“ប៉ាកកានារី” កម្មវិធីជួបជុំអ្នកនិពន្ធស្ត្រីដំបូងគេនៅកម្ពុជា គ្រោងនឹងធ្វើនៅចុងខែកុម្ភៈនេះហើយ

  • February 21st, 2020

CREATOR គឺ​ជាគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ ដែលទើបតែបង្កើតឡើងកាលពីពេលថ្មីៗនេះ។ គ្រឹះស្ថាននេះគ្រោង​នឹងរៀបចំកម្មវិធីធំមួយ ក្រោម​រូបភាព​ជា​ការជួបជុំអ្នកនិពន្ធស្ត្រីដំបូងគេនៅកម្ពុជា ដោយ​គ្រោងធ្វើនៅចុងខែកុម្ភៈនេះហើយ​ ក្រោម​ឈ្មោះថា “ប៉ាកកានារី” និងមានការចូលរួមពីវាគ្មិនអ្នកនិពន្ធស្ត្រីចំនួន១១រូប និងអ្នកចូលរួមប្រមាណ៣០០នាក់។

កម្មវិធី “ប៉ាកកានារី” ក្រោកប្រធានបទ “សំណេរនាង សំនៀងសង្គម”

កញ្ញា គឹម ឌីណា ដែលជាអ្នករៀបចំកម្មវិធី “ប៉ាកកានារី”  បានឱ្យដឹងថា “ជំនួបនេះធ្វើឡើងក្រោមពាក្យស្លោក “សំណេរនាង សំនៀងសង្គម” ហើយកម្មវិធីនេះបង្កើត​ឡើង​ក្នុងគោលបំណង អបអរសាទរទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ​២០២០ និងរឹតចំណងសាមគ្គីភាពរវាងអ្នកនិពន្ធស្ត្រីនិងអ្នកអាន ជំរុញ ក៏ដូចជា​លើកទឹកចិត្តអ្នកអាន ជាពិសេសស្ត្រី និងក្មេងស្រីតាមរយៈការតែងនិពន្ធ។ កម្មវិធីនេះ នឹងមានការចែករំលែកបទពិសោធផ្សេងៗគ្នា នៅជុំវិញការតែងនិពន្ធ ឱកាស និង ឧបសគ្គ ផងដែរ។”

កញ្ញា គឹម ឌីណា អ្នករៀបចំកម្មវិធី “ប៉ាកកានារី”

ទាក់ទងនឹងបុព្វហេតុ ដែលនាំឱ្យមានការបង្កើតកម្មវិធីនេះឡើង ក៏ត្រូវបាន​កញ្ញា គឹម ឌីណា ដែលជាសហស្ថាបនិករបស់គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ CREATOR ដែលនោះ  បង្ហាញថា “ការតែងនិពន្ធមិនមែនជាអាជីពដែលគេចាប់អារម្មណ៍នោះទេ។ វាគ្រាន់តែជាការងារដើម្បីរកប្រាក់ចំណូលបន្ថែម ឬដោយការស្រឡាញ់តែប៉ុណ្ណោះ។” ទន្ទឹមនឹងនេះដែរ កញ្ញា​សង្កេតឃើញថា “មនុស្សមួយចំនួនមិនសូវឱ្យតម្លៃអ្នកនិពន្ធក្នុងការអភិវឌ្ឍសង្គមជាតិនោះទេ។ ជួនកាល អ្នកនិពន្ធខ្លួនឯងក៏អស់សង្ឃឹមក្នុងការតែងនិពន្ធផងដែរ។”

សហស្ថាបនិករបស់ CREATOR រូបនេះ បន្តទៀតថា៖ “ទោះយ៉ាងនេះក្តី យើងសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកស្រឡាញ់សៀវភៅ និងអ្នកចូលចិត្តអាន បានកើនឡើងគួរឱ្យកត់សម្គាល់។ ដូច្នេះ ទើបគ្រឹះស្ថានបោះពុម្ពផ្សាយ CREATOR គិតឃើញថា យើងគួរតែយកចិត្តទុកដាក់នឹងអ្នកនិពន្ធ ពិសេសអ្នកនិពន្ធស្ត្រី។ ហេតុអ្វីចាំបាច់យកចិត្តទុកដាក់នឹងអ្នកនិពន្ធស្រ្តី? CREATOR មើលឃើញសក្តានុពលដ៏ខ្លាំងក្លាក្នុងចំណោមអ្នកនិពន្ធស្ត្រី ហើយយើងជឿជាក់ថា ពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការតែងនិពន្ធឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដោយភាពទន់ភ្លន់ ក្នុងសង្គមរបស់យើង។ CREATOR ជឿជាក់ថានៅពេលដែលអ្នកនិពន្ធស្រ្តីធ្វើការរួមគ្នា ពួកគេអាចចែករំលែកបទពិសោធផែ្នកតែងនិពន្ធ ស្វែងរកមធ្យោបាយលើកកម្ពស់ស្ត្រី និង អប់រំយុវជនជំនាន់ក្រោយបានល្អ។”

កញ្ញាបញ្ជាក់បន្ថែមទៀតថា​ “ទោះយ៉ាងណាក៏ដោយ ភាពជោគជ័យរបស់អ្នកនិពន្ធស្ត្រី មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់បុរស និង ស្ថាប័នពាក់ព័ន្ធនោះទេ។  ហេតុដូច្នេះហើយ ទើបកម្មវិធីយើងក៏បានអញ្ជើញអ្នកនិពន្ធជាបុរស និងបុរសផ្សេងៗទៀត ចូលរួមក្នុងកម្មវិធីដើម្បីស្តាប់ការលើកឡើង និង ឈ្វេងយល់ពីអ្នកនិពន្ធស្ត្រីផងដែរ។”

កម្មវិធី “ប៉ាកកានារី” និងសមាសភាពអ្នកនិពន្ធស្ត្រីទាំង១១រូប

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា​ កម្មវិធី “ប៉ាកកានារី” ក្រោមប្រធានបទ “សំណេរនាង សំនៀងសង្គម” នេះ នឹងប្រារព្ធ​ធ្វើឡើងនៅ ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះហើយ ចាប់ពី ម៉ោង១រសៀល ដល់៥ល្ងាច នៅ សាកលវិទ្យាល័យបផារ៉ាហ្កន (អតីតសាកលវិទ្យាហ្សាម៉ាន់)។ កម្មវិធី នេះអាចចូលរួមដោយសេរី។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើទំនាក់ទំនង តាមរយៈលេខ 012 610 550015 79 10 72 និង 098 694 119 ។ សូមអរគុណ៕

សម្រួលអត្ថបទនិងរក្សាសិទ្ធិដោយ ៖ cambowriter.com / រូបភាព ៖ CREATOR


error: អត្ថបទរក្សាសិទ្ធ !!