លោក ឃុត សុខឿន បង្ហាញពីសៀវភៅទី៣ ស្នាដៃក្រុមអ្នកនិពន្ធ “មន្តទឹកខ្មៅ”

  • December 11th, 2019

ខ្មាសខ្លួនឯង គឺជា​ចំណងជើងសៀវភៅទី៣ របស់​ក្រុម​អ្នក​និពន្ធ “មន្តទឹកខ្មៅ” ដែលទើបតែបោះពុម្ពផ្សាយថ្មី និងត្រៀមបង្ហាញ​ក្នុងពិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃ​សុក្រ សៅរ៍ អាទិត្យ ទី១៣ ១៤ ១៥ ធ្នូខាងមុខនេះ ។

លោក ឃុត សុខឿន ឡើងថ្លែងក្នុងកម្មវិធីមួយ

ទាក់ទងនឹង​សៀវភៅនេះ លោក ឃុត សុខឿន ដែលជាសម្របសម្រួលសមូហ​​​កម្មមន្តទឹកខ្មៅបាន​ប្រាប់​ គេហទំព័រអ្នកនិពន្ធកម្ពុជា ថា “ សៀវភៅ “ខ្មាសខ្លួនឯង” នេះជាសៀវភៅទី៣របស់សមូហកម្មមន្តទឹកខ្មៅ បន្ទាប់ពីសៀវភៅ “មន្តទឹកខ្មៅ” និង សៀវភៅ “ព្រៃរំដួល”​ ។ “ខ្មាសខ្លួនឯង” ជាសៀវភៅកម្រងរឿងខ្លីដែលមានចំនួន ២២ ស្នាដៃ ហើយដែលត្រូ​វបានជ្រើសរើសចេញពីស្នាដៃជិត៥០ ដែលផ្ញើមកមន្តទឹកខ្មៅក្នុងឆ្នាំ២០១៩នេះ។  ស្នាដៃទាំង២២ដែលត្រូវបានជ្រើស​យកមកបោះពុម្ពផ្សាយមានដូចជា ៖  ទី១រឿង “ថង់លុយ” និពន្ធដោយ ៖ ឌឹម ណៃយ៉េ / ទី២រឿង “ការចងចាំមួយ” និពន្ធដោយ ៖ ហ៊ួត វាសនា / ទី៣រឿង “មេអំបៅ” និពន្ធដោយ ៖ ឈន គ្រីមុនីរ័ត្ន / ទី៤រឿង “បង្វែរបេះដូង” និពន្ធដោយ ៖ ស៊ឹម ចាន់យ៉ា / ទី៥រឿង “ស្ករគ្រាប់ប្រលាក់ដី” និពន្ធដោយ ៖ ចាន់ សុភ័ក្រត្រា / ទី៦រឿង “ច្រណែនស្រា” និពន្ធដោយ ៖ ហ៊ុន ឆេងវិ / ទី៧រឿង “ស្រីម្នាក់ដែលខ្ញុំស្អប់” និពន្ធដោយ ៖ ឈាង វរលក្ខណ៍ / ទី៨រឿង “វ៉ែនតា” និពន្ធដោយ ៖ សែម ប្ញទ្ធី / ទី៩រឿង “ចេកគ្រញូង” និពន្ធដោយ ៖ យិប ឆេងលាប / ទី១០រឿង “មាសជ្រលក់” និពន្ធដោយ ៖ សេន គឹមណេង / ទី១១រឿង “លោកផ្កាយមេខ្ញុំ” និពន្ធដោយ ៖ អ៊ុច ថាវី / ទី១២រឿង “ខ្ញុំមិនសុខចិត្តទេ” និពន្ធដោយ ៖ អ៊ិន បូបូ / ទី១៣រឿង “កូនអ្នករើសសំរាម” និពន្ធដោយ ៖ ស៊ុយ លីនប៉ាវ / ទី១៤រឿង “ឋានសួគ៌របស់ខ្ញុំ” និពន្ធដោយ ៖ ចេង រតនា / ទី១៥រឿង “ខុសគេ” និពន្ធដោយ ៖ ជា តុងហៃ / ទី១៦រឿង “ខ្មាសខ្លួនឯង” និពន្ធដោយ ៖ វ៉ា មឿន / ទី១៧រឿង “ពុកខ្ញុំអ្នករើសអេតចាយ” និពន្ធដោយ ៖ ឆាន់ វុត្ថា / ទី១៨រឿង “កម្រងផ្កា” និពន្ធដោយ ៖ ឡាង​​ វ៉ាន់ឌី / ទី១៩រឿង “ដើមផ្កាជីវិត” និពន្ធដោយ ៖ យី ចំណាន / ទី២០រឿង “ដើរតាមសុបិន” និពន្ធដោយ ៖ គឹម សុធាថងឌី / ទី២១រឿង “បើស្អែកគ្មានខ្ញុំ” និពន្ធដោយ ៖ កែវ សេងរដ្ឋា និងចុងក្រោយគឺ រឿង “ឆ្លងដែន” និពន្ធដោយ បណ្ឌិត ឡឹក ជំនោរ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ។

“ខ្មាសខ្លួនឯង” សៀវភៅទី៣ស្នាដៃក្រុមអ្នកនិពន្ធ “មន្តទឹកខ្មៅ” 

សៀវភៅ ខ្មាសខ្លួនឯង នឹងដាក់លក់ក្នុងតម្លៃ ២ម៉ឺន ២ពាន់រៀល។ អ្នកនិពន្ធទាំង២២នាក់នេះ នឹងដាក់លក់សៀវភៅនេះដោយខ្លួនឯង។ នេះជាការបញ្ជាក់របស់លោក ឃុត សុខឿន។  លើស​ពីនេះ​លោកក៏បានបង្ហាញពីលក្ខណៈពិសេសរបស់សៀវភៅ ខ្មាសខ្លួនឯង នេះថា ក្រុមអ្នកនិពន្ធមន្តទឹកខ្មៅបានសម្រេចប្រសិទ្ធិនាមសៀវភៅមន្តទឹកខ្មៅទី៣នេះថា ខ្មាសខ្លួនឯង គឺដើម្បីលើកទឹកចិត្តដល់អ្នកនិពន្ធវ័យចាស់ជាងគេរបស់មន្តទឹកខ្មៅ គឺ លោក វ៉ា មឿន ដែល​លោក​គឺជាអតីតគ្រូបង្រៀន, អតីតប្រធានអង្គការក្រៅរដ្ឋាភិបាល អ្នកអប់រំ… ដែលមានវ័យជាង៧០ឆ្នាំប្លាយ។  ទោះស្ថិត​ក្នុងវ័យជាង៧០ឆ្នាំហើយក៏ដោយ  ក៏លោកឆ្លៀតចូលរៀនវគ្គតែងនិពន្ធ  ហើយចាប់ផ្តើមសរសេរ និងមិនបានបោះបង់ការសរសេររបស់ខ្លួនទៅតាមអាយុរបស់លោកឡើយ។ ការណ៍នេះ គឺជាគំរូដ៏ល្អ និង គួរឱ្យកោតសរសើរ។  រឿង ខ្មាសខ្លួនឯង របស់លោក គឺជាស្នាដៃទី២របស់លោក នៅក្នុងសមូហកម្មមន្តទឹកខ្មៅ។

សៀវភៅស្នាដៃទី១ “មន្តទឹកខ្មៅ”

“ព្រៃរំដួល” សៀវភៅទី២របស់ “មន្តទឹកខ្មៅ”

ចំពោះសំណួរដែលសួរថា បន្ទាប់ពីចេញសៀវភៅ ខ្មាសខ្លួនឯង នេះរួច តើ មន្តទឹកខ្មៅ មានគម្រោងអ្វីថ្មីទៀតដែរឬទេ? បើមានតើជាអ្វី? ហើយនឹងចាប់ផ្ដើមអនុវត្តនៅពេលណា? លោក ឃុត សុខឿន បានបង្ហាញថា ដូ​ចរៀងរាល់ឆ្នាំដែរ សមូហកម្មមន្តទឹកខ្មៅ ប្តេជ្ញាថានឹងបោះពុម្ពផ្សាយសៀវភៅរបស់ខ្លួនក្នុងមួយឆ្នាំម្តង ហើយសៀវភៅនោះគឺជាកម្រងរឿងខ្លីដដែល។ នៅឆ្នាំ ២០២០ នេះ យើងនឹងប្រកាសជ្រើសរើសរឿងខ្លី តាំងពីដើមឆ្នាំទៅ ដើម្បីឱ្យក្រុមការងារមានឱកាសធ្វើការលើស្នាដៃបានយូរ ពិសេសគឺការផ្តល់ព័ត៌មានត្រឡប់ទៅឱ្យម្ចាស់ស្នាដៃ ដើម្បីឱ្យការសរសេរកាន់តែបានល្អ។  ក្រៅពីនេះ យើងនឹងមានពេលច្រើនដើម្បីផ្សព្វផ្សាយអំពីសៀវភៅ ក្នុងគោលបំណង​ជំរុញការលក់របស់អ្នកនិពន្ធឱ្យកើនឡើង។​ នៅឆ្នាំ២០២០ នេះ យើងអាចនឹងធ្វើសកម្មភាពផ្សេងៗទៀតដែរ ដូចជាសិក្ខាសាលាអ្នកនិពន្ធ ទស្សនកិច្ចសិក្សា ជំនួបរវាងអ្នកនិពន្ធ និង អ្នកអាន ។ល។

ក្របសៀវភៅ “ខ្មាសខ្លួនឯង”

គេហទំព័រអ្នកនិពន្ធកម្ពុជា សូមបញ្ជាក់ថា សៀវភៅ ខ្មាសខ្លួនឯង ដែលជាសៀវភៅទី៣របស់ សមូហកម្មមន្តទឹកខ្មៅ នេះ នឹងមានដាក់លក់នៅក្នុង ពិធីពិព័រណ៌សៀវភៅកម្ពុជា លើទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពី  ថ្ងៃសុក្រ ទី១៣ ដល់ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩ ឆាប់ៗនេះ។ បើលោកអ្នកចង់ទិញយកទៅអាន លោកអ្នកអាចរកបាននៅស្ដង់លេខ៨ (Creator Book), លេខ៤៧, និងលេខ៤៨។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ កម្មសិទ្ធិរបស់គ្រឹះស្ថានបោះពុម្ពផ្សាយខ្មែរប៊ុក / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!