ដំណឹងពិសេស ៖ ស្ដីពីការ​ផ្ដល់​ជូនសៀវភៅ “ពីអ្នកអានទៅអ្នកសរសេរ” ដោយឥតគិតថ្លៃ!

  • June 16th, 2020

ក្រុមកម្រងស្មេរ បានបោះពុម្ពសៀវភៅមានចំណងជើងថា ពីអ្នកអានទៅអ្នកសរសេរចំនួន ១.000 ក្បាល (១ពាន់ក្បាល) តាមរយៈ​ថវិកាដែល​ទទួលបានពីសប្បុរសជននានា​ទាំងក្នុងនិងក្រៅប្រទេស។ ហេតុដូចនេះ ក្រុម​កម្រងស្មេរ ក៏បាន​សម្រេច​បង្កើតនូវ​កម្មវិធីតូចមួយឡើងគឺ “ការផ្ដល់ជូនសៀវភៅដោយ​ឥតគិតថ្លៃ” ត្រឡប់ទៅកាន់សប្បុរសជនទាំងឡាយវិញ ព្រមទាំងដកយកសៀវភៅមួយចំណែក ចំនួន 300ក្បាល សម្រាប់ចែកជូន​ដល់​មិត្តអ្នកអានទូទៅផងដែរ។

គោលបំណងនៃការចែកជូនសៀវភៅនេះ បង្កើត​ឡើង​ក្នុង​ន័យដើម្បី​ចូលរួម​ចំណែកលើកស្ទួយវិស័យអំណាននិងតែងនិពន្ធនៅកម្ពុជាឱ្យកាន់តែ​រីកចម្រើន។ ពិសេសក្នុងដំណាក់កាលសង្គមកំពុងជួបនូវ​វិបត្តិកូវីដនេះ យើងអាចងាកមកចំណាយពេលឱ្យបានច្រើនជាមួយនឹងការអាន ដើម្បីជាប្រយោជន៍ក្នុងការ​បង្កើន​ចំណេះដឹង និងជំនាញរបស់ខ្លួន​។ ក្នុងសៀវភៅ “ពីអ្នកអានទៅអ្នកសរសេរ” គឺជាសៀវភៅបែបវិធីសាស្ត្រមួយ ដែលនឹងជួយជំរុញដល់សមត្ថភាពអំណាន និងការតែងនិពន្ធ ពិសេសអ្នកដែលមានបំណងចង់ក្លាយជាអ្នកអាននិងអ្នកសរសេរដ៏ពូកែ ដោយ​ក្រុម​យើងខ្ញុំ​នឹងធ្វើការផ្ដល់ជូនមិត្តអ្នកអានទូទៅដោយឥតគិតថ្លៃ គឺនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំម២០២០ នេះឯង ហើយសប្បុរសជនដែលបានចូលរួមថវិកាក្នុងការបោះពុម្ព ក៏អាចជួបគ្នានៅថ្ងៃតែមួយ និងទីតាំងតែមួយ។

លក្ខខណ្ឌផ្ដល់​ជូន ៖ សម្រាប់មិត្តអ្នកអានទូទៅ គឺសូមធ្វើការបំពេញឈ្មោះ ក៏ដូចជាលេខទូរសព្ទតាមរយៈហ្វេសប៊ុកផេកផ្លូវការ​របស់ កម្រងស្មេរ ក៏ដូចជាបញ្ជីដែលយើងខ្ញុំ​នឹងដាក់នៅតាមទីតាំងចែកនីមួយៗ។ តែ​បើអាច យើងខ្ញុំសូមសំណូមពរឱ្យ​លោកអ្នក​អញ្ជើញមកយកដោយផ្ទាល់ ជាជាងការផ្ញើសៀវភៅជំនួសគ្នា។

ទីតាំងចែកសៀវភៅ រួមមានដូចតទៅ ៖

* រាជធានីភ្នំពេញ (ទីតាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ចំនួន១០០ក្បាល។ លេខទាក់ទង 069  832 625 (លោក រុន នឿន)

​* ខេត្តបាត់ដំបង (ទីតាំងមាត់ស្ទឹងសង្កែ លើសួនសខេង) ចំនួន១០០ក្បាល។ លេខទាក់ទង 086 832 620 (លោក យួង សូដា)

* ខេត្តសៀមរាប (ទីតាំងមាត់ស្ទឹងសៀមរាប មុខមន្ទីរគណបក្សប្រជាជនកម្ពុជា) ចំនួន៥០ក្បាល។ លេខទាក់ទង 090 346 291 (លោក រិន វិចិត្រ)

* និង ខេត្តបន្ទាយមានជ័យ (ទីតាំងសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ) ចំនួន៥០ក្បាល។ លេខទាក់ទង 012 473 395 (លោក ពុយ ស៊ីដេត) (បញ្ជាក់ បន្ទាយមានជ័យ យើងខ្ញុំចែកជូននៅថ្ងៃទី១៩ ខែមិថុនា)

ជាចុងក្រោយ ក្រុមកម្រងស្មេរ យើងខ្ញុំ​ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ក៏ដូចជាមិត្តអ្នកអានគ្រប់មជ្ឈដ្ឋានដែលតែងតែជួយជ្រោមជ្រែង គាំទ្រ និងលើកទឹកចិត្តយើងខ្ញុំ​ក្នុងការបន្តបង្កើតស្នាដៃនិពន្ធថ្មីៗសម្រាប់ជាប្រយោជន៍សម្រាប់សង្គមជាតិខ្មែរបន្តទៀត។ ហើយឆ្លៀតឱកាសនេះ ក្រុមកម្រងស្មេរយើងខ្ញុំ ក៏សូមថ្លែងអំណរគុណដោយស្មោះចំពោះបងប្រុស គង់ រង្សី ជាម្ចាស់ គេហទំព័រអ្នកនិពន្ធកម្ពុជា ផងដែរ ដែលតែងតែជួយផ្សព្វផ្សាយស្នាដៃ ក៏ដូចជាដំណឹងសំខាន់ៗផ្សេងៗអំពីដំណើរការស្នាដៃនៃក្រុមកម្រងស្មេររបស់យើងខ្ញុំទាំងអស់​គ្នា…សូមជូនពរបងប្រុសជួបប្រទះតែសំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។ សូមអរគុណ៕

អត្ថបទនិងរូបភាពផ្ដល់ដោយ ៖ កម្រងស្មេរ ៖ រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!