មូលហេតុសំខាន់៣យ៉ាង ដែលជំរុញឱ្យ “ចត្វាផ្លឹស” បោះពុម្ពសៀវភៅអត្ថបទភាពយន្តដំបូងគេនៅកម្ពុជា

  • February 25th, 2020

ក្រោយសន្ទុះនៃការអានបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ យើងសង្កេតឃើញថាកំណើននៃការបោះពុម្ពសៀវភៅក៏មានការកើនឡើងជាលំដាប់ផងដែរ។ ចំពោះប្រភេទនៃសៀវភៅដែលគេឃើញមានវត្តមាននៅលើទីផ្សារ ឬនៅតាមកម្មវិធីពិព័រណ៍សៀវភៅនានា មានដូចជា សៀវភៅប្រលោមលោក ទស្សនវិជ្ជា អត្ថបទលើកទឹកចិត្តចិត្ត ផ្នត់គំនិត និងការធ្វើជំនួញជាដើម។ ប៉ុន្តែបើនិយាយពីសៀវភៅអត្ថបទភាពយន្តវិញ ប្រហែលជារឿង “ដើម្បីកូន” គឺជាសៀវភៅអត្ថបទភាពយន្តដំបូងគេនៅកម្ពុជា  ដែលត្រូវបានបោះពុម្ពជាសៀវភៅដោយក្រុមអ្នកនិពន្ធចត្វាផ្លឹស ក្រោយពីខ្សែភាពយន្តដុំរឿងនេះទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកទស្សនា។

សៀវភៅ “ដើម្បីកូន” សៀវភៅអត្ថបទភាពយន្តដំបូងគេនៅកម្ពុជា

ពាក់ព័ន្ធនឹងការសម្រេចចិត្តបោះពុម្ពជាសៀវភៅអត្ថបទភាពយន្តដំបូងគេនៅកម្ពុជានេះ កញ្ញា ច័ន្ទ ស៊ីណេត ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ “ចត្វាផ្លឹស” បានប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ឱ្យដឹងក្នុង​បទសម្ភាសន៍ថា “នៅបរទេសគេមានការបោះពុម្ពសៀវភៅអត្ថបទភាពយន្តប្រភេទនេះយូរមកហើយ ហើយក៏ទទួលបានការគាំទ្រពីអ្នកអានច្រើនផងដែរ។ ដោយឡែកនៅកម្ពុជា សៀវភៅប្រភេទនេះគឺមិនទាន់មាននៅលើទីផ្សារនៅឡើយទេ។ ដូច្នេះចត្វាផ្លឹសគិតថា ការបោះពុម្ពសៀវភៅអត្ថបទភាពយន្តគឺជាការបន្ថែមនូវរសជាតិ និងបទពិសោធអានថ្មីមួយទៀតសម្រាប់អ្នកអានកម្ពុជាយើង។” 

កញ្ញា ច័ន្ទ ស៊ីណេត អ្នកគ្រប់គ្រងទូទៅរបស់ “ចត្វាផ្លឹស”

កញ្ញា​បាន​បន្ត​បង្ហាញ​ពីមូលហេតុទីពីរនៃការបោះពុម្ពសៀវភៅអត្ថបទភាពយន្ត​នេះ​ឡើងទៀតថា “ក៏ព្រោះតែសន្ទុះនៃកាទស្សនាភាពយន្តរឿង “ដើម្បីកូន” នេះមានការកើនឡើងខ្ពស់ហួសពីការរំពឹងទុករបស់ចត្វាផ្លឹស ក៏ដូចជាផលិតកម្មកថាជ័យភាពយន្ត ដ្បិតថារឿងនេះនិយាយពីជីវិតនៃការលះបង់របស់ឪពុកធាក់ស៊ីក្លូម្នាក់ ដែលរសជាតិនេះហាក់ខុសឆ្ងាយពីអ្វីដែលអ្នកទស្សនាកម្ពុជាតែងតែនិយមនៅតាមរោងកុន។ ប៉ុន្តែរឿង “ដើម្បីកូន” បែរជាទាក់ទាញបានអ្នកទស្សនាទាំងចាស់ទាំងក្មេងឱ្យមកទស្សនា និងស្រក់ទឹកភ្នែកទៅវិញ រហូតនៅតាមរោងកុននានាមានការបន្ថែមម៉ោង និងពេលវេលានៃការបញ្ចាំងរឿងនេះឱ្យកាន់តែយូរ និងមាន​ច្រើនម៉ោង ច្រើនជម្រើសថែមទៀត។ ដូច្នេះចត្វាផ្លឹសគិតថា វាជាឱកាសមួយដែលយើងអាចពង្រីកប្រជាប្រិយភាពនៃរឿងនេះ តាម​រយៈ​ការបញ្រ្ជាបវប្បធម៌នៃការអាន និងនាំអ្នកអានទៅរកប្រភេទសៀវភៅដែលថ្មីក្នុងពេលតែមួយ។”

ចំពោះ​ហេតុផលចុងក្រោយ កញ្ញា ច័ន្ទ ស៊ីណេត បានឱ្យដឹងថា “ចត្វាផ្លឹសចង់ចែករំលែកពីបទពិសោធនៃការសរសេរភាពយន្តទៅកាន់អ្នកអាន ហើយយើងដឹងថា សៀវភៅអត្ថបទភាពយន្ត ​”ដើម្បីកូន” មិនមែនជាសៀវភៅដ៏ល្អឥតខ្ចោះនោះទេ ប៉ុន្តែបើយើងមិនចែករំលែក បើយើងមិនទទួលបានមតិរិះគន់ នោះយើងនៅតែមិនអាចអភិវឌ្ឍខ្លួនឯងបាន។”

ក្របមុខរបស់ សៀវភៅ “ដើម្បីកូន”

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា សៀវភៅអត្ថបទភាពយន្ត​ “ដើម្បីកូន” គឺជាស្នាដៃនិពន្ធរបស់ក្រុមចត្វាផ្លឹស ផ្អែកតាមលំនាំជីវិតពិតរបស់ឪពុកម្នាក់ ដោយទទួលបានសាច់រឿងដើមពីលោក ហ៊ុយ យ៉ាឡេង និងគាំទ្រការបោះពុម្ពផ្សាយដោយ ផលិតកម្មកថាជ័យភាពយន្ត។ ឯថវិកា១០% ដែលបានមកពីការលក់សៀវភៅនេះ គឺនឹងត្រូវបានបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។ សូមអរគុណ៕

រូបភាពផ្ដល់ដោយ ៖ ចត្វាផ្លឹស / សម្រួលអត្ថបទនិងរក្សាសិទ្ធិដោយ ៖ cambowriter.com   


error: អត្ថបទរក្សាសិទ្ធ !!