ដំណឹងក្ដៅៗ ៖ នៅបំផុត សៀវភៅ “បេះដូងមួយនេះ” ចេញពីរោងពុម្ពជាផ្លូវការហើយ!
- October 6th, 2019
ដំណឹងក្ដៅៗ ៖ នៅបំផុត សៀវភៅ “បេះដូងមួយនេះ” ចេញពីរោងពុម្ពជាផ្លូវការហើយ!
សៀវភៅ “បេះដូងមួយនេះ” ជាកម្រងរឿងប្រលោមលោកខ្នាតខ្លីចំនួន៤រឿង មានចំណងជើងដូចជា “សង្សារចាស់” “ស្រឡាញ់បងនិស្សិតច្បាប់” “ទស្សនកិច្ចបេះដូង” និង “មីងតូចកំពូលស្នេហ៍”។ សៀវភៅនេះនិយាយអំពីស្នេហារបស់គូស្នេហ៍បីគូ ដែលត្រូវការធ្វើការសម្រេចចិត្តជ្រើសរើសគូអនាគត ដើម្បីបង្កើតគ្រួសារមួយដោយខ្លួនឯង និងឈានជើងចូលទំព័រជីវិតថ្មីមួយទៀតដែលត្រូវការទំនួលខុសត្រូវច្រើនជាមុន។ មុននឹងអាចកសាងគ្រួសារតូចមួយដោយខ្លួនឯង ពួកគេទាំង៦ មានរឿងជាច្រើនដែលត្រូវជម្នះដូចជាគ្រួសារ ទំនួលខុសត្រូវរបស់ខ្លួនឯង និងអតីតកាលដែលបានកន្លងហួស ប៉ុន្តែនៅតែលងបន្លាចបច្ចុប្បន្នកាលបាន។ សៀវភៅនេះ បានចេញពីរោងពុម្ពជាផ្លូវការហើយ កាលពីថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០១៩ មុននេះឯង ដោយដាក់លក់ក្នុងតម្លៃ២៨,០០០ រៀល និងចែកចាយផ្ដាច់មុខដោយ ក្រុមហ៊ុន Creator។
កញ្ញា គង់ ច័ន្ទវ៉ាន់ណេង ដែលអ្នកជាអ្នកនិពន្ធវ័យក្មេងដ៏ឆ្នើមម្ចាស់ស្នាដៃនេះ បានបង្ហាញប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ថា “បើនិយាយដល់ការបោះពុម្ពជាសៀវភៅទោល «បេះដូងមួយនេះ» ជាស្នាដៃបោះពុម្ពលើកទី២របស់នាងខ្ញុំ។ បន្ទាប់ពីចេញសៀវភៅនេះរួច នាងខ្ញុំនឹងសម្រាកមួយរយៈធំអាចដល់២ឆ្នាំ ឬ៣ឆ្នាំ ដើម្បីសរសេរសៀវភៅមួយទៀតជាភាសាអង់គ្លេសមានចំណងជើងថា «A Dream About Dad» ដែលនិយាយពីជីវិតរបស់កុមារីម្នាក់ឆ្លងកាត់របបប៉ុលពត ហើយត្រូវព្រាត់ប្រាស់ពីឪពុកម្ដាយរបស់ខ្លួន ហើយមិនចាំសូម្បីមុខមាត់់ពួកគាត់ ព្រោះកាលនោះខ្លួននៅតូចពេក ហើយក៏គ្មានរូបថតជុំគ្រួសារសេសសល់នោះដែរ រហូតដល់ក្មេងស្រីនោះត្រូវបន់ស្រន់សូមត្រឹមយល់សប្ដិឃើញឪពុកម្ដាយខ្លួនឯងក៏អស់ចិត្ត។ ដោយសារតែរឿងនេះ នាងខ្ញុំត្រូវសរសេរជាភាសាអង់គ្លេស ទើបនាងខ្ញុំត្រូវចំណាយពេលច្រើនក្នុងការសិក្សាស្រាវជ្រាវបន្ថែម និងត្រូវការជំនួយពីរៀមច្បងច្រើន។ ខ្ញុំមិនរំពឹងថា សៀវភៅថ្មីនោះនឹងចេញជារូបរាងឬយ៉ាងណានោះទេ ប៉ុន្តែមិនថាត្រូវចំណាយពេលយូរឆ្នាំប៉ុនណា នាងខ្ញុំនឹងត្រូវធ្វើវាឱ្យបាន។ ចំណែកឯហេតុផលដែលនាងខ្ញុំសម្រេចចិត្តសរសេររឿងនេះជាភាសាអង់គ្លេស មិនមែនជាភាសាជាតិ នាងខ្ញុំនឹងបង្ហើបឱ្យដឹងក្រោយពេលក្រោយទៀត បន្ទាប់ពីនាងខ្ញុំសរសេរសៀវភៅនេះបញ្ចប់រួចរាល់ចេញជារូបរាងពិតប្រាកដ។”
ដូច្នេះ ប្រសិនបើប្រិយមិត្តអ្នកអានទាំងឡាយចង់ជាវសៀវភៅ ” «បេះដូងមួយនេះ» យកទៅអាន ដើម្បីចូលរួមលើកកម្ពស់វិស័យអំណាន និងវិស័យតែងនិពន្ធនៅកម្ពុជាឱ្យកាន់តែរីកចម្រើន លោកអាចទាក់ទងទិញបានតាមរយៈហ្វេសប៊ុកផេកផ្ទាល់របស់ Creator Book បាន នោះលោកអ្នកមុខជាមិនខកបំណងចំពោះស្នាដៃនិពន្ធដ៏ល្អមួយនេះឡើយ។
ជាចុងក្រោយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា សៀវភៅ “បេះដូងមួយនេះ” ដែលជាកម្រងរឿងប្រលោមលោកខ្នាតខ្លីចំនួន៤រឿងនេះ ជាស្នាដៃនិពន្ធរបស់ គង់ ច័ន្ទវ៉ាន់ណេង ដែលប្រើនាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា សេន គឹមណេង កញ្ញាគឺជាអ្នកនិពន្ធវ័យក្មេងប្រកបដោយសមត្ថភាពទេពកោសល្យមួយរូបនាបច្ចុប្បន្ន ដែលទើបតែបង្ហាញមុខតាមរយៈគេហទំព័រអ្នកនិពន្ធកម្ពុជាឱ្យប្រិយមិត្តបានស្គាល់ពីឈ្មោះនិងរូបពិតថ្មីៗមុននេះឯង។ កញ្ញាជាអ្នកនិពន្ធកម្ពុជាមួយរូបដែលមានប្រភពចេញពីស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បច្ចុប្បន្នក្រៅពីមានអាជីពតែងនិពន្ធ កញ្ញាគឺជាអ្នកសរសេរអត្ថបទពាណិជ្ជកម្ម (Copywriter) នៅក្រុមហ៊ុនឯកជនមួយកន្លែង។ សូមអរគុណ៕
អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ គង់ ច័ន្ទវ៉ាន់ណេង / រក្សាសិទ្ធិ ៖ cambowriter.com