“ពិភពសុបិន” ក្រុមមួយដែលបង្កើតឡើង ដើម្បីជួយបោះពុម្ពស្នាដៃអ្នកនិពន្ធដែលគ្មានលទ្ធភាព

  • March 2nd, 2020

មួយរយៈចុងក្រោយនេះ ឃើញថា​មានក្រុមការងារ​ក្នុងវិស័យតែងនិពន្ធ​ជាច្រើនត្រូវបានបង្កើត​ឡើង ក្នុង​នោះ “ពិភពសុបិន” គឺជាក្រុមមួយបង្កើត​ឡើង​ ដើម្បី​ជួយ​បោះពុម្ព​ស្នាដៃ​របស់​អ្នក​និពន្ធ​មួយចំនួនដែលគ្មាន​លទ្ធភាព​ក្នុង​ការ​បោះពុម្ព ជាសកម្មភាពការងារ​មួយ​ល្អ​យ៉ាង​ខ្លាំង ព្រោះ​មិន​ត្រឹមតែ​បានជួយ​អ្នក​និពន្ធប៉ុណ្ណោះទេ ថែមទាំងជា​ការចូលរួមចំណែកមួយ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​តែង​និពន្ធ​នៅកម្ពុជាឱ្យកាន់តែ​រីកចម្រើនទៀតផង។

ទាក់ទង​នឹង​ «ពិភពសុបិន» ដែលជាក្រុម​មួយ​ធ្វើ​ការ​ងារ​ក្នុង​វិស័យតែង​និពន្ធ​ដ៏ល្អនេះ ក៏ត្រូវ​បាន​កញ្ញា ណាត គង់ ដែល​គ្រប់​គ្នា​ស្គាល់​តាម​រយៈនាមប៉ាកកា “ពេជ្រ ជិន្នា” ជាអ្នក​បង្កើត​ក្រុម​នេះ បង្ហាញប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍ថា “មូលហេតុចម្បងជំរុញឱ្យ​នាង​ខ្ញុំ​មានការបង្កើត «ពិភពសុបិន» នេះឡើង គឺដើម្បីជាជំនួយជួយដល់អ្នកនិពន្ធដែលមានសមត្ថភាពនិពន្ធ តែខ្វះលទ្ធភាពក្នុង​ការ​រៀបចំ​បោះពុម្ព​ចេញផ្សាយជាសៀវភៅ ក្នុងគោលបំណង​ឱ្យ​ពួកគេទទួលបាននូវផលតបស្នងស័ក្តិសមនឹងទេពកោសល្យនិងការខិតខំប្រឹងប្រែង ក៏ដូចជា​​ដើម្បីជៀសវាងត្រូវរងគ្រោះ ដោយសារការបាក់ទឹកចិត្ត និងកត្តាអវិជ្ជមានផ្សេងៗទៀត។” ម្យ៉ាងទៀត កញ្ញា​ក៏បាន​បញ្ជាក់ពីហេតុផលទៀតថា “ហើយ​មូលហេតុដែលចាំ​បាច់​ត្រូវ​ជួយដល់អ្នកនិពន្ធដែលគ្មានលទ្ធភាព ព្រោះដោយសារតែ​នាងខ្ញុំស្រឡាញ់ការសរសេរ និងការអាន ជាពិសេសចង់ឃើញវិស័យអំណាននៅក្នុងប្រទេសយើងរីកចម្រើនដូចប្រទេសជឿនលឿននានាលើសកលលោក និង​ចង់បញ្ជាក់ថា ក្មេងក៏មានសមត្ថភាពអាចនិពន្ធសៀវភៅដែលទទួលបានការទទួលស្គាល់ពីមហាជនទូទៅផងដែរ។”

កញ្ញា ណាត គង់ ហៅ “ពេជ្រ ជិន្នា” អ្នកបង្កើតក្រុម “ពិភពសុបិន”

ចំណែកខាងក្រោយនេះ គឺជា គោលបំណង,​ អត្ថប្រយោជន៍, បេសកកម្ម, ចក្ខុវិស័យ និង​អ្វីៗទាំងឡាយដែលពាក់ព័ន្ធនឹងក្រុម “ពិភពសុបិន” ដែល​លោក​អ្នក​គួតែដឹងអំពីក្រុមមួយនេះថា តើ​មាន​លក្ខណៈល្អ និង​អត្ថប្រយោជន៍​ខ្ពស់​កម្រិតណា​ចំពោះ​អ្នក​និពន្ធ​ និងវិស័យតែង​និពន្ធ​កម្ពុជា។

អំពីប្រវត្តិ និងស្នាដៃ

ក្រុម “ពិភពសុបិន” បង្កើតឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ដោយកញ្ញា «ណាត គង់» រហូតមកទល់ពេលនេះមានអ្នកនិពន្ធដែលជាសមាជិកចំនួន ០៥ នាក់ហើយដូចជា ៖

  1. កញ្ញា ណាត គង់ នាមប៉ាកកា “ពេជ្រ ជិន្នា”
  2. កញ្ញា សុខ រ៉ាត់ឌី នាមប៉ាកកា “លីលី
  3. កញ្ញា រ័ត្ន ឆារ៉ានន់ នាមប៉ាកកា “ភីក ​ដាវ៉ាន់
  4. កញ្ញា សេន បញ្ញាពិសី នាមប៉ាកកា “ឡូនលី
  5. កញ្ញា ខាវ សារឿន សុធារ៉ា នាមប៉ាកកា “ព្រះអាទិត្យ
  6. និង កញ្ញា ជុំ ស្រី និច នាមប៉ាកកា “ជុំ មនោ

ក្រុមអ្នកនិពន្ធទាំង៦រូបរបស់ “ពិភពសុបិន”

ជាងនេះទៀតសោតក្រុម​ “ពិភពសុបិន” ក៏បានសម្រេចនូវសមិទ្ធផលមួយចំនួន និងទទួលបានផ្លែផ្កាផងដែរ ដូចជាការចេញផ្សាយសៀវភៅគិតមកទល់ពេលនេះបាន ១៣ ចំណងជើងហើយ រួមមាន ៖

1-រឿងយុទ្ធសាស្ត្រស្នេហ៍ និពន្ធដោយ ពេជ្រ ជិន្នា

2-ព្រះអាទិត្យកណ្ដាលរាត្រី និពន្ធដោយ ពេជ្រ ជិន្នា

3-និស្ស័យស្នេហ៍កម្ម និពន្ធដោយ ពេជ្រ ជិន្នា

4-ភ្លើងស្នេហ៍ និពន្ធដោយ ឡូនលី

5-ភ្លើងគំនុំ និពន្ធដោយ ឡូនលី

6-កូនក្រមុំម៉ាហ្វៀ និពន្ធដោយ ភីក ដាវ៉ាន់

7-ភារកិច្ចចងស្នេហ៍ និពន្ធដោយ ជុំ មនោ

8-លោហិតប្ដូរស្នេហ៍ និពន្ធដោយ លាក់មុខ

9-ទេវបុត្រសង្គ្រោះបេះដូង និពន្ធរួមគ្នាដោយ លីលី, ពេជ្រ ជិន្នា និង ពេជ្រ មន្នី

10-ទឹកឃ្មុំបួនរដូវ និពន្ធដោយ ភីក ដាវ៉ាន់

11-ចិត្តស្អប់បង្កប់ស្នេហ៍ និពន្ធដោយ លីលី

12-ឧទ្ទានបេះដូងម៉ាហ្វៀ និពន្ធដោយ លាក់មុខ

13-នរកក្នុងបេះដូង និពន្ធដោយ ឡូនលី

សៀវភៅរបស់ “ពិភពសុបិន” មួយចំនួន, តម្លៃ និងទីតាំងដាក់លក់

គោលបំណង

ក្រុម “ពិភពសុបិន” បង្កើតឡើងក្នុងគោលបំណងសំខាន់ៗដូចជា ៖

  1. គាំទ្រអ្នកនិពន្ធកម្ពុជាដែលមានសមត្ថភាពនិងទេពកោសល្យ តែគ្មានលទ្ធភាព ឬឱកាសចេញផ្សាយសៀវភៅ ដែលជាស្នាដៃរបស់ខ្លួនឱ្យ​ចរាចរណ៍លើទីផ្សារ។
  2. លើកទឹកចិត្ត និងផ្ដល់តម្លៃតបស្នងឱ្យ​ស័ក្តិសមនឹងសមត្ថភាពរបស់អ្នកនិពន្ធ។
  3. លើកស្ទួយវិស័យតែងនិពន្ធ និងអំណាននៅប្រទេសកម្ពុជា ឱ្យ​មានការរីកចម្រើនបន្តបន្ទាប់ តាមរយៈការចេញផ្សាយសៀវភៅល្អៗ ដែលមានអត្ថប្រយោជន៍ និងចំណេះដឹង។

អត្ថប្រយោជន៍

ក្រុម “ពិភពសុបិន” បង្កើតឡើងដោយនឹងផ្ដល់នូវអត្ថប្រយោជន៍ដល់អ្នកនិពន្ធដូចជា ៖

  1. អាចចេញផ្សាយស្នាដៃដែលខ្លួនបានតែងនិពន្ធឱ្យ​ចរាចរណ៍លើទីផ្សារទូលំទូលាយ។
  2. ទទួលបានផលតបស្នងស័ក្តិសមនឹងកម្លាំងញើសឈាមដែលចំណាយលើការតែង និពន្ធដូចជាប្រាក់ចំណេញគិតជាភាគរយនឹងចំនួនសៀវភៅដែលលក់បាន និងគុណភាពក្នុងការបោះពុម្ពសៀវភៅដែលទទួលស្គាល់ដោយ ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ។
  3. ទទួលបានសេរីភាពក្នុងការតែងនិពន្ធនិងបញ្ចេញមតិ គ្មានការបិទសិទ្ធិឬបង្ខិតបង្ខំ ដែលនាំឱ្យ​មានការអាក់អន់ស្រពន់ចិត្តផ្សេងៗ។
  4. អ្នកនិពន្ធទទួលបានការលើកទឹកចិត្ត ក៏ដូចជាការទទួលស្គាល់ពេញលេញមួយក្នុងនាមជា “អ្នកលក់ក្តីស្រម៉ៃ” ដែលបានជួយដល់អ្នកអានជាច្រើនរូបតាមរយៈតួអក្សរ។

បេសកកម្ម

បេសសកម្មចម្បងបំផុតរបស់ក្រុម “ពិភពសុបិន” គឺការជំរុញទឹកចិត្តអ្នកនិពន្ធ តាមរយៈតម្លាភាព សុក្រឹតភាព និងចំណេះដឹងអំពីកម្មសិទ្ធបញ្ញា លើស្នាដៃរបស់ខ្លួន។

ចក្ខុវិស័យ

ចក្ខុវិស័យរបស់ក្រុម “ពិភពសុបិន” នៅថ្ងៃអនាគត គឺការវិវត្តន៍ខ្លួនទៅជាគ្រឹះស្ថានបោះពុម្ពមួយ ដែលមានការទទួលស្គាល់ទូលំទូលាយពីសាធារណជន និងរាជរដ្ឋាភិបាលកម្ពុជា។

សៀវភៅ “ពិភពសុបិន” ដែលត្រៀមដាក់លក់នៅ “ទិវាអំណានជាតិ លើកទី៥”

ខាងលើ​គឺជា​អ្វីគ្រប់​យ៉ាង​ដែល​ពាក់​ព័ន្ធនឹងក្រុម “ពិភពសុបិន”​ ដែលគេហទំព័រយើងទទួលបាន​ពី កញ្ញា ណាត គង់ ហៅ “ពេជ្រ ជិន្នា ដែលជាអ្នកបង្កើតក្រុមនេះឡើង។ លើក​ពីនេះ កញ្ញា​ក៏បាន​បញ្ជាក់ថា “ប្រសិនបើអ្នកនិពន្ធដទៃទៀតចង់ចូលរួមជាមួយក្រុមពិភពសុបិន អាចឆាតមកក្នុង Page «ពិភពសុបិន» ផ្ទាល់ https://www.facebook.com/piphubsobennovel/?epa=SEARCH_BOX ដោយគ្រាន់តែផ្ញើសាច់រឿង ចំនួន50ទំព័រ មកកាន់ប្រអប់សាររបស់ Page ប៉ុណ្ណោះ។ ហើយជាចុងក្រោយបំផុត ពិភពសុបិន ពិតជារីករាយជាខ្លាំង និងសូម​អរគុណចំពោះការគាំទ្រកន្លងមក ហើយក្រុមយើង​ខ្ញុំសង្ឃឹមថា នឹងអាចចូលខ្លួនទៅជាសភាវដែលបំពេញសេចក្ដីសុខផ្លូវអារម្មណ៍របស់ប្រិយមិត្តអ្នកអាន ជួបនឹងសុបិនមួយដែលរីករាយគ្មានទីបញ្ចប់។”

កញ្ញា ណាត គង់ ហៅ “ពេជ្រ ជិន្នា” អ្នកបង្កើតក្រុម “ពិភពសុបិន” និងស្នាដៃមួយរបស់កញ្ញា

“គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា​ កញ្ញា ណាត គង់ មាននាម​ប៉ាកកា ពេជ្រ ជិន្នា កញ្ញា​គឺ​ជាអ្នកនិពន្ធស្ត្រី​វ័យ​ក្មេង​​ប្រកបដោយ​សមត្ថភាព​ទេពកោសល្យ​​ពី​ធម្មជាតិមួយរូប ដែល​មាន​ដើម​កំណើត​មក​ពីខេត្ត​កំពង់​ចាម។ បច្ចុប្បន្ន ក្រៅពីមាន​អាជីពជាអ្នកនិពន្ធប្រលោមលោក​បែប​បរទេស​មួយរូប​ ​ កញ្ញា​គឺ​ជាមន្រ្តីរាជការស៊ីវិល បម្រើការនៅ “មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ” ខេត្តក្រចេះ ជាពិសេស​ជាអ្នកគ្រប់​គ្រងក្រុម “ពិភពសុបិន” ដែលកញ្ញា​ជាអ្នកបង្កើតដើម្បីជួយ​អ្នក​និពន្ធ​នេះតែម្ដង។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ណាត គង់ / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!