លោក ឡាំ លីម សម្រេចបោះពុម្ពសៀវភៅ “អំណានជាអំណាច” លើកទី២ ដើម្បីតម្កល់ទុកជាប្រយោជន៍រួមដល់សាធារណៈជនខ្មែរ

  • January 14th, 2020

បើលោកអ្នកជាអ្នកនិយមតាមដានសៀវភៅអានថ្មីៗ ឬជាប្រិយមិត្ត​អ្នក​គាំទ្រស្នាដៃ​និពន្ធរបស់លោក ឡាំ លីម នោះលោកអ្នកប្រាកដជាបានជា្របស្រាប់ហើយពីសៀវភៅ អំណានជាអំណាច ដែលជាស្នាដៃ​មួយប្រកបដោយគុណតម្លៃ​យ៉ាង​ខ្លាំងសម្រាប់​បុគ្គល​គ្រប់​រូប ជាពិសេស​អ្នក​ដែល​ស្នេហា​ការ​អាន​សៀវភៅ​ពិតប្រាកដ។ លោក​មិន​ត្រឹម​តែ​ដាក់សៀវភៅនេះ​ឱ្យ​យើង​អាច​ទាញ​យក​មកអាន​ដោយ​មិនគិត​ថ្លៃ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​បោះពុម្ព​ចែកជូន​ជា​វិភាគ​ទាន​តាមបណ្ណាល័យសាលារៀន ទីវត្តអារាម សាកលវិទ្យាល័យ អង្គការ និងសហគមន៍នានាក្នុងប្រទេសកម្ពុជា ដោយ​មិន​គិតប្រាក់​កម្រៃទៀតផង ដោយថវិការបោះពុម្ព គឺទទួលបានពីការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជននានាទាំង​ក្នុង​និង​ក្រៅ​ប្រទេសក្នុង​ចំនួន​មួយដែល​លោកបាន​កំណត់ ដែល​សកម្មភាព​ដ៏​ល្អ​នេះ ទទួល​បាន​ការ​សាទរ​យ៉ាង​ខ្លាំង​ពីសំណាក់​មហាជនខ្មែរ។

សេចក្ដីអំពាវនាវវិភាគទាន ការបោះពុម្ពសៀវភៅ “អំណានជាអំណាច” លើកទី២

“​អំណាន​ជា​អំណាច​”​ ​គឺជា​ចំណងជើង​សៀវភៅ​មួយ​ក្បាល​ដែល​និពន្ធ​រៀបរាប់​ពីរ​បៀ​បនៃ​ការ​អាន​សៀវភៅ​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ​របៀប​ជ្រើសរើស​សៀវភៅ​មុន​ពេល​អាន​ ​និង​ទស្សនៈ​ជំរុញ​យុវជន​ឱ្យ​ងាក​មក​ចាប់កាន់​សៀវភៅ​ដើម្បី​អភិវឌ្ឍ​ខ្លួន​។​ល​។​ ​សៀវភៅ​នេះ​មាន​កម្រាស់​ ​៣៣០ទំព័រ​ ​ហើយ​បាន​ដាក់​ឱ្យ​សាធារណៈ​ទាញ​យក​អាន​ដោយ​ឥតគិតថ្លៃលក្ខណៈ​ជា​សៀវភៅ​ឌី​ជិ​ថល​ ​(​eBook​)​ ​រួចមក​ហើយ​ ហើយ​នេះជា​តំណភ្ជាប់ http://bit.ly/2mjahfC ដែលអាចឱ្យលោកអ្នកចុចអាន ឬទាញយកមកអានសៀវភៅនេះបានដោយឥតគិតថ្លៃ។​

លោក ឡាំ លីម និងប្រិយមិត្តអ្នកគាំទ្រសៀវភៅ “អំណានជាអំណាច” របស់លោក​ក្នុងពិធីសម្ពោធ

គិត​មកដល់​ត្រឹម​ថ្ងៃនេះ​ ​ចំនួន​អ្នក​ទាញ​យក​អាន​ ​គឺ​មាន​ប្រហែល​ប្រមាណ​៣ម៉ឺន​នាក់​ជាង​ក្នុងរយៈពេល​បី​ខែ​មកនេះ​។​ ​ក្រោយមក​ទៀត​ ​សៀវភៅ​នេះ​បាន​បោះពុម្ព​ចំនួន​ ​២០០០ក្បាល​ ​ដោយ​ថវិកា​របស់​សប្បុរសជន​ ​ដើម្បី​ដាក់​តាម​បណ្ណាល័យ​ ​សហគមន៍​ ​វត្តអារាម សាលារៀន​ ​សាកល​វិទ្យាល័យ​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ស្ថាប័នឯកជន​ ​ព្រមទាំង​ចែក​ជូន​ចំនួន​ ​១០០០ក្បាល​ ​ដល់​យុវជន​ ​(​១០០០ក្បាល​ ​សម្រាប់​ដាក់​តាម​បណ្ណាល័យ​នានា​ ​និង​ ​១០០០ក្បាល​ទៀត​ ​បាន​ជូនដល់ដៃ​យុវជន​នៅ​សៀមរាប​ផង​ ​និង​នៅ​ពិព័រណ៍​សៀវភៅ​កម្ពុជា​ផង​)​។​

​ប្រិយមិត្តអ្នកគាំទ្រសៀវភៅ “អំណានជាអំណាច” របស់លោក ឡាំ លីម ក្នុងពិធីសម្ពោធ

ដោយ​មើលឃើញ​ពី​តម្រូវការ​នៃ​ភាព​ចាំបាច់​ ​ភាព​ពេញនិយម​ ​ខ្លឹមសារ​នៃ​សៀវភៅ​នេះ​ ​ទើប​លោកសម្រេចចិត្ត​រៀបចំ​បោះពុម្ព​សៀវភៅ​នេះ​ម្តង​ទៀត​ជា​លើក​ទី២​ ​ក្នុង​ចំនួន​ ​៣០០០ក្បាល(បីពាន់ក្បាល) បន្ថែមទៀត​។​ ​តើ​សៀវភៅដែលបោះពុម្ពលើកទី២​នេះ​នឹង​ចែក​ជូន​ដល់​យុវជន​ដោយ​របៀបណា​?​  ​គឺ​នឹង​ចែក​ជូន​ដោយ​ឥតគិតថ្លៃ​ដល់​យុវជន​ ​នៅ​ថ្ងៃ​ ​“​ទិវា​ជាតិ​អំណាន​”​ ​ដែលនឹងប្រព្រឹត្តទៅនៅ​ ថ្ងៃទី១១​ ​ខែមីនា​ ​ឆ្នាំ២០២០ ខាងមុខនេះ​។​ ​មួយផ្នែកទៀត​ ​គឺ​នឹង​បន្ត​ផ្តល់​ជូន​ដាក់​តាម​បណ្ណាល័យ​នានា​.​.​.​.​ដែល​មិនទាន់​បាន​ទទួល​សៀវភៅ​នេះ​កាលពី​បោះពុម្ព​លើក​ទី១​។​ ​លើស​ពីនេះ​ ​ចំនួន​សៀវភៅ​ផ្សេងទៀត​ ​គឺ​នឹង​ចែក​ជូន​ដល់​យុវជន​នៅ​តាម​សាកល​វិទ្យាល័យ​ដោយ​ផ្ទាល់​ ​ក្នុង​ឱកាស​ដែល​រូបលោក​និង​ក្រុម​អ្នកនិពន្ធផ្សេងទៀត​ ​ចុះ​បេ​សស​កម្ម​ចែករំលែក​បទ​ពិសោធ​អំពី​ការ​អាន​ ​នៅ​តាម​គ្រប់​សាកល​វិទ្យាល័យ​ទូទាំង​ប្រទេស​កម្ពុជា។​ បេ​សស​កម្ម​នេះ​ ​គឺ​សហការ​រៀបចំ​ដោយក្រុម​ ​“​អំណាន​យុវជន​”​ ​និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ ​“​សៀវភៅ​ជីវិត​”​ ​និង​ក្រុម​អ្នកនិពន្ធ​ដទៃផ្សេង​ទៀត​។​ ​កម្មវិធី​ ​“​ជំនួប​អ្នកអាន​”​ ​បាន​ធ្វើ​នៅ​តាម​ខេត្ត​ចំនួន​ ៣រួចមក​ហើយ​ ​ហើយនឹង​បន្ត​ធ្វើ​នៅ​តាម​ខេត្ត​ដទៃៗក្នុងរយៈពេល​ពីរ​ឆ្នាំបន្តទៀត​។​

សៀវភៅ “អំណានជាអំណាច” ស្នាដៃលោក ឡាំ លីម

​ចំពោះ​ខ្ទង់ចំណាយ​លើ​ការ​បោះពុម្ព​សៀវភៅ​ ​“​អំណាន​ជា​អំណាច​”​ ​ជា​លើក​ទី២នេះ​ ​គឺ​សរុបជា​ទឹកប្រាក់​មានចំនួនប្រមាណ​ជា​ ​៣.៥០០ដុល្លារ(បីពាន់ប្រាំរយដុល្លារ)​​ តាមរយៈ​ការ​អំពាវនាវ​វិភាគទាន​បោះពុម្ព​ពីសំណាក់សប្បុរសជនទាំង​ឡាយដែលមានសទ្ធា​ចង់​ចូលរួម​ប៉ុណ្ណោះ​ ​តាមលទ្ធភាព​តិច​ក្តី​ ​ឬ​ច្រើន​ក្តី ដោយគ្មានការបង្ខិតបង្ខំឡើយ​ ក្នុងន័យចូលរួម​ចំណែក​គិតគូរ​ ​ខ្វល់ខ្វាយ​ ​ជំរុញ​យុវជន​ឱ្យ​អាន​សៀវភៅ​ ​និង​លើកកម្ពស់​វិស័យ​អំណាន​នៅ​កម្ពុជា​ឱ្យកាន់តែរីកចម្រើនបន្ថែម​ទៀត​។​ ​ការចូលរួម​វិភាគទាន​នេះ​ ​គឺ​មាន​រយៈពេល១ខែ​ ​ដែល​គិត​ចាប់ពី​ ថ្ងៃទី១១​ ​ខែមករា​ ​ឆ្នាំ២០២០​ ​រហូតដល់​ថ្ងៃទី១១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០២០​។​ ​ដូច្នេះ បងប្អូន​ដែល​មានបំណង​ចង់​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​នៃ​កិច្ចការ​នេះ​ ​គឺ​អាច​ចូលរួម​វិភាគទាន​បាន​ ​តាមរយៈ​គណនី​ធនាគារ​ ​និង​គណនី​វី​ងរ​បស់លោក ឡាំ លីម ​ផ្ទាល់​ ដូចជា ៖

១​.​ ​គណនី​ធនាគារ​ ​ABA​ ​(​ABA​ ​Account​)​៖​ ​000839954​ ​(​LAM​ ​LEM​)

២​.​ ​គណ​នី​វីង​ ​(​Wing​ ​Account​)​៖​ ​02525942​ ​ឬ​តាមរយៈ​លេខទូរសព្ទរបស់លោក​ផ្ទាល់​  ​096​ ​24​ ​07​ ​162 ក៏បាន។

ស្នាដៃសៀវភៅទាំង៤ក្បាលរបស់ លោក ឡាំ លីម

លោក ឡាំ លីម ក្នុងសកម្មភាពប្រគេនសៀវភៅជូនព្រះសង្ឃក្នុងកម្មវិធីមួយ

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ឡាំ លីម ក្រៅ​ពី​ជា​ម្ចាស់​ស្នាដៃ​សៀវភៅ “អំណានជាអំណាច” ដែលនឹងបោះពុម្ពផ្សាយលើក​ទី២ឆាប់ៗនេះ  លោកក៏ជាម្ចាស់ស្នាដៃសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”, “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” និងសៀវភៅ “ដំណើរ” ដែលស្នាដៃ​សហនិពន្ធ​ជាមួយ​អ្នក​និពន្ធ​ល្បីចំនួនពីររូបទៀតផងដែរ ដោយស្នាដៃទាំងអស់​របស់​លោក​សុទ្ធ​តែ​ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តរបស់លោក។ លោកគឺជា​អ្នក​និពន្ធ​កម្ពុជា​មួយរូប​ដែល​មានដើម​កំណើតនៅខេត្តសៀមរាប។ បច្ចុប្បន្ន លោកជាអ្នកធ្វើស្រែចម្ការជាមួយម្តាយ។ លោកមានបងស្រីពីរនាក់ និងប្អូនប្រុសពីរនាក់ ដោយលោកជាកូនប្រុសកណ្តាលក្នុងគ្រួសារ។ ក្រៅ​ពី​ជា​អ្នក​ចូល​ចិត្ត​អាន​សៀវភៅ​មួយរូប លោក​ក៏​និយម​​​សរសេរជាសំណេរខ្លីៗ ជាពិសេសអត្ថបទដែល​ទាក់ទងនឹងទស្សនវិជ្ជាអប់រំ សង្គម នយោបាយ ភាពជាអ្នកដឹកនាំ និងផ្នែក​ប្រាជ្ញា​ស្មារតី​ក្នុង​ការ​គិត​ថ្លឹង​ថ្លែង​ពិចារណា​ជាដើម ដែលជាប្រភេទអត្ថបទចំណេះដឹងដ៏មានអត្ថប្រយោជន៍ជារួម​ចំពោះអ្នកអានគ្រប់​ស្រទាប់វណ្ណៈ ជាពិសេស​​យុវជនយុវនារី ដែលជា​សសរទ្រូង​របស់​ជាតិ​នៅ​ថ្ងៃ​អនាគត លើសពីនេះ លោកជាបុគ្គលដែលផ្ដល់​តម្លៃ​លើ​ការអានសៀវភៅ និង​សិក្សារៀនសូត្រណាស់។ ដូច្នេះ សូមបើ​លោក​អ្នក​ចង់​ចូល​រួម​ក្នុង​កម្មភាពដ៏ប្រពៃនេះ​ជា​មួយលោក លោក​អ្នក​អាច​ចូលរួមបរិច្ចាគឧបត្ថម្ភម្នាក់បន្តិចៗតាម​លទ្ធភាព​និង​សទ្ធារៀងៗ​ខ្លួនបាន ដើម្បីឱ្យសៀវភៅ “អំណានជាអំណាច” ដ៏ល្អនេះ អាច​បោះ​ពុម្ព​ចេញផ្សាយ​ជាលើក​ទី២បាន​តាមគម្រោង ដើម្បីទុក​ជាប្រយោជន៍​ដល់​ពលរដ្ឋ​និងសង្គម​កម្ពុជា​នៃ​យើង​ទាំងអស់​គ្នា។ សូមអរគុណ៕

និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ឡាំ លីម / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!