អ្នកនិពន្ធឆ្នើមបីរូប សហការគ្នានិពន្ធសៀវភៅដ៏ល្អមួយក្បាលឡើង

  • December 1st, 2019

ពិតជារឿងមួយ​ល្អ​យ៉ាង​ខ្លាំង ​ដែល​អ្នក​និពន្ធ​កម្ពុជាឆ្នើមៗ​ចំនួន​៣រូបបាន​សហការគ្នា​និពន្ធ​សៀវភៅដ៏​ល្អ​​មួយ​ក្បាល​ឡើង ហើយ​វា​រឹតតែ​ជា​ដំណឹង​ល្អ​និង​ពិសេស​ណាស់​ទៅទៀត ​សម្រាប់ប្រិយមិត្ត​ទាំង​ឡាយ​ដែល​និយម​ចូល​ចិត្ត​​អាន​ស្នាដៃ​និពន្ធ​របស់​ពួកគាត់ ព្រោះ​សៀវភៅ “ដំណើរ” ដែល​ជាស្នាដៃ​សហនិពន្ធ​របស់​ពួកគាត់នេះ នឹង​ផ្សព្វ​ផ្សាយសម្ពោធ​ដាក់​លក់​​ជាផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗប៉ុន្មាន​ថ្ងៃ​​ខាង​មុខ​នេះហើយ​។ ដូច្នេះ ​ដើម្បីបានជ្រាប​​​ច្បាស់​ពីសៀវភៅ​សហនិពន្ធ​ដ៏​ល្អ​មួយ​ក្បាល​នេះ យើង​ខ្ញុំ​សូម​លើក​យក​នូវ​បទសម្ភាសន៍រវាង “គេហទំព័រអ្នក​និពន្ធកម្ពុជា” និង​ លោក ឡាំ លីម ដែលជា​​អ្នក​និពន្ធ​មួយរូប​ក្នុង​សៀវភៅនេះ បង្ហាញ​ឱ្យ​​លោក​អ្នក​បាន​ដឹង​លម្អិត​ដូច​តទៅ ៖

ក្នុង​នាម​ លោក ឡាំ លីម ជាអ្នកនិពន្ធមួយរូបក្នុង​សៀវភៅ​ “ដំណើរ” ដែលជាសៀវភៅសហនិពន្ធនេះ តើ​លោក​អាច​ជម្រាប​បាន​ទេថា សៀវភៅ​នេះ​ក្រៅ​ពីលោក​ តើ​នៅមាន​អ្នក​និពន្ធ​រូបណា​ខ្លះទៀត? ហើយ​ហេតុអ្វីបាន​ជាពួកលោក​សម្រេច​ចិត្ត​និពន្ធ​សៀវភៅនេះ​រួមគ្នា​ឡើង?​ និងជាសៀវភៅផ្នែកអ្វី? និយាយផ្ដោតសំខាន់​លើអ្វី?

“សៀវភៅដែលមានចំណងជើងថា ដំណើរ នេះជាស្នាដៃនិពន្ធរួមគ្នារវាងខ្ញុំ​បាទ ឡាំ លីម និង​អ្នកនិពន្ធ ថុន ថាវរី ជាម្ចាស់ស្នាដៃសៀវភៅ នារីប្រពៃ, កាពីទែនជីវិត ភាគ១,​ កាពីទែនជីវិត ភាគ២ ព្រមទាំងអ្នកនិពន្ធ សែត ហត្ថា (កូនចាបមាស) ជាម្ចាស់ស្នាដៃសៀវភៅ វិញ្ញាសាជីវិត, កាដូជីវិត និង ខ្យល់ដង្ហើម។ គោលបំណងធំចម្បងនៃការនិពន្ធសៀវភៅនេះឡើង គឺដើម្បីចែករំលែកបទពិសោធផ្ទាល់របស់អ្នកនិពន្ធអំពីការស្វែងរកខ្លួនឯង បទពិសោធអំពីការសម្រេចក្តីស្រមៃ និងបុព្វហេតុនៃ​ការ​ចេះ​ផ្តល់​ឱ្យ​នូវ​ក្តី​ស្រឡាញ់​។ លើសពីនេះ សៀវភៅនេះជារូបភាពដែលយើងជាអ្នកនិពន្ធទាំង៣រូបចង់បញ្ជ្រាបសារថា “អ្នកនិពន្ធយើងជំនាន់នេះ គឺត្រូវតែបង្កើតទស្សនវិស័យរួមគ្នាមួយ បង្កើតក្តីស្រមៃរួមគ្នាមួយ បំពេញបេសសកម្មតែមួយ និងរួមគ្នាជាធ្លុងមួយដើម្បីរួមចំណែកទទួលខុសត្រូវចំពោះសង្គមទៅតាមលទ្ធភាពរៀងៗខ្លួន ដោយឈរលើស្មារតីលះបង់ និងប្តេជ្ញាចិត្តខ្ពស់”។ ដូច្នេះហើយ ទើបយើងបង្កើតនូវស្លោកមួយដែលថា “ចុងប៊ិក៣ដើម គោលគំនិត១”។”

អ្នកនិពន្ធឆ្នើមៗទាំង៣រូប និងសៀវភៅសហនិពន្ធ “ដំណើរ” 

តើសៀវភៅ “ដំណើរ” ដែលជាសៀវភៅសហនិពន្ធនេះមាន​កម្រាស់ប៉ុន្មាន​ទំព័រ? ចែកជាប៉ុន្មាន​ជំពូក? លោក​ ឡាំ លីម សរសេរ​ពីអ្វី? មានប៉ុន្មាន​ទំព័រ? ពីទំព័រណា ដល់ទំព័រណា? និង​អ្នក​និពន្ធ​ដទៃៗ​ទៀត សរសេរ​ពីអ្វី? មានប៉ុន្មាន​ទំព័រ? ពីទំព័រណា ដល់ទំព័រណា? សូម​រៀបរាប់​បង្ហាញ!

“សៀវភៅ “ដំណើរ” នេះមានកម្រាស់សរុបចំនួន ៣៧៣ទំព័រ ដែលចែកជា ៣ជំពូកធំៗរួមមានដូចជា៖

ជំពូកទ១ និយាយអំពី “ការស្វែងរកខ្លួន” ដែលនិពន្ធដោយខ្ញុំបាទ ឡាំ លីម ។ តើហេតុអ្វីនិយាយអំពីការស្វែងរកខ្លួនឯង? គ្មានអ្វី​ដែល​អាច​ផ្តល់​ផ្លែផ្កា​ដល់​ជីវិតបាន​ ​ជាជាង​ទង្វើ​ប្រឹងប្រែង​ទេ។​ ​មុននឹង​មនុស្ស​អាច​ប្រឹងប្រែង​បាន​ ​លុះត្រា​ណា​តែ​មាន​បុព្វហេតុ​រស់នៅ​ត្រឹមត្រូវ។​ មុននឹង​មាន​បុព្វហេតុ​ជីវិត​ ​លុះត្រា​ណា​តែ​មនុស្ស​រក​ខ្លួនឯង​ឱ្យ​ឃើញ​សិន។ ក្រៅពីនិយាយអំពីការស្វែងរកខ្លួនឯង ខ្ញុំក៏បាននិយាយអំពីការប្រឹងប្រែងដោយខ្លួនឯង និងអំពីការបង្កើតសេចក្តីសុខឱ្យខ្លួនឯងចិត្តវិញ្ញាណ​ ​សេចក្តីសុខផ្លូវចិត្តផងដែរ។ ជីវិតជាជម្រើស យើងអាចជ្រើសរើសថាយើងចង់ដើរតាមផ្លូវជីវិតបែបណា ធ្វើជាមនុស្សបែបណា រស់នៅបែបណា យើងប្រាថ្នាអ្វីក៏បានដែរ វាសុទ្ធតែជាកម្មសិទ្ធិរបស់យើងទេ ប៉ុន្តែអ្វីដែលយើងត្រូវខ្វល់ខ្វាយគឺត្រូវតែធ្វើជាមនុស្សល្អ មនុស្សត្រឹមត្រូវ មិនធ្វើអាក្រក់ដើម្បីបំផ្លាញអ្នកដទៃ!

ជំពូកទី២ និយាយអំពី “គោលដៅ និងក្តីស្រមៃ” ដែលនិពន្ធដោយអ្នកនិពន្ធ ថុន ថាវរី ។ ប្រសិនបើយើងមានតែគោលដៅដោយសរសេរដាក់តែក្នុងក្រដាសនោះវាហាក់គ្មានន័យអ្វីទាំងអស់ ប្រសិនបើយើងមានក្តីស្រមៃហើយគ្មានការប្តេជ្ញាចិត្ត​​ ​និងហ៊ានពុះពារដើម្បីក្ដីស្រមៃនោះទេ វាក៏គ្មានថ្ងៃអាចចេញជារូបរាងបានដែរ​​ ​គ្មានអ្វីដែលបានមកដោយគ្មានការដោះដូរនោះទេ។ មនុស្សម្នាក់ៗអាចមានក្ដីស្រមៃជាច្រើនដែលចង់សម្រេច ប៉ុន្តែមនុស្សជាច្រើនមិនអាចធ្វើឱ្យក្ដីស្រមៃរបស់ខ្លួនក្លាយជាការពិតនោះទេ ហើយដរាបណាក្ដីស្រមៃនៅតែមិនទាន់ក្លាយទៅជាគោលដៅទេ នោះពួកគេក៏មិនអាចមានផែនការដើម្បីសម្រេចជោគជ័យលើគោលដៅដែរ ហើយចុងក្រោយអ្នកទាំងនោះនៅតែមានអារម្មណ៍ថាជីវិតរបស់ខ្លួនរស់នៅគ្មានកោះគ្មានត្រើយ។

ជំពូកទី៣ និយាយអំពី “បុព្វហេតុនៃការផ្តល់ឱ្យ” ដែលនិពន្ធដោយអ្នកនិពន្ធ សែត ហត្ថា (កូនចាបមាស)។ ជំពូកនេះនិយាយអំពីយើង​ជាមួយ​គ្រួសារ​ ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ក្នុង​សង្គម ​ការ​លះបង់​ចំពោះ​សេចក្ដី​ស្រឡាញ់​ ​ការកំណត់​គោលដៅ​​និង​ការរៀបចំ​ផែនការ​ជីវិត ​ការ​ជឿជាក់​ចំពោះខ្លួនឯង​ ​ការអត់ធ្មត់ជាមួយបញ្ហា​ ​ព្រមទាំងការផ្ដល់ឱកាសឱ្យខ្លួនឯងទទួលយកការផ្លាស់ប្ដូរដើម្បីអភិវឌ្ឍខ្លួនជាដើម។ ក្ដីស្រឡាញ់វាធ្វើឱ្យមនុស្សចេះលះបង់ ហើយបើកាន់តែចេះលះបង់គឺយើងនឹងកាន់តែចេះស្រឡាញ់ ហេតុនេះទើបក្ដីស្រឡាញ់វាមានតម្លៃស្មើនឹងការលះបង់ជានិច្ច ប៉ុន្តែយើងភាគច្រើនចេះតែនិយាយពីពាក្យថាស្រឡាញ់ ច្រើនជាងការបង្ហាញពីទង្វើដែលបញ្ជាក់នូវសេចក្ដីស្រឡាញ់។”

សៀវភៅសហនិពន្ធ “ដំណើរ” របស់អ្នកនិពន្ធឆ្នើមទាំង៣រូប

តើ​សៀវភៅនេះគ្រោង​បោះពុម្ព​​សម្ពោធដាក់លក់ជាផ្លូវ​ការ​នៅថ្ងៃខែឆ្នាំណា? ហើយ​លក់​ក្នុង​តម្លៃ​ប៉ុន្មាន?​

“សៀវភៅនេះគ្រោងចេញផ្សាយជាផ្លូវការនៅមុនថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងដាក់សម្ភោធជាផ្លូវការនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១ ដល់ម៉ោង ៥នាទីល្ងាច នៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) រាជធានីភ្នំពេញ។ សៀវភៅនេះមានតម្លៃ ៣៦០០០រៀល ឬស្មើនឹង ៩ដុល្លារ។”

លោក ឡាំ លីម និង​អ្នក​និពន្ធ​ពីររូបទៀត គឺកញ្ញា ថុន ថាវរី និង សែត ហត្ថា “កូនចាបមាស”

ខាង​លើ​គឺ​ជាសម្ដី​ទាំង​ស្រុង​របស់ លោក ឡាំ លីម អ្នកនិពន្ធ​មួយរូបក្នុង​សៀវភៅសហនិពន្ធដែលមានចំណងជើងថា “ដំណើរ” ដែល​នឹង​ដាក់​សម្ពោធ​ជាផ្លូវការ​នៅថ្ងៃទី៧ ខែធ្នូរ ឆ្នាំ២០១៩ ប៉ុន្មាន​ថ្ងៃឆាប់ៗខាងមុខនេះ ហើយ​លោក​ក៏ជា​ម្ចាស់​ស្នាដៃ​សៀវភៅដ៏ល្បីទាំង​៣​ក្បាល “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”, “ប្រតិទិន​ទស្សនៈ ២២២ថ្ងៃ” និង “​អំណាន​ជា​អំណាច” ផងដែរ ដោយ​គេហទំព័រយើង​ខ្ញុំ​ជឿជាក់ថា បើ​លោក​អ្នក​ជា​អ្នក​និយម​ចូលចិត្ត​​អាន​សៀវភៅនោះ នោះ​លោក​​អ្នក​មុខជា​ស្គាល់​លោក​ច្បាស់ហើយ។ ដូច្នេះសូម​កុំ​ភ្លេច​ណា៎! បើ​លោក​អ្នក​ចង់​ដឹងថា តើ​ស្នាដៃ​សហនិពន្ធ​របស់​អ្នក​និពន្ធ​កម្ពុជាឆ្នើមៗ​ទាំង​៣រូប​មានអត្ថន័យ​ខ្លឹម​សារ​ល្អ​យ៉ាង​ណាខ្លះ​នោះ? លោក​អ្នក​អាច​ចូល​រួម​និង​ទិញ​សៀវភៅនេះ នៅថ្ងៃ​សម្ពោធ​លក់​ជាផ្លូវការ​ដូច​លោក​បាន​រៀបរាប់​ខាងលើ​នេះបាន នោះ​លោក​អ្នក​មុខជា​មិន​ខក​បំណង​ឡើយ។ សូម​អរគុណ!!!

អត្ថបទ ៖ ឫទ្ធិពង្ស / ប្រភពរូបភាព ៖ ឡាំ លីម / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!