អ្នកស្រី ប៉ុល ពិសី អ្នកនិពន្ធជើងចាស់ឈ្មោះល្បី និងស្នាដៃតែងនិពន្ធយ៉ាងសម្បូរបែប!
- July 6th, 2020
អ្នកស្រី ប៉ុល ពិសី អ្នកនិពន្ធជើងចាស់ឈ្មោះល្បី និងស្នាដៃតែងនិពន្ធយ៉ាងសម្បូរបែប!
អ្នកនិពន្ធកម្ពុជាមានច្រើន តែថ្ងៃនេះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមលើកយកអ្នកនិពន្ធកម្ពុជាជើងចាស់ដ៏ល្បីឈ្មោះមួយរូបមកបង្ហាញជូនឱ្យលោកអ្នកបានស្គាល់ នោះគឺ អ្នកស្រី ប៉ុល ពិសី ដែលមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារតែបានសាងនូវស្នាដៃផ្នែកតែងនិពន្ធយ៉ាងច្រើនប៉ុណ្ណោះទេ ថែមទាំងជាអ្នកនិពន្ធដែលទទួលបាននូវការគោរពស្រឡាញ់យ៉ាងខ្លាំងពីមនុស្សជុំវិញខ្លួនទៀតផង ជាពិសេសពីសំណាក់បុគ្គលរួមវិស័យតែងនិពន្ធជាមួយគ្នាតែម្ដង។ ដូច្នេះ ដើម្បីបានដឹងថា អ្នកស្រីមានប្រវត្តិយ៉ាងណា? និងមានស្នាដៃតែងនិពន្ធសម្បូរបែបយ៉ាងណាខ្លះនោះ? សូមបន្តអានតាមដានជាមួយគេហទំព័រយើងខ្ញុំ ដូចតទៅ ៖
ប្រវត្តិរបស់ អ្នកស្រី ប៉ុល ពិសី លើវិថីតែងនិពន្ធនៅកម្ពុជា
អ្នកស្រី ប៉ុល ពិសី កើតថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៥៨ នៅសង្កាត់ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ អ្នកស្រីមានឪពុកឈ្មោះ ចាប រិទ្ធិ (ស្លាប់ក្នុងគុក ប៉ុល ពត ឆ្នាំ១៩៧៧ និងជាអតីតគ្រូបង្រៀន កវី សមាជិកក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ) និងម្ដាយឈ្មោះ អ៊ូ សាទុំ (ស្លាប់ក្នុងឆ្នាំ២០១៤) និងមានបងប្អូនបង្កើតចំនួន៥នាក់, ប្រុស២នាក់(ស្លាប់ ) និងស្រី៣នាក់ ដោយលោកស្រីជាកូនទី២ក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជាដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេងមួយរូប អ្នកស្រីគឺជាអនុប្រធាន “សមាគមអ្នកនិពន្ធខ្មែរ” និងជាប្រធានផ្នែកផ្សព្វផ្សាយនៃ “សមាគមទ្រទ្រង់ការបោះពុម្ពនិងអប់រំនៅកម្ពុជា” ។
អ្នកស្រី ប៉ុល ពិសី ក្នុងកម្មវិធី ប៉ាកកានារី រៀបចំដោយ Creator
បើសរុបពីពេលវេលាដែល អ្នកស្រី ប៉ុល ពិសី ប្រឡូកក្នុងវិថីតែងនិពន្ធរហូតមកទល់នឹងពេលដែលលោកអ្នកកំពុងតែអាននេះ គឺមានរយៈពេលជាង៥០សិបឆ្នាំហើយ ដែលរយៈពេលនេះពិតជាមិនតិចឡើយ ហើយក្នុងចន្លោះពេលនោះ លោកស្រីថែមទាំងធ្លាប់ឆ្លងកាត់នូវរឿងរ៉ាវជាច្រើនក្នុងការតែងនិពន្ធរបស់អ្នកស្រីថែមទៀតផង។ ដោយសារតែអ្នកស្រីមានសែលោហិតតពីលោកឪពុកដែលជាកវីកំណាព្យ គួបផ្សំនឹងនិស្ស័យពីកំណើតផងនោះ អ្នកស្រីក៏បានចាប់ផ្តើមសរសេរកំណាព្យតាំងពីអាយុ៨ឆ្នាំមកម្ល៉េះ! ហើយអាយុ១១ឆ្នាំ អ្នកស្រីក៏ចាប់ផ្តើមសរសេរប្រលោមលោកខ្លី ក្នុងទសវត្សទី៦០។ ចូលដល់ទសវត្សទី៧០ អ្នកស្រីបានសរសេរប្រលោមលោកខ្នាតវែងបានពីររឿង(ដោយស្នាដៃនោះនៅសល់ឯកសារដល់សព្វថ្ងៃ) ហើយក្នុងឆ្នាំនោះដែរ អត្ថបទកំណាព្យដែលមានចំណងជើងថា “ព្រលឹងខ្មែរ” របស់អ្នកស្រី ក៏ត្រូវបានកម្មវីធីកំណាព្យនៃវិទ្យុជាតិកម្ពុជាផ្សាយចេញជាសាធារណៈ។
សម័យ ប៉ុល ពត អ្នកស្រីបានក្លាយជាទាសកររស់នៅក្នុងភាពភ័យខ្លាចរហូតដល់ឆ្នាំ១៩៧៩។ អ្នកស្រីបានចាប់ផ្តើមសរសេរកំណាព្យ រឿងខ្លី និងរឿងកំប្លែងចុះផ្សាយក្នុងទំព័រកាសែតភ្នំពេញនិងកម្ពុជា បានជាច្រើនច្បាប់។ បន្ទាប់មកនៅឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៩ អ្នកស្រីក៏បានសរសេរសៀវភៅរឿងរូបភាព បានជាង១០រឿង ហើយត្រូវបានផ្សព្វផ្សាយពេញប្រទេសនៅសម័យកាលនោះ។ លុះចូលមកដល់ឆ្នាំ១៩៩០ អ្នកស្រីក៏ចាប់ផ្ដើមប្រឡូកក្នុងវិស័យភាពយន្ត ដោយផ្តើមសរសេរអត្ថបទភាពយន្តរហូតមកដល់សព្វថ្ងៃនេះ។
អ្នកស្រី ប៉ុល ពិសី ក្នុងពិធីទទួល ពានរង្វាន់ ព្រះសុរាម្រឹត ផ្នែកកម្រងកំណាព្យរឿង “អប្សរា”
ស្នាដៃរបស់ អ្នកស្រី ប៉ុល ពិសី ផ្នែកតែងនិពន្ធយ៉ាងសម្បូរបែប
ដូចបានបញ្ជាក់ខាងដើមយ៉ាងដូច្នេះ ក្នុងចន្លោះពេលជាង៥០ឆ្នាំដែលអ្នកស្រីបានប្រឡូកក្នុងវិស័យតែងនិពន្ធនៅកម្ពុជានេះ អ្នកស្រីបានសាងនូវស្នាដៃផ្នែកតែងនិពន្ធជាច្រើន គឺស្ទើរតែគ្រប់ផ្នែកតែងនិពន្ធទាំងអស់តែម្ដង ដែលស្នាដៃរបស់ អ្នកស្រី ប៉ុល ពិសី រួមមាន ដូចតទៅ ៖
ស្នាដៃផ្នែកប្រលោមលោកខ្នាតវែង
ទី១ រឿង “ចំណងដៃទឹកភ្នែក” និពន្ធឆ្នាំ១៩៧៣ (សរសេរដោយដៃ មិនទាន់បោះពុម្ព )
ទី២ រឿង “កម្រងស្នេហ៍កម្ម” និពន្ធឆ្នាំ១៩៧៣ (សរសេរដោយដៃ មិនទាន់បោះពុម្ព)
ទី៣ រឿង “ក្លិនផ្កាក្រវាន់” និពន្ធឆ្នាំ១៩៨៩ (សរសេរដោយដៃ មិនទាន់បោះពុម្ព)
ទី៤ រឿង “ឆ្ងាយដាច់អាល័យ” និពន្ធឆ្នាំម១៩៨៥ សរសេរដោយដៃ មិនទាន់បោះពុម្ព )
ទី៥ រឿង “ខ្យល់សមុទ្ធ” (បោះពុម្ព ឆ្នាំ២០០៨)
ទី៦ រឿង “ក្លិនផ្កាស្រូវ” (និពន្ធឆ្នាំ២០១៤ មិនទាន់បោះពុម្ព)
ទី៧ រឿង “ថ្មរាំ” និពន្ធឆ្នាំ២០១៤ បោះពុម្ព២០១៩) ស្នាដៃនេះបានជាប់ ពានរង្វាន់ រឹម គិន របស់ក្រសួងវប្បធម៌ និង ពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ឆ្នាំ២០១៨
ទី៨ រឿង “ពាក្យសច្ចា” (និពន្ធឆ្នាំ២០១៥ មិនទាន់បោះពុម្ព)។
អ្នកស្រី ប៉ុល ពិសី កាលដឹកនាំសម្ដែងស្ពតពាណិជ្ជកម្ម
ស្នាដៃផ្នែកប្រលាមលោកខ្នាតខ្លី
ទី១ រឿង “មាសទឹកដប់” (ពានរង្វាន់របស់សាលារាជធានីភ្នំពេញ ឆ្នាំ១៩៨៧)
ទី២ រឿង “ខ្ញុំជាអ្នកណា” (ចុះផ្សាយក្នុងសៀវភៅរួមគ្នាជាមួយស្នាដៃអ្នកនិពន្ធខ្មែរថៃ ក្នុងវណ្ណកម្មរួមសម័យឆ្នាំ២០០៤)
ទី៣ រឿង “ស្នាម” (និពន្ធឆ្នាំ២០០៥ មិនទាន់បោះពុម្ព)
ទី៤ រឿង “កង់សាគួរ” (ផ្សាយក្នុងសៀវភៅមន្តទឹកខ្មៅ ឆ្នាំ ២០១៦)
ទី៥ រឿង “ស្នេហ៍បង់រម្លស់” (ផ្សាយក្នុងសៀវភៅ ព្រៃរំដួល ២០១៧)។
ស្នាដៃផ្នែកកំណាព្យ
ទី១ ចំណងជើង “ឆ្អែតមួយជីវិត” (និពន្ធឆ្នាំ១៩៨៣ ផ្សាយក្នុងកាសែតភ្នំពេញ)
ទី២ ចំណងជើង “សំណោកថ្មខ្មែរ” (និពន្ធឆ្នាំ១៩៨៤ ផ្សាយក្នុងកាសែតកម្ពុជា)
ទី៣ ចំណងជើង “ទំនួញដួងចិត្តម្តាយកំព្រា” (និពន្ធឆ្នាំ១៩៨៧ ផ្សាយក្នុងកាសែតកម្ពុជា)
ទី៤ ចំណងជើង “ទំនួញព្រហ្ម” (និពន្ធឆ្នាំ១៩៨៨ ផ្សាយក្នុងកាសែត)
លើសពីនេះក៏នៅមានកំណាព្យជាច្រើនទៀតរបស់អ្នកស្រី ដែលបានចុះផ្សាយតាមកាសែតនានា។
ស្នាដៃផ្នែកប្រលោមកំណាព្យខ្នាតខ្លី
ទី១ ចំណងជើង “មាសទឹកដប់” (និពន្ធឆ្នាំ១៩៩១ ពានរង្វាន់របស់ក្រសួងវប្បធម៌ មិនទាន់បោះពុម្ព)
ទី២ ចំណងជើង “អ្នកម្តាយ” (និពន្ធឆ្នាំ២០០៧ ពានរង្វាន់មេគង្គលើកទី១ រួមមាន ៣ប្រទេសដូចជា កម្ពុជា វៀតណាម និង ឡាវ)
ស្នាដៃផ្នែកប្រលោមកំណាព្យខ្នាតវែង
ទី១ ចំណងជើង “ល្ខោនជីវិត” (និពន្ធឆ្នាំ១៩៩៥ ពានរង្វាន់ព្រះសីហនុរាជ រៀបចំដោយ “សមាគមអ្នកនិពន្ធខ្មែរ” បោះពុម្ពឆ្នាំ១៩៩៦)
ទី២ ចំណងជើង “អប្សារា” (និពន្ធឆ្នាំ២០០០ ពានរង្វាន់ក្រសួងវប្បធម៌ បោះពុម្ពឆ្នាំ២០១៧)
ទី៣ ចំណងជើង “ម្ចាស់ស្នេហ៍” (និពន្ធឆ្នាំ២០១២ ពានរង្វាន់ព្រះបទុមត្ថេរសោម របស់ ក្រសួងវប្បធម៌ មិនទាន់បោះពុម្ព)
ទី៤ ចំណងជើង “ក្លិនផ្កាស្រូវ” (និពន្ធឆ្នាំ២០១៣ ពានរង្វាន់នាយិកាសិទ្ធិ របស់ ក្រសួងវប្បធម៌ ឆ្នាំ២០១៣ មិនទាន់បោះពុម្ព)។
ស្នាដៃផ្នែកល្ខោននិយាយ
ទី១ ចូលរួមនិពន្ធ និងដឹកនាំការសម្តែងល្ខោននិយាយជារឿងភាគ មានចំណងជើងថា “ឈូកក្នុងបឹងភក់” (ជាក្រុម ) បានចំនួនជាង ៤០០ភាគ របស់ អង្គការឆែមស៍ ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៤
ទី២ និពន្ធ និងដឹកនាំការសម្តែងល្ខោននិយាយរឿង “ពពកបាំងថ្ងៃ” បានចំនួន ៤០ភាគ ផងដែរ។
អ្នកស្រី ប៉ុល ពិសី កាលដឹកនាំល្ខោនវិទ្យុ រឿង “ឈូកក្នុងបឹងភក់”
ស្នាដៃផ្នែកទំនុកច្រៀង
ទី១ បទ “កំហុសខ្ញុំ” និពន្ធឆ្នាំ១៩៩៧ ច្រៀងដោយ លោក សុះ ម៉ាច ដកស្រង់ចេញពីភាពយន្តភាគ រឿង “កំហុសខ្ញុំ” ផលិតដោយ មណ្ឌលពត៌មានស្ត្រីកម្ពុជា។
ទី២ បទ “ស្នាមអពមង្គល” និពន្ធឆ្នាំ១៩៩៨ ច្រៀងដោយ កញ្ញា ទូច ស៊ុននិច (ស្រង់ចេញពីភាពយន្ត រឿង “ស្នាមអពមង្គល”)
ទី៣ បទ “ជំនួញវិប្បដិសារី” និពន្ធឆ្នាំ១៩៩៨ ច្រៀងដោយ កញ្ញា ទូច ស៊ុននិច (ស្រង់ចេញពីភាពយន្តរឿង “ជំនួញព្រហ្មចារីយ”) និងនៅមានទំនុកច្រៀងជាច្រើនទៀត ដែលអ្នកស្រីបាននិពន្ធសម្រាប់បញ្ចូលក្នុងខ្សែភាពយន្ត ដែលផលិតដោយ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩)
ទី៤ បទ “ទឹកចិត្តម្តាយ” និពន្ធឆ្នាំ២០០២ (ស្រង់ចេញពីភាពយន្ត រឿង “ទឹកចិត្តម្តាយ”)
ទី៥ បទ “ទឹកចិត្តឪពុក” និពន្ធឆ្នាំ២០០៣ (ស្រង់ចេញពីភាពយន្ត រឿង “ទឹកចិត្តឪពុក”)
ទី៦ បទ “បើខ្ញុំជាមនុស្សស្រី” បែបកំប្លែងនិងស្នេហ៍មិនឈ្នះស្និទ្ធ (ស្រង់ចេញពី រឿង “ស្នេហ៍មិនឈ្នះស្និទ្ធ” )
ទី៧ បទ “បុប្ផាព្រែកឯង”
ទី៨ បទ “អង្រឹងបាត់គូ” (ស្រង់ចេញពី រឿង “ទឹកចិត្តគ្រូបង្រៀន”)
ទី៩ បទ “ស្នាមស្នេហ៍សមុទ្ទរាម” និពន្ធឆ្នាំ២០០៤ (ស្រង់ចេញពីភាពយន្ត រឿង “ស្នាមស្នេហ៍សមុទ្ទរាម” )
ទី១០ បទ “ឃាតក” និពន្ធឆ្នាំ២០០៤ (ស្រង់ចេញពីភាពយន្ត រឿង “ឃាតក” )
ទី១១ បទ “កម្លំាងនិងវាសនា” (ស្រង់ចេញពីភាពយន្ត រឿង “កម្លាំងនិងវាសនា”)
ទី១២ បទ “ចំណងប្រាំប្រការ” (ស្រង់ចេញពីភាពយន្ត រឿង “ចំណងប្រាំប្រការ”)
ទី១៣ បទ “របាំចងស្នេហ៍” “លាស្នេហ៍អប្រិយ” និង “ជីវិតអ្នកម្តាយ” (ស្រង់ចេញពីភាពយន្ត រឿង “បញ្ញើក្អែក”)
ទី១៤ បទ “រាជិនីដួងចិត្ត” និង “ក្រវាន់សៀមរាប” (ស្រង់ចេញពីភាពយន្ត រឿង “រាជិនីដួងចិត្ត” )
ទី១៥ បទ “ម្ចាស់បេះដូង” និង “អូនក្នុងបេះដូងបង” (ស្រង់ចេញពីភាពយន្តរឿង “ម្ចាស់ស្នេហ៍”)
ទី១៦ បទ “ផ្កាក្នុងផ្កា” “វិប្បដិសារីរំដួលចន្ទ្រា” “ហេតុអ្វី?” និង “ទប់ចិត្តមិនបាន” (ស្រង់ចេញពីភាពយន្ត រឿង “ផ្កាក្នុងផ្កា”)
ទី១៧ បទ “តួឯកក្នុងចិត្តអូន” និង “ស្នេហ៍អូនជាតារា” (ស្រង់ចេញពី រឿង “ដងវីថីតារា”)
ទី១៨ បទ “លួចស្នេហ៍ដូចគ្នា” (ស្រង់ចេញពី រឿង “ឧត្តមភរិយា”)
ទី១៩ បទ “អ្វីៗ ខ្ញុំធ្វើដើម្បីស្នេហា” (ស្រង់ចេញពី រឿង “អ្វីៗ ខ្ញុំធ្វើដើម្បីស្នេហា”)
ទី២០ បទ “សែនស្តាយ” (ស្រង់ចេញពី រឿង “ចិត្តសាវ៉ា”)
ទី២១ បទ “បេះដូងអ្នកប្រដាល់” (ស្រង់ចេញពី រឿង “បេះដូងអ្នកប្រដាល់”)
ទី២២ បទចម្រៀងដកស្រង់ចេញពីភាពយន្ត រឿង “ភព្វ័សំណាង”
ទី២៣ បទ “ទំនួញកូនកំព្រា” (ស្រង់ចេញពីភាពយន្ត រឿង “កូនឥតខាន់ស្លា”)
ទី២៤ បទ “វេនកម្មលោកិយ” “លាហើយថ្នាំញៀន” និង “កុំដាក់ទោសបងណាអូន” (ស្រង់ចេញពីភាពយន្ត រឿង “ទឹកចិត្តបងស្រី”)
ទី២៥ បទ “ស្នេហ៍ខ្ញុំខុសគេ” (ស្រង់ចេញពីភាពយន្ត រឿង “កូនប្រសាស្រី”)
ទី២៦ បទ “ម្តេចភ្លេចសន្យា” (ស្រង់ចេញពីភាពយន្ត រឿង “គូព្រេងចម្លែក”)
ទី២៧ បទ “ស្នេហ៍អមតៈ” ដកស្រង់ចេញពីភាពយន្ត រឿង “និស្ស័យស្នេហ៍ពីរជាតិ”
ទី២៨ បទ “ខ្ញុំជាអ្នកណា?” (ស្រង់ចេញពីភាពយន្ត រឿង “ខ្ញុំជាអ្នកណា?”)
ទី២៩ បទ “ស្នេហ៍អូនជានិច្ច” និង “បេះដូងរងគ្រោះ” (ស្រង់ចេញពី រឿង “បេះដូងរងគ្រោះ”)
ទី៣០ បទ “ក្រោមម្លប់ព្រះធម៌”
ទី៣១ បទ “បេះដូងម៉ែ”
ទី៣២ បទ “មួយខែដប់ថ្ងៃ”
ទី៣៣ បទ “ចំណងដៃពេជ្រ”
ទី៣៤ បទ “វិលវិញមកកូន”
ទី៣៥ បទ “អាពាហ៍ពិពាហ៍យើង”
ទី៣៦ បទ “ពានអាពាហ៍ពិពាហ៍”
ទី៣៧ បទ “ល្មមៗបានហើយ!”
ត្រង់ចំណុចស្នាដៃផ្នែកទំនុកច្រៀងនេះ ដោយ អ្នកស្រី ប៉ុល ពិសី មានទឹកដៃល្អក្នុងការសសេរបានយ៉ាងល្អ ទទួលបានការគាំទ្រច្រើន និងមានអត្ថន័យខ្លឹមសារល្អជ្រាលជ្រៅទៀតនោះ នៅទីបំផុតអ្នកស្រីក៏ទទួលបាន “ពានរង្វាន់អ្នកនិពន្ធទំនុកច្រៀងឆ្នើម” ពី កម្មវីធីអាណាចក្រតារា ដែលរៀបចំដោយ ក្រុមហ៊ុនសប្បាយ នៅឆ្នាំ២០១៣ ដែលជាពានមួយប្រកបដោយកិត្តិយសយ៉ាងខ្លាំងកាលឆ្នាំនោះ។
ស្នាដៃផ្នែកអត្ថបទភាពយន្ត
ទី១ រឿង “ពពុះស្នេហ៍” (និពន្ធឆ្នាំ១៩៩១ មានអ្នកកែសម្រួលបន្ថែម)
ទី២ រឿង “ស្នាមអពមង្គល” និង “ជំនួញព្រហ្មចារីយ៍” (និពន្ធឆ្នាំ១៩៩៨)
ទី៣ រឿង “អូនជាកែវភ្នែកបង” (និពន្ធឆ្នាំ១៩៩៨ ជារឿងបែបកំប្លែង)
ទី៤ រឿង “ទឹកចិត្តឪពុក” (ជាស្នាដៃសហនិពន្ធឆ្នាំ២០០៣)
ទី៥ រឿង “ប្តីល្អ” (ជាស្នាដៃសហនិពន្ធឆ្នាំ២០០៣)
ទី៦ រឿង “ឃាតក” “ចំណងប្រាំប្រការ” “កូនប្រសាស្រី” “រាជិនីដួងចិត្ត” “បញ្ញើក្អែក(មួយផ្នែក)” “ម្ចាស់ស្នេហ៍” “ផ្កាក្នុងផ្កា” “ភព្វ័សំណាង” “ដងវីថីតារា” “ទឹកចិត្តបងស្រី” “កូនឥតខាន់ស្លា” “គូព្រេងចម្លែក” “និស្ស័យស្នេហ៍ពីរជាតិ” “កុមារី២៥ឆ្នាំ (វគ្គ១និងវគ្គ២)” “ស្នេហ៍មិនឈ្នះស្និទ្ធ” និង “ខ្ញុំជាអ្នកណា? (រឿងទាំងអស់នេះ ជាស្នាដៃសហនិពន្ធចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១២)
ទី៧ រឿង “បេះដូងកូពី” “ល្មមៗបានហើយ” “ចាំតែខ្លាចតើ” “ពូជខ្ញុំអ៊ីចឹង(កែសម្រួល)” “អាចារ្យបីសាសន៍” “កញ្ញាអំពិលផ្អែម” “កន្ទោងខៀវ” “សមុទ្ទទឹកភ្នែក” “មហិច្ឆិតា” (រឿងទាំងអស់នេះ និពន្ធចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ ទាំងភាពយន្តភាគ និងដុំ)។
ទី៨ រឿង “កូនពស់កេងកង” និង “ចៅពស់កេងកង” (រឿងពីររឿងនេះជាស្នាដៃសហនិពន្ធ និពន្ធក្នុងចន្លោះឆ្នាំ២០១៧ និង ២០២០)។
ស្នាដៃផ្នែកសៀវភៅអប់រំកុមារ
រឿង “ថ្មក្រអូប” “កូនព្រះអាទិត្យ” “ជីងជីងហ៊ានអាប់ដេត” “រុយចង់បានប្រពន្ធ” “ពូជស្វាយ” “នាងតុកកែ” “គ្រួសារផ្កា” និង “កូនជ្រូកចេះកែប្រែ ។ល។ (រឿងទាំងអស់នេះ និពន្ធនិងបោះពុម្ពផ្សាយតាំងពីឆ្នាំ២០១៤មក)
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា ការរៀបរាប់ខាងលើ គឺជាប្រវត្តិ និងស្នាដៃតែងនិពន្ធដ៏សម្បូរបែប! របស់ អ្នកស្រី ប៉ុល ពិសី អ្នកនិពន្ធជើងចាស់ដ៏មានកេរ្តិ៍ឈ្មោះល្បីមួយរូបនៅកម្ពុជានាពេលបច្ចុប្បន្ន ដែលគេហទំព័រយើងខ្ញុំចង់បង្ហាញឱ្យលោកអ្នកបានដឹង និងបានស្គាល់បំផុត។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជាដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេងមួយរូប អ្នកស្រីគឺជាអនុប្រធាន “សមាគមអ្នកនិពន្ធខ្មែរ” និងជាប្រធានផ្នែកផ្សព្វផ្សាយនៃ “សមាគមទ្រទ្រង់ការបោះពុម្ពនិងអប់រំនៅកម្ពុជា”។ បន្ទាប់ពីនេះ នៅបទសម្ភាសន៍ក្រោយ គេហទំព័រយើងខ្ញុំបង្ហាញនូវបទសម្ភាសន៍មួយផ្សេងទៀតទាក់ទងនឹងអ្នកស្រី អំពីការចែករំលែកចំណេះដឹងផ្នែកអត្ថបទភាពយន្ដ។ អាស្រ័យហេតុនេះហើយ ប្រសិនបើលោកអ្នកចង់យល់ដឹងពីអត្ថបទភាពយន្ត និងមានចំណេះដឹងផ្នែកនេះនោះ សូមកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា ដោយយើងខ្ញុំនឹងចុះផ្សាយក្នុងពេលឆាប់ៗនេះហើយ។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ អ្នកស្រី ប៉ុល ពិសី / រក្សាសិទ្ធិ ៖ cambowriter.com