“តូបអ្នកនិពន្ធ” ទីដែលអ្នកនិពន្ធ និងអ្នកអានជួបគ្នា ប្រកបដោយភាពស្និទ្នស្នាល និងសប្បាយរីករាយ!

  • March 4th, 2020

បើលោក​​អ្នក​ជាអ្នក​និយមអានសៀវភៅ និងចូលចិត្តទៅចូលរួមក្នុងកម្មវិធីពិព័រណ៌សៀវភៅផ្សេងៗ នោះលោកអ្នកមុខជាបានឃើញហើយតូបលក់​សៀវភៅមួយដែល​ប្រជុំ​ដោយអ្នកនិពន្ធ​ល្បីឈ្មោះមួយចំនួន​នៅកម្ពុជានាពេលបច្ចុប្បន្ន។ តូបនោះមានឈ្មោះថា​ “តូបអ្នកនិពន្ធ” គឺជាតូបដ៏ល្បីឈ្មោះមួយ ដែលបង្កើតឡើងដោយអ្នកនិពន្ធឆ្នើមៗមួយក្រុម និង​ត្រូវបានទទួលស្គាល់ជាទូទៅថា “តូបអ្នកនិពន្ធ ទីដែលអ្នកនិពន្ធ និងអ្នកអានជួបគ្នា ប្រកបដោយភាពស្និទ្នស្នាល និងសប្បាយរីករាយ!” ។ ពិតណាស់! បើ​អ្នកបាន​ទៅឃើញជាក់ស្ដែង តូបមួយនេះ ពិតជាយ៉ាងដូច្នោះមែន។

“តូបអ្នកនិពន្ធ” និងអ្នកនិពន្ធ​មួយ​ចំនួន

ទាក់ទងនឹង​ “តូបអ្នកនិពន្ធ” នេះ លោក សួង ម៉ាក់ អ្នកនិពន្ធល្បីឈ្មោះប្រើនាមប៉ាកកា “ផ្កាយ” ដែលជាអ្នកចាត់ការទូទៅ និង​ជាសហស្ថាបនិកមួយ​រូបនៃ​តូបនេះ បាន​បង្ហាញប្រាប់​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ក្នុងបទសម្ភាសន៍តាមរយៈសារអេឡិចត្រូនិច​ក្ដៅៗមុននេះថា ជាទូទៅ តូបអ្នកនិពន្ធ មានលក់ស្នាដៃរបស់អ្នកនិពន្ធគ្រប់ស្រទាប់ គ្រប់សម័យទាំងអស់ មិនថាចាស់ថ្មី ក្មេងឬចាស់នោះទេ។ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ យើងខិតខំសម្រិតសម្រាំង ជ្រើសរើសស្នាដៃដែលមានគុណភាព ទាំងទឹកដៃនិពន្ធ ការរចនាទំព័រ រចនាក្រប ភាពច្នៃប្រតិដ្ឋ ថ្មីប្លែក មានអត្តសញ្ញាណផ្ទាល់ខ្លួន ពិសេសដាច់ដោយឡែកពីអ្នកដទៃ បូករួម​ទាំងអក្ខរាវិរុទ្ធផងដែរ។ ស្នាដៃរបស់អ្នកនិពន្ធដែលមានដាក់លក់នៅតូបអ្នកនិពន្ធបច្ចុប្បន្នមាន ដូចជា ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី របស់អ្នកនិពន្ធ សុខ ចាន់ផល, ដើម្បីកូន របស់ក្រុមអ្នកនិពន្ធ ចត្វាផ្លឹស, ភ្លេចស្នេហ៍ក្បែរជើងមេឃ របស់អ្នកនិពន្ធ ឆាន់ វុត្ថា, ម៉ឺនឯក របស់អ្នកនិពន្ធ ពៅ មករា,ស្នេហ៍អស់ពីហឫទ័យ” របស់អ្នកនិពន្ធ គឹម ឌីណា, សៀវភៅស៊េរី អារក្សខ្មៅ របស់អ្នកនិពន្ធ ធឿន វុទ្ធី, និងរឿង “ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់ របស់ខ្ញុំបាទ សួង ម៉ាក់ ផ្ទាល់​ជាដើម។ ក្រៅពីនេះ យើងក៏នៅមានស្នាដៃចាស់ៗដែលបោះពុម្ពក្នុងឆ្នាំកន្លងមក របស់អ្នកនិពន្ធផ្សេងទៀត ដាក់លក់ផងដែរ។

“តូបអ្នកនិពន្ធ” និង​ប្រិយមិត្តអ្នកគាំទ្រ​យ៉ាង​ច្រើន​កុះ​ករ

លោក សួង ម៉ាក់ បានបន្តបញ្ជាក់ពីតម្លៃ​លក់សៀវភៅ និង​ចំណុចពិសេសៗ​របស់ “តូបអ្នកនិពន្ធ” ថា នៅទិវាជាតិអំណាននេះ គ្រប់ស្នាដៃបោះពុម្ពក្នុងឆ្នាំកន្លងមក(ចាប់ពីឆ្នាំ២០១៩ទៅ) គឺសុទ្ធតែទទួលបានការបញ្ចុះតម្លៃ១០%ទាំងអស់។ ចំណែកស្នាដៃថ្មីៗ ដែលទើបតែចេញផ្សាយ មិនមានការលក់បញ្ចុះតម្លៃទេ តែអាចមានវត្ថុអនុស្សាវរីយ៍តូចៗថែមជូន ដូចជា ស្នៀតសៀវភៅ ស្ទីកគ័រ អាវយឺត ឬក្រមា ជាដើម។ ហើយ​លក្ខណៈពិសេសមួយទៀតរបស់តូបអ្នកនិពន្ធ គឺយើងមិនប្រើថង់ប្លាស្ទិកទេ រាល់ការវេចខ្ចប់សៀវភៅជូនអ្នកអាន យើងប្រើថង់ក្រដាស ខ្សែក្រចៅ ឬក៏ក្រមា។ ចំណែកអ្នកលក់ អាចមានការស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ដូចជាចងក្បិនជាដើម ទៅតាមថ្ងៃផ្សេងៗ។” លោក​បាន​បន្ថែមជាចុងក្រោយថា “ហើយ​ខ្ញុំ​សូម​បញ្ជាក់បន្ថែមថា តូបអ្នកនិពន្ធ ជាតូបសៀវភៅដែលមានកេរ្តិ៍ឈ្មោះមួយនៅក្នុងកម្មវិធីពិព័រណ៍សៀវភៅកម្ពុជា និងទិវាជាតិអំណាន ព្រោះថ្វីបើឆ្នាំខ្លះតូបអ្នកនិពន្ធមិនមានសៀវភៅចេញថ្មី ក៏តូបអ្នកនិពន្ធនៅតែលក់សៀវភៅបានរាប់ពាន់ក្បាលដែរក្នុងមួយលើកៗដែរ។ នេះ​ជាសម្ដីទាំង​ស្រុង​របស់​លោក សួង ម៉ាក់

លោក​ សួង ម៉ាក់ អ្នកនិពន្ធល្បី និងសៀវភៅ ““ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់” របស់លោក

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា លោក​ សួង ម៉ាក់ គឺជាអ្នក​និពន្ធ​កម្ពុជា​ល្បីឈ្មោះ​មួយរូប​នាពេលបច្ចុប្បន្ន ដែលប្រើនាមប៉ាកកាថា “ផ្កាយ” លោក​ជាម្ចាស់ស្នាដៃ​សៀវភៅ ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់ ជាប្រលោមលោក​ល្បីមួយទទួលបាន​ការគាំទ្រ​ពីសំណាក់​ប្រិយមិត្ត​អ្នកអាន​យ៉ាង​ខ្លាំង។ លើសពីនេះក្នុង “តូបអ្នកនិពន្ធ” លោកមាន​​តួនាទីជាអ្នកចាត់ការទូទៅ និងជាសហស្ថាបនិកម្នាក់រួមបង្កើតតូបនេះឡើង ក្នុងចំណោមស្ថាបនិកផ្សេងប៉ុន្មានរូបទៀត។ ដូច្នេះ បើចង់​​ដឹងថា តូបនេះមានលក្ខណៈ ល្អ​ប្លែកវិសេស​វិសាល​យ៉ាង​ណានោះ លោក​អ្នក​អាច​ចុចទីនេះ ដើម្បីចូលមើលហ្វេសប៊ុកផេកផ្លូវការ​របស់​តូបនេះ​បាន https://www.facebook.com/WriterBookstore/ ជាពិសេស​ បើ​លោក​អ្នក​ចង់​ដឹងច្បាស់​តែម្ដងនោះ លោក​អ្នក​អាចទៅ​ចូលរួម និង​ទិញសៀវភៅនៅតូបនេះបាន ក្នុង “ទិវាជាតិអំណាន លើកទី៥ ឆ្នាំ២០២០” រយៈពេល៣ថ្ងៃ ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ថ្ងៃខានស្អែកខាងមុខ​នេះឯង ដោយស្ថិតនៅស្តង់លេខ៣៥ក្នុងកម្មវិធីដ៏សំខាន់នេះ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ តូបអ្នកនិពន្ធ / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!