សេចក្ដីជូនដំណឹង ៖ ស្ដីពីការជ្រើសរើសស្នាដៃនិពន្ធប្រលោមលោក សម្រាប់បោះពុម្ពផ្សាយនៅគ្រឹះស្ថាន CREATOR

  • April 30th, 2020

ដូច​លោក​អ្នកបាន​ជ្រាប​ពីបទសម្ភាសន៍​មុន​រួច​មកហើយថា CREATOR គឺជាគ្រឹះស្ថានអាជីវកម្ម​ថ្មីមួយ ដែលត្រូវបាន​បង្កើតឡើងនៅចុងឆ្នាំ២០១៨ ដើម្បីផ្តល់សេវាធំៗចំនួនបីដូចជា Creator Digital ផ្ដល់​សេវាឌីជីថលម៉ាឃីធីង Digital Marketing), Creator Event ផ្តល់សេវារៀបចំកម្មវិធី និងការបណ្តុះបណ្តាល (Event Management and Training) និង Creator Book ផ្តល់សេវាការបោះពុម្ពផ្សាយ និងលក់សៀវភៅ (Publishing and Book sale) ។ គ្រឹះស្ថាន​នេះ ធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកនិពន្ធ​ បុគ្គល​ក្នុង​វិស័យតែងនិពន្ធ និង​ស្ថាប័នដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​តែង​និពន្ធ​និង​ការ​អាន​ទាំង​ឡាយ​យ៉ាង​ជិត​ស្និទ្ធ​បំផុត។ លើស​ពីនេះ គ្រឹះស្ថានក៏មានបម្រើ​សេវាកម្មមួយចំនួនទៀត​ដូចជា ប្រឹក្សាផ្នែកតែងនិពន្ធ ប្រឹក្សាផ្នែកបោះពុម្ពផ្សាយ ធ្វើកិច្ចការបណ្ណាធិការ បោះពុម្ពស្នាដៃ និងលក់សៀវភៅជូនអ្នកនិពន្ធផងដែរ។

គ្រឹះស្ថាន CREATOR និង “ស្ថាបនិក” ទាំង៣រូបបច្ចុប្បន្ន

តែ​​​អ្វី​ដែល “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ចង់​បង្ហាញ​ជូន​នូវពេល​នេះ គឺ​ជាសេចក្ដី​ជូន​ដំណឹង​ដោយគ្រឹះស្ថាន​ខាងលើ ស្ដីអំពី​ការ​ជ្រើសរើស​ស្នាដៃ​តែងនិពន្ធ​ ដែលជា​ឱកាស​មួយ​ពិសេស​​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​និពន្ធ​ដែលមាន​ស្នាដៃ​ល្អៗ​ទាំង​ឡាយ ហើយ​ចង់ឱ្យស្នាដៃ​របស់​ខ្លួន​នោះ មានឱកាស​បាន​បោះ​ពុម្ព​ចេញ​ផ្សាយ និង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ទៀត។ ដូច្នេះហើយ ដើម្បី​កុំឱ្យខាត​ពេលយូរ គេហទំព័រយើង​ខ្ញុំ ក៏សូម​បង្ហាញ​ជូន​នូវ​បទសម្ភាសន៍​ជាមួយ​លោក ឃុត សុខឿន ដែល​ជានាយកគ្រប់គ្រងគ្រឹះស្ថាន CREATOR​ ស្ដីពីលក្ខខណ្ឌនៃការជ្រើសរើសស្នាដៃ ដោយយើង​ខ្ញុំ​សូម​លើក​យកតែ​សំណួរ​សំខាន់ៗ​មកបង្ហាញ​ជូន​ប៉ុណ្ណោះ រួមមានដូចជា ៖

គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ លោកអាច​ជម្រាប​បាន​ទេថា តើអ្នកណាខ្លះដែលអាចចូលរួមដាក់ស្នាដៃបាន?

លោក ឃុត សុខឿន ៖ អ្នកណាក៏អាចចូលរួមដាក់ស្នាដៃបានដែរ មិនថាអ្នកនិពន្ធជើងចាស់ ជើងថ្មី ឬ អ្នកស្រឡាញ់ការតែងនិពន្ធទេ ពិសេសអ្នកដែលចង់សាកល្បងបោះពុម្ពស្នាដៃរបស់ខ្លួនតែ​ម្ដង​។

គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើប្រលោមលោកប្រភេទណាខ្លះទៅ ដែល CREATOR ជ្រើសរើស?

លោក ឃុត សុខឿន ៖ យើងជ្រើសរើសស្នាដៃប្រលោមលោកដែលនិពន្ធថ្មី ។ តែយើងមិនទទួលស្នាដៃប្រលោមលោកដែលធ្លាប់ដាក់ប្រឡង ហើយជាប់ចំណាត់ក្នុងកម្មវិធីផ្សេងៗរួចហើយនោះទេ… ដោយយើង​សូមបញ្ជាក់ថា យើងជ្រើសរើសតែរឿងប្រលោមលោកប៉ុណ្ណោះ​ មិនយករឿងខ្លី ឬកំណាព្យទេ។


សេចក្ដីប្រកាស់របស់ គ្រឹះស្ថាន CREATOR ស្ដីពីការជ្រើសរើសស្នាដៃនិពន្ធប្រលោមលោក

គេហទំព័រអ្នកនិពន្ធកម្ពុជា តើលោកអាចបញ្ជាក់ពីស្នាដៃប្រលោមលោកថ្មី​ដែល CREATOR ចង់​ជ្រើស​រើស​នោះ​ឱ្យបាន​លម្អិត​ជាង​នេះ​បន្តិច​បាន​ទេ?

លោក ឃុត សុខឿន ៖ បាទបាន! ប្រសិនបើអាច យើងចង់ជ្រើសរើសប្រលោមលោកដែលមានការច្នៃប្រដិត្ឋថ្មី ដែលអាច​ចាកឆ្ងាយពីប្រភេទមនោសញ្ចេតនាបន្តិច។ វាអាចជា ការផ្សងព្រេង ការស៊ើបអង្កេត បែបរន្ធត់ ឬ បែបវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាជាដើម។ ប៉ុន្តែខ្ញុំគិតថាប្រហែលជាលំបាករកអ្នកសរសេររឿងប្រភេទអស់នេះបាន …តែសូមបញ្ជាក់បន្តិច​ ថាប្រលោមលោកមនោសញ្ចេតនាក៏យើងត្រូវការដែរឱ្យតែល្អ និងអាចទាក់យកអារម្មណ៍អ្នកអានបាន។ ជាក់ស្តែង កន្លងមកយើងក៏មានទទួលស្នាដៃមកបោះពុម្ពដែរ ដូចជាប្រលោមលោករឿង “បេះដូងមួយនេះ” ដែលទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកអានជាយុវវ័យ។

គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ លោកគិតថាជាការលំបាក តើ CREATOR អាចជួយអ្នកស្រឡា​ញ់ការតែងនិពន្ធ ពិសេសអ្នកដែលចង់សាកល្បងបោះពុម្ពស្នាដៃរបស់ខ្លួនបានទេ?

លោក ឃុត សុខឿន ៖ ប្រហែលជាបានខ្លះ អាស្រ័យលើពេលវេលា និងលទ្ធភាព។ យើងប្រហែលជាអាចជួយត្រឹមគំនិតរឿង ឬ ឆ្អឹងរឿងខ្លះ … តែបទនិពន្ធទាំងស្រុងគឺអាស្រ័យលើអ្នកសរសេរខ្លួន​ឯង។

សៀវភៅល្បីៗមួយចំនួនដែលមានលក់នៅ គ្រឹះស្ថាន CREATOR 

គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើរបៀបនៃការជ្រើសរើសធ្វើឡើងយ៉ាងដូចម្តេច?

លោក ឃុត សុខឿន ៖ CREATOR មានគណៈកម្មការរបស់ខ្លួន ដែលជ្រើសរើសចេញពីបុគ្គលិករបស់យើង និងអ្នកដែលធ្វើការពាក់ព័ន្ធនឹងវិស័យតែងនិពន្ធ និងទីផ្សារ។ ដូចលោក​អ្នក​បាន​ជ្រាបស្រាប់ហើយថា CREATOR ជាគ្រឹះស្ថានអាជីវកម្មឯកជន ដែលត្រូវការប្រាក់ចំណេញ ដូច្នេះការជ្រើសរើសស្នាដៃ ក្រៅតែពីគោរពលក្ខខណ្ឌអក្សរសិល្ប៍ល្អហើយ យើងក៏គិតដល់ស្នាដៃដែលអាចលក់ដាច់នៅលើទីផ្សារដែរ។ ហើយអ្នកនិពន្ធក៏ត្រូវយល់ដឹង ចំណុចសំខាន់នេះដែរ។ ប៉ុន្តែ សូមកុំបារម្ភ ពីព្រោះប្រសិនបើស្នាដៃណាមួយត្រូវបានជ្រើសរើសនោះ CREATOR និងគណៈកម្មការ នឹងធ្វើការជាមួយអ្នកនិពន្ធ រហូតទាល់តែស្នាដៃនោះត្រូវបានបោះពុម្ព និងដាក់លក់លើទីផ្សារ។ ប៉ុន្តែករណីអ្នកនិពន្ធមានត្រឹមតែគោលគំនិតសាច់រឿង អាចផ្ញើមកកាន់យើងបាន ហើយបើសិនជាក្រុមការងារយើងឃើញថាគំនិតសាច់រឿងនេះល្អ​ ក៏យើងអាចធ្វើការជាមួយគ្នាបានដែរ ទម្រាំដល់ថ្ងៃផុតកំណត់ទទួលស្នាដៃ។

គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើអ្នកដែលត្រូវបានជ្រើសរើសទទួលបានផលប្រយោជន៍យ៉ាងដូចម្តេចខ្លះ?

លោក ឃុត សុខឿន ៖ វាជាការវិនិយោគរួមគ្នា ក្នុងដំណាក់កាលជាក់លាក់ណាមួយ។ វាមិនមែនជាការលក់ និងទិញស្នាដៃនោះទេ។ អ្នកនិពន្ធទទួលបានចំណេះដឹងបន្ថែមទៀតទាក់ទងនឹងការតែងនិពន្ធ និងតម្រូវការទីផ្សារ ទទួលបានភាគលាភពីស្នាដៃរបស់ខ្លួន ហើយស្នាដៃនៅតែជារបស់ខ្លួន មិនមែនជារបស់ CREATOR ទេ ក្រៅពីនេះគាត់នៅទទួលបានការផ្សព្វផ្សាយ មានអ្នកគាំទ្រជាដើម។ ហើយចំពោះភាគលាភប៉ុន្មាននោះ គឺទាល់តែអ្នកជាប់ស្នាដៃហើយ ទើបយើងនិយាយប្រាប់​លម្អិតបាន។

លោក ឃុត សុខឿន សហស្ថាបនិក​គ្រឹះស្ថាន CREATOR មួយរូប និងជា​នាយកគ្រប់គ្រងគ្រឹះស្ថានបច្ចុប្បន្ន

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ឃុត សុខឿន គឺជាសហស្ថាបនិក​គ្រឹះស្ថាន CREATOR មួយរូប និង​កំពុងកាន់តួនាទីជា​នាយកគ្រប់គ្រងនៃគ្រឹះស្ថានអាជីវកម្មប្លែកថ្មីមួយនេះតែម្ដង។ ទាក់ទងនឹង ​គ្រឹស្ថានបោះពុម្ព និង ចែកផ្សាយ CREATOR ​មួយនេះ កាលពីដើម ខែមេសា ឆ្នាំ​២០២០ កន្លងទៅ គ្រឹះស្ថាន​ក៏​បានប្រកាសជ្រើសរើសស្នាដៃប្រលោមលោក ដើម្បីបោះពុម្ព និង ផ្សព្វផ្សាយលក់ទូទាំងប្រទេសផងដែរ។ អាស្រ័យហេតុនេះហើយ បើ​លោក​​អ្នកមាន​ចំណាប់អារម្មណ៍ សូមផ្ញើស្នាដៃរបស់លោក​អ្នកជា File Words តាមរយៈអ៊ីមែលតែមួយគត់គឺ info@creatorkh.net  ហើយ​សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ទូរសព្ទលេខ ៖ 012 610 550 / 098 694 119 ឬក៏ផ្ញើសារទៅកាន់ហ្វេសប៊ុកផេក https://www.facebook.com/creatorbooksale/ ក៏បាន ដោយ​គ្រឹះស្ថាន CREATOR ចាប់​ផ្ដើម​ទទួលស្នាដៃពី ខែមេសា នេះ​ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯណោះ។ សូមអរគុណ៕

រូបភាពផ្ដល់​ដោយ ៖ CREATOR / សម្រួលអត្ថបទ និង​រក្សាសិទ្ធិដោយ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!