មុំ រដ្ឋា ម្ចាស់ស្នាដៃសៀវភៅ “ការពិតប្រៀបដូចបិសាច” អ្នកនិពន្ធឆ្នើមដែលមានដើមកំណើតចេញពីខេត្តបាត់ដំបង

  • April 7th, 2020

សព្វថ្ងៃ​នេះ​យើងឃើញយ៉ាងច្បាស់ថា មានសៀវភៅ​ល្អៗជាច្រើនផ្នែក​ ដែលជាស្នាដៃ​របស់​អ្នកនិពន្ធថ្មីចាស់​ប្រុសស្រីកំពុង​ត្រូវ​បានផលិត​បោះពុម្ពផ្សាយ​លក់​លើទីផ្សារព្រោងព្រាតឡើង ហើយភាគច្រើន​ទទួលបាន​ការ​ពេញ​និយម​ពីសំណាក់​ប្រិយមិត្ត​អ្នកអានយ៉ាង​ខ្លាំង មិន​ថា​ជាសៀវភៅប្រលោមលោក ចំណេះដឹង ទស្សនៈអប់រំ សង្គម​ នយោបាយ ឬ​សៀវភៅ​ផ្នែក​អ្វី​មួយ​ផ្សេង​ទៀត​ឡើយ ក្នុង​នោះសៀវភៅ “ការពិតប្រៀបដូច​បិសាច”​ ក៏ជាសៀវភៅ​មួយ​ក្បាល​ដែល​ស្ថិត​ក្នុង​ការចាប់អារម្មណ៍ពីអ្នក​និយម​​អាន​ច្រើនផងដែរ ដែល​ជាស្នាដៃ​និពន្ធ​របស់​លោក មុំ រដ្ឋា អ្នក​និពន្ធ​ឆ្នើមមួយរូបនៅកម្ពុជា​នា​ពេល​បច្ចុប្បន្ន។​

លោក មុំ រដ្ឋា និងសៀវភៅ “ការពិត​ប្រៀបដូច​បិសាច” ស្នាដៃនិពន្ធរបស់​លោក

លោក មុំ រដ្ឋា កើតនៅ​ឆ្នាំ​១៩៩៥ នៅ​ភូមិស្វាយជាតិ ឃុំ​រាំងកេសី ស្រុកសង្កែ ខេត្ត​បាត់ដំបង​, ​មាន​ឪពុក​ឈ្មោះ សុខ មុំ និង​​ម្ដាយឈ្មោះ ចែម​ ញ៉ាញ់។ លោក​ជាកូនប្រុស​ច្បង​ក្នុងគ្រួសារ ដែលមានបងប្អូនបង្កើតចំនួន​៤នាក់ ប្រុស៣នាក់​ ស្រី​១នាក់។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប លោក​គឺ​ជាគរុសិស្ស​កម្រិត​មូលដ្ឋាន ​នៃ​ វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង​ ឯកទេស​ប្រវត្តិវទ្យា-ភូមិវិទ្យា។ ទាក់ទងនឹង​វិថី​តែង​និពន្ធ​នេះ  ក្នុង​បទសម្ភាសន៍​ជាមួយ “គេហទំព័រ​អ្នកនិពន្ធ​កម្ពុជា” លោក​បាន​រៀបរាប់​បង្ហាញថា  “ខ្ញុំចាប់​ផ្តើម​សរសេរ​នៅ​ចុង​ឆ្នាំ​២០១៥ ដោយ​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ ហើយ​តាម​រយៈ​ការ​ចែក​រំលែក​នេះ​ ខ្ញុំ​មាន​ឱកាស​បាន​ធ្វើ​ស្វ័យ​កំណែប្រែ​ផង និងបាន​​រៀន​សូត្របន្ថែម​​ពីរៀម​ច្បង​មុនៗផង​។ មែនទែនទៅ ការ​តែងនិពន្ធ​ គឺជា​កិច្ចការ​មួយ​ដែល​ខ្ញុំពុំ​ដែលនឹក​ស្រមៃដល់​សោះឡើយ​ ក៏​ប៉ុន្តែ​ ដោយ​ហេតុថា ទឹក​ដី​ដែល​ខ្ញុំ​រស់នៅ​ប្រៀបដូចជា​ជម្រុក​មួយ​​ដ៏ធំ​ ដែល​កវីនិពន្ធ​ជំនាន់​មុន​បាន​បន្សល់ទុកនូវ​អនុស្សាវរីយ៍ជាច្រើន​រាប់​មិន​អស់​ និងមាន​​សោភ័ណ​ប្លែក​ៗពីគ្នាថែម​ទៀតផង​, ខ្ញុំ​មាន​ភ័ព្វសំណាង​ល្អណាស់ ដោយ​បាន​ក្រេបជញ្ជក់​នូ​វ​រសជាតិ​ចំណេះ​ដឹង​ពី​កវីនិពន្ធជាច្រើន​រូប​​នៅ​ក្នុង​ទឹកដីមួយ​នេះ ហើយ​វា​ក៏​បាន​ក្លាយ​ទៅជា​ផ្នែកមួយ​ជួយ​ជំរុញ​ឱ្យ​ទឹកចិត្ត​ខ្ញុំ​ឱ្យសរសេរ ដើម្បីជាការចែក​រំលែកទៅកាន់​អ្នក​ដទៃផ្សេងទៀត​ផង​ដែរ​។ មក​ទល់​នឹង​ពេល​នេះ សៀវភៅ​ដែល​ខ្ញុំ​បាន​បោះពុម្ពផ្សាយ​ គឺ​មាន​តែ​មួយ​ចំណងជើង​ប៉ុណ្ណោះ ដោយ​សៀវភៅនោះ​មានឈ្មោះថា “ការពិត​ប្រៀបដូចបិសាច​” ហើយ​ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅបំផុត​ ដល់​គ្រឹះស្ថាន​បោះពុម្ពផ្សាយ “​សៀវភៅជីវិត​” ដែល​ជាអ្នក​ជួយគាំទ្រ​ និងជំរុញ​ឱ្យ​ស្នាដៃ​មួយ​នេះ​ បាន​ចេញជារូបរាងឡើង​។” នេះជាសម្ដី​របស់​លោក​ មុំ រដ្ឋា ស្ដែងពីបុព្វហេតុដំបូងដែលបណ្ដាលឱ្យលោកឈានជើងចូល​ក្នុង​វិថី​តែងនិពន្ធ​រហូត​ទល់​នឹង​សព្វថ្ងៃ និង​ស្នាដៃដំបូង​របស់​លោកដែលបាន​បោះពុម្ពផ្សាយផ្លូវការជាសៀវភៅឡើង។

សៀវភៅផ្នែកគំនិត “ការពិត​ប្រៀបដូច​បិសាច” ស្នាដៃ​និពន្ធ​របស់លោក មុំ រដ្ឋា សៀវភៅដែលលោកអ្នកគួរអាន

លើសពីនេះ លោក មុំ រដ្ឋា ក៏បាន​បង្ហាញ​ពី​សៀវភៅ “ការពិតប្រៀបដូចបិសាច” ដែលជាស្នាដៃ​និពន្ធ​សៀវភៅដំបូង​របស់លោកយ៉ាង​ដូច្នេះថា “សៀវភៅ ការពិតប្រៀបដូចបិសាច​ របស់​ខ្ញុំនេះ បាន​បោះពុម្ពផ្សាយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០២០ ថ្មីៗនេះឯង។ វា​ជាប្រភេទសៀវភៅផ្នែក​គំនិត ដែល​ផ្តោតសំខាន់ទៅ​លើ​​ការ​ស្គាល់​ខ្លួនឯង ចេះ​ស្រឡាញ់សង្គម និង​អាច​រួមរស់ជាមួយគ្នា​ដោយ​រីករាយ​ ក្នុង​នាមជាសមាជិក​ម្នាក់ៗ​របស់សង្គម។”

ថ្វី​បើ​លោកបាន​បោះពុម្ពផ្សាយ​សៀវភៅ “ការពិតប្រៀបដូចបិសាច​” ចេញ​ជាសាធារណៈរួចរាល់​អស់​ទៅហើយក៏ដោយ តែ​លោកមិនទាន់មាន​គម្រោង​បញ្ចេញ​ស្នាដៃជាសៀវភៅ​ផ្សេងទៀតនោះទេ តែ​លោក​បាន​សន្យាថា នឹង​នៅ​តែ​បន្ត​សរសេរ​តាម​ដែលលោក​​អាច​ធ្វើ​ទៅបានបន្តទៀត និងខិតខំ​​ប្រឹងប្រែងសរសេរ​ឱ្យបាន​កាន់តែ​​​ល្អ​ប្រសើ​រ​បំផុត ដើម្បី​បម្រើ​ដល់​អារម្មណ៍​ប្រិយមិត្ត​អ្នកអាន ទុកជាប្រយោជន៍ពលរដ្ឋ​និង​សង្គម ក៏ដូចជា​ក្នុង​ន័យដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​តែង​និពន្ធ​នៅកម្ពុជា​ឱ្យកាន់តែ​រីកចម្រើនបន្ថែមទៀត​។

សៀវភៅ “ការពិត​ប្រៀបដូច​បិសាច” និងអ្នកគាំទ្រ

លោក​ មុំ រដ្ឋា ក៏ជាអ្នកនិពន្ធ​មួយរូបដែលចូលចិត្ត​អានសៀវភៅខ្លាំងណាស់​ដែរ ហើយ​ថែមទាំង​ដឹងយ៉ាង​ច្បាស់​ពីអត្ថប្រយោជន៍​នៃការ​អាន​ក្នុង​នាម​ជាអ្នកនិពន្ធ​ទៀតផង ដោយលោក​បាន​បង្ហាញ​ពីទំនាក់ទំនង​រវាង​ការនិពន្ធ​និង​ការ​អានយ៉ាង​ដូចនេះថា​ “ការ​អាន​ និងការ​តែង​និពន្ធ​ ពុំ​មែន​ជារឿង​ទីទៃ​ពីគ្នា​នោះ​ទេ​។ បាន​ន័យ​ថា អ្នក​និពន្ធ​មិន​អាច​ជួយ​ឱ្យ​គុណ​ភាព​សំណេរ​របស់​ខ្លួន​ប្រសើរ​ឡើង​បាន​ទេ ប្រសិន​បើ​គេ​មើល​រំលង​ការអាន។ ខ្ញុំ​បាន​កំណត់​ថា ការអាន​ និ​ងការតែងនិពន្ធ​ គឺជាកិច្ចការតែមួយ​ ពីព្រោះ​វា​ជួយ​ខ្ញុំ​ច្រើន​បំផុត​ទៅ​លើ​ការសរសេរកន្លង​មក​ ហើយ​សៀវ​ភៅ​ដែល​ខ្ញុំ​បាន​អាន​ច្រើនជាងគេ គឺសៀវភៅ​ផ្នែក​គំនិត ទស្សនវិជ្ជា សង្គមវិជ្ជា សាសនា និង​ប្រវត្តិសាស្ត្រ​។”

មុននឹងបញ្ចប់​បទសម្ភាសន៍ លោកក៏មានពាក្យពេចន៍ចុងក្រោយថា “ខ្ញុំ​ពិតជា​ត្រេក​អរ​ណាស់ នៅ​ពេល​បាន​ឃើញ​ប្រជាជនខ្មែរ​ភាគ​ច្រើនងាក​មក​ចាប់អារម្មណ៍​ទៅ​លើ​ការអាន​ និង​​សូម​អរគុណ​ចំពោះ​ការ​ខិតខំប្រឹងប្រែង​ទៅលើ​ការងារ ដែល​ប្រកប​ដោយ​ឧត្តមប្រយោជន៍​មួយនេះ ហើយ​សូម​បន្ត​ និ​ង​បង្កើន​ចំនួន​ឱ្យកាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ ល្គឹកណា​បាន​ក្លាយ​ទៅ​ជាទម្លាប់​គ្រប់​ៗ​គ្នា​។ ​ជាចុងក្រោយ​ ខ្ញុំ​ក៏​សូម​អរគុណយ៉ាង​ជ្រាល​ជ្រៅចំពោះ “​គេហទំព័រ​អ្នក​និពន្ធកម្ពុជា” ដែល​បាន​ផ្តល់​កិត្តិយស​ដល់​រូប​ខ្ញុំ និង​សូម​ជូន​ពរ​ឱ្យគេហទំព័រកាន់​តែរីក​ចម្រើន​​ទៅមុខជាលំដាប់​។”

លោក មុំ រដ្ឋា កំពុងអង្គុយ​អានពិនិត្យសៀវភៅ “ការពិត​ប្រៀបដូច​បិសាច” របស់លោក

“​គេហទំព័រ​អ្នក​និពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក មុំ រដ្ឋា​ ជា​អ្នក​ស្រុកសង្កែ ខេត្ត​បាត់ដំបង។ បច្ចុប្បន្ន ក្រៅពីអ្នកអាជីពជាអ្នកនិពន្ធកម្ពុជា​មួយរូប លោក​គឺ​ជាគរុសិស្ស​កម្រិត​មូលដ្ឋាន ​នៃ​ វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង​ ឯកទេស​ប្រវត្តិវទ្យា-ភូមិវិទ្យា។ លោក​ជា​ម្ចាស់​ស្នាដៃ​សៀវភៅ “ការពិតប្រៀបដូចបិសាច” ជាប្រភេទ​សៀវភៅ​ផ្នែក​គំនិត​ ដែល​ផ្តោតសំខាន់ទៅ​លើ​​ការ​ស្គាល់​ខ្លួនឯង ចេះ​ស្រឡាញ់សង្គម និង​អាច​រួមរស់ជាមួយគ្នា​ដោយ​រីករាយ​ ក្នុង​នាមជាសមាជិក​ម្នាក់ៗ​របស់សង្គម។ ដូច្នេះ បើ​លោក​អ្នកទាំង​ឡាយ​ដែល​មិនទាន់​បាន​អានសៀវភៅនេះ មានការចាប់​អារម្មណ៍ចង់ទិញយកទៅអាននោះ លោក​អ្នកអាច​រកជាវ​សៀវភៅ​​នេះ​បាន នៅ​តាម​បណ្ណាគារ​មួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ និង​​នៅ​បណ្ណាគារ​ ឥន្ទ្រទេវី សម្រាប់​ខេត្ត​បាត់ដំបង ឬអាចទាក់ទង​ទិញដោយ​ផ្ទាល់តាម​រយៈ​ហ្វេសប៊ុកផេក​ផ្លូវការ​របស់​គ្រឹះស្ថាន​ សៀវភៅជីវិត​ https://www.facebook.com/seavphovjivet/ នោះ​លោក​អ្នកមុខជា​មិនខកបំណងដោយសារ​សៀវភៅមួយក្បាលនេះឡើយ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ មុំ រដ្ឋា / រក្សាសិទ្ធិ ៖ cambowritercom


error: អត្ថបទរក្សាសិទ្ធ !!