ដំណឹងពិសេស ៖ ឱកាសក្លាយជាអ្នកនិពន្ធប្រលោមលោកអាជីព ប្រចាំគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា
- May 15th, 2020
ដំណឹងពិសេស ៖ ឱកាសក្លាយជាអ្នកនិពន្ធប្រលោមលោកអាជីព ប្រចាំគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា
ក្រុមសៀវភៅថ្មីសម្រាប់យុវវ័យរបស់ស៊ីប៉ា
គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា កំពុងត្រៀមបង្កើតក្រុមសៀវភៅថ្មីមួយ ដើម្បីឆ្លើយតបនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ក្រុមអ្នកអានយុវវ័យចាប់ពីអាយុ១៥ឆ្នាំឡើងទៅ។ ជាប្រភេទប្រលោមលោកនិយាយជុំវិញប្រធានបទទូទៅ ដែលយុវវ័យកំពុងឆ្លងកាត់ និងចង់ស្វែងយល់ ៖ ទំនាក់ទំនងក្នុងគ្រួសារ (ឪពុកម្ដាយ បងប្អូន) ការសិក្សា ការតម្រង់ទិសសម្រាប់អាជីពការងារ ការទៅសិក្សានៅបរទេស ការធ្វើដំណើរ ទំនាក់ទំនងសង្គម ទំនាក់ទំនងស្នេហា និងការយល់ដឹងខាងផ្លូវភេទ ភាពរីករាយ ការកើតទុក្ខព្រួយ ខកបំណង ការរកដំណោះស្រាយក្នុងជីវិត ។ល។
ដូច្នេះហើយ ទើបស៊ីប៉ាប្រកាសជ្រើសរើសអត្ថបទប្រលោមលោក ដើម្បីបោះពុម្ពផ្សាយនៅក្នុងឆ្នាំ២០២០នេះ និងឆ្នាំបន្តបន្ទាប់ទៀត។ ចំនួនជ្រើសរើស គឺមិនកំណត់នោះឡើយ។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីរួមចំណែកអភិវឌ្ឍវិស័យតែងនិពន្ធនៅកម្ពុជា ព្រោះថាអ្នកដែលបានផ្ញើអត្ថបទមកចូលរួម មិនត្រឹមតែមានឱកាសបានបោះពុម្ពផ្សាយស្នាដៃរបស់ខ្លួនជាមួយអង្គការស៊ីប៉ាប៉ុណ្ណោះទេ (ករណីអត្ថបទខ្លួនត្រូវបានជ្រើសរើស) ប៉ុន្តែថែមទាំងទទួលបាននូវការប្រឹក្សាឱ្យយោបល់ ការជួយកែសម្រួលពីអ្នកស្រី ហួត សុជាតា អតីតប្រធានផ្នែកបោះពុម្ពផ្សាយរបស់អង្គការស៊ីប៉ាទៀតផង។ ក្រៅពីនេះក៏នៅមានអត្ថប្រយោជន៍ផ្សេងទៀតជាច្រើន ដូចជា ៖
- កម្រៃកម្មសិទ្ធិបញ្ញា៧%នៃតម្លៃលក់សៀវភៅ ដែលត្រូវទូទាត់រាល់ចុងឆ្នាំនីមួយៗបន្ទាប់ពីចេញសៀវភៅ
– អាចបើកប្រាក់មុន (Advance) ៥០០ដុល្លារ នៅពេលចុះកិច្ចសន្យា
– សិទ្ធិអ្នកនិពន្ធត្រូវបានគោរព និងការពារយ៉ាងត្រឹមត្រូវ
សេចក្ដីប្រកាសរបស់គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា ក្នុងការជ្រើសរើសអ្នកនិពន្ធប្រលោមលោកអាជីព
តើអ្នកណាខ្លះអាចចូលរួមបាន?
អ្នកណាក៏បានឱ្យតែចាប់អារម្មណ៍នឹងការតែងនិពន្ធប្រលោមលោក និងចង់ប្រកបអាជីពនេះទៅថ្ងៃខាងមុខ។ មិនថាអ្នកដែលធ្លាប់មានបទពិសោធន៍តែងនិពន្ធ ឬអ្នកមិនធ្លាប់មានបទពិសោធន៍សោះ ក៏អាចផ្ញើស្នាដៃមកចូលរួមបានដែរ។
សម្រាប់អ្នកដែលចាប់អារម្មណ៍ អាចផ្ញើគ្រោងរឿងទាំងមូលចំនួន១ទំព័រ (សង្ខេបរឿង ដោយរៀបតាមជំពូក) ព្រមទាំងសាច់រឿងលម្អិត១ជំពូក (ជំពូកណាមួយក៏បាន) ទៅកាន់ គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា តាមរយៈសារអេឡិចត្រូនិច ratana.lach@sipar-cam.org រហូតដល់ថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២០។ តាមរយៈការផ្ញើនេះ គណកម្មការជ្រើសរើសរឿងអាចមើលឃើញពីសក្ដានុពលរបស់អ្នកនិពន្ធ និងអាចផ្ដល់យោបល់ប្រកបដោយប្រសិទ្ធភាព មុននឹងអ្នកនិពន្ធសរសេរអត្ថបទចប់ ចៀសវាងត្រូវត្រឡប់មកសរសេរឡើងវិញ។
ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងតាមទូរស័ព្ទ ៖ 016 68 91 90 ។
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា អត្ថបទខាងលើដែលប្រកាសជ្រើសរើសអ្នកនិពន្ធប្រលោមលោកនេះ ជាសេចក្ដីប្រកាសរបស់ “គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា” ដែលបង្កើតគម្រោងនេះឡើង ដើម្បីផ្ដល់ឱកាសដល់អ្នកដែលមានសមត្ថភាពក្នុងការនិពន្ធប្រលោមលោកទាំងអស់ ក៏ដូចជាក្នុងន័យចូលរួមចំណែកអភិវឌ្ឍវិស័យតែងនិពន្ធនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ អាស្រ័យហេតុនេះហើយ ប្រសិនបើអ្នកនិពន្ធកម្ពុជា ជាពិសេសអ្នកមានសមត្ថភាពក្នុងការនិពន្ធប្រលោមលោកទាំងអស់ មានការចាប់អារម្មណ៍ចូលរួម លោកអ្នកអាចទំនាក់ទំនងចូលរួម និងសាកសួរព័ត៌មានលម្អិតតាមការណែនាំខាងលើបាន។ សូមរួសរាន់ឡើងណា៎ ព្រោះឱកាសល្អបែបនេះកម្រមានខ្លាំងណាស់។ សូមអរគុណ៕
អត្ថបទ និងរូបភាពផ្ដល់ដោយ ៖ ស៊ីប៉ា / រក្សាសិទ្ធិដោយ ៖ cambowriter.com