ហាតប៊ុក ៖ គ្រឹះស្ថានបោះពុម្ពផ្សាយ​មួយ ដែល​ផលិត​សៀវភៅល្អៗ ប្រកបដោយគុណ​តម្លៃ សម្រាប់​ប្រិយមិត្ត​អ្នកអាន!  

  • April 24th, 2020

គ្រឹះស្ថាន​បោះពុម្ពផ្សាយ​នៅកម្ពុជា​សព្វថ្ងៃមាន​ច្រើន តែ​ថ្ងៃនេះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” សូម​លើក​យក​គ្រឹះស្ថាន​ល្បីឈ្មោះមួយ​បង្ហាញ​ឱ្យ​​លោក​អ្នកបានដឹង និង​កាន់តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​សៀវភៅ​អាន​ល្អៗ​ឱ្យចំគោលដៅ ព្រោះ​គ្រឹះស្ថាន​ដែល​គេហទំព័រ​យើង​ខ្ញុំនឹង​បង្ហាញនៅពេល​នេះ គឺជាគ្រឹះស្ថានដ៏ល្បីមួយនាពេលបច្ចុប្បន្ន ដោយ​យើង​ខ្ញុំ​ជឿថា សៀវភៅខ្លះ​ដែល​បាន​ផលិត​បោះពុម្ពផ្សាយ​ដោយគ្រឹះស្ថាននេះ ក៏លោក​អ្នក​ធ្លាប់​ឮធ្លាប់​ឃើញដែរ ហើយ​ស្រួល​មិនស្រួល ថែមទាំង​ធ្លាប់​ទិញ​អាន​ទៀតផង នេះ​គឺ​ “គ្រឹះស្ថាន​ហាត​ប៊ុក” គ្រឹះស្ថានដែល​សម្បូរ​ដោយសៀវភៅអានល្អៗ ប្រកបដោយគុណ​តម្លៃ និង​គុណភាព ដែលអាច​ជួយ​បង្កើន​គុណ​ភាព​ជីវិត​របស់​លោកអ្នក​បាន។

លោក ឈុំ សីហា សហស្ថាបនិក និងជានិពន្ធនាយក “គ្រឹះស្ថានហាតប៊ុក”

ហេតុនេះ ដើម្បី​កុំ​ឱ្យ​ខាត​ពេល និង​រង់ចាំយូរ គេហទំព័រយើង​ខ្ញុំ​សូម​បង្ហាញ​នូវ​បទសម្ភាសន៍ ដែលបាន​ធ្វើ​ឡើង​ជាមួយ​ លោក ឈុំ សីហា តាមសារអេឡិចត្រូនិច ដែល​លោក​ជា​សហស្ថាបនិក​គ្រឹះស្ថាន​មួយរូប  ទាក់​ទង​នឹងគ្រឹះស្ថាន​ដូច​ដែលបាន​រៀបរាប់​នេះ។ លើសពីនេះ​​ លោក​ក៏ជា​អ្នក​និពន្ធ ​បកប្រែ​រៀប​រៀង​ និងចង​ក្រង​សៀវភៅដ៏​ឆ្នើម​មួយ​រូប​នៅកម្ពុជា​​​នាពេល​បច្ចុប្បន្នផងដែរ តែ​គេហទំព័រយើង​ខ្ញុំ​សូមើលយកតែ​សំណួរសំខាន់ៗ​មក​បង្ហាញ​ជូន​ឱ្យ​លោក​អ្នក​បានដឹង​ប៉ុណ្ណោះ រួមមានដូចតទៅ ៖

គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើ “គ្រឹះស្ថាន​ហាតប៊ុក” បង្កើត​ឡើង​ក្នុង​ថ្ងៃ​ខែឆ្នាំណា? ដោយនរណាខ្លះ? និង​ធ្វើ​ការ​លើ​ផ្នែកអ្វីខ្លះ? ហើយ​រហូត​មកទល់​នឹង​ពេលនេះផលិត​បោះពុម្ពផ្សាយ​សៀវភៅបាន​ប៉ុន្មាន​ចំណងជើងហើយ? និងនិពន្ធរៀបរៀងដោយនរណាខ្លះ?

លោក ឈុំ សីហា ៖ យើងចាប់ផ្តើមបង្កើតដំបូងនៅខែកក្កដា ឆ្នាំ២០១២ ដោយបងប្អូនបង្កើតពីររូប គឺបងប្រុសរបស់ខ្ញុំឈ្មោះ ប៉ា ដាឡា និងរូបខ្ញុំ។ កិច្ចការដំបូងរបស់យើង គឺផ្តោតសំខាន់លើកិច្ចការស្រាវជ្រាវនិងចងក្រងសៀវភៅអាន។ ​មកដល់ពេលនេះ គ្រឹះស្ថានហាតប៊ុក បានបោះពុម្ពសៀវភៅបានចំនួន៣៥ក្បាល ដោយមានអ្នកនិពន្ធនិងរៀបរៀង៧នាក់ ដូចជា ខ្ញុំ​បាទ, ប៉ា ដាឡា, រឺន សីហា, ឈុំ សុចិណ្ណា, ញ៉ូង រ៉ាយ៉ា, ឈុំ កក្កដា និង ណម ពៅចំរើន។ បច្ចុប្បន្នយើងក៏កំពុងមានអ្នកនិពន្ធនិងរៀបរៀងមួយចំនួនទៀត ដោយ​ពួកគាត់នឹងបង្ហាញស្នាដៃនៅពេលខាងមុខ ហើយយើងខ្ញុំនឹងបង្ហាញឈ្មោះពួកគាត់​តាមរយៈស្នាដៃទាំងនោះនៅពេលឆាប់ៗនេះដែរ។

សៀវភៅទាំងអស់របស់ហាតប៊ុក (លើកលែងបីក្បាលដែលជាភាគ២ មិនដាក់បញ្ចូល)

គេហទំព័រអ្នកនិពន្ធកម្ពុជា ៖  តើគ្រឹះស្ថានហាតប៊ុក” បង្កើតឡើងក្នុងគោលបំណងសំខាន់ៗ​អ្វីខ្លះ?

លោក ឈុំ សីហា ៖ បំណងសំខាន់ គឺបង្កើតឯកសារដែលមានប្រយោជន៍សម្រាប់អ្នកអាននៅកម្ពុជា។ បន្ថែមពីលើនេះ យើងក៏មានបំណងជំរុញ​ការអានសម្រាប់ប្រជាជនកម្ពុជាដែរ ដោយឈរលើទស្សនៈមួយថា “ប្រទេសខ្លាំង ត្រូវការប្រជាជនខ្លាំង…ប្រជាជនខ្លាំង ត្រូវការអាន”

គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើ “គ្រឹះស្ថានហាតប៊ុក” បង្កើតឡើងនឹង​ផ្ដល់នូវអត្ថប្រយោជន៍អ្វីខ្លះដល់អ្នក​និពន្ធ និងអ្នកអាន?

លោក ឈុំ សីហា ៖ ប្រយោជន៍ដែលយើងផ្តល់ជូនទៅអ្នកអានគឺ ការផលិតនូវសៀវភៅនិងឯកសារផ្សេងទៀតប្រកបដោយគុណភាព និងគុណតម្លៃ សម្រាប់មិត្តអ្នកអាន។ សម្រាប់អ្នកនិពន្ធវិញគឺ ហាតប៊ុក មានបំណងផ្តល់ឱកាសឱ្យពួកគាត់អាចបញ្ចេញស្នាដៃរបស់ខ្លួនទៅកាន់មជ្ឈដ្ឋានអ្នកអាន។ ម្យ៉ាងវិញទៀត គឺឱកាស​ក្នុងការអភិវឌ្ឍសមត្ថភាពតែងនិពន្ធនិងរៀបរៀងរបស់ពួកគាត់ តាមរយៈសកម្មភាពផ្លាស់ប្តូរនូវចំណេះដឹងនិងបទពិសោធន៍គ្នាទៅវិញទៅមក។ បន្ថែមពីលើនេះ គឺថវិកាមួយចំនួន ដែលទទួលបានពីការលក់ស្នាដៃរបស់ពួកគាត់។

សៀវភៅបីក្បាលដែលលក់ដាច់ជាងគេរបស់ “គ្រឹះស្ថានហាតប៊ុក”

គេហទំព័រអ្នកនិពន្ធកម្ពុជា ៖  តើ​អ្វី​ជាបេសកកម្មដ៏ចម្បង​បំផុត​របស់ “គ្រឹះស្ថានហាតប៊ុក”​ ដែលត្រូវតែ​ធ្វើ​ឱ្យបាន​​ជាចាំបាច់​​នៅថ្ងៃ​អនាគត?

លោក ឈុំ សីហា៖ ធ្វើឱ្យការអានក្លាយជាទម្លាប់និងវប្បធម៌សម្រាប់ប្រជាជនខ្មែរ។ បេសកកម្មដ៏ធំ​​​និ​ងពោរពេញដោយតម្លៃមួយនេះ​ អាចសម្រេចទៅបាន ត្រូវការការរួមគ្នាពីអ្នកពាក់ព័ន្ធទាំងអស់។

គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើ​ “គ្រឹះស្ថានហាតប៊ុក” បាន​ផលិត​សៀវភៅ​ផ្នែក​អ្វីខ្លះ? ហើយ​ប្រសិនបើ​ប្រិយមិត្ត​ចង់​ជាវ​សៀវភៅរបស់គ្រឹះស្ថាន តើពួកគាត់​អាច​រកទិញបានដោយវិធីណា និងនៅតាមកន្លែងណាខ្លះ?​

លោក ឈុំ សីហា៖ យើងខ្ញុំផលិតសៀវភៅបានច្រើនផ្នែក ហើយមានផែនការពង្រីកឱ្យកាន់តែច្រើន​ ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកអាននិងភាពចាំបាច់សម្រាប់វឌ្ឍនភាពនៃសង្គមជាតិរបស់យើង។ យើងមានសៀវភៅអាន បែបទស្សនវិជ្ជា គំនិតនិងទស្សនៈ ជំនួញ ភាពជាអ្នកដឹកនាំ នយោបាយ ជីវប្រវត្តិបុគ្គលឆ្នើម ប្រវត្តិសាស្រ្ត និងរឿងទិនាន ជាដើម។ ហើយ​បងប្អូនអាចរកសៀវភៅទាំងអស់របស់ហាតប៊ុកបាននៅតាមបណ្ណាគារធំៗនៅភ្នំពេញដូចជា បណ្ណាគារអន្តរជាតិ, សន្តិភាព, បាក់ទូក, អង្គរធំ, នគរធំ, ប្រជាប្រិយ, ពិភពលោក, ណូវែល, អង្គរ, តូបលក់សៀវភៅផ្សារអូរឫស្សី, តូបលក់សៀវភៅមុខសាលាដូនពេញ និងតាមបណ្តាខេត្តមួយចំនួនដូចជា បាត់ដំបង, សៀមរាប, បន្ទាយមានជ័យ តាកែវ, កំពង់ឆ្នាំង , ឧត្តរមានជ័យ, រតនៈគីរី និង ស្ទឹងត្រែង ជាដើម ឬក៏លោកអ្នកអាច​ចូលទៅកាន់​ទំព័​រហ្វេ​ស​ប៊ុក​ផ្លូវការរបស់​គ្រឹះស្ថានហាតប៊ុក https://www.facebook.com/HeartBookCambodia/ ឬគេហទំព័រផ្លូវការ​របស់​គ្រឹះស្ថានហាតប៊ុក heartbookcambodia.com    ដើម្បីទំនាក់ទំនងបញ្ជាទិញ និងសាកសួរទទួលបានព័ត៌មានបន្ថែមដែល​លោក​អ្នក​ចង់​ដឹង​ច្បាស់។

គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើបច្ចុប្បន្នលោកមានតួនាទីអ្វី​នៅក្នុងគ្រឹះស្ថានហាតប៊ុក? ហើយ​ក្នុង​ចំណោមសៀវភៅដែលមានផលិតទាំងអស់​កន្លងមក តើមានស្នាដៃ​របស់​លោក​ប៉ុន្មាន​ចំណងជើងនៅក្នុងនោះ? សៀវភៅរបស់​លោក​មានចំណងជើងអ្វីខ្លះ​ដែលទទួលបានការ​គាំទ្រ​ច្រើន​​ជាងគេ? 

លោក ឈុំ សីហា ៖ ក្នុងគ្រឹះស្ថានហាតប៊ុក ខ្ញុំមានតួនាទីជា នាយកគ្រឹះស្ថាន និពន្ធនាយក និងជាអ្នករៀបរៀងសៀវភៅ។ ក្នុងចំណោមសៀវភៅ​របស់​គ្រឹះ​ស្ថានហាតប៊ុកទាំងអស់ចំនួន៣៥ចំណង​ជើង​ ខ្ញុំ​បានសរសេរសៀវភៅផ្ទាល់ខ្លួនបានប្រមាណ១៩ចំណង​ជើង​ និងសហការសរសេរចំនួន២ចំណង​ជើង​ សរុប២១ចំណងជើង រួមមានដូចតទៅ ៖

  1. ពេជ្រមួយពាន់គ្រាប់ ភាគ១ (សៀវភៅដំបូង)
  2. ពេជ្រមួយពាន់គ្រាប់ ភាគ២
  3. ស្រ្តីដែកថែប
  4. ភាសាស្នេហ៍
  5. ការលើកទឹកចិត្តនិងអភិវឌ្ឍន៍ខ្លួនឯង
  6. ប្រទេសចិន ក្រោមកណ្តាប់ដៃបុរសខ្លាំងទាំងបី
  7. បរាជ័យ
  8. មេដឹកនាំពិភពលោក២១រូប នាដើមសតវត្សរ៍ទី២១
  9. មនុស្ស១០០ គំនិត១០០០
  10. ១០១ អំពីប្រទេសចិន
  11. ប្រទេសអ៊ីស្រាអែល
  12. ប្រទេសជប៉ុន
  13. និទានជោគជ័យ
  14. បុគ្គលិកឆ្នើម
  15. សាងគ្រឹះនគរ
  16. វិធីសាស្រ្តប្រមាញ់ការងារ
  17. រៀនពីពួកគាត់
  18. មហាសេដ្ឋីព័ត៌មានវិទ្យា
  19. ប្រមុខសេតវិមាន
  20. បណ្តុំគំនិត ភាគ១ (សហរៀបរៀង)
  21. ចំណេះដឹងសកល ភាគ១ (សហរៀបរៀង)

សៀវភៅទាំងអស់សុទ្ធតែទទួលបានការគាំទ្រពីប្រិយមិត្តអ្នកអាន ហើយមានសៀវភៅ ប៉ុន្មានក្បាលដែលទទួលបានការគាំទ្រច្រើនជាងគេគឺ សៀវភៅមានចំណងជើងថា “ការលើកទឹកចិត្តនិងអភិវឌ្ឍន៍ខ្លួនឯង”, “ស្រ្តីដែកថែប”, “អ៊ីស្រាអែល”, “បរាជ័យ”, “រៀនពីពួកគាត់” និងសៀវភៅសហរៀបរៀងមានចំណងជើថា “បណ្តុំគំនិត ភាគ១” និង “ចំណេះដឹងសកល ភាគ១” ។ យើងនៅមានសៀវភៅថ្មីៗមួយចំនួនទៀត ដែលនឹងចេញផ្សាយនៅក្នុងឆ្នាំ២០២០នេះ។

សៀវភៅពីរក្បាលថ្មី ដែលកំពុងពេញនិយមក្នុងឆ្នាំ២០១៩ និង២០២០ របស់ “គ្រឹះស្ថានហាតប៊ុក”

គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ ​អ្វីជាមតិចុង​ក្រោយ​របស់​លោកចំពោះ​ប្រិយមិត្ត​អ្នកគាំទ្រសៀវភៅហាតប៊ុក និងមាន​ពាក្យ​ពេចន៍អ្វី​ចង់​ថ្លែង​មុននឹង​បញ្ចប់​បទសម្ភាស​ន៍ដែរ​ឬទេ? សូមគោរពអញ្ជើញ!

លោក ឈុំ សីហា ៖ ឆ្លៀតឱកាសនេះ ខ្ញុំ ឈុំ សីហា ក៏សូមថ្លែងអំណរគុណសម្រាប់ប្រិយមិត្តហាតប៊ុក ក៏ដូចជាបងប្អូនអ្នកអានទាំងអស់គ្នា ដែលតែងតែគាំទ្រនិងប្រកាន់ទម្លាប់អាន។ សូមបន្តការអាន ចែករំលែកចំណេះដឹង និងបន្តជំរុញការអានទាំងអស់គ្នា។ យើងទាំងអស់គ្នាសុទ្ធតែយល់អំពីប្រយោជន៍នៃការអាន ហើយការបង្កើតទម្លាប់និងវប្បធម៌អាននៅក្នុងប្រទេសជាតិរបស់យើង គឺជាកិច្ចការចាំបាច់បំផុត។ ដូចនេះយើងត្រូវតែចូលរួមទាំងអស់គ្នា តាមលទ្ធភាពនិងសមត្ថភាពរបស់ខ្លួនរៀងៗខ្លួន។ សូមអរគុណ “គេហទំព័រអ្នកនិពន្ធកម្ពុជា” សម្រាប់បេសកកម្មដ៏ថ្លៃថ្លាបំផុត។

លោក ឈុំ សីហា និងសៀវភៅ “ប្រមុខសេតវិមាន” ដែលលោក​ទើបតែចេញផ្សាយហើយ​​ថ្មីៗ

គេហទំព័រអ្នកនិពន្ធកម្ពុជាសូមបញ្ជាក់ថា លោក ឈុំ សីហា គឺ​ជាសហស្ថាបនិកគ្រឹះស្ថានបោះ​ពុម្ពផ្សាយ​ហាតប៊ុកមួយរូប និង​កំពុងមានតួនាទីជានិពន្ធ​នាយក​នៃ​គ្រឹះស្ថាន​នេះ​សព្វថ្ងៃ។ លើសពីនេះ​លោក​ក៏ជាអ្នករៀបរៀងសៀវភៅមួយរូបដ៏ឆ្នើម​​ប្រចាំ​គ្រឹះស្ថាន​ផងដែរ ដែលរហូត​មកទល់​នឹង​ពេលនេះរៀបរៀងសៀវភៅផ្ទាល់ខ្លួនបាន១៩ចំណង​ជើង​ និងសហការរៀបរៀងបានចំនួន២ចំណង​ជើង​ សរុប២១ចំណងជើងហើយ។ ដូច្នេះ បើ​លោក​អ្នកចង់​ដឹងថា តើ​សៀវភៅ​របស់​លោក ក៏ដូចជា​សៀវភៅ​ទាំងអស់​របស់” ​គ្រឹះស្ថាន​ហាតប៊ុក” ​មាន​លក្ខណៈ​ល្អ​យ៉ាង​ណាខ្លះ​នោះ? លោក​អ្នក​អាច​ទិញ​យកមកអានតាមការណែនាំ​ខាង​លើបាន នោះ​លោក​អ្នក​មុខជា​ជ្រាប​ច្បាស់​​មិនខាន។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ឈុំ សីហា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!