សៀវភៅថ្មីនិយាយអំពី ប្រធានាធិបតីទាំងអស់របស់អាម៉េរិក នឹងបង្ហាញខ្លួនដំបូងក្នុង “ទិវាអំណានជាតិ លើកទី៥ ឆ្នាំ២០២០” ឆាប់ៗនេះ!

  • March 3rd, 2020

សៀវភៅ «ប្រមុខសេតវិមាន» ដែលមានកម្រាស់៣៥៣ទំព័រ នឹងចេញផ្សាយដំបូងនៅក្នុង ​ទិវាអំណាន​ជាតិ លើកទី៥ ថ្ងៃទី៦ ៧ ៨ ខែមីនា ឆ្នាំ២០២០ នេះនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលា​តិចណូ)។ សៀវភៅនេះ គឺជាស្នាដៃទី១៩ របស់លោក ឈុំ សីហា សហស្ថាបនិកគ្រឹះ​ស្ថាន​បោះពុម្ព​ផ្សាយ​ហាត​​ប៊ុក។ ដូច្នេះ ដើម្បី​ឱ្យ​លោក​អ្នក​ដឹង​ជុំវិញព័ត៌មាននានាអំពីការចេញផ្សាយសៀវភៅថ្មីសន្លាងមួយនេះ “គេហទំព័រ​អ្នកនិពន្ធកម្ពុជា” សូមបង្ហាញ​នូវ​កិច្ច​សម្ភាសន៍ខ្លីមួយ ដែល​ធ្វើ​ឡើង​តាមរយៈ​សារអេឡិចត្រូនិច ជាមួយសហស្ថាបនិកគ្រឹះស្ថានខាងលើ និង​ដែលជាអ្នករៀបរៀងសៀវភៅនេះ ដូចតទៅ ៖

១. ជម្រាបសួរ លោក ឈុំ សីហា !

ចម្លើយ ៖ បាទ! ជម្រាបសួរ!

២.តើ​លោកអាច​ជម្រាប​បាន​ទេថា ​មូលហេតុអ្វីដែលជំរុញ​ឱ្យ​លោករៀបរៀងសៀវភៅនេះឡើង?

ចម្លើយ ៖ មូលហេតុសំខាន់ដំបូង សហរដ្ឋអាម៉េរិកគឺជាប្រទេសមហាអំណាចពិភពលោកទាំងសេដ្ឋកិច្ចនិង​យោធា។ ដូចនេះការដឹកនាំប្រទេសដ៏ធំនិងខ្លាំងក្លាមួយនេះ មិនមែនជារឿង​ងាយស្រួលនោះទេ។ បែប​នេះហើយ ទើបអ្នកដឹកនាំប្រទេស ពិសេសប្រធានាធិបតី បានក្លាយជាផ្ទាំងស៊ីបដ៏សំខាន់ដែលយើង​គួរ​សិក្សា​ស្វែង​យល់​។ យើងខ្ញុំចង់ឱ្យបងប្អូនស្វែងយល់អំពីដំណើរជីវិត និងព្រឹត្តិការណ៍នានា ដែល​កើត​ឡើង​​ក្នុង​អំឡុងពេលកាន់តំណែងរបស់ប្រធានាធិបតីនីមួយៗ។

លោក ឈុំ សីហា និងសៀវភៅ “ប្រមុខសេតវិមាន” ស្នាដៃរៀបរៀងរបស់លោក

៣. តើលោកត្រូវចំណាយពេលវេលាប៉ុន្មានដើម្បីបង្កើតវាឡើង? តើប្រភពឯកសារណាខ្លះ​ដែល​លោក​បាន​ស្រាវជ្រាវ? តើទុកចិត្តបានទេ?​

ចម្លើយ ៖ យើងបានចំណាយពេលប្រហែលពីរឆ្នាំ ពោលគឺពីដើមឆ្នាំ២០១៨ រហូតដល់ពេលនេះ​ទើបចេញ​ផ្សាយ។ មានកម្រាស់ក្រាស់គួរសមរហូតដល់៣៥៣ទំព័រ យើងបានស្រាវជ្រាវប្រភព​ឯកសារគួរ​ទុក​ចិត្ត​ជាច្រើន។ ឯកសារដំបូងនិងគួរទុកចិត្តបំផុតគឺ ឯកសារដែលបានផ្សព្វផ្សាយក្នុងគេហទំព័រផ្លូវការរបស់សេតវិមានអាម៉េរិកតែម្តង។ ច្បាស់ណាស់ថា ឯកសារនេះ ត្រូវបានរៀបរៀងដោយក្រុមការងារជំនាញ​ផ្នែកប្រវត្តិសាស្រ្តនិងជីវប្រវត្តិរបស់វិមានប្រធានាធិបតី (The White House) ដ៏ជឿជាក់បំផុត។ ក្រៅ​ពី​នេះ យើងនៅមានឯកសារមួយចំនួនទៀតដូចជា គេហទំព័រដ៏ល្បីល្បាញ biography.com  ដែល​ល្បី​ល្បាញ​អំពីជីវប្រវត្តិនិងប្រវត្តិសាស្រ្ត និងឯកសាររបស់វិទ្យុបារាំងអន្តរជាតិជាដើម។ ក្រៅពីនេះ​ក៏មាន​សៀវភៅ​ជាច្រើនក្បាលទៀត។

៤. ក្រៅពីរូបលោក តើនៅមានអ្នកណាខ្លះទៀត​បានចូលរួមរៀបរៀងសៀវភៅនេះឡើង?

ចម្លើយ ៖ សមិទ្ធផលនេះ មិនអាចលេចរូបរាងដោយគ្មានបុគ្គលសំខាន់ៗមួយចំនួនជួយខ្ញុំនោះទេ។ យើងខ្ញុំមាន​ក្រុមអ្នកបកប្រែឯកសារគោលនិងយោងចំនួន៣រូប ដែលពួកគាត់ជានិស្សិតអក្សរសាស្រ្តអង់គ្លេស និង​ទំនាក់​ទំនង​​​​អន្តរជាតិ និងបងប្រុសម្នាក់ គាត់ជាអ្នកបកប្រែអាជីព។ ហើយយើងខ្ញុំក៏មានក្រុមពិនិត្យ​និង​កែ​​សម្រួល​ចំនួន៣រូបផ្សេងទៀតដែរ។ សរុបមានមនុស្ស៧រូប ដែលបានចូលរួមចំណែក​រៀបរៀងឱ្យកើតមានជាសៀវភៅនេះឡើង។

៥. ក្នុងនាម​លោក​ជាអ្នក​ចូលចិត្ត​អានសៀវភៅខ្លាំងមួយរូប តើ​លោក​អាច​ជម្រាប​​បាន​ទេថា ហេតុអ្វីបានជាមនុស្ស​ម្នាក់ៗ​ចាំ​បាច់​ត្រូវអានសៀវភៅនេះ?

ចម្លើយ ៖ វាគឺជាសៀវភៅដែលនិយាយអំពីមេដឹកនាំអាម៉េរិកទាំង៤៥រូប ចាប់ពីលោក ចច វ៉ាស៊ីនតោន រហូត​ដល់​លោក ដូណាល់ ត្រាំ។ សៀវភៅនេះនឹងជួយបង្កើនចំណេះដឹងសម្រាប់បងប្អូនអ្នកអានអំពី​ប្រវត្តិ​សាស្រ្ត​អាម៉េរិក និងប្រវត្តិសាស្រ្តពិភពលោកដែលពាក់ព័ន្ធជាមួយអាម៉េរិក។ ពិសេសលើសនេះ យើងក៏​អាច​ដឹង​អំពីមូលហេតុអ្វីបានជាអាម៉េរិកខ្លាំងជាងគេ ស្របពេលដែលប្រទេសនេះទើបចាប់ផ្តើម ត្រឹម​សតវត្សរ៍​ទី​១៨​តែប៉ុណ្ណោះ។ យើងក៏អាចរៀនសូត្រពីមេរៀនជាច្រើនទៀត ដូចជា ការកសា​ង​មូល​ដ្ឋានគ្រឹះ​នៃ​ប្រទេស​តាមរយៈ ការធ្វើបដិវត្តន៍ទាមទារឯករាជ្យពីអង់គ្លេស ការបង្កើតជាសហរដ្ឋដែល​ខុសៗគ្នា ការ​បង្កើត​រដ្ឋធម្មនុញ្ញដ៏អស្ចារ្យមួយ ការរក្សាតុល្យភាពនៃអំណាចទាំងបី ការផ្ទេរអំណាច​ដោយ​សន្តិវិធី ការដឹក​នាំ​ប្រទេសតាមបែបប្រជាធិបតេយ្យ រហូតគេប្រសិទ្ធនាមអាម៉េរិកជាបិតាប្រជាធិបតេយ្យ ការ​គោរព​​សិទ្ធិមនុស្សនិងសេរីភាព ការធ្វើសង្គ្រាម ជាដើម។ នៅមានចំណុចពិសេសជាច្រើនទៀត។

៦. តើមានអ្វីពិសេសទេ សម្រាប់ថ្ងៃចេញផ្សាយដំបូងក្នុងទិវាអំណានជាតិ លើកទី៥ នេះ? 

ចម្លើយ ៖ ពិតណាស់! គឺ​នឹងមានការលក់​បញ្ចុះតម្លៃរហូតដល់ទៅ៤០% ពី តម្លៃ២៥,០០០រៀល​ ​សល់ត្រឹម១៥,០០០រៀលប៉ុណ្ណោះ​ ហើយ​យើង​ខ្ញុំសូមបញ្ជាក់ថា តម្លៃ​នេះគឺលក់​តែ​​ក្នុងរយៈពេល​៣ថ្ងៃក្នុង​ទិវា​អំណានជាតិ លើកទី៥ នេះប៉ុណ្ណោះ! ដោយនៅ​ក្រោយថ្ងៃនោះ គឺយើង​ខ្ញុំ​នឹង​លក់ក្នុងតម្លៃធម្មតាវិញដូចដើមវិញ។ ដូច្នេះ បើ​បងប្អូនចង់ជាវយកទៅអាន បងប្អូនអាចរកជាវបាននៅស្តង់​លេខ៥០ នៅទីតាំងប្រារព្ធ​ពិធីនោះ។

សៀវភៅ “ប្រមុខសេតវិមាន” និង​ការបញ្ចុះតម្លៃក្នុងថ្ងៃ “ទិវាអំណានជាតិ លើកទី៥”

៧. តើ​លោកមានអ្វីចង់​បញ្ជាក់បន្ថែមទេមុននឹងបញ្ចប់​បទសម្ភាសន៍នៅពេលនេះ? 

ចម្លើយ ៖ ខ្ញុំសូមបញ្ជាក់ថា សៀវភៅនេះ មិនអាច​អត្ថាធិប្បាយឱ្យបានស៊ីជម្រៅអំពីមេដឹកនាំអាម៉េរិក​​ដែលមាន​រហូត​ដល់៤៥រូបនោះទេ ហើយក៏មិនអាចគ្រប់ជ្រុងជ្រោយអំពីប្រវត្តិសាស្រ្តអាម៉េរិកដ៏ធំនោះដែរ។ ដូច​នេះ​យើងខ្ញុំ សូមអភ័យទោសទុកជាមុនរាល់កំហុសឆ្គងដែលអាចកើតមានក្នុងការ​រៀបរៀងសៀវភៅ​នេះឡើង។ យើងខ្ញុំនឹងព្យាយាមកែសម្រួលនូវការបោះពុម្ពលើកក្រោយៗ ហើយក៏នឹង​បន្តស្រាវជ្រាវ​អំពី ប្រធានាធិបតីអាម៉េរិក នីមួយៗបន្ថែមទៀត។ ចុងក្រោយ សូមអំពាវនាវឱ្យបងប្អូនចូលរួម​ ទិវា​អំណាន​ជាតិ លើកទី៥ នៅថ្ងៃទី៦ ដល់៨ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះឱ្យបាន​ច្រើនកុះករ និង​សូមចូលរួម​លើកកម្ពស់​ការអាន​នៅ​កម្ពុជារបស់យើងទាំង​អស់​គ្នា ព្រោះ  “ប្រទេសខ្លាំងត្រូវការប្រជាជនខ្លាំង ហើយប្រជាជនខ្លាំងត្រូវការអាន”

លោក ឈុំ សីហា អ្នកនិពន្ធ, រៀបរៀង និងជាសហស្ថាបនិកគ្រឹះស្ថានហាតប៊ុក

“គេហទំព័រអ្នកនិពន្ធ​​កម្ពុជា” សូមបញ្ជាក់ថា លោក ឈុំ សីហា គឺជា​អ្នករៀបរៀងសៀវភៅមួយរូប និងជាសហស្ថាបនិកគ្រឹះស្ថានបោះ​ពុម្ពផ្សាយ​ហាតប៊ុក។ លោកបានសរសេរសៀវភៅជាច្រើនក្បាល ហើយបងប្អូនអាចរកសៀវភៅទាំង​នេះ​បាន​នៅ​តាមបណ្ណាគារធំៗនៅភ្នំពេញ និងតាមបណ្តាខេត្តនានាផងដែរ ឬលោកអ្នកក៏អាច​ចូលទៅកាន់​ទំព័​រហ្វេ​ស​ប៊ុក​ផ្លូវការរបស់​គ្រឹះស្ថានហាតប៊ុក https://www.facebook.com/HeartBookCambodia/ ឬគេហទំព័រផ្លូវការ​របស់​គ្រឹះស្ថានហាតប៊ុក heartbookcambodia.com    ដើម្បីទំនាក់ទំនងបញ្ជាទិញ និងសាកសួរទទួលបានព័ត៌មានបន្ថែមដែល​លោក​អ្នក​ចង់​ដឹង​ច្បាស់។ សូមអរគុណ៕

រូបភាព ៖ ឈុំ សីហា / អត្ថបទនិងរក្សាសិទ្ធិដោយ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!