ស៊ិន ធារី អ្នកនិពន្ធទំនុកច្រៀងល្បីម្នាក់ ដែលចូលចិត្តសរសេរតែបទស្នេហាបែកបាក់

  • February 12th, 2020

កញ្ញា ស៊ិន ធារី មានស្រុកកំណើតនៅខេត្តបាត់ដំបង។ កញ្ញា​មានបងប្អូនបង្កើតចំនួន៤នាក់, ប្រុស២នាក់ ស្រី២នាក់ កញ្ញាជាកូនទី៤ក្នុងគ្រួសារ ដែលមានឪពុកឈ្មោះ ជា ស៊ុនហេង និងម្តាយឈ្មោះ ប៉ែន ស៊ុននី ។ បច្ចុប្បន្ន កញ្ញា​គឺជាអ្នកនិពន្ធ​ទំនុកច្រៀង​បែបសម័យមួយរូប ដែលមានឈ្មោះបោះសំឡេង និងប្រកបដោយទឹកដៃក្នងការ​និពន្ធ​​យ៉ាង​ខ្លាំង ដោយគ្រប់​បទដែលកញ្ញា​និពន្ធ សុទ្ធសឹងតែទទួលបាន​នូវការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​ប្រិយមិត្ត​អ្នកស្ដាប់ទាំង​ឡាយ ជាពិសេស​បំផុតនោះ ទំនុកច្រៀង​ដែល​កញ្ញា​និពន្ធ​ទាំង​ប៉ុន្មាន សុទ្ធតែ​ទទួលបាន​ការ​ពេញ​ចិត្ត​ពីតារា​ចម្រៀង​ប្រុសស្រីដែល​ជាម្ចាស់​បទ​ដែល​កញ្ញា​និពន្ធ​ ព្រោះ​មានអត្ថន័យល្អ ចាក់ដោត គួប​ផ្សំ​នឹង​បទភ្លេង​ពីរោះរណ្ដំ​ទៀតនោះ ធ្វើ​ឱ្យ​ចម្រៀងនោះ ពេលច្រៀងចេញ​ទៅទទួលបានការគាំទ្រ​យ៉ាង​ច្រើនកុះករ ពីសំណាក់​អ្នកគាំទ្រ​របស់​តារា​ច្រៀង​គ្រប់ៗគ្នា ដែលនេះពិតជា​មោទកភាព​មួយ​ខ្លាំង​ណាស់ សម្រាប់​អ្នក​និពន្ធ​ទំនុកច្រៀង ដែល​ប្រកបដោយ​ទេពកោសល្យ​រូបនេះ។ ហើយ​អ្វី​ដែល​ជាលក្ខណៈ​ប្លែកមួយ​របស់​កញ្ញា​ក្នុងនាម​ជាអ្នក​និពន្ធ​ទំនុកច្រៀងនោះ គឺកញ្ញា​​ជា​អ្នកនិពន្ធ​ដែលចូលចិត្តសរសេរតែបទស្នេហាបែកបាក់ នេះ​បើ​តាម​សង្កេត​តាម​ដាន​ពីអត្ថន័យ​ខ្លឹមសារនៃ​ទំនុកច្រៀង​របស់​កញ្ញា​កន្លងមក តាំង​ពីចាប់​ផ្ដើម​ប្រឡូករហូតមកទល់នឹង​បច្ចុប្បន្ន។

កញ្ញា ស៊ិន ធារី អ្នកនិពន្ធល្បីផ្នែកទំនុកច្រៀង

កញ្ញា ស៊ិន ធារី ចាប់​ផ្ដើមចូលសរសេរឱ្យផលិតកម្មសាន់ដេដំបូងនៅដើមឆ្នាំ2014 ហើយបទដំបូងគេដែលកញ្ញាសរសេរនៅក្នុង​ផលិត​កម្មនោះមានចំណងជើងថា “បងពីមុនបាត់ទៅណា?” ច្រៀងដោយ កញ្ញា អ៊ីវ៉ា និង បទ “បងពីមុនឆ្កួតបាត់ហើយ” ច្រៀង​ដោយ លោក ឆាយ វីរៈយុទ្ធ  ដែល​បទ​ទាំង​ពីរ​នេះ ទទួលបាន​ការគាំទ្រ​យ៉ាង​ខ្លាំង​នឹក​ស្មាន​មិនដល់នា​កំឡុងពេលនោះ ។ នៅដើមឆ្នាំ 2017 កញ្ញា​ក៏បានផ្លាស់ទ្រនំទៅ​ផលិតកម្ម ថោន និង​ថ្មីៗនេះ សរសេរឱ្យផលិតកម្មរស្មីហង្សមាស ដែល​ជា​ផលិត​កម្មល្បី កំពុង​ឈាន​មុខគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ។ រហូត​មកទល់​​ពេលនេះ ​បើរាប់បទដែលកញ្ញា​ធ្លាប់បានសរសេរកន្លងមកសរុប​ទាំងអស់​ដល់​ទៅ​រាប់រយបទ​ឯណោះ ដែល​មិន​មែន​ជា​ចំនួន​តិចឡើយ ហើយ​ក្នុង​នោះ បទដែលទទួលការគាំទ្រខ្លាំង រួម​មានដូចជា ៖

  • លើសពី Fan បានអត់?” ច្រៀងដោយ លោក ខេមរៈ សិរីមន្ត
  • “គេមិនបានស្រឡាញ់យើងទេ”មានតែព្រះទើបដឹងយើងឈឺ” ច្រៀងដោយ លោក ឆាយ វីរៈយុទ្ធ
  • ខឹងឬស្អប់ បងអាចជេរអូនបាន” “មានតែព្រះទើបឮយើងយំ” ច្រៀងដោយ កញ្ញា អ៊ីវ៉ា
  • ថ្ងៃឯកា” ច្រៀងដោយ លោក គូម៉ា
  • ដើរលេងបំភ្លេចមនុស្សម្នាក់” ច្រៀងដោយ មាស សុខសោភា
  • “សុំទោសដែលឱ្យយល់ច្រឡំ” ច្រៀងដោយ ឱក សុគន្ធកញ្ញា

អ្នកនិពន្ធ ស៊ិន ធារី និង តារាចម្រៀងល្បី អ៊ីវ៉ា

កញ្ញា ស៊ិន ធារី បាន​បញ្ជាក់ពីសមត្ថភាព​ក្នុង​ការ​និពន្ធ​ទំនុកច្រៀង​របស់​កញ្ញាដល់ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ក្នុង​បទ​​សម្ភាសន៍ថា “អាចសរសេរបានដូចរាល់ថ្ងៃនេះ វាជាទេពកោសល្យពីកំណើតរបស់​នាង​ខ្ញុំ តែក៏ទទួលបានការណែនាំខ្លះៗពីអ្នកនិពន្ធរៀមច្បង​ផងដែរ ហើយអ្វីដែលពិសេសបំផុតនោះ គឺ​រៀនសង្កេតមើលទិចនិចនៃការសរសេររបស់រៀមច្បងដោយខ្លួនឯងតែម្ដង ។ ហើយសម្រាប់កញ្ញាផ្ទាល់ ចំពោះ​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការ​និពន្ធ នាង​ចូលចិត្ត សរសេរបទបែបមនោសញ្ចេតនាស្នេហាបែកបាក់  និង​ បទលើកទឹកចិត្ត” ។ កញ្ញាក៏បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ក្នុង​ការ​និពន្ធ​ទំនុក​ច្រៀង​របស់​កញ្ញា​ផងដែរថា “បើនិយាយពីផលលំបាកក្នុង​ការ​និពន្ធ​ទំនុក​ច្រៀង​របស់​នាង​ខ្ញុំ ដូចមិនសូវជាមានបញ្ហាទេ តែមានផលប៉ះពាល់វិញ ដូចជាពេលខ្លះអារម្មណ៍មិនសូវល្អ ជីវិតជួបរឿងស្មុគស្មាញច្រើន មិនមានអារម្មណ៍ក្នុងការសរសេរ អ៊ីចឹងពេលខ្លះទុកចោល ចេញក្រៅមើលគេមើលឯងមួយសន្ទុះ ទើបត្រឡប់មកវិញសរសេរបន្តទៀត ។” នេះ​ហើយ​ជាវិធីសាស្ត្រ​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំងរបស់​កញ្ញាពេលសរសេរ​ទំនុក​ច្រៀង ដែលអាច​ឱ្យ​ប្អូនៗជំនាន់ក្រោយ​យកទៅអនុវត្ត​តាម​បាន។​

អ្នកនិពន្ធ ស៊ិន ធារី និង​ តារាចម្រៀងល្បី ឆាយ វីរៈយុទ្ធ

បន្ថែម​លើស​ពី​នេះ កញ្ញា​ ស៊ិន ធារី ក៏ចែក​រំលែក​ចំណេះដឹង​ក្នុង​ការ​និពន្ធ​ទំនុក​ច្រៀង​ឱ្យបាន​ល្អថា “តាមបទពិសោធន៍នាងខ្ញុំផ្ទាល់ ក្នុងនាមជាអ្នកសរសេរម្នាក់ ត្រូវមានការតាំងចិត្តខ្ពស់ ពូកែស្រមើស្រមៃ មានគំនិតច្នៃប្រឌិត ពូកែរកអ្វីដែលថ្មី ហើយដើម្បីឱ្យបទនីមួយៗមាន​លក្ខណៈ​ល្អ​ពេញ​លេញ ពេលសរសេរត្រូវចូលតួឱ្យដល់ ហើយក្នុងបទនីមួយៗត្រូវចេះដាក់ពាក្យចាក់ដោត ឬ ដាក់ពាក្យឆ្ងាញ់ចូល បើយើងសរសេរដាក់តែពាក្យរាយពេក ក៏វាមិនសូវទាក់ទាញ ស្តាប់ហើយៗមិនដក់ក្នុងអារម្មណ៍ ជាពិសេសយើងត្រូវដាក់ចុងជួនឱ្យត្រូវពីមួយឃ្លាទៅមួយឃ្លា ពីមួយវគ្គទៅមួយវគ្គ ទើបស្តាប់ទៅកាន់តែពីរោះមានន័យ ។ ហើយវាក៏អាចជួយសម្រួលដល់តារាចម្រៀង គាត់យកទៅហាត់សម ឱ្យងាយចាំប៉ារ៉ូល ឆាប់ចាប់បាន។” 

 យើងខ្ញុំ​ជឿថា​មានប្អូនៗ​មិនតិចនាក់ទេ ដែលចង់​ក្លាយជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​ជោគជ័យ​មួយរូបដូចកញ្ញា​ ​។ ហេតុនេះ​បើ​លោក​អ្នក​ពិតជា​ចង់​មែននោះ លោក​អ្នក​អាច​រៀន​ពីវិធី​ក្នុង​ការ​និពន្ធ​ទំនុកច្រៀង​តាម​រយៈ​ការ​ចែក​រំលែក​របស់​កញ្ញា​ខាង​លើ​បាន ដោយ​យើង​ខ្ញុំ​ជឿជាក់ថា បើលោកអ្នក​អាច​ធ្វើ​បាន​តាម​វិធី​របស់​កញ្ញា លោក​អ្នក​មុខជាអាច​វិវត្តខ្លួន​ឱ្យជោគជ័យ​ខ្ពស់​ដូចជា​កញ្ញា​ដែរ​ជាក់​ជាមិនខាន។ មុន​នឹង​បញ្ចប់​បទសម្ភាសន៍ កញ្ញា ស៊ិន ធារី ​ក៏បាន​ថ្លែងជាចុងក្រោយថា ​“ជាចុងបញ្ចប់ នាងខ្ញុំសូមអរគុណដល់ប្រិយមិត្តទាំង​អស់ ដែលតែងតែគាំទ្រស្នាដៃនិពន្ធទំនុកច្រៀងរបស់នាងខ្ញុំរហូត​មក! នាងខ្ញុំសូមជូន​ពរ​ឱ្យ​អ្នកទាំងអស់​គ្នា ជួបប្រទះតែសេចក្តីសុខ សំណាងល្អ និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ ។”

អ្នកនិពន្ធ ស៊ិន ធារី ក្នុងសកម្មភាព​កំពុងនិពន្ធទំនុកច្រៀង

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា កញ្ញា ស៊ិន ធារី មានស្រុកកំណើតនៅខេត្តបាត់ដំបង។ កញ្ញា​មានបងប្អូនបង្កើតចំនួន៤នាក់, ប្រុស២នាក់ ស្រី២នាក់ ហើយជាកូនទី៤ក្នុងគ្រួសារ ដែលមានឪពុកឈ្មោះ ជា ស៊ុនហេង និងម្តាយឈ្មោះ ប៉ែន ស៊ុននី ។ បច្ចុប្បន្ន កញ្ញា​គឺជាអ្នកនិពន្ធ​ទំនុកច្រៀង​បែបសម័យមួយរូប ដែលមានឈ្មោះបោះសំឡេង និង ប្រកបដោយទឹកដៃ​ក្នុងការ​និពន្ធ​យ៉ាង​ខ្លាំង។ ក្រៅពីចូលចិត្តនិពន្ធ ក៏កញ្ញា​ក៏ចូលចិត្តផ្នែកដឹកនាំសម្តែង, ថតរូប,  Design  និងកាត់តវីដេអូផងដែរ។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ស៊ិន ធារី / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!