​ទំនាក់​ទំនង​ទិញបាន​តាមរយៈទំព័រហ្វេសប៊ុក TOPS BOOK https://www.facebook.com/TOPS-BOOK-101469848173038/ ឬតាមរយៈលេខទូរស័ព្ទ ០៩៦ ៣១១៣ ៩៥៧ និងតាមរយៈភ្នាក់ងារលក់សៀវភៅតាមអនឡាញនានាផ្សេងទៀតក៏បាន​ នោះ​លោក​អ្នកមុខជា​បាន​ដឹង​ច្បាស់​មិនខាន។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ឌឹម ណៃយ៉េ / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!