ដំណឹងពិសេស ៖ សៀវភៅ “អំណានជាអំណាច” ចំនួន ១០០០ក្បាល នឹងត្រូវចែកជូនក្នុង “ទិវាជាតិអំណាន លើកទី៥ ឆ្នាំ២០២០” ដែលនឹងឈានចូលមកដល់​នៅថ្ងៃស្អែកនេះ!

  • March 5th, 2020

សៀវភៅ​ “អំណាន​ជា​អំណាច​” ជាសៀវភៅប្រកបដោយគុណតម្លៃមួយ និង​ជាស្នាដៃ​ទី៣របស់​លោក ឡាំ លីម ម្ចាស់ស្នាដៃសៀវភៅ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”, ប្រតិទិនទស្សនៈ ២២២ថ្ងៃ” និងសៀវភៅ “ដំណើរ” ដែលជាស្នាដៃ​សហនិពន្ធ​ជាមួយ​អ្នក​និពន្ធ​ពីររូបផ្សេងទៀត​។ សៀវភៅ​ដ៏ល្អនេះ ទើបតែ​បោះពុម្ពលើកទីពីរថ្មីៗរួច បន្ទាប់​ពី​ធ្វើសេចក្ដីអំពាវនាវស្វែងរកថវិកាពីសប្បុរសជនរួច និង​ទទួលបានលើសពីផែនការ​កំណត់ ព្រោះ​តាមគម្រោង ​លោក​ប្រកាស​ស្វែង​រកថវិកាសម្រាប់បោះពុម្ព​លើកទីពីរនេះ តែចំនួន ៣.៥០០ដុល្លារ និងបោះពុម្ពត្រឹម​តែ​ចំនួន ៣.០០០ក្បាល (បីពាន់ក្បាល) ប៉ុណ្ណោះ! ប៉ុន្តែថវិកាដែលទទួលបាន គឺមានរហូតដល់ទៅចំនួន ៤៧៥៥.២៦ដុល្លារ ឯណោះ ដែលជាហេតុធ្វើ​ឱ្យលោកសម្រេច​ចិត្ត​បោះពុម្ពសៀវភៅនេះចំនួន ៤៥០០ក្បាល (បួនពាន់ប្រាំរយក្បាល) វិញ ដើម្បី​ឱ្យ​ស្របនឹងថវិកាដែលលើស​ចំនួនកំណត់នោះ។

សៀវភៅ “អំណានជាអំណាច”  ស្នាដៃលោក ឡាំ លីម ដែលត្រូវចែកជូនមហាជន

ទាក់​ទងនឹង​ការ​ចែកជូនសៀវភៅ “អំណានជាអំណាច នេះ, លោក ឡាំ លីម បានបង្ហាញ​ប្រាប់ គេហទំព័រអ្នកនិពន្ធកម្ពុជា យ៉ាង​ដូច្នេះថា “សៀវភៅ​ អំណាន​ជា​អំណាច​ ចំនួន​១០០០ក្បាលនេះ,​ ខ្ញុំបាទ​នឹង​ចែក​ជូន​ដល់​បងប្អូន​អ្នកអាន​ទូទៅ​សម្រាប់​រយៈពេល​បី​ថ្ងៃ ពី​ថ្ងៃទី៦​ ដល់​ថ្ងៃទី៨​ ក្នុង ទិវា​ជាតិអំណាន លើកទី៥ ឆ្នាំ២០២០ ដែលនឹងឈាន​ចូលមកដល់​នៅថ្ងៃ​ស្អែកនេះ​​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (សាលាតិ​ចណូ​)។ ហើយ​ចំពោះ​បងប្អូន​ដែល​រស់នៅ​ខេ​ត្ត​ផ្សេងៗ​ (មិនមែន​រាជធានី​ភ្នំពេញ​) គឺ​អាច​ពឹងពាក់​មិត្តភក្តិ​ ឬអ្នកណា​ម្នាក់​ដែល​នៅ​ភ្នំពេញ​ឱ្យ​យក​សៀវភៅ​ជំនួស​បាន​ តែ​អាទិភាព​ត្រូវ​ផ្តល់​ជូន​ដល់​អ្នក​អញ្ជើញ​ទៅ​ដោយ​ផ្ទាល់សិន​។

សៀវភៅ “អំណានជាអំណាច” និងប្រិយមិត្តអ្នកគាំទ្រ

លោកបាន​បន្តទៀតថា តែមុនទទួលបានសៀវភៅនេះ១ក្បាល​ ក៏នឹង​តម្រូវឱ្យចូលរួម​វិភាគទាន​ជា​ថវិកាចំនួន​ ៥០០០​៛ ជាមុនសិន​ ដោយ​ថវិកា​នោះ​ គឺដើម្បី​យកទៅ​ប្រើប្រាស់​សម្រាប់​បោះពុម្ព​សៀវភៅ​ អំណាន​ជា​អំណាច​ នេះ​ក្រោយៗទៀត សម្រាប់​បន្តចែក​ដល់​អ្នក​អា​នផ្សេងៗទៀត​ ដែល​ពុំ​ទាន់​ទទួល​បាន​សៀវភៅ​នេះ​នៅឡើយ​។ ក្នុងលក្ខខណ្ឌនេះ​ក៏​មិនមែន​តម្រូវជាដាច់ខាតនោះទេ ពោលគឺមានន័យថា បើ​បងប្អូនណា​ដែលគ្មានលទ្ធភាព​ចូលរួម​វិភាគទាន​ជា​ថវិកា​ ៥០០០​៛ សម្រាប់​សៀវភៅ១ក្បាលនេះ​ទេ ពួកគាត់​ក៏​នៅតែ​អាច​ទទួល​បាន​សៀវភៅ​នេះ​ដោយ​ឥតគិតថ្លៃ​ដែរ​។

លោក ឡាំ លីម បាន​បញ្ជាក់​បន្ថែម​ឱ្យកាន់តែច្បាស់​ពី គម្រោង​ប្រាំ​ពាន់​រៀល​ (៥០០០​៛) សម្រាប់​អ្នក​អា​នក្រោយៗ​”  នេះថាគម្រោងនេះ​ គឺជា​គម្រោង​មួយ​ដែលផ្តួចផ្តើមឡើង និងសម្រេចដោយមហាជនទូទៅ។ មុននឹងលោក​សម្រេច​ដាក់​គម្រោងនេះជាផ្លូវការ​ លោក​​បាន​​ស្នើ​ឱ្យ​មាន​មតិ​ចូលរួម​ពី​បងប្អូន​មហាជន​ទូទៅរួចមកហើយ តាមរយៈការ​បោះឆ្នោត​យកមតិយល់ព្រមភាគច្រើន​ ដោយជាលទ្ធ​គឺមានការ​គាំទ្រ​នូវគម្រោងនេះជាច្រើនលើសលប់ ទើបបានជាលោក​ហ៊ានសម្រេច​ប្រកាសចេញនៅពេលនេះ ដោយមិនមែនជាគំនិតអត្តនោម័តតែម្នាក់ឯងនោះទេ​។

លោក ឡាំ លីម និងប្រិយមិត្តអ្នកគាំទ្រសៀវភៅ “អំណានជាអំណាច” របស់លោក

ទន្ទឹមនឹងនេះ លោក ឡាំ លីម ក៏បាន​បង្ហាញ​ពីភាពចាំបាច់​ក្នុងការ​បង្កើត​គម្រោងនេះថា សកម្មភាព​នេះ​ គឺ​ដើម្បី​ប្រមូល​ថវិកា​បោះពុម្ព​សៀវភៅ​ “អំណាន​ជា​អំណាច​” លើក​ទី៣​ សម្រាប់​ចែក​ជូន​ដល់​យុវជន​ដទៃទៀត​ ដែល​មិនទាន់​បានទទួល​សៀវភៅ​នេះ​ ហើយ​នេះ​ជាសកម្ម​ភាព​មួយ​ ដែល​បង្ហាញ​នូវ​ការ​ចេះ​ចូលរួម​ចែករំលែក​ ឬចេះ​ផ្តល់​ឱ្យ​បន្ត​ បន្ទាប់ពី​យើង​បាន​ទទួល​អ្វីមួយ​រួចហើយ​។ ហើយខ្ញុំសូមបញ្ជាក់ថា សៀវភៅ​នេះ​នៅតែ​ចែកជូន​ដោយ​ឥតគិតថ្លៃ​ដដែល​ ក្នុង​លក្ខខណ្ឌ​ដែល​បងប្អូន​ខ្លះ​ខ្វះ​លទ្ធភាព​ចូលរួម​ថវិកា​ ៥០០០​៛ សម្រាប់​សៀវភៅ​១ក្បាល។ តែគម្រោង​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​គិតគូរ​ដល់​បងប្អូន​អ្នក​អា​នក្រោយៗ​ ដែល​មិនទាន់​បាន​សៀវភៅ​នេះ​អាន​ប៉ុណ្ណោះ​។

ខាង​លើ​គឺជាបង្ហាញ​របស់​ លោក ឡាំ លីម ពីដំណឹងចែកជូនសៀវភៅចំនួន ១០០០ក្បាល ក្នុង “ទិវា​ជាតិសំណាន លើកទី៥ ឆ្នាំ២០២០ ដែលនឹងចូលមកដល់​នៅថ្ងៃ​ស្អែកនេះ​ ក៏ដូចជា​គម្រោងក្នុងការ​ស្វែងរកថវិកាដើម្បីបោះពុម្ពបន្តទៀត ដែលលោក​អ្នកគួរតែដឹង និង​ចូលរួមឱ្យបាន​គ្រប់​គ្នា ដើម្បីចូលរួមទាំងអស់​គ្នាលើកកម្ពស់​វិស័យអំណាន​នៅកម្ពុជាឱ្យកាន់តែ​រីកចម្រើន។លើស​ពីនេះ​ លោក​ក៏នៅមានផែនការ​ចែកសៀវភៅ​ “អំណានជាអំណាច នេះក្នុងកម្មវិធីសំខាន់ៗ និង​តាម​ទីតាំងមួយចំនួនជាបន្ត​ទៅ​ទៀត​ តាមគម្រោងដែល​លោក​បាន​កំណត់​ផងដែរ ដោយគេហទំព័រយើងខ្ញុំ​នឹង​បង្ហាញ​ជូន​ឱ្យ​លោក​អ្នកបាន​ដឹងលម្អិត​ក្នុងបទម្ភាសន៍ជាមួយលោកពេលក្រោយទៀត បន្ទាប់​ពីបទសម្ភាសន៍នេះរួច។

លោក ឡាំ លីម និងសៀវភៅ “អំណានជាអំណាច” ស្នាដៃនិពន្ធរបស់លោក

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ឡាំ លីម ក្រៅ​ពី​ជា​ម្ចាស់​ស្នាដៃ​សៀវភៅ “អំណានជាអំណាច” ដែលនឹងត្រូវ​​ចែក​ជូន​ដល់​បងប្អូន​អ្នកអាន​ទូទៅ​ក្នុង “ទិវា​ជាតិអំណាន លើកទី៥ ឆ្នាំ២០២០”  ដែលនឹងឈាន​ចូលមកដល់​នៅថ្ងៃ​ស្អែកនេះ​​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (សាលាតិ​ចណូ​)  លោកគឺ​ជាម្ចាស់ស្នាដៃសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”, “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” និងសៀវភៅ “ដំណើរ” ដែលជាស្នាដៃ​សហនិពន្ធ​ជាមួយ​អ្នក​និពន្ធ​ចំនួនពីររូបផ្សេងទៀត ដែលគ្រប់​ស្នាដៃ​របស់​លោក​សុទ្ធតែ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំងពីសំណាក់​ប្រិយមិត្ត​អ្នកអាន។​ លោកជាអ្នក​និពន្ធ​កម្ពុជា​មួយរូប ​មាន​ដើមកំណើតចេញពី​ទឹកដីខេត្តសៀមរាប និង​ជាបុគ្គលផ្ដល់​តម្លៃ​ដល់​ការអាន និងចូលចិត្ត​​សរសេរសំណេរខ្លីៗ​ពីទស្សនវិជ្ជាអប់រំ សង្គម នយោបាយ និងភាពជាអ្នកដឹកនាំយ៉ាង​ខ្លាំង។ ដូច្នេះ បើលោកអ្នកចង់បានសៀវភៅ និង​ចង់ដឹងថាតើសៀវភៅ “អំណានជាអំណាច” របស់លោកមានខ្លឹមសារល្អយ៉ាងណានោះ? លោកអ្នក​​អាច​ទៅ​ស្វែងរកសៀវភៅរបស់​លោកបាន​ក្នុង “ទិវាជាតិអំណាន លើកទី៥” នៅថ្ងៃស្អែកនេះ នៅទីតាំងតូប “សៀវភៅជីវិត” ដែលមាន ស្ដង់លេខ៤១ ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ឡាំ លីម / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!