គឹម ឌីណា អ្នកនិពន្ធល្បី ម្ចាស់ស្នាដៃសៀវភៅ “មនុស្សបាក់ទឹកចិត្ត”

  • November 25th, 2019

កញ្ញា គឹម ឌីណា កើតឆ្នាំ១៩៩១ នៅក្រុងភ្នំពេញ។ កញ្ញាមានឪពុកឈ្មោះ គឹម សាខន និងម្តាយឈ្មោះ ហេង សុខុម ។ កញ្ញាមានបងប្អូនបង្កើតចំនួន៥នាក់ ដោយកញ្ញាជាកូនទី៤​ក្នុង​គ្រួសារ។ សព្វថ្ងៃ​កញ្ញាគឺជាអ្នកនិពន្ធកម្ពុជាមួយរូប ដែល​ប្រកបដោយ​សមត្ថភាពទេពកោសល្យ និង​ជា​ពិធីការិនីឯករាជ្យដ៏ស្រស់​ស្អាតពោរពេញ​ដោយ​សំនួនវោហារសព្ទយ៉ាងប៉ិន​ប្រសប់​​ផងដែរ ដែល​គ្រប់​គ្នា​ស្គាល់​កញ្ញា​យ៉ាង​ច្បាស់​តាមរយៈ​ស្នាដៃ​និពន្ធ​សៀវភៅ​ចុង​ក្រោយ​របស់​កញ្ញា​ ដែលមាន​ចំណង​ជើងថា “មនុស្ស​បាក់​ទឹក​ចិត្ត” និង​តាម​រយៈ​វីដេអូ​អប់រំ​ខ្លីៗ​ដែលកញ្ញាតែង​​បង្ហោះ​ក្នុង​ហ្វេស​ប៊ុក​របស់កញ្ញា ជាពិសេស​វីដេអូ​ចែក​រំលែក​ពីចំណេះដឹង​ក្នុង​ការ​រំដោះ​ខ្លួន​ចេញ​ពី​ការ​បាក់​ទឹក​ចិត្ត ដែល​កញ្ញា​បាន​ឡើង​និយាយ​នៅ​លើ​វេទិការ​ក្នុង​កម្មវិធីមួយ​កន្លងមក ដែល​មាន​អ្នក​ចុចចូលមើល​ដល់​ទៅរាប់​ម៉ឺនដងឯណោះ។

អ្នកនិពន្ធ គឹម ឌីណា ម្ចាស់ស្នាដៃសៀវភៅ “មនុស្សបាក់ទឹកចិត្ត”

សៀវភៅ “មនុស្ស​បាក់​ទឹក​ចិត្ត” របស់​អ្នក​និពន្ធ គឹម ឌីណា ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង ដែល​រហូត​មកទល់​នឹង​ថ្មីៗ​នេះ កញ្ញា​បាន​សម្រេច​បោះ​ពុម្ព​ចេញ​ផ្សាយជាលើកទី​៣ ដើម្បី​តម្រូវ​ចិត្ត​ប្រិយមិត្តរបស់​កញ្ញា ​ដែល​មិនទាន់​បាន​ទិញ​យកទៅអាន។ ទាក់​ទងនឹង​សៀវភៅដ៏ល្បី​របស់​កញ្ញា​នេះ កញ្ញា​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ថា “​សៀវភៅ “មនុស្សបាក់ទឹកចិត្ត” នាងខ្ញុំ​និពន្ធឡើងដើម្បីឆ្លុះបញ្ចាំងពីបញ្ហារបស់ស្ត្រី ពាក់ព័ន្ធនឹងស្នេហា, គ្រួសារ, ការងារ និងក្តីសុបិន ក្នុង​បំណង​ចែករំលែកនូវបទពិសោធបាក់ទឹកចិត្តរបស់ខ្លួន… ដោយ​​សៀវភៅ​នេះ មិនមែនជាអ្នកឯកទេស ឬគ្រូពេទ្យព្យាបាលផ្លូវចិត្តទេ! នាងខ្ញុំគ្រាន់តែចែករំលែកនូវបទពិសោធរបស់នាង​ខ្ញុំផ្ទាល់ ក្នុងនាមជាមនុស្សធម្មតាម្នាក់ ដែលអាចនិយាយបីបញ្ហាផ្ទាល់ខ្លួនតាមរយៈសំណេរតែប៉ុណ្ណោះ។”

សៀវភៅ “មនុស្ស​បាក់​ទឹក​ចិត្ត​” របស់អ្នកនិពន្ធ គឹម ឌីណា ដែលទើបបោះពុម្ពលើកទី៣ថ្មីៗ

អ្នក​និពន្ធ​ គឹម ឌីណា បាន​បន្ថែមទៀតថា “សៀវភៅ “មនុស្ស​បាក់​ទឹក​ចិត្ត​” ដែលជាស្នាដៃ​និពន្ធ​របស់​នាង​ខ្ញុំ​នេះ រហូត​មក​ទល់​នឹង​ពេល​នេះ នាង​ខ្ញុំ​បោះពុម្ពបានចំនួនបីលើក​ហើយ ដោយបោះ​ពុម្ព​​លើក​ទី៣ កាល​ពីប៉ុន្មាន​ថ្ងៃ​មុន​នេះឯង… ដោយប្រសិន​បើ​ប្រិយមិត្ត​​ចង់​ជាវ​​សៀវភៅ​ស្នាដៃ​របស់​នាង​ខ្ញុំ​នេះ​យកទៅអាន ប្រិយមិត្ត​អាចទំនាក់​ទំនង​​ទិញបានតាមរយៈហ្វេស​ប៊ុកផេករបស់ Creator Book បាន https://www.facebook.com/creatorbooksale/  ព្រោះ​ Creator គឺជាអ្នកចែកចាយផ្ដាច់មុខ ​ និង​សូម​ជួយចុច like ផេក Creator Book ផង ដើម្បីទទួលបានព័ត៌មានពី​សៀវភៅថ្មីៗរបស់នាងខ្ញុំ ក៏ដូចជា​របស់​អ្នក​និពន្ធ​ផ្សេងៗជាច្រើន​ទៀត​។”

អ្នកនិពន្ធ គឹម ឌីណា ក្នុងកម្មវិធីមួយ

សៀវភៅ “ភរិយាខ្ញុំអាយុ១៨ឆ្នាំ” ស្នាដៃមួយរបស់អ្នកនិពន្ធ គឹម ឌីណា

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា កញ្ញា គឹម ឌីណា កើតឆ្នាំ១៩៩១ នៅក្រុងភ្នំពេញ។ កញ្ញា​គឺជាម្ចាស់​ស្នាដៃ​សៀវភៅ “មនុស្ស​បាក់​ទឹក​ចិត្ត” ដែល​ជាសៀវភៅ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​ប្រិយមិត្ត​អ្នក​អាន។ ក្រៅ​ពី​ស្នាដៃ​ដ៏ល្អ​មួយ​នេះ កន្លង​មកកញ្ញា​ក៏ធ្លាប់​បាន​និពន្ធ​បោះ​ពុម្ព​ផ្សាយ​ស្នាដៃជាច្រើន​ទៀតផងដែរ​ ដូចជា សៀវភៅ​ប្រលោ​មលោក​រឿង “ភរិយាខ្ញុំអាយុ១៨ឆ្នាំ” , “បវរកញ្ញាប្រលោមលោក” បោះ​ពុម្ពក្នុងសៀវភៅមន្តទឹកខ្មៅ(រួមជាមួយ​អ្នកនិពន្ធ២១រូប), “យើងដើម្បីយើង” ក្នុងសៀវភៅ​ “ប៊ុនធឿន២០១៧” (រួម​ជាមួយ​អ្នកនិពន្ធ៨ទៅ៩រូប), “ម្តាយខ្ញុំ” នៅក្នុងសៀវភៅកម្រងស្នាដៃជ័យលាភីរង្វាន់ អក្សរសិល្ប៍ នូ ហាច​ និង រឿងប្រលោមលោក៥ទៀត នៅផ្សាយ​នៅ​​ប្រលោមលោកសប្បាយក្នុង​គេហទំព័រសប្បាយ ដូចជា រឿង “៧ថ្ងៃ”“ត្រឹមមនុស្សបងលួចស្រឡាញ់”“ខ្មោចកូនខ្ញុំ”“អង្គរក្សលាក់ស្នេហ៍”, និង “ប្តីលេង ប្រពន្ធមែន”, និងមានរឿងខ្លី​ជាច្រើនទៀត ដែល​កញ្ញា​បាន​និពន្ធដាក់​ឱ្យ​អាន​នៅលើប្លក់ផ្ទាល់​ខ្លួនរបស់កញ្ញាជាដើម។ ដូច្នេះ ប្រសិនបើ​លោក​អ្នក​ចង់​ដឹងថា តើស្នាដៃ​និពន្ធ​ទាំង​ឡាយ​របស់​កញ្ញា ជាពិសេស ​​សៀវភៅ​ “មនុស្សបាក់​ទឹក​ចិត្ត” ​ដែល​កញ្ញាទើបតែ​បោះ​ពុម្ពផ្សាយព​លើក​ទី៣ថ្មីៗនេះថា មាន​លក្ខណៈ​ល្អ​យ៉ាង​ណានោះ? លោកអ្នកអាចស្វែក​រកជាវ​​យកមកអាន​បាន ដោយ​យើង​ខ្ញុំ​ជឿជាក់ថា លោក​អ្នក​មុខជា​មិនខក​បំណង​ឡើយ។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ គឹម ឌីណា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!