កម្មវិធី “អំណានយុវជន” នឹងមានវត្តមានឆាប់ៗនេះនៅទឹកដីខេត្តបាត់ដំបង

  • August 28th, 2020

អំណាន គឺជាផ្នែកមួយនៃជីវិត។ មនុស្សគ្រប់រូបដែលមានវត្តមានលើភពផែនដីនេះ ត្រូវចាក់គន្លាក់អវិជ្ជា ដើម្បីផលិតគុណភាពក្នុងជីវិត។ ការពិចារណាត្រឹមត្រូវ ការយល់ត្រូវ ការធ្វើត្រូវ គឺសុទ្ធតែចេញពីវិជ្ជាត្រឹមត្រូវដែលនាំយើងទៅរកភាពរីកចម្រើនចំពោះសង្គម ចំពោះគ្រួសារ និងចំពោះខ្លួនឯង។ ខ្លួនឯង ឬយុវជនម្នាក់ៗ គឺជាចលករយ៉ាងសំខាន់នៃអ្វីៗទាំងអស់។ ទស្សនវិជ្ជាក្នុងលោក តែងប្រៀនប្រដៅថា “កាលណាមនុស្សដែលមានអញអ្វីគ្រប់យ៉ាង” រនាំងនៃភាពរីកចម្រើន ឬវិនាសកម្ម នឹងរឹតខ្លួនយើងបន្តិចម្ដងៗឱ្យទៅមុខលែងរួច។

ក្នុងវិស័យអំណាន យើងស្ទើរតែយល់ស្របចំពោះគំនិតថា “ផលិតអ្នកអានឆ្នើម គឺយើងនឹងទទួលបានអ្នកនិពន្ធចំណាន”។ កាលណាសង្គមមួយមានអ្នកអានដែលមានគុណភាពច្រើនឡើងៗ នោះយើងនឹងអាចសន្និដ្ឋានដោយពុំអាចប្រកែកបានថា “សង្គមមួយនោះនឹងមានភាពរីកចម្រើន”។ ដើម្បីជាផ្នែកមួយនៃការលើកកម្ពស់វិស័យអំណាននៅខេត្តបាត់ដំបង យុវជនមួយក្រុមបានបង្កើតកម្មវិធី “អំណានយុវជន-បាត់ដំបង” ដែលត្រូវបានរៀបចំឡើងដោយយុវនិពន្ធ និងអ្នកអាន ចងក្រងជាក្រុមក្នុងខេត្តបាត់ដំបងតែម្ដង។ ការរៀបចំឡើងនេះ ជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់ អង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង។

រូបភាពបរិវេណរបស់ អង្គការហ្វារពន្លឺសិល្បៈ

អំពីកម្មវិធីលម្អិត

  • ទស្សនវិស័យ ៖ ជាវេទិកាមួយដែលអាចផ្លាស់ប្តូរអ្នកអានដ៏ពូកែឱ្យវិវឌ្ឍខ្លួនទៅជាអ្នកដឹកនាំដ៏មានសក្តានុពល
  • បេសកកម្ម ៖ រៀបចំវេទិការអ្នកអានរយៈពេល១២សប្ដាហ៍ ដើម្បីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវជំនាញក្នុងការគិតត្រិះ​រិះពិចារណាបែបស៊ីជម្រៅ
  • គោលបំណង ៖ ដើម្បីបង្កើនចំនួនអ្នកអាន ដែលប្រកបដោយការត្រិះរិះពិចារណាឱ្យកាន់តែច្រើនឡើង
  • កម្មវិធីនេះ រៀបចំឡើងនៅ អង្គការ ហ្វារពន្លឺសិល្បៈ តែម្ដង រៀងរាល់រសៀលថ្ងៃសៅរ៍ និង​ចាប់​ផ្ដើម​ចែកពាក្យ​ចាប់ពី ថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ​ហើយ។

លក្ខន្តិកនៃកម្មវិធី

សមាជិកនៃកម្មវិធីត្រូវ ៖

១) មានឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ចំពោះការចូលរួមក្នុងកម្មវីធី រយៈពេល១២សប្តាហ៍ (១២អាទិត្យ)

២) សមាជិកនៃកម្មវិធីមានសិទ្ធិសុំច្បាប់សម្រាកត្រឹមតែ២ដងគត់ ក្នុងកំឡុងរយៈពេល១២អាទិត្យនៃកម្មវីធី

៣) សមាជិកក្នុងកម្មវីធី ត្រូវតែអានសៀវភៅយ៉ាងហោចណាស់មួយថ្ងៃ៣០ទំព័រ។

អំពីដំណើរការនៃកម្មវិធីរៀងរាល់សប្ដាហ៍

សមាជិកគួរតែមានសៀវភៅជាភាសាខ្មែរ ដើម្បីអានជាជំនួយដោយសៀវភៅទាំងអស់នោះមានដូចជា ៖

  • អាទិត្យទី១ និងអាទិត្យទី២ សៀវភៅ “ឧបនិស្ស័យ ៧ប្រការសម្រាប់បុគ្គលឆ្នើម” ឬជាភាសាអង់គ្លេស “The 7 Habits of Highly Effective People” និពន្ធដោយលោក Stephen R. Covey ប្រែសម្រួលដោយ លោក គឹម ចាន់ណា។ សៀវភៅនេះនិយាយអំពីការបង្កើតទម្លាប់ និងជាមូលដ្ឋាននៃការគិតបែបគោលការណ៍សកល។
  • អាទិត្យទី៣ និងអាទិត្យទី៤ សៀវភៅ “អ្នកអាចឈ្នះ” ឬជាភាសាអង់គ្លេស “You Can Win” និពន្ធដោយ លោក Shiv Khera ប្រែសម្រួលដោយ អ៊ួន សារ៉ាត់។ ជាសៀវភៅបែបអភិវឌ្ឈសមត្ថភាពផ្ទាល់ខ្លួន ដែលមានគោលការណ៍បែបសកល។ ហើយអ្នកនិពន្ធជាជនជាតិឥណ្ឌាដែលបានផ្លាស់ប្ដូរទៅរស់នៅសហរដ្ឋអាមេរិក។ ដូច្នេះគោលការណ៍ភាគច្រើន ជាគោលការណ៍ស្រដៀងនឹងគោលការណ៍ខ្មែរ ឬការរស់នៅរបស់ប្រជាជនខ្មែរ។
  • អាទិត្យទី៥ សៀវភៅ “អាថ៌កំបាំងនៃការគិត កំណត់ជោគវាសនា” ឬជាភាសាអង់គ្លេស “As a Man Thinket” និពន្ធដោយលោក Jame Allen ។ សៀវភៅនេះនិយាយអំពីការគិត និងការហ្វឹកហាត់ការគិត តាមរយៈការសមាធិ។ និយាយជារួមសៀវភៅនេះ គឺនិយាយអំពីថាមពលនៃការគំនិត។
  • អាទិត្យទី៦ និងអាទិត្យទី៧ សៀវភៅ “ច្បាប់អមតៈ២១ មាត្រាសម្រាប់មេដឹកនាំ” ឬជាភាសាអង់គ្លេស “The 21 Irrefutable Laws of Leadership” និពន្ធដោយ លោក Jonh C.Maxwell ប្រែសម្រួលដោយ លោក គឹម ចាន់ណា។ សៀវភៅនេះនិយាយអំពីគោលការណ៍នៃភាពជាអ្នកដឹកនាំ។
  • អាទិត្យទី៨ និងអាទិត្យទី៩ សៀវភៅ “សិល្បៈចងមិត្តបន្ទន់ចិត្តអ្នកដទៃ” ឬជាភាសាអង់គ្លេស “How to Win friend and Influence People” និពន្ធដោយ លោក Dale Carnegie ប្រែសម្រួលដោយ លោក គឹម ចាន់ណា។ សៀវភៅនេះនិយាយអំពីទំនាក់ទំនងល្អ និងការបង្កើតទំនាក់ទំនង។
  • អាទិត្យទី១០ និងអាទិត្យទី១១ សៀវភៅ “គំនិតបង្កើតភាពស្ដុកស្ដម្ភ” ឬជាភាសាអង់គ្លេស “Think and Grow Rich” និពន្ធដោយ លោក Napolaeon Hil ប្រែសម្រួលដោយគ្រឹះស្ថាន edu។ សៀវភៅនេះនិយាយអំពីហិរញ្ញវត្ថុ។
  • អាទិត្យចុងក្រោយ គឺជាវេទិការចែករំលែកម្ដងទៀតអំពីការសង្ខេប និងពិនិត្យទៅលើកម្មវិធីទាំងស្រុងវិញ។

បញ្ជាក់ ៖ សៀវភៅទាំងអស់នេះសុទ្ធតែជាសៀវភៅដែលលក់ដាច់ជាងគេក្នុងពិភពលោក និងជាសៀវភៅមានមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឈសមត្ថភាពប្រកបដោយប្រសិទ្ធភាពបំផុត។ មេដឹកនាំល្បីៗសម័យទំនើបនេះ គឺសុទ្ធតែធ្លាប់អាន និងស្រាវជ្រាវពីសៀវភៅទាំងអស់នេះ។ សៀវភៅដែលយកមកដាក់ក្នុងកម្មវីធី សុទ្ធតែមានការពិចារណាយ៉ាងយកចិត្តទុកដាក់បំផុតពីស្ថាបនិកកម្មវីធី។

កម្មវិធីនឹងប្រារព្ធឡើងរៀងរាល់រសៀលថ្ងៃសៅរ៍ គឺជាការជួបជុំក្នុងវេទិកាដើម្បីឱ្យសមាជិកដែលបានអានសៀវភៅរួចរាល់ចែករំលែកជាសាធារណៈ តាមចំណុចនីមួយៗ ដែលកម្មវិធីបានតម្រូវ។ កម្មវិធីនឹងអញ្ជើញវាគ្មិនដែលអាចជាយុវនិពន្ធ អ្នកដែលមានបទពិសោធនានា ដែលផ្សារភ្ជាប់ជាមួយនឹងប្រធានបទសៀវភៅ។

លោក ឡាំ ឡាយ ជាយុវនិពន្ធ និងជាសហស្ថាបនិក “អំណានយុវជន” នេះ​បានលើកឡើងថា “កិច្ចការងារអំណាននេះ ពុំមែនជារបស់នរណាម្នាក់ឡើយ តែវាជាការសហការពីសំណាក់មហាជនគ្រប់ជាន់ថ្នាក់។ ជាឆន្ទៈនៃក្រុមការងារអំណានយុវជនទាំងមូល។ យើងមានបំណងនឹងរៀបចំកម្មវិធីអំណាននេះនៅខេត្តចំនួន៣ គឺទី១ សៀមរាប (ជាស្នាក់ការកណ្ដាល), ខេត្តបាត់ដំបង, និងបន្ទាយមានជ័យ។ កន្លងមក យើងបានរៀបចំនៅខេត្តសៀមរាប ក៏ដូចជាតាមបណ្ដាខេត្តមួយចំនួន ដោយបានសហការជាមួយបណ្ដាសាកលវិទ្យាល័យ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័ននានា រយៈពេលប្រមាណជា៣ឆ្នាំរួចរាល់ហើយ។ អ្វីដែលយើងរំពឹងទុកគឺ “យុវជនសកម្មនឹងអំណាន ថ្នឹកចំពោះខ្លួនឯង មានកាតព្វកិច្ចជាមួយជំនាញអំណានមួយនេះ”

លោក ឡាំ ឡាយ សហស្ថាបនិក “អំណានយុវជន”

លោក Osman Khajawa ជានាយកប្រតិបត្តិអង្គការហ្វារពន្លឺសិល្បៈ បានឱ្យដឹងថា “អង្គការហ្វារពន្លឺសិល្បៈ” មានកិត្តិយសក្នុងការគាំទ្រក្លឹបអំណានយុវជន និងការចាប់ផ្តើមកម្មវិធីនេះនៅទីរួមខេត្តបាត់ដំបង។ អង្គការហ្វារពន្លឺសិល្បៈ មានការជឿជាក់ក្នុងការពង្រឹងយុវជន តាមរយៈការអប់រំ និងសិល្បៈ។ អំណាន ដែលផ្តួចផ្តើមឡើងដោយ អំណានយុវជន គឺជាជំនាញមួយដែលពុំអាចកាត់ថ្លៃបាន និងជាទម្លាប់មួយដែលជំរុញឱ្យមានការត្រិះរិះគិតពិចារណាឱ្យបានស៊ីជម្រៅ ហើយក៏ជាវិធីសាស្រ្តដ៏មានសារៈសំខាន់ដើម្បីទទួលបានជោគជ័យ ក៏ដូចជាការអភិវឌ្ឍអត្តចរិតផ្ទាល់ខ្លួនរបស់យុវជន ព្រមទាំងការរីកចម្រើនក្នុងអាជីពការងារ។ ពួកយើងទង្ទឹងរង់ចាំប្រារព្ធកម្មវិធីនេះឡើង និងជួយគាំទ្រដោយពេញទំហឹងនូវក្លឹបអំណានលើកទីមួយនេះ នៅលើទឹកដីខេត្តបាត់ដំបង។ ក្រុមយុវជនអំណានយុវជន គឺជាអ្នកជ្រើសរើសសៀវភៅដោយផ្ទាល់ សម្រាប់សមាជិកអ្នកចូលរួមដែលនឹងធ្វើឱ្យមានការផ្លាស់ប្តូរខ្សែជីវិតរបស់ពួកគេទៅថ្ងៃអនាគត។”

លោក Osman Khajawa ជានាយកប្រតិបត្តិ “អង្គការហ្វារពន្លឺសិល្បៈ”

ជាជំហររបស់ លោក មុំ រដ្ឋា ជាយុវនិពន្ធមួយរូបប្រចាំខេត្តបាត់ដំបង និងជាតំណាងអ្នកដឹកនាំក្រុមការងារ “អំណានយុវជន-បាត់ដំបង” បានឱ្យដឹងថា “រូបខ្ញុំផ្ទាល់ រួមទាំងក្រុមការងារបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចូលរួមជំរុញ និងលើកទឹកចិត្តដល់យុវជនដែលរស់នៅក្នុងខេត្តបាត់ដំបង ក៏ដូចជាយុវជននៅក្នុងប្រទេសកម្ពុជាយើង ឱ្យមើលឃើញពីសារៈសំខាន់នៃការអាន និងធ្វើការផ្លាស់ប្រែជីវិតតាមរយៈអំណានមួយដែលត្រឹមត្រូវ”។

លោក មុំ រដ្ឋា អ្នកគ្រប់គ្រងទូទៅ កម្មវិធី អំណានយុវជន-ខេត្តបាត់ដំបង

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា “អំណានយុវជន-បាត់ដំបង” គឺ​ជាឈ្មោះកម្មវិធីអំណានមួយ ដែលនឹងបង្កើតឡើង​នៅខេត្ត​បាត់ដំបងសម្រាប់លើក​ស្ទួយការអានដល់យុវជនខេត្ត​បាត់​ដំបង និងដំណើរកម្មវិធីនៅ “អង្គការហ្វារពន្លឺសិល្បៈ” ។ ដូច្នេះ ជាចុងក្រោយ ប្រសិនបើ​បងប្អូនយុវជន​ទាំង​ឡាយ​ណា​មានចិត្ត​ចង់ទទួលនូវការ​បណ្ដុះ​បណ្ដាល​ផ្នែក​អំណាន ហើយ​ចង់​ចុះឈ្មោះ និង​សាកសួរ​ព័ត៌មានលម្អិត បងប្អូន​អាន​ទំនាក់​ទំនងបាន​តាមរយៈ​ផេក​ផ្លូវការ​របស់​ អំណានយុវជន-បាត់ដំបង https://www.facebook.com/amnnanbattambang ឬតាមរយៈ​អ៊ីម៉ែល ៖ amnaanyuveajun@gmail.com  ឬក៏អាច​ទំនាក់​ទំនង​តាមលេខទូរស័ព្ទរបស់ លោក មុំ រដ្ឋា 099 922 531 ដែលជា​ក្រុមការងារ​ស្នូល​របស់កម្មវិធីមួយរូបដោយ​ផ្ទាល់​ក៏បាន។ សូមអរគុណ៕

អត្ថបទនិងរូបភាពផ្ដល់ដោយ ៖ លោក ឡាំ ឡាយ / រក្សាសិទ្ធិ​ផ្សាយ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!