ដំណឹងពិសេស ៖ ឱកាសក្លាយជាអ្នកនិពន្ធប្រលោមលោកអាជីព ប្រចាំគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា

  • May 15th, 2020

ក្រុម​សៀវភៅ​ថ្មី​សម្រាប់​យុវវ័យ​របស់​ស៊ីប៉ា

គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​​ស៊ីប៉ា កំពុង​ត្រៀម​បង្កើត​ក្រុម​សៀវភៅ​ថ្មី​មួយ​ ដើម្បី​​ឆ្លើយ​តប​នឹង​តម្រូវការ​ និង​​ចំណង់​ចំណូល​ចិត្ត​របស់​​ក្រុម​អ្នក​អាន​​​យុវវ័យ​​ចាប់​ពី​អាយុ​១៥​ឆ្នាំ​ឡើងទៅ។ ជា​ប្រភេទ​ប្រលោម​លោក​និយាយជុំ​វិញ​ប្រធានបទទូទៅ​ ដែល​យុវវ័យ​កំពុងឆ្លង​កាត់ និង​ចង់​ស្វែង​យល់​ ៖ ទំនាក់​ទំនងក្នុង​​គ្រួសារ​ (ឪពុកម្ដាយ បងប្អូន) ការសិក្សា ការ​តម្រង់​ទិស​សម្រាប់​អាជីពការងារ ការទៅសិក្សានៅ​បរទេស ការធ្វើដំណើរ​ ទំនាក់​ទំនង​សង្គម ទំនាក់​ទំនង​ស្នេហា និង​ការយល់ដឹងខាង​ផ្លូវភេទ ភាព​រីករាយ ការ​កើត​ទុក្ខ​ព្រួយ ខក​បំណង ការ​រក​ដំណោះស្រាយ​ក្នុង​ជីវិត ។ល។

ដូច្នេះ​ហើយ ​ទើប​ស៊ីប៉ា​​ប្រកាស​ជ្រើសរើស​អត្ថបទ​ប្រលោមលោក ​​ ដើម្បី​​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ឆ្នាំ២០២០​នេះ និង​ឆ្នាំបន្តបន្ទាប់ទៀត។ ​​ចំនួន​​ជ្រើស​រើស​ គឺ​មិន​​កំណត់​នោះ​ឡើយ។

គោលបំណង​​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​តែងនិពន្ធ​នៅ​កម្ពុជា ព្រោះ​ថា​អ្នក​ដែល​បាន​ផ្ញើ​អត្ថបទមក​ចូលរួម​​ ​មិន​ត្រឹម​តែ​មាន​ឱកាសបាន​បោះពុម្ពផ្សាយ​​ស្នាដៃរបស់​ខ្លួន​ជាមួយ​អង្គការ​ស៊ីប៉ាប៉ុណ្ណោះទេ (ករណី​​អត្ថបទ​ខ្លួន​ត្រូវ​បាន​ជ្រើសរើស) ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​នូវ​ការ​ប្រឹក្សាឱ្យ​យោបល់ ការ​ជួយ​កែសម្រួលពី​អ្នក​ស្រី ហួត សុជាតា អតីត​ប្រធានផ្នែក​បោះពុម្ព​ផ្សាយ​របស់​អង្គការ​ស៊ីប៉ា​ទៀតផង​។ ក្រៅពីនេះ​ក៏​នៅ​មាន​អត្ថប្រយោជន៍​ផ្សេងទៀតជា​ច្រើន​ ​ដូចជា ៖

-​ កម្រៃកម្មសិទ្ធិបញ្ញា​៧%​នៃ​តម្លៃលក់​សៀវភៅ​ ដែល​ត្រូវ​ទូទាត់រាល់​ចុងឆ្នាំនីមួយៗ​បន្ទាប់​ពីចេញសៀវភៅ​

– អាចបើក​ប្រាក់​មុន (Advance)​ ៥០០ដុល្លារ នៅ​ពេល​ចុះកិច្ចសន្យា

– សិទ្ធិ​អ្នក​និពន្ធ​ត្រូវ​បាន​គោរព និងការពារ​​យ៉ាង​ត្រឹម​ត្រូវ​

សេចក្ដីប្រកាសរបស់​គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា ក្នុងការ​ជ្រើសរើស​អ្នកនិពន្ធប្រលោមលោកអាជីព 

តើ​អ្នកណាខ្លះអាចចូលរួមបាន?

អ្នក​ណាក៏បាន​ឱ្យ​​តែ​ចាប់​អារម្មណ៍នឹង​ការ​តែងនិពន្ធប្រលោម​លោក​ និង​ចង់​ប្រកប​អាជីព​នេះ​ទៅថ្ងៃខាងមុខ។ មិនថាអ្នក​ដែល​ធ្លាប់​មានបទពិសោធន៍តែងនិពន្ធ ឬអ្នក​មិន​ធ្លាប់​មានបទពិសោធន៍សោះ ក៏អាចផ្ញើស្នាដៃ​មក​ចូលរួម​បានដែរ។

សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​ អាចផ្ញើ​គ្រោង​រឿងទាំងមូល​ចំនួន​១ទំព័រ (សង្ខេប​រឿង ដោយ​រៀប​តាម​ជំពូក) ព្រម​ទាំង​សាច់រឿង​លម្អិត១​ជំពូក ​(ជំពូក​ណាមួយ​ក៏​បាន) ទៅ​កាន់​ គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ស៊ីប៉ា តាម​រយៈសារ​អេឡិចត្រូនិច ratana.lach@sipar-cam.org រហូតដល់ថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២០។ តាម​រយៈ​ការ​ផ្ញើ​នេះ គណកម្មការ​ជ្រើសរើសរឿង​​អាច​មើល​ឃើញ​ពី​សក្ដានុពល​របស់​អ្នក​និពន្ធ និងអាច​ផ្ដល់​យោបល់​ប្រកប​ដោយ​ប្រសិទ្ធភាព ​មុន​នឹង​អ្នក​និពន្ធ​សរសេរ​អត្ថបទ​ចប់ ចៀសវា​​ងត្រូវ​ត្រឡប់​មក​សរសេរ​ឡើង​វិញ។

ព័ត៌មានបន្ថែម លោក​អ្នក​អាច​ទាក់​ទង​តាម​ទូរស័ព្ទ​ ៖ 016 68 91 90

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា អត្ថបទខាង​លើដែល​ប្រកាស​ជ្រើស​រើស​អ្នកនិពន្ធ​ប្រលោម​លោកនេះ ជាសេចក្ដី​ប្រកាសរបស់ “គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​​ស៊ីប៉ា” ដែល​បង្កើត​គម្រោង​នេះ​ឡើង​ ដើម្បី​ផ្ដល់​ឱកាសដល់អ្នកដែលមានសមត្ថភាព​ក្នុងការ​និពន្ធ​ប្រលោមលោក​ទាំងអស់ ក៏ដូចជា​ក្នុងន័យចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យតែង​និពន្ធ​នៅកម្ពុជាឱ្យកាន់តែរីកចម្រើន​បន្ថែមទៀត។ អាស្រ័យហេតុនេះហើយ ប្រសិនបើ​អ្នកនិពន្ធកម្ពុជា​ ជាពិសេស​អ្នកមានសមត្ថភាពក្នុងការ​និពន្ធ​ប្រលោមលោក​ទាំងអស់ មានការ​ចាប់អារម្មណ៍ចូលរួម លោក​អ្នកអាច​ទំនាក់​ទំនង​ចូលរួម និងសាកសួរ​ព័ត៌មាន​លម្អិតតាម​ការណែនាំ​ខាង​លើ​បាន។ សូម​រួសរាន់ឡើងណា៎ ព្រោះ​​ឱកាសល្អ​​បែបនេះ​កម្រ​មាន​ខ្លាំង​ណាស់។ សូម​អរគុណ៕

អត្ថបទ និងរូបភាពផ្ដល់​ដោយ ៖ ស៊ីប៉ា / រក្សាសិទ្ធិដោយ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!