ចាប មួយជួង ការអានពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ជីវិតខ្ញុំ

  • August 31st, 2019

កញ្ញា ចាប មួយជួង, កើតឆ្នាំ២០០៣ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, កញ្ញាមានឪពុកឈ្មោះ ចាប និត និងម្តាយឈ្មោះ ទ្រី គឹមអ៊ាង, កញ្ញាមានបងប្អូនចំនួន៣នាក់ ប្រុស២នាក់ ដោយកញ្ញាជាកូនស្រីច្បងក្នុងគ្រួសារ។ សព្វថ្ងៃកញ្ញាជាសិស្សថ្នាក់ទី១១ នៅសាលាអន្តរទ្វីបអាមេរិចកាំង ក្រុងភ្នំពេញ។ ក្រៅពីម៉ោងសិក្សា កញ្ញាតែងឆ្លៀតយកដំណាំហូបផ្លែពីចម្ការនៅស្រុកម្តាយរបស់កញ្ញាមកលក់ ព្រមទាំងឆ្លៀត​ចូលរួមក្នុង​សកម្មភាព​ការងារសង្គមខ្លះៗ ដូចជា ចូលរួម​ក្នុង​កម្មវិធីសប្បុរសធម៏ និងថតរឿងអប់រំខ្លីៗជាដើម ជាពិសេស​ចំណាយពេល​ច្រើនបំផុតលើ​សកម្មភាពការងារគ្រប់គ្រងក្លឹបមួយឈ្មោះថា “គ្រាប់ពូជក្លឹបអាន” ដែលជាក្លឹប​អាន​មួយដែលកញ្ញា​ទើបតែ​បានបង្កើតឡើងថ្មីៗនេះ។

កញ្ញា ចាប មួយជួង ដែលជាយុវតីមួយរូបដែលស្រឡាញ់ការអានខ្លាំងណាស់ ហេតុនេះហើយទើបបានជាកញ្ញាខិតខំបង្កើត​ក្លឹបអាននេះឡើង ដើម្បី​ពង្រឹងការអានរបស់ខ្លួនផង និងជំរុញការអានក្នុងប្រទេសកម្ពុជាឱ្យកាន់តែ​រីកចម្រើន​ផង ដោយ​កញ្ញា​បាន​បង្ហាញប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ថា “មូលហេតុដែលធ្វើអោយនាង​ខ្ញុំស្រឡាញ់ការអានខ្លាំង​បែប​នេះ ព្រោះតែការអានមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ជីវិតខ្ញុំ វាបាន​ធ្វើអោយនាង​ខ្ញុំកែប្រែនិងអភិវឌ្ឍខ្លួនជាច្រើន និង​មានគំនិតវិជ្ចមានហ៊ានតតាំងជាមួយបញ្ហាការលំបាក​នានា, មានគំនិតចាស់ទុំជាងមុន ជាពិសេស​បំផុត​នោះ ធ្វើ​ឱ្យ​នាង​ខ្ញុំហ៊ានសម្រេចចិត្តទៅលើកិច្ចការផ្សេងបានដោយខ្លួនឯងយ៉ាង​មាន​ជំនឿជាក់​បំផុត!” បន្ថែម​ពីលើ​នេះ​កញ្ញា​ក៏បាន​បន្តទៀតថា “ហើយ​​ការអាននៅ​មាន​អត្ថប្រយោជន៍​ជា​ច្រើនទៀតនឹក​ស្មាន​មិនដល់ មិនថា​តែ​សម្រាប់រូបនាងខ្ញុំឬក៍​នរណា​ម្នាក់​ផ្សេងទៀត​នោះទេ ឱ្យតែ​យើង​អានសៀវភៅ​ល្អៗបាន​ច្រើន និង​ចេះអានបាន​ត្រឹម​ត្រូវ នោះ​វា​នឹង​ជួយ​យើងជាច្រើន​ដូចជា ជួយយើង​ឱ្យ​មាន​គំនិតច្នៃប្រឌិត, ជួយកាត់បន្ថយស្រ្តេស, ជួយជំរុញកម្លាំងចិត្ត, ជួយបង្កើនបញ្ញា ភាពវៃឆ្លាត, ជួយធ្វើ​ឱ្យ​យើង​ស្គាល់អ្វីថ្មីៗ, ជួយហ្វឹកហាត់ការគិត បង្កើនការចងចាំរបស់​យើង ជាពិសេស​ជួយ​ឱ្យ​យើង​មានចំណេះដឹង​ទូលំទូលាយ​ច្រើន​ជាង​បុគ្គល​ទាំង​ឡាយដែល​មិនអាន​សៀវភៅ និង​ធ្វើ​ឱ្យ​យើង​ឆាប់ជោគជ័យ​ដល់​គោល​ដៅដែល​យើង​បាន​ដៅក្នុង​ជីវិត​បាន​លឿន​ឆាប់​រហ័ស​ផងដែរ។”

ទាំង​អស់​ខាង​លើ​នេះជាសម្ដី​របស់​កញ្ញា ចាប​ មួយជួង ដែល​បាន​លើក​ឡើង​ពីមូលហេតុ​ដែល​ធ្វើ​ឱ្យ​កញ្ញា​ចូលចិត្ត​អានសៀវភៅ និង​អត្ថប្រយោជន៍​ដែលបានពីការអាន​សៀវភៅ។ បន្ថែម​លើស​ពីនេះទៀត ក្នុង​នាម​ជា​បុគ្គល​ស្រឡាញ់​ការ​អាន​សៀវភៅ​មួយរូប កញ្ញា​ក៏បាន​បង្ហាញ​ពីអារម្មណ៍​ពិត​ឡើង​ទាំង​រំភើបថា “សម្រាប់​រូប​នាង​ខ្ញុំ​ផ្ទាល់ នាងខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយណាស់ ដែលឃើញ​វិស័យអំណាននៅកម្ពុជារបស់​យើង​បច្ចុប្បន្ន មាន​អ្នកអានកើនឡើងច្រើន ព្រោះ​នាង​ខ្ញុំ​សង្កេត​ឃើញថា ឱ្យតែ​ពេល​មាន​ពិធីតាំង​ពិព័រណ៍សៀវភៅនៅ​កម្ពុជាម្ដងៗ មានអ្នកចូលរួមច្រើនមែន​ទែន​ ជាពិសេស​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ឃើញ​កើត​មានអ្នកនិពន្ធក្មេងៗដែល​មានសមត្ថភាពក្នុងការ​តាក់តែង​និពន្ធ​ស្នាដៃ​ថ្មីៗ​ល្អ​ប្រកបដោយគុណ​តម្លៃ​ជា​ច្រើនរូប ឯ​ហាងលក់​សៀវភៅវិញ​ក៍កើត​មានថ្មីៗច្រើន​ដែរ ដូចជា​​ហាងលក់សៀវភៅតាម Online ជាដើម ហើយ​អ្វី​ដែល​គួរឱ្យចាប់​អារម្មណ៍​បំផុតនោះ គឺ​ឃើញ​កើត​មាន​ហាងកាហ្វេថ្មីៗដែល​មាន​ដាក់ជា​សៀវភៅលក់និងឱ្យ​ភ្ញៀវ​អាន ដែល​ការ​កើនឡើងនូវកម្មវិធីទាក់ទងការអាន, ហាងសៀវភៅ, បណ្ណាគារ និងអ្នកនិពន្ធកម្ពុជាថ្មីៗវ័យ​ក្មេងនេះ បើ​នៅ​តែ​បន្ត​មាន​សន្ទុះកើនឡើង​ខ្លាំង​បែបនេះ នាង​ខ្ញុំ​ជឿជាក់ ការ​អាននៅ​កម្ពុជាយើងនឹង​កាន់តែ​រីក​ចម្រើន ដែលជាហេតុធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​នឹង​សម្បូរ​ធនធានមនុស្សពូកែ​ៗ​ច្រើនដូចបណ្ដា​ប្រទេសអភិវឌ្ឍន៍ដទៃៗ​យ៉ាង​ប្រាកដ។”

ជាចុងបញ្ចប់កញ្ញា ចាប​ មួយជួង យុវតីវ័យក្មេងស្រស់ស្អាតរូបនេះ ក៏បាន​សំណូមពរដល់​មនុស្ស​គ្រប់​រូប​ ជាពិសេសមិត្តៗយុវវ័យ​ដែលជាទំពាំងស្នងឫស្សីរបស់សង្គម​ជាតិកម្ពុជា​ទាំងអស់ សូមបណ្ដុះ​វិស្ស័យ​អាន​សៀវភៅ​ឱ្យ​បាន​គ្រប់​ៗ​គ្នា ព្រោះ​មានតែ​ការ​អានសៀវភោ​ប៉ុណ្ណោះដែល​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់ៗ​មាន​ចំណេះដឹង​ទូលទូលាយ​គ្រប់​គ្រាន់ សម្រាប់​យក​ទៅ​សាង​ភាព​ជោគជ័យ​ដល់​ជីវិត​របស់​ខ្លួន ដោយ​សូមកុំស្តាយក្នុងការចំណាយលុយទៅលើការ​ទិញ​សៀវភៅល្អៗ​យក​មកអាន​ឱ្យសោះ ព្រោះ​គ្មាន​អ្វី​ដែល​ប្រសើរ​ជាង​ការ​វិនិយោគ​លើ​ការ​អាន​ឡើយ។

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា កញ្ញា ចាប​ មួយជួង ជា​ស្ថាបនិក​ “គ្រាប់​ពូជក្លឹបអាន” ដែល​ជាក្លឹប​អានមួយ​បង្កើតឡើង ​ដើម្បី​ជំរុញ​ការ​អាន​សៀវភៅ​នៅ​កម្ពុជាឱ្យកាន់តែ​រីកចម្រើន ដោយកញ្ញា​កំពុងតែ​មមាញឹកក្នុង​ការ​គ្រប់​គ្រង​​រៀប​ចំក្លឹបនេះយ៉ាង​ខ្លាំង ដោយកញ្ញា​បាន​សន្យាថា នឹង​ធ្វើ​ឱ្យ​ក្លឹបនេះមាន​ដំណើរការរលូនល្អ និងរីកចម្រើនតាមផែនការ​ដែលកញ្ញានិងក្រុមការងារបានកំណត់ឱ្យបាន ហើយ​នៅពេលខាងមុននេះ  កញ្ញា​នឹង​ផ្ដល់​បទសម្ភាសន៍​លម្អិត​ពីក្លឹបអានមួយ​នេះឱ្យសាធារណៈ​ជន​បាន​ដឹង​ច្បាស់​តែម្ដង។ សូមអរគុណ៕

និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ចាប មួយជួង / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!