អ្នកនិពន្ធ រតនា ត្រៀមបញ្ចេញស្នាដៃនិពន្ធសៀវភៅទី៣ឆាប់ៗ
- December 8th, 2019
អ្នកនិពន្ធ រតនា ត្រៀមបញ្ចេញស្នាដៃនិពន្ធសៀវភៅទី៣ឆាប់ៗ
អ្នកនិពន្ធ រតនា មាននាមប៉ាកកាថា “ផ្កាយតូច” ជាអ្នកស្រុកកំពង់ចាម។ កញ្ញាគឺជាម្ចាស់ស្នាដៃសៀវភៅ “អនុស្សាវរីយ៍ ៣៤” និង “វិថីជីវិត” ដែលសៀវភៅទាំងពីរក្បាលនេះទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តអ្នកស្នេហាការអានយ៉ាងខ្លាំង។
អ្នកនិពន្ធ រតនា និងស្នាដៃនិពន្ធទាំងពីរ
អ្នកនិពន្ធ រតនា បានបង្ហាញទាក់ទងនឹងការនិពន្ធរបស់កញ្ញាថា “ការតែងនិពន្ធរបស់នាងខ្ញុំ ជាដុងពីធម្មជាតិ ជាចំណូលចិត្តមួយដែលវាមានមកដោយមិនដឹងខ្លួន អ្វីដែលអាចធ្វើបានមកត្រឹមនេះ គឺព្រោះតែទទួលបានចំណេះដឹងតាំងពីថ្នាក់វិទ្យាល័យមកម៉្លេះ។ អាយុ១៣ឆ្នាំ នាងខ្ញុំផ្តើមចូលចិត្តសរសេរកំណាព្យខ្លីៗ និងបន្តសរសេរបែបកែកម្សាន្តជាប្រចាំ។ ដល់អាយុ១៨ឆ្នាំ នាងខ្ញុំផ្តើមសរសេរជាសាច់រឿង តែកាលនោះក៏មិនទាន់ដឹងថាអ្វីដែលខ្លួនបានសរសេរនោះជាប្រលោមលោកដែរ គ្រាន់តែសរសេរបានជាសាច់រឿងដែលមិនបញ្ចប់ហើយក៏ទុកចោល។ សាច់រឿងមួយនោះមានចំណងជើងថា សំណោកអនុស្សាវរីយ៍ ត្រូវបានរកឃើញមកវិញ និងផ្តើមសរសេរបញ្ចប់ក្នុងឆ្នាំ២០១៤។ មកដល់ចុងឆ្នាំ២០១៩ នាងខ្ញុំសម្រេចចិត្តជ្រើសយើងស្នាដៃនិពន្ធដំបូងមួយនេះមកកែសម្រួលនិងបោះពុម្ព ដែលនឹងចេញផ្សាយជាសាធារណៈនាពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីទាន់អបអរទិវា ពិព័រណ៍សៀវភៅកម្ពុជា លើកទី៨ ដែលនឹងប្រព្រឹត្តទៅក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ។”
សៀវភៅស្នាដៃទី៣របស់ អ្នកនិពន្ធ រតនា ដែលនឹងត្រូវចេញផ្សាយឆាប់ៗ
អ្នកនិពន្ធ រតនា បានបន្ថែមទៀតថា “ការតែងនិពន្ធកាលពីនៅក្មេងៗ សម្រាប់ខ្ញុំវាជាការអនុវត្តមេរៀន ជាការកម្សាន្ត តែសម្រាប់ពេលនេះ ការតែងនិពន្ធសម្រាប់ខ្ញុំ ជាអនុស្សាវរីយ៍ ជាកេរ្តិ៍មរតក សម្រាប់ជំនាន់ក្រោយ និងសង្គមជាតិ។ ការតែងនិពន្ធសំខាន់ណាស់ ព្រោះសារដែលអ្នកនិពន្ធដាក់បញ្ចូលនៅក្នុងស្នាដៃនីមួយៗ នឹងដក់ជាប់នៅក្នុងបេះដូងរបស់អ្នកអាន ទាំងនោះជាមេរៀនដែលអន្ទងចិត្តអ្នកអានឱ្យប្រតិបតិ្តតាម។”
អ្នកនិពន្ធ រតនា និងប្រិយមិត្តអ្នកគាំទ្រស្នាដៃនិពន្ធកញ្ញា
ទន្ទឹមនឹងការស្រឡាញ់ការតែងនិពន្ធ កញ្ញាក៏ជាអ្នកចូលចិត្តនិងផ្ដល់តម្លៃដល់ការអានសៀវភៅមួយរូបផងដែរ ដោយកញ្ញាបានបង្ហាញថា “ខ្ញុំអានសៀវភៅពេលដែលមានពេលវេលាគ្រប់គ្រាន់ ព្រោះពេលដែលនាងខ្ញុំមានពេលតិចពេក អារម្មណ៍នឹងមិនមូលក្នុងការអាន។ សម្រាប់នាងខ្ញុំ ការអានសៀវភៅដោយមិនបានយកចិត្តទុកដាក់វាជាការខ្ជះខ្ជាយស្នាដៃរបស់អ្នកនិពន្ធ ជាទូទៅ សៀវភៅដែលខ្ញុំចូលចិត្តអានជាសៀវភៅបែប ចិត្តវិទ្យា និងចំណេះដឹងទូទៅ។”
ស្នាដៃចាស់ថ្មីរបស់ អ្នកនិពន្ធ រតនា
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា អ្នកនិពន្ធ រតនា មាននាមប៉ាកកាថា “ផ្កាយតូច” កញ្ញាគឺជាម្ចាស់ស្នាដៃសៀវភៅ “អនុស្សាវរីយ៍ ៣៤” និង “វិថីជីវិត” នឹងកំពុងត្រៀមបញ្ចេញស្នាដៃនិពន្ធសៀវភៅទី៣របស់កញ្ញាជាផ្លូវការនៅពាក់កណ្ដាលខែធ្នូ ចុងឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះហើយ។ ដូច្នេះ ប្រសិនបើប្រិយមិត្តអ្នកនិយមអានទាំងឡាយចង់ដឹងថា តើស្នាដៃនិពន្ធរបស់កញ្ញាមានលក្ខណៈយ៉ាងណាខ្លះនោះ លោកអ្នកអាចទំនាក់ទំនងជាវបានតាមរយៈហ្វេសប៊ុកផេក របស់កញ្ញាបានតែម្ដងគឺ https://www.facebook.com/naknipunratana2018 នោះលោកអ្នកមុខជាបានដឹងច្បាស់ពីទឹកដៃក្នុងការនិពន្ធរបស់កញ្ញាជាក់ជាមិនខាន។ សូមអរគុណ៕
អត្ថបទ ៖ ឫទ្ធិពង្ស / រូបថត ៖ អ្នកនិពន្ធ រតនា / រក្សាសិទ្ធិ ៖ cambowriter.com