ស៊ុនលី វិច្ឆិកា អ្នកនិពន្ធប្រលោមលោកបរទេសឆ្នើម​មួយរូប  

  • December 7th, 2021

ប្រលោមលោកបរទេស ជាឈ្មោះ​ប្រលោមលោកមួយប្រភេទ ​មានលក្ខណៈខុស​ប្លែក​ពីប្រលោមលោកទូទៅ ដែល​អ្នក​និពន្ធក្នុងស្រុកភាគ​ច្រើននិយម​និពន្ធ លើស​ពីនេះ ប្រលោមលោក​ប្រភេទនេះ​ថែម​ទាំង​មានការពិបាក​ក្នុងការនិពន្ធទៀត​ផង ព្រោះ​រឿង​រ៉ាវ​នៃ​សាច់រឿង គឺ​កើត​ឡើង​នៅបរទេស មិនមែន​ក្នុង​ស្រុក​ដែលជាទី​កន្លែង​អ្នក​និពន្ធ​កំពុង​រស់​នៅឡើយ។ ហេតុនេះហើយ ដើម្បី​ឱ្យ​លោក​អ្នក​ដឹងកាន់តែ​ច្បាស់ថា តើប្រលោមលោក​ប្រភេទនេះ​មាន​លក្ខណៈ​យ៉ាង​ណា​ខ្លះ​នោះ? ថ្ងៃនេះ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” នឹងបង្ហាញ​ឱ្យលោក​អ្នក​បានដឹង​បន្ថែម តាមរយៈ បទសម្ភាសន៍មួយ ជាមួយអ្នក​នាង ស៊ុនលី វិច្ឆិកា ដែលជា​អ្នក​និពន្ធ​ប្រលោម​លោក​បរទេ​ស​ប្រកបដោយ​ភាព​ប៉ិន​ប្រសប់មួយរូប។ ដូច្នោះ កុំ​ឱ្យ​ខាត​ពេល​យូរ សូម​តាម​ដាន​ទាំងអស់​គ្នា​ដូចតទៅ ៖

គេហទំព័រអ្នក​និពន្ធ​កម្ពុជា ៖ ហេតុអ្វីបានជាអ្នក​នាងជ្រើស​យកការនិពន្ធប្រលោមលោកបរទេស? មិននិពន្ធប្រលោមក្នុងស្រុកដូចអ្នកនិពន្ធកម្ពុជាភាគច្រើនទូទៅ?

អ្នក​និពន្ធ ស៊ុនលី វិច្ឆិកា ៖ មូលហេតុដែលធ្វើឱ្យ​នាងខ្ញុំសម្រេចចិត្តជ្រើសរើសក្នុងការនិពន្ធប្រលោមលោកបរទេស ព្រោះខ្ញុំមានទំនោរទៅផ្នែកប្រលោមលោកបរទេសតាំងពីតូចមកម្ល៉េះ និងបានអានសៀវភៅតាំងពីអាយុ១២ឆ្នាំ ធ្វើ​ឱ្យ​ខ្ញុំមានក្តីស្រមៃចង់សរសេរសាច់រឿងដែលមានតួអង្គដើរតាមការស្រមៃរបស់ខ្លួន។ អ្វីដែលធ្វើ​ឱ្យ​ខ្ញុំមានកម្លាំងចិត្តនិពន្ធរឿង ព្រោះបទពិសោធន៍នៃការអានសៀវភៅធ្វើ​​ឱ្យ​ខ្ញុំយល់ដឹងពីរបៀបសរសេរជាច្រើន និង​ចង់ក្លាយជាមនុស្សម្នាក់ដែលអាចនិពន្ធសាច់រឿងខ្លួនឯងបាន។

គេហទំព័រអ្នក​និពន្ធ​កម្ពុជា ៖ តើរហូតមកទល់នឹងពេលនេះ អ្នកនាងនិពន្ធប្រលោមលោកបរទេសចេញ​ផ្សាយបាន​ប៉ុន្មាន​ក្បាលហើយ? មានចំណងជើងអ្វីខ្លះ? ហើយចំណងជើងអ្វីដែលចេញផ្សាយ​ក្រោយគេ? និង​ទទួលបានការគាំទ្រពីអ្នកអានកម្រិតណាដែរ?

អ្នក​និពន្ធ ស៊ុនលី វិច្ឆិកា ៖ រហូតមកដល់ពេលនេះ នាងខ្ញុំបាននិពន្ធប្រលោមបរទេសចេញផ្សាយបានចំនួន ៥ក្បាលមកហើយ ដែលស្ថិតនៅក្នុងស៊េរី​កូនកំលោះឃោរឃៅ។ មានចំណងជើងដូចគ្នា​ “ភ្នាល់បេះដូងអ្នកប្រុសផ្តាច់ការ” “លោកពូសុភាពបុរសឃោរឃៅ”​ “អម្រែកស្នេហ៍កម្ម” “ទារុណកម្មអាពាហ៍ពិពាហ៍” និង “រណ្តៅស្នេហ៍កម្ម” ។ ចំពោះសៀវភៅ “រណ្តៅស្នេហ៍កម្ម” គឺទើបតែចេញផ្សាយនៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំម២០២១ នេះប៉ុណ្ណោះ! ដែលគ្រប់សៀវភៅទាំងអស់ សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកអាន។

ស្នាដៃនិពន្ធ​សៀវភៅប្រលោមលោកបរទេសល្បីៗ​ទាំង៥ក្បាលរបស់ អ្នកនិពន្ធ ស៊ុនលី វិច្ឆិកា 

គេហទំព័រអ្នក​និពន្ធ​កម្ពុជា ៖ សម្រាប់អ្នកនាងផ្ទាល់ តើអ្វីជាផលលំបាកក្នុងការនិពន្ធប្រលោមលោកប្រភេទនេះ? ហើយដោះស្រាយវាដោយរបៀបណា?

អ្នក​និពន្ធ ស៊ុនលី វិច្ឆិកា ៖ សម្រាប់នាងខ្ញុំ ផលលំបាកសម្រាប់ការសរសេរប្រលោមលោកបរទេស គឺយើងត្រូវរៀនយល់ដឹងពីរបៀបរស់នៅរបស់ជនជាតិបរទេស ដែលយើងបានដាក់បញ្ចូលក្នុងសាច់រឿងទីតាំងដែលទទួលបាននូវប្រជាប្រិយភាពក្នុងទីក្រុងនីមួយៗ ទើបធ្វើឱ្យ​សាច់រឿងរបស់យើងរំលេចនូវទស្សនីយភាពពិតៗជូនដល់អ្នកអាន។

គេហទំព័រអ្នក​និពន្ធ​កម្ពុជា ៖ តើអ្នកនាងមានការលើកទឹកចិត្តបែបណាដែរ ប្រសិនបើមានអ្នកនិពន្ធក្មេងៗចង់​ចាប់ផ្ដើមនិពន្ធប្រលោមលោកបរទេសប្រភេទនេះ? សូមចែក​រំលែក!

អ្នក​និពន្ធ ស៊ុនលី វិច្ឆិកា ៖ សម្រាប់អ្នកនិពន្ធក្មេងៗជំនាន់ក្រោយ…នាងខ្ញុំសង្ឃឹមថាគាត់នឹងតស៊ូដើម្បីក្តីស្រមៃរបស់ខ្លួន កុំចុះចាញ់ ព្រោះគ្មានអ្នកណាដែលផ្តើមមក ពីចំណុច១០០នោះទេ សូម្បីតែខ្ញុំក៏ផ្តើមចេញពីចំណុចសូន្យដូចគ្នា។ ដូចនេះ នាងខ្ញុំសង្ឃឹមថាអ្នកនិពន្ធនឹងប្រកាន់នូវការព្យាយាមផ្តល់ការអប់រំតាមសៀវភៅទៅកាន់អ្នកអានដូចគ្នា។ អ្វីដែល​ខ្ញុំ​ចង់​និយាយ​ទៅកាន់​ពួកគាត់​គឺ សូមជឿជាក់លើខ្លួនឯងថា អ្នកនឹងក្លាយជាអ្នកនិពន្ធដ៏ពូកែមួយរូបក្នុងថ្ងៃណាមួយ។

គេហទំព័រអ្នក​និពន្ធ​កម្ពុជា ៖ តើអ្នកនាងនឹងចេញផ្សាយស្នាដៃថ្មីទៀតឬទេ? បើមាន! តើមានចំណងជើងអ្វី? ហើយនឹងចេញ​ផ្សាយ​ផ្លូវការនៅពេលណា? សូមជួយបង្ហើបប្រាប់ប្រិយមិត្ត​របស់អ្នកនាង!

អ្នក​និពន្ធ ស៊ុនលី វិច្ឆិកា ៖ សម្រាប់នាងខ្ញុំនៅមានស្នាដៃ៣បន្ទាប់ ដែលនឹងចេញជាបន្តបន្ទាប់​ទៀត រួម​មានចំណងជើង​ដូចជា “និស្ស័យស្នេហ៍ចងកម្ម” “ចំណងស្នេហ៍ជំពាក់កម្ម” និង “កម្មស្នេហ៍ម៉ាហ្វៀ”។ នាងខ្ញុំ​សូម​បញ្ជាក់ថា សម្រាប់ចំណង​ជើង “និស្ស័យស្នេហ៍ចងកម្ម” នឹងចេញផ្សាយនៅក្នុងខែ២ ឆ្នាំ២០២២ ខាង​មុខ​នេះ​ឯង។

គេហទំព័រអ្នក​និពន្ធ​កម្ពុជា ៖ តើ​សៀវភៅ​របស់អ្នកនាង​រៀបចំបោះពុម្ពចេញពីគ្រឹះស្ថាន ឬក្រុមណា? ហើយ​ប្រសិនបើប្រិយមិត្តចង់បានសៀវភៅប្រលោមលោកបរទេសស្នាដៃ​របស់​​អ្នក​នាងយកទៅអាន តើពួកគាត់អាចរកទិញបានដោយវិធីណា? និងនៅកន្លែងណាខ្លះ?

អ្នក​និពន្ធ ស៊ុនលី វិច្ឆិកា ៖ គ្រប់សៀវភៅដែលនាងខ្ញុំនិពន្ធ គិតចាប់ពី រឿង “លោកពូសុភាពឃោរឃៅ” គឺត្រូវបានបោះពុម្ពដោយក្រុម “ពិភពសុបិន” ។ ហេតុនេះ ប្រសិនបើមានប្រិយមិត្តចង់បានសៀវភៅស្នាដៃនាងខ្ញុំអាចទំនាក់ទំនងទៅកាន់ហ្វេស​ប៊ុគ​ផេក ពិភពសុបិន ឬនៅតាមបណ្ណាគារដែលជាដៃគូសហការរបស់ ពិភពសុបិន ផងដែរ។

គេហទំព័រអ្នក​និពន្ធ​កម្ពុជា ៖ ជាចុងបញ្ចប់ មុននឹង​បិទបញ្ចប់​បទសម្ភាសន៍ តើ​អ្នកនាងមានពាក្យពេចន៍អ្វីខ្លះ​ចង់ថ្លែងដែរឬទេ? សូមអញ្ជើញ!

អ្នក​និពន្ធ ស៊ុនលី វិច្ឆិកា ៖ ជាចុងបញ្ចប់ មុននឹងបញ្ចប់បទសម្ភាសន៍ នាងខ្ញុំមានពាក្យពេចន៍ចង់​ផ្ញើ​ជូនអ្នកអានជាទីស្រឡាញ់របស់ខ្ញុំថា​ នាងខ្ញុំពិតជាអរគុណខ្លាំងណាស់ សម្រាប់ការស្រឡាញ់គាំទ្រដ៏ស្មោះត្រង់ពីអ្នកទាំងអស់គ្នា… អ្នកទាំងអស់គ្នាជាចំណែកដ៏ធំបំផុត ដែលធ្វើ​ឱ្យ​ខ្ញុំក្លាយជាអ្នកនិពន្ធរហូតមកដល់សព្វថ្ងៃ។ វត្តមានរបស់អ្នកទាំងអស់គ្នាពិតជាមាន​អត្ថន័យសម្រាប់រូបនាងខ្ញុំ។ ជាចុងក្រោយ ខ្ញុំសូមសន្យាថានឹងព្យាយាមពង្រឹងស្នាដៃក្រោយៗបន្ទាប់ទៀត ដើម្បីនាំអារម្មណ៍អ្នក​អាន​ទាំងអស់​ទៅកាន់ពិភពប្រលោម​លោក​ដ៏អស្ចារ្យ។ ខ្ញុំក៏សូមអរគុណដល់សមាជិកក្នុងក្រុមដែលតែងតែលើកទឹកចិត្ត និងគាំទ្រ ជ្រោមជ្រែង​នា​ង​ខ្ញុំ​​កន្លងមក។ ខ្ញុំចង់​ប្រាប់ថា ខ្ញុំ​ស្រឡាញ់អ្នកទាំងអស់គ្នា​ណាស់។

អ្នកនិពន្ធ ស៊ុនលី វិច្ឆិកា ហៅ Ka Writer  និងស្នាដៃប្រលោមលោកបរទេសល្បីៗ​ទាំង៥ក្បាលរបស់​អ្នក​នាង 

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា ស៊ុនលី វិច្ឆិកា ជាអ្នកនិពន្ធ​ប្រលោមលោក​បរទេស​ប្រកបដោយទឹកដៃ​មួយរូប ដែលមាននាមប៉ាកកា​ក្នុង​វិស័យតែង​និពន្ធថា​Ka Writer ។ អ្នក​នាង​កើត​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ១៩៩៨​​ ​នៅស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។​ មាន​លោកពុក​​ ហង្ស​ ស៊ុនលី ​និង​​ម្តាយ​ឈ្មោះ ឆេង សុភាព និង​មាន​បងប្អូនចំនួន៣នាក់ ​ស្រី២នាក់ ប្រុស​១នាក់ ដោយ​អ្នកនាងជាកូនទី២ក្នុងគ្រួសារ។​ ​អ្នក​នាង​បានរៀបការនៅឆ្នាំ២០២១ ជាមួយស្វាមីមានតួនាទីជាគ្រូពេទ្យ ហើយ​អ្វី​ដែល​គួរ​ឱ្យ​រំភើប​ជាមួយ​អ្នក​នាង​នោះ ខណៈដែល​លោក​អ្នក​កំពុងតែ​អាននេះ អ្នក​នាងកំពុង​តែ​ពពោះកូនដំបូងសម្រាប់ចំណងដៃនៃ​អាពាហ៍​ពិពាហ៍​របស់​អ្នក​នាង​ទៀត​ផង។ ចំពោះ​ការ​ងារវិញ បច្ចុប្បន្នក្រៅពី​មាន​ងារជាអ្នកនិពន្ធ​ប្រលោមលោក​បរទេស​​មួយរូប អ្នកនាងជានិស្សិតថ្នាក់អនុបណ្ឌិត ជំនាញផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យមេគង្គកម្ពុជា ក៏ដូចជាកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងផងដែរ ដោយ​មានតួនាទីជាជំនួយការអ្នកគ្រប់គ្រងផ្នែកលក់។ ចំពោះគ្រប់​ស្នាដៃ​របស់​អ្នកនាង សុទ្ធតែ​ទទួលបាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំងពីសំណាក់​​ប្រិយមិត្ត​អ្នកអាន ជាពិសេស​អ្នក​និ​យម​​​ប្រលោមលោក​បរទេស។ អាស្រ័យ​ហេតុនេះ បើលោក​អ្នក​ចាប់​អារម្មណ៍ចង់​អាន​ស្នាដៃ​និពន្ធ​របស់​អ្នក​នាង លោក​អ្នក​អាច​ស្វែង​រក​ទិញ​តាម​​វិធី​និង​កន្លែង​ដែល​អ្នកនាងបង្ហាញ​ប្រាប់ខាង​លើ​បាន។ សូម​អរគុណ៕ ​

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ​អ្នក​និពន្ធ ស៊ុនលី វិច្ឆិកា / រក្សាសិទ្ធិដោយ ៖  cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!