សេចក្ដីជូនដំណឹង ៖ លោក ឡាំ លីម សម្រេចបោះពុម្ពសៀវភៅ “អំណានជាអំណាច” ដាក់តាមបណ្ណាល័យសាលារៀន ទីវត្តអារាម សាកលវិទ្យាល័យ អង្គការ និងសហគមន៍នានាក្នុងប្រទេសកម្ពុជា

  • October 16th, 2019

គិត​មកដល់​ត្រឹម​ថ្ងៃនេះ​ ​សៀវភៅ​ ​“​អំណាន​ជា​អំណាច​”​ ​ដែល​ជា​ស្នាដៃ​របស់ លោក ឡាំ លីម មានសន្ទុះ​នៃ​ការ​ទាញ​យក​អាន​យ៉ាងច្រើន​រហូតដល់១៥០០០​នាក់​ជាងឯណោះ គឺពិតជាច្រើនខ្លាំងណាស់​​ ដែល​​នេះ​ជា​សន្ទុះ​នៃ​ការ​ពេញនិយម​អាន​របស់​ប្រជាជន​ខ្មែរ​ ​ជាពិសេស​​យុវជនតែម្ដង​។​ ​ដោយ​មើលឃើញ​ពី​ការ​ពេញនិយម​នេះ​ ​ព្រមទាំង​ចរន្ត​យ៉ាង​ផុសផុល​នៃ​អំណាន​នៅ​សង្គម​កម្ពុជា​យើង​ផង​នោះ​ ​ហើយក៏​មាន​បងប្អូន​ខ្លះ​បាន​ស្នើសុំ​រូប​លោក​ឱ្យ​បោះពុម្ព​ផ្សាយ​ជា​សៀវភៅ​ ​ហើយ​លោក​ក៏បាន​យល់​ព្រម តែ​លោក​បានសម្រេច​ចិត្ត​ផ្ទុយពី​គំនិត​នេះ​បន្តិច ដោយមិនធ្វើអាជីវកម្មឡើយ​ គឺ​លោក​នឹង​​បោះពុម្ព​សៀវភៅ​ ​“​អំណាន​ជា​អំណាច​” នេះ​ ​ចំនួន​​២០០០ក្បាល​ ​សម្រាប់ឧបត្ថម្ភ​ដាក់​នៅ​បណ្ណាល័យ​តាម​សាលារៀន​ ទីវត្តអារាម ​​ ​សាកល​វិទ្យាល័យ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​និងសហ​គម​ន៍​នានា​មួយចំនួនក្នុង​ប្រទេសកម្ពុជាតែម្ដង​។​ ​តើ​ហេតុអ្វីបាន​ជា​សៀវភៅ​នេះ​គួរតែ​ត្រូវ​បោះពុម្ព​ផ្សាយ​?​


លោក ឡាំ លីម

ចំពោះ​សំណួរខាងលើ លោក ឡាំ លីម ដែលជាម្ចាស់ស្នាដៃនេះ បាន​បង្ហាញ​ប្រាប់ គេហទំព័រអ្នកនិពន្ធកម្ពុជា ថា “​សៀវភៅ​ ​“​អំណាន​ជា​អំណាច​”​ ​នេះ​ ​ខ្ញុំ​បាន​រៀបចំ​អត្ថបទ​ថ្មី​បន្ថែម​ ​ប្រហែលជា​ ​១០០ទំព័រ​ជាង​ទៀត​ ​លើស​ពី​សៀវភៅ​ដែល​ដាក់​ឱ្យ​ទាញ​យក​អាន​ឥតគិតថ្លៃ​ ​និង​បាន​កែសម្រួល​អត្ថបទ​ច្រើនជាង​មុន​ ​ដែល​មាន​ចំនួន​ទំព័រ​សរុប​ ​២៧០ទំព័រ​,​ ​ទំហំ​អក្សរ​ ​១០.៥​,​ ​ទំហំ​ក្រដាស​ ​12.5​ ​cm​ ​x​ ​18.5​ ​cm​។​ ​សៀវភៅ​នេះ​ ​គឺជា​សៀវភៅ​រៀបរាប់​អំពី​សារៈសំខាន់​នៃ​អំណាន​,​ ​គំនិត​នី​មួយ​ៗ​មាន​បង្ហាញ​នូវ​គំនិត​ទស្សនវិជ្ជា​ ​(​ពាក្យស្លោក​ ​ភាសិត​ ​សុភាសិត​ ​និង​គំនិត​ទស្សន​វិ​ទូ​ល្បី​ៗ​)​,​ ​ចរន្ត​សំណេរ​ក្នុង​សង្គម​,​ ​ក្បួន​នៃ​ការ​អាន​ឱ្យ​មានប្រសិទ្ធភាព​,​ ​របៀប​គិតពិចារណា​ស៊ីជម្រៅ​ក្នុង​ពេល​អាន​,​ ​ការ​ជ្រើស​រសៀវ​ភៅ​មុន​អាន​។​ល​។​ ​សៀវភៅ​នេះ​ ​ខ្ញុំ​អាច​រៀបចំ​បោះពុម្ព​ផ្សាយ​លក់​នៅ​តាម​ទីផ្សារ​ ​តែ​ដោយសារតែ​ខ្ញុំ​យល់ថា​ ​“​សម​ក៏ដោយ​ ​មិន​សម​ក៏ដោយ​ ​គឺ​ការ​ដាក់​ជូន​ឱ្យ​ទាញ​យក​អាន​ដោយ​ឥតគិតថ្លៃ​ ​វា​មានប្រយោជន៍​សម្រាប់​ទាំងអស់គ្នា​”​។​ ​


សៀវភៅ “អំណានជាអំណាច” ដែលជាស្នាដៃទី៣របស់ លោក ឡាំ លីម

លោកបានបន្ថែមថា “ដូច្នេះ ដើម្បីឱ្យគម្រោងនេះអាចលេចចេញ​ជារូបរាងបាន ខ្ញុំសូម​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ឱ្យចូលរួមឧបត្ថម្ភក្នុងការបោះពុម្ព តែសម្រាប់តែ​អ្នក​ដែល​មានលទ្ធភាព​ចង់​ចូលរួម​ប៉ុណ្ណោះ​ ​មិនថា​តិច​ក្តី​ ​ឬ​ច្រើន​ក្តី​ ​វា​ជា​ចំណែក​នៃ​ការចូលរួម​គិតគូរ​ ​ខ្វល់ខ្វាយ​ ​ជំរុញ​ ​លើកកម្ពស់​វិស័យ​អំណាន​បន្ថែម​ទៀត​។​ ​ចំពោះ​ខ្ទង់ចំណាយ​លើ​ការ​បោះពុម្ព​ផ្សាយ​នេះ​ ​ត្រូវចំណាយ​​ប្រមាណ​ជា​ ​២៦០០ដុល្លារ​​ ដែល​ទឹកប្រាក់​នេះ​ ​សម្រាប់​ខ្ញុំ​និង​យុវជន​ដទៃផ្សេង​ទៀត​ គឺជា​មាន​ចំនួនមួយ​​ច្រើន​គួរសម​ ​តែបើ​ជា​ការចូលរួម​បន្តិច​ម្នា​ក់ៗពីលោកអ្នក​ ​គឺ​មិន​ច្រើន​ប៉ុន្មាន​ទេ​ ​ដ្បិត​វា​ជា​ការ​វិនិយោគ​លើ​ចំណេះដឹង​។​ ​ការ​វិនិយោគ​ ​ឱ្យ​តែ​វិនិយោគ​ត្រឹមត្រូវ​ ​គឺ​នឹង​ទទួលផល​ចំណេញ​មកវិញ​ ​ប្រៀប​ដូចជា​ការ​វិនិយោគ​លើ​ការអប់រំ​ ​ចំណេះដឹង​ ​និង​សមត្ថភាព​យុវជន​ ​ដ្បិត​បើ​ខ្វាយខ្វល់​នឹង​សមត្ថភាព​យុវជន​ ​គឺ​ស្មើនឹង​សាបព្រោះ​គ្រាប់ពូជ​សម្រាប់​ជួយ​ជ្រោមជ្រែង​សង្គម​ទៅ​ថ្ងៃ​ក្រោយ​អ៊ីចឹងផងដែរ​។​”

​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ ​ដែល​យើង​ម្នា​ក់ៗ​អាច​បង្ហាញ​ពី​ស្មារតី​នៃ​ការចូលរួម​ចំពោះ​ការ​គាំទ្រ​ផ្នែក​អំណាន​ ​ទោះបីជា​យើង​អាច​ចូលរួម​ត្រឹម​បន្ដិចបន្ដួច​ក្ដី​ ​ប៉ុន្តែ​ការចូលរួម​ម្នា​ក់​បន្ដិច​ៗ​ឱ្យ​បាន​ច្រើន​នាក់​ ​គឺ​ស្មើនឹង​កម្លាំង​សាមគ្គី​ដ៏​ធំ​មួយ​។​ ​ចំពោះ​រូប​លោក ឡាំ លីម ​ផ្ទាល់​ ​លោកក៏​បានត្រៀម​កញ្ចប់​ថវិកា​ផ្ទាល់ខ្លួនមួយចំនួន​​ សម្រាប់​ចូលរួមក្នុងករណីដែលថវិកាដែលបាន​ពីការឧបត្ថម្ភ​របស់​លោក​អ្នក​​ខ្វះខាតមិនគ្រប់​គ្រាន់​តាម​ចំនួន​កំណត់សម្រាប់​បោះពុម្ព​ផ្សាយផងដែរ​​។​

ការចូលរួម​វិភាគទាន​នេះ​ ​គឺ​មាន​រយៈពេល​មួយ​ខែ​ ​ដែល​គិត​ចាប់ពី​ថ្ងៃទី១៦​ ​តុលា​ ​រហូតដល់​ថ្ងៃទី១៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩ នេះ​។​ ដូច្នេះ បើ​លោកអ្នក​មានបំណង​ចង់​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​ដ៏ប្រពៃ​នេះ​ លោក​អ្នក​អាច​ចូលរួម​វិភាគទាន​លបាន ទៅតាម​កម្លាំង​សទ្ធា​រៀង​ៗ​ខ្លួន ​តាមរយៈ​គណនី​ធនាគារ​ ​និង​គណនី​វី​ងរ​បស់​លោក ឡាំ លីម ​ផ្ទាល់តែម្ដង ដូចជា ​៖​ ​

១. គណនីធនាគារ ABA (ABA Account): 000839954 (Lam Lem)
២. គណនីវីង (Wing Account): 02525942 ឬតាមរយៈលេខទូរសព្ទរបស់លោក ឡាំ លីម ផ្ទាល់ 096 24 07 162
៣. បងប្អូនដែលរស់នៅក្រៅប្រទេសអាចចូលវិភាគទានតាមរយៈ https://www.gofundme.com/f/xt88k-book-donation

លោកក៏បានបញ្ជាក់ផងដែរថា “ចំពោះបងប្អូនដែលបានចូលរួមវិភាគទាន ហើយចង់បានជាសៀវភៅត្រឡប់ទៅវិញ គឺអាចផ្ញើលេខទូរសព្ទមកកាន់ខ្ញុំតាមរយៈ Messenger Chat ក្នុងហ្វេសប៊ុកខ្ញុំផ្ទាល់។ ការអាន វាគឺជាជំនាញមួយដែលយើងត្រូវតែចេះ និងជាជំនាញដែលយើងអាចរៀនសូត្របាន។ សៀវភៅ “អំណានជាអំណាច” នេះជាសៀវភៅក្បាលទី២ ដែលខ្ញុំដាក់ឱ្យអ្នកអានទាញយកអានដោយឥតគិតថ្លៃ បន្ទាប់ពីសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ” ដែលកាលនោះ ខ្ញុំបានដាក់ឱ្យទាញយកអាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។”

ស្នាដៃសៀវភៅទាំង៣ក្បាលរបស់ លោក ឡាំ លីម

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ឡាំ លីម ដែលនឹងបោះពុម្ពផ្សាយសៀវភៅ “អំណានជាអំណាច”  ខាងលើឆាប់ៗនេះ  លោកគឺម្ចាស់ស្នាដៃសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ” និង “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” ដែលស្នាដៃទាំងពីរនេះទទួលបានការគាំទ្រយ៉ាងខ្លាំងកន្លងមក។ លោកកើតនៅខេត្តសៀមរាប។ ឪពុករបស់លោកបានទទួលមរណភាពនៅឆ្នាំ២០០៩ ហើយលោករស់នៅជាមួយម្តាយដែលប្រកបរបរជាអ្នកដាំដំណាំ និងធ្វើស្រែចម្ការ។ លោកមានបងស្រីពីរនាក់ និងប្អូនប្រុសពីរនាក់ ដោយលោកជាកូនប្រុសកណ្តាលក្នុងគ្រួសារ។ លោកជាអ្នកសរសេរប្រកបដោយទឹកដៃមួយរូប ដែលនិយមសរសេរជាសំណេរខ្លីៗ ជាពិសេសអត្ថបទទាក់ទងនឹងទស្សនវិជ្ជា, ភាពជាអ្នកដឹកនាំ និងស្មារតីសង្គម ដែលសុទ្ធសឹងតែជាប្រភេទអត្ថបទចំណេះដឹងដ៏មានអត្ថប្រយោជន៍ចំពោះអ្នកអាន។ បច្ចុប្បន្ន ក្រៅពីមានអាជីពអ្នកជានិពន្ធកម្ពុជាមួយរូប លោកគឺជាអ្នកធ្វើស្រែចម្ការ ដែលនិយមចូលចិត្តអានសៀវភៅ, សរសេរអត្ថបទនិងសៀវភៅ និងផ្ដល់តម្លៃលើការសិក្សារៀនសូត្រយ៉ាងខ្លាំង។ សូមចូលរួមចរិច្ចាគឧបត្ថម្ភម្នាក់បន្តិចៗទាំងអស់គ្នា ដើម្បីឱ្យសៀវភៅ “អំំណានជាអំណាច” ដ៏ល្អនេះ លេចចេញជារូបរាងឡើងឆាប់ ដូចការគម្រោងទុក។ សូមអរគុណ៕
និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ឡាំ លីម / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!