ធឿន វុទ្ធី អ្នកនិពន្ធឆ្នើមវ័យក្មេងមុខស្រស់ តែចូលចិត្តនិពន្ធប្រលោមលោកបែបភ័យរន្ធត់

  • April 17th, 2020

ប្រលោមលោក​​ភ័យរន្ធត់ ជាប្រភេទ​ប្រលោមលោក​មួយបែប​ដែលកំពុង​មានការពេញ​និយម​យ៉ាង​ខ្លាំងពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​នៅកម្ពុជាសព្វថ្ងៃ​ ព្រោះ​​រឿងបែប​នេះ​អាច​ធ្វើ​ឱ្យអ្នក​អាន​ញ័រញាក់​ព្រឺព្រួច​ភ័យ​រន្ធត់ហោះ​ហើរពេល​អានបាន ដោយសារ​ភាព​​ប៉ិន​ប្រសប់​របស់​អ្នក​និពន្ធតាមរយៈ​​ស្នាដៃសំណេរ​កើត​ចេញ​ពី​គំនិត​ដ៏អស្ចារ្យ​របស់​ខ្លួននោះ។ តែ​ទោះជា​​យ៉ាង​នេះ​ក្ដី ប្រលោមលោកបែបភ័យ​​រន្ធត់​នេះ​មិនមែន​អ្នកនិពន្ធ​ណាក៏អាច​តាក់តែង​បាន​ល្អ​នោះ​ឡើយ ព្រោះ​ចាំបាច់​ត្រូវ​​មាន​ការយល់​ដឹងច្រើន​ពីរឿង​អបិយជំនឿ ប៉ិន​ស្រមើ​ស្រមៃខ្ពស់ ពូកែ​បង្កើត​សាច់​រឿងប្រទាក់​ក្រឡា​ឱ្យអ្នកអាន​​ស្លុង​ចិត្ត​​ និងសម្បូរ​ដោយ​ឈុតឆាក​ពញ្ញាក់​អារម្មណ៍ច្រើន​ នោះ​ទើបអាច​ទៅរួច​​។

លោក ធឿន វុទ្ធី កំពុងអង្គុយនិពន្ធ “ប្រលោមលោកបែបភ័យរន្ធត់” ក្នុងហាងកាហ្វេទំនើបមួយ

ទាក់​ទងនឹង​ប្រលោមលោក​បែប​ភ័យ​រន្ធត់ខាង​លើ ថ្ងៃ​នេះ​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” នឹង​បង្ហាញ​ជូន​លោក​អ្នក​ឱ្យស្គាល់អ្នក​និពន្ធ​ឆ្នើម​វ័យ​ក្មេង​មុខ​ស្រស់មួយ​រូប ដែល​ពូកែ​និពន្ធ​រឿង​ប្រភេទ​នេះ​យ៉ាង​ខ្លាំង នោះ​គឺ​​លោក ធឿន វុទ្ធី ដោយយើង​ខ្ញុំ​ជឿជាក់ថា បើ​លោក​អ្នក​ជាអ្នកនិយមតាម​ដានស្នាដៃ​របស់​អ្នក​និពន្ធ​​ថ្មីចាស់​នៅ​កម្ពុជា​ នោះ​លោក​អ្នក​មុខជា​បាន​ស្គាល់​រូប​លោក​ច្បាស់ហើយ។  លោកកើតឆ្នាំ១៩៩៦ នៅភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ, មានឪពុកឈ្មោះ ថន ប៊ុនធឿន និងម្ដាយឈ្មោះ អឿល រដ្ឋា ជាកសិករ។ លោកមានបងប្អូនបង្កើត​ចំនួន៣នាក់ ស្រី២នាក់ ដោយរូបលោកជាកូនប្រុសច្បងក្នុងគ្រួសារ។

បើ​និយាយ​ពីការ​តែង​និពន្ធ​របស់​លោក​វិញ លោកចាប់ផ្ដើម​និពន្ធនៅ​ពេលដែលលោកមានអាយុ១៧ឆ្នាំ កាលនោះ​រៀនថ្នាក់ទី១១នៅឡើយ ហើយស្នាដៃ​ដែល​លោក​និពន្ធ​ដំបូងៗ គឺ​ការនិពន្ធអត្ថបទផ្សេងៗ​ ដូចជា អត្ថបទវិភាគ លើកទឹកចិត្ត កំណត់ហេតុ និងរឿងខ្លីជាដើម មុននឹងវិវត្ត​ខ្លួនមក​ជាអ្នកនិពន្ធប្រលោមលោកដូច​សព្វថ្ងៃនេះ។ គ្រប់​ស្នាដៃ​​ប្រលោមលោក​ដែល​លោកបាន​និពន្ធ​​បោះ​ពុម្ពចេញ​ផ្សាយ​ជាសៀវភៅកន្លង​មក សុទ្ធតែ​ទទួលបាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​សំណាក់​​ប្រិយមិត្ត​អ្នក​អាន​ទាំងអស់ ជាពិសេស​ប្រលោមលោក​បែប​ភ័យរន្ធត់​នេះ​តែម្ដង។​ ហេតុនេះ​ដើម្បី​កុំឱ្យខាតពេល យើង​ខ្ញុំសូមលើក​យក​នូវ​បទសម្ភាសន៍ត្រង់សំណួរ​សំខាន់ៗ​​ជាមួយ​លោកអំពី​ “ប្រលោមលោក​បែប​ភ័យរន្ធត់” ដែល​លោក​និយម​ចូល​ចិត្ត​និពន្ធ​បំផុត​នោះ​ បង្ហាញជូន​ឱ្យ​លោក​អ្នកបានដឹង ដូចតទៅ ៖​

គេហទំព័រអ្នកនិពន្ធ​កម្ពុជា តើ​លោក​អាច​បង្ហាញ​បាន​ទេថា ហេតុអ្វីបានជាលោកចូលចិត្តនិពន្ធប្រលោមលោកបែបភ័យរន្ធត់នេះខ្លាំង​ម្ល៉េះ?

លោក ធឿន វុទ្ធី  ហេតុដែលខ្ញុំចូលចិត្តនិពន្ធប្រលោមលោកបែបភ័យរន្ធត់ មានហេតុផល២សំខាន់គឺ ទីមួយ  ខ្ញុំមាននិស្ស័យ ទំនោរ រួមទាំងចំណាប់អារម្មណ៍ទៅខាងផ្លូវងងឹត​ អវិញ្ញណ អរូប របស់ដែលលើសពីសមត្ថភាពវិទ្យាសាស្រ្ដ ជំនឿ អំពើអំពាន់ផ្សេងៗនេះតាំងពីខ្ញុំនៅក្មេងៗមកម៉្លេះ។ ហេតុនេះ ព្រលឹងអរូបិយ បានក្លាយជាទុន ជាគំនិតខ្ញុំឱ្យ​បង្កើតសាច់រឿងបែបរន្ធត់ៗនោះ ដោយមិនសូវប្រឈមនឹងផលពិបាក។ ទីពីរ ដោយសារតម្រូវការយុវជន និងចង់បានភាពសម្បូរបែបនៃអំណានក្នុងប្រទេសយើងផង ណាមួយប្រលោមលោកបែបរន្ធត់នៅស្រុកយើង ក៏មិនសូវសម្បូរដូចស្រុកគេ ហេតុនេះខ្ញុំក៏ដាក់ចិត្តដាក់កាយថា នឹងសរសេរប្រលោមលោកប្រភេទរន្ធត់ៗនេះ ឱ្យ​បានច្រើនតាមដែលអាចធ្វើបាន។ ទាំងពីរខាងលើនេះ ជាមូលហេតុជំរុញឱ្យ​ប្រលោមលោករបស់ខ្ញុំ ច្រើនតែរឿងបែប​ភ័យរន្ធត់។

លោក ធឿន វុទ្ធី និងពានរង្វាន់ជ័យលាភីស្នាដៃតែងនិពន្ធ​ក្នុង​​កម្មវិធីមួយ

គេហទំព័រអ្នកនិពន្ធ​កម្ពុជា ដើម្បីអាចនិពន្ធស្នាដៃប្រលោមលោក​បែបភ័យរន្ធត់​មួយបានល្អ តើគួរធ្វើដូចម្ដេច? និង​មាន​ចំណេះដឹង​អ្វីខ្លះ?

លោក ធឿន វុទ្ធី  ជាបទពិសោធន៍ក្មេងខ្ចីរបស់ខ្ញុំកន្លងមក ដើម្បីអាចនិពន្ធប្រលោមលោកជាប្រភេទរឿងភ័យ​រន្ធត់នោះ យើងត្រូវចាប់ផ្ដើមពីការមានជំនឿសិន។ អ្នកដែលគ្មានជំនឿលើរឿងអរូបិយ ប្រាកដណាស់ថា មិនអាចសរសេរបាន ឬអាចសរសេរបានតែមិនជាល្អប៉ុន្មានឡើយ។ ជំនឿនេះទៀតសោត ក៏ត្រូវតែស្ថិតក្នុងភាពសមហេតុផលមួយ បើពុំនោះទេ ស្នាដៃនិពន្ធនឹងមានលក្ខណៈប្រតិដ្ឋសុទ្ធសាធ ឬប្រតិដ្ឋហួសហេតុ ដែលពិបាកនឹងធ្វើឱ្យ​អ្នកអានស្លុងអារម្មណ៍ចូលក្នុងការនិទានរបស់យើងណាស់។ ក្រៅពីការជឿ យើងគួរតែបានអានឯកសារទាក់ទងនឹងរឿងបែបអរូបិយ អំពើអំពាន់ ពិធីសែនព្រេន ឯកសារស្ដីពីទំនៀមទម្លាប់ខ្មែរ ក៏ដូចជារឿងរ៉ាវផ្សេងៗទៀត ទាក់ទងនឹងភាពលើសពីសមត្ថភាពវិទ្យាសាស្រ្ដ ដើម្បីទុកជាគ្រឹះក្នុងការចងក្រងនូវសាច់រឿងបែបរន្ធត់។ លើសពីនេះ បើចង់ឱ្យ​រឿងរន្ធត់មានភាពលេចធ្លោរ យើងត្រូវដើរឱ្យ​ទាន់សម័យកាលនៃការប្រតិដ្ឋរឿងខ្មោច ដោយមិនអាចនៅមួយកន្លែងរហូតទេ។ ឧទាហរណ៍ ខ្មោចពោះធំស្លាប់ព្រោះកើតកូនមិនរួច ខ្មោចស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ហើយក៏បានជារឿងលងបន្លាច គឺចេះតែនិពន្ធបានដូចគ្នា តែរឿងប្រភេទនេះហួសសម័យយូរហើយ។

គេហទំព័រអ្នកនិពន្ធ​កម្ពុជា តើរហូតមកទល់នឹងពេលនេះ លោកនិពន្ធនឹងបោះពុម្ពផ្សាយសៀវភៅប្រលោមលោកបែបភ័យរន្ធត់​នេះបានប៉ុន្មានចំណងជើងហើយ? មានចំណងជើងអ្វីខ្លះ? ហើយក្នុងនោះ​ស្នាដៃអ្វីដែលទទួលបានការគាំទ្រច្រើនជាងគេ?

លោក ធឿន វុទ្ធី  រហូតមកដល់ពេលនេះ ខ្ញុំបញ្ចេញស្នាដៃប្រលោមលោកបែបភ័យរន្ធត់បាន៥ចំណងជើងហើយ ដូចជា រឿត “យប់ថ្ងៃព្រហស្បត្តិ៍”, “អារក្សខ្មៅ”, “អារក្សខ្មៅ វគ្គបណ្ដាសា”, “អតីតកូនលោកម្ចាស់” និងរឿង “បងប្អូនភ្លោះ” ជាសាច់រឿងសែស្រឡាយបន្តកន្ទុយគ្នា​ ដែលយុវវ័យអ្នកនិយមអានរឿងភ័យរន្ធត់ភាគច្រើន សុទ្ធសឹងតែបានដឹងពីស្រឡាយអារក្សខ្មៅ​ ទាំង១៧រឿង របស់អ្នកនិពន្ធ ធឿន វុទ្ធី។ ក្នុងចំណោមរឿងដែលខ្ញុំបានបោះពុម្ពទាំងអស់នេះ ឃើញថា ទទួលបានការគាំទ្រប្រហាក់ប្រហែលគ្នាទេ ដោយហេតុថា សាច់រឿងមានលក្ខណៈប្រទាក់ក្រឡាគ្នាពីមួយចំណងជើងទៅមួយចំណងជើងទៀត… ដូច្នេះអ្នកអាន តែងតែរកជាវយកទៅអានគ្រប់ៗចំណងជើងតែម្ដង។

សៀវភៅរឿងប្រលោមលោក​បែប​ភ័យរន្ធត់ទាំង៥ក្បាលរបស់ លោក ធឿន វុទ្ធី

គេហទំព័រអ្នកនិពន្ធ​កម្ពុជា តើ​លោក​មានគម្រោងបញ្ចេញស្នាដៃថ្មីទៀតដែរឬទេ? បើមាន! មានចំណងជើងអ្វី? ជាប្រភេទប្រលោមលោកបែបភ័យរន្ធត់ដដែលឬយ៉ាងណា? ហើយចេញផ្សាយផ្លូវការ​ក្នុងខែណាដែរ?

លោក ធឿន វុទ្ធី  សម្រាប់ឆ្នាំ២០២០នេះ ខ្ញុំមានគម្រោងបញ្ចេញស្នាដៃរឿងបែប​ភ័យរន្ធត់នេះចំនួន៣ចំណងជើងទៀតបន្ថែមទៀត រួមមានដូចជា រឿង “អារក្សខ្មៅ វគ្គបំណុលឈាម” ត្រៀមចេញ​ផ្សាយ​ខែមិថុនា, រឿង “រាជទាយាទ” ត្រៀមចេញ​ផ្សាយ​ខែកញ្ញា និងរឿង “ងងឹត” ត្រៀមចេញ​ផ្សាយ​ខែធ្នូ ដែលជាប្រភេទរឿងបែប​ភ័យរន្ធត់ក្នុងស្រឡាយអារក្សខ្មៅទាំងអស់។

សៀវភៅ “អារក្សខ្មៅ” និង “ទេពច្យុត ក្លែងក្លាយ” របស់លោក ធឿន វុទ្ធី

គេហទំព័រអ្នកនិពន្ធ​កម្ពុជា អ្វី​ជាមតិ​ចុងក្រោយរបស់លោកចំពោះ​ប្រិយមិត្ត​ដែលតែងតែគាំទ្រ​ស្នាដៃ​និពន្ធ​របស់លោក? និងមាន​អ្វី​ចង់​បន្ថែមទៀតដែរឬទេ ​មុននឹង​បញ្ចប់​បទសម្ភាសន៍នេះ? សូមគោរពអញ្ជើញ!! …

លោក ធឿន វុទ្ធី  ជាចុងក្រោយ សូមអរគុណដល់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ដែលបានផ្ដល់កិត្តិយសសម្ភាសន៍រូប​ខ្ញុំបាទនៅពេលនេះ និងសូមអរគុណដោយចិត្តស្មោះចំពោះបងប្អូនប្រិយមិត្ត ដែលតែងគាំទ្រស្នាដៃតែងនិពន្ធរបស់អ្នកនិពន្ធជំនាន់ក្រោយគ្រប់រូប ជាស្មារតីរួមចំណែកឱ្យ​អ្នកនិពន្ធក្មេងៗជំនាន់ក្រោយទាំងអស់ ខិតខំបង្កើតនូវស្នាដៃតែងនិពន្ធ ផ្ដល់ភាពសម្បូរបែបនៃអំណានក្នុងប្រទេសកម្ពុជាយើង ប្រកបដោយគុណភាព និងតម្លៃអប់រំកាន់តែល្អប្រសើរជាលំដាប់។ យ៉ាងណាមិញ ការចូលរួមលើកកម្ពស់ការអានយ៉ាងសកម្មរបស់បងប្អូនប្រិយមិត្ត ក៏បានក្លាយជាកម្លាំងចិត្តដល់ក្រុមអ្នកនិពន្ធជំនាន់ក្រោយគ្រប់ៗរូបផងដែរ។ សូមអរគុណ!

លោក ធឿន វុទ្ធី អ្នកនិពន្ធឆ្នើមវ័យក្មេងមុខស្រស់ តែចូលចិត្តនិពន្ធប្រលោមលោកបែបភ័យរន្ធត់

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា បច្ចុប្បន្ន លោក ធឿន វុទ្ធី ក្រៅ​ពីមានអាជីព​ជាអ្នកនិពន្ធនៅ​កម្ពុជាមួយរូប លោកគឺ​​ជាគ្រូបង្រៀននៅ អនុវិទ្យាល័យពោធិ៍ទ្រាយ ភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប, បង្រៀនមុខវិជ្ជា ជីវវិទ្យា ផែនដីវិទ្យា។ លោក​ជាអ្នក​និពន្ធឆ្នើម​វ័យ​ក្មេង​​មួយរូប ដែល​និយមចូល​ចិត្ត​​និពន្ធ​ប្រលោមលោក​បែប​ភ័យ​រន្ធត់យ៉ាង​ខ្លាំង ដោយ​រហូត​មក​ទល់​នឹង​ពេល​នេះ​លោក​និពន្ធ​ប្រលោមលោក​ភ័យរន្ធត់​នេះ​បាន​៥​ចំណងជើង​ហើយ  លើស​ពីនេះ ​លោកក៏​មាន​ប្រលោម​លោកបែបមនោសញ្ចេតនាភេទដូចគ្នាមួយ​រឿង​ផងដែរ ក្រោម​ចំណងជើងថា​ “ទេពច្យុតក្លែងក្លាយ” ដែល​ទទួល​បានការគាំទ្រ​ពី​សំណាក់​ប្រិយមិត្ត​អ្នកអាន​យ៉ាង​ខ្លាំង។ ដូច្នេះ ប្រសិន​បើ​ប្រិយមិត្តចង់ជាវស្នាដៃរបស់លោក​យកទៅអាន លោក​អ្នក​អាចរកទិញ​បាន​នៅ តូបលក់សៀវភៅ, បណ្ណាគារ  ឬក៏អាច​ទំនាក់​ទំនង​​​ទិញ​ដោយ​ផ្ទាល់​ពីរូបលោក​ក៏បាន តាម​រយៈ​ហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់​លោកឈ្មោះ Thoeun VuThy – ធឿន វុទ្ធី  https://www.facebook.com/thoeunvuthy260296/ ក៏ដូចជា​​តាម​រយៈ​ទូរស័ព្ទលេខ 096 277 4271 និង 096 201 6220 នោះ​លោក​អ្នក​មុខជា​​បាន​ដឹង​ច្បាស់​ពីស្នាដៃ​និពន្ធ​របស់​លោក​ថា​មានលក្ខណៈល្អ ទាក់ទាញ និង​ព្រឺព្រួច​ភ័យរន្ធត់​កម្រិត​ណា​ជាក់​ជាមិនខាន។ សូមអរគុណ៕

និពន្ធអត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ធឿន វុទ្ធី / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!